អានតួអត្ថបទ
កម្ពុជា

លោក រស់ សាលីន៖« គ្មាន​ការ​បែក​ធ្លាយ​វិញ្ញាសា​ប្រឡង​បាក់ឌុប​ឆ្នាំ​នេះ​ជា​ដាច់​ខាត»

ក្រសួង​អប់រំ យុវជន និងកីឡា អះអាង​ថា ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឬ​បាក់​ឌុប​ឆ្នាំ ២០១៥ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី ២៤ ខែ សីហា ខាង​មុខ​នេះ នឹង​មិន​មាន​ការ​បែក​ធ្លាយ​វិញ្ញាសា​ប្រឡង​ជា​ដាច់​ខាត។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី លោក រស់ សាលីន អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ​យុវជន និងកីឡា នៅ​រសៀល​ថ្ងៃ​ទី​ ២៧ កក្កដា នេះ។

លោក រស់ សាលីន អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និងកីឡា​
លោក រស់ សាលីន អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និងកីឡា​ photo Facebook
ផ្សាយពាណិជ្ជកម្ម

ថ្លែង​ចំពោះ​មុខ​អ្នក​សារព័ត៌មាន នៅ​ក្នុង«សន្និសីទ​សារពត៌មាន​ស្តី​ពី​ការ​រៀបចំ​ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​ចំណេះ​ទូទៅ និង​ បំពេញ​វិជ្ជា» លោក រស់ សាលីន អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន​និង​កីឡា បាន​បង្ហាញ​ពី​ជំនឿ​យ៉ាង​មុតមាំ​របស់​ក្រសួង ក្នុង​ការ​ធ្វើ​ឲ្យ​មាន​តម្លាភាព​ក្នុង​ការ​ប្រឡង ពោល​គឺ​ឲ្យ​មិន​ឲ្យ​មាន​ការ​លេច​ធ្លាយ​វិញ្ញាសា​នានា​ ក្នុង​ការ​ប្រឡង​បាក់ឌុប​ឆ្នាំ​នេះ​ទេ។ មិន​ឲ្យ​មាន​ការ​បែកធ្លាយ ដោយសារ​តែ​មាន​ការ​អនុវត្ត​ច្បាប់​និង​បទ​បញ្ញាត្តិ​តឹងរឹង ចំពោះ​អ្នក​ដែល​ប្រព្រឹត្ត​ខុស ដោយ​ក្នុង​នោះ​ក្រសួង បាន​លើក​យក​ច្បាប់​ចំនួន៤ ដូចជា ច្បាប់​អប់រំ ច្បាប់​ព្រហ្មទណ្ឌ ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ និងលក្ខខន្តិកៈ​មន្រ្តី​រាជការ​ស៊ីវិល។​

អ្នកនាំពាក្យ​រូប​នេះ បាន​បន្ថែម​ថា ការ​ប្រឡង​ឆ្នាំ​នេះ នឹង​ធានា​បាន​នូវ​សុចរិត​ភាព​ យុត្តិធម៌ និង តម្លាភាព ដោយសារ​មាន​ការ​ចូលរួម​សហការ​ពី​សំណាក់​ស្ថាប័ន​ពាក់ព័ន្ធ​ ដូចជា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ក្រសួង​មហាផ្ទៃ ព្រម​ទាំង​អ្នក​អង្កេតការណ៍​ប្រមាណ៣ ពាន់​នាក់​ផង​ដែរ។

ក្រៅ​ពី​នេះ លោក រស់ សាលីន បាន​សង្កត់​ធ្ងន់ថា ដើម្បី​ធានា​បាន​នូវ​គុណភាព​អប់រំ​ ក្រសួង​នឹង​ធ្វើ​ការ​រឹត​បន្តឹង មិន​ឲ្យ​មាន​ការ​យក​ចូល​នូវ​សំណៅ​ឯកសារ​ ទូរស័ព្ទ​ដៃ ​ឧបករណ៍​អេឡិច​ត្រូនិច​នានា ព្រម​ទាំង​ម៉ាស៊ីន​គិត​លេខ​ផង​ដែរ។

ទោះ​បី​ជា​ក្រសួង​ធ្វើ​ការ​រឹត​បន្តឹង​សម្រាប់​ការ​ប្រឡង​ក្នុង​ឆ្នាំ​នេះ ក៏​ដោយ ប៉ុន្តែ ក្រសួង​អប់រំ នឹង​នៅ​តែ​មាន​សុទិដ្ឋិ​និយម​ថា ចំនួន​បេក្ខជន​ជាប់​បាក់ឌុប​នឹង​កើន​ឡើង បើ​ប្រៀប​ធៀប​នឹង​សម័យ​ប្រឡង​បាក់​ឌុប ឆ្នាំ២០១៤។

គួរ​ជម្រាប​ជូន​ថា សម្រាប់​ការ​ប្រឡង​ឆ្នាំ​នេះ ក្រសួង​អប់រំ​គ្រោង​នឹង​ចំណាយ​ថវិកា ៣ លានដុល្លារ ដោយ​មាន​គណៈ​មេ​ប្រយោគ​ចូលរួម ប្រមាណ ៥ ពាន់នាក់ ស្រប​ពេល​បេក្ខជន​ដែល​ចូលរួម​ប្រឡង ចំនួន ៨៨៤៨៨ នាក់៕

អត្តបទដោយ៖ សួន សុគន្ធពិដោរ

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ