សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈដែលមានអាយុជាង១០០ឆ្នាំ នឹងត្រូវប្ដូរទីតាំងថ្មី
សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ អតីតសាលារចនា ដែលមានអាយុជាង១០០ឆ្នាំ នឹងត្រូវប្តូរទីតាំងថ្មី ទៅកាន់តំបន់ជ្រោយចង្វាត្រើយខាងកើត។ បើទោះបីជាមិនទាន់មានគម្រោងច្បាស់លាស់ក្តី ក៏ប៉ុន្តែទីតាំងថ្មី នឹងផ្តល់ភាពទូលាយជាងមុន ខណៈទីតាំងចាស់នឹងត្រូវប្រើសម្រាប់ការពង្រីក បរិវេណបន្ថែមរបស់សារមន្ទីរជាតិ។ ការផ្លាស់ប្តូរទីតាំងនេះ មិនមានការដោះដូរជាមួយវិស័យឯកជននោះទេ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:១៧
ដំណឹងនៃការផ្លាស់ប្តូរទីតាំងថ្មីនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានលេចលឺជាច្រើនឆ្នាំមកហើយ ក៍ប៉ុន្តែវាមិនទាន់ជាផ្លូវការនៅឡើយ។ ហើយទើបតែពេលនេះ ច្បាស់ហើយថា ទីតាំងថ្មីនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ អតីតសាលារចនាដែលមានអាយុកាលជាង១០០ឆ្នាំនេះ នឹងត្រូវប្តូរទៅទីតាំងថ្មី ស្ថិតនៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វារត្រើយខាងកើត ក្រោយពីអភិបាលក្រុងភ្នំពេញបានប្រកាសផ្តល់ដីប្រមាណជា២ទៅ៣ហិចតាសម្រាប់ការសាងសង់នេះ។ នេះបើតាមការបញ្ជាក់ពីលោក ថៃ នរៈសត្យា អ្នកនាំពាក្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៅថ្ងៃទី២៨ឧសភានេះ។ ការផ្លាស់ប្តូរទីតាំងថ្មីរបស់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនេះ ម្យ៉ាងគឺដើម្បីបានទីតាំងថ្មីដែលធំទូលាយជាមុន និងម្យ៉ាងទៀត គឺដើម្បីផ្តល់ទីតាំងចាស់របស់សាលកវិទ្យាល័យនេះ ទៅឱ្យសារមន្ទីជាតិ ដែលកំពុងត្រូវការពង្រីកបន្ថែម។
បើទោះបីជាមិនទាន់ទទួលបានលិខិតប្រកាសផ្លូវការក្តី តែលោក បុក សុវត្តិ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបានស្វាគមន៍ចំពោះដំណឹងនេះ នោះក៏ព្រោះថា ទីតាំងចាស់ដែលមានអាយុកាលជាង១០០ឆ្នាំនេះ តូចចង្អៀត ហើយអាគាមួយចំនួនបានចាស់ឌ្រុតទ្រោមទៅហើយ។ បើតាមលោកសកលវិទ្យាធិការរូបនេះ បច្ចុប្បន្នទីតាំងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈដែលមានទំហំត្រឹមតែជាង១ហិចតានេះ មិនសមាមាត្រទៅនឹងចំនួននិស្សិតជាង១៧០០នាក់ ដែលកំពុងសិក្សានៅតាមមហាវិទ្យាល័យទាំង៥នេះទេ។ ប៉ុន្តែជាមួយគ្នានេះសាស្ត្រាចារ្យមួយចំនួនបានបង្ហាញការព្រួយបារម្ភថា ការផ្លាស់ប្តូរទីតាំងថ្មី នឹងធ្វើឱ្យប៉ះពាល់ទៅដល់អត្ថន័យនិងខ្លឹមសារប្រវត្តិសាស្ត្រនៃសាកលវិទ្យាល័យមួយនេះ។
លោក ប៉ា សុជាតិវង្ស អភិបាលក្រុងភ្នំពេញ កាលពីថ្ងៃទី២៧ឧសភា បានប្រកាសនៅក្នុងកិច្ចប្រជុំជាមួយប្រជាពលរដ្ឋម្ចាស់ដីដែលរងផលប៉ះពាល់នៅតំបន់អភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារថា មានស្ថាប័នរដ្ឋមួយចំនួននឹងត្រូវប្តូរទីតាំងថ្មី ទៅកាន់តំបន់ទីក្រុងរណបជ្រោយចង្វារ ដែលរដ្ឋបានជួលទៅឱ្យក្រុមហ៊ុនឯកជន ICOC របស់លោកឧកញ៉ា ពុង ឃាវសែ ហើយក្នុងនោះ ក៏មានសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈមួយដែរ។ នេះបើតាមលោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលាក្រុងភ្នំពេញ។ ប៉ុន្តែលោកឌីម៉ង់មិនទាន់អាចនិយាយពីគម្រោងពិស្តារនៅឡើយទេ តែលោកបានដឹងថា នៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វានេះ នឹងក្លាយជាចំណុចកណ្តាលនៃទីក្រុងភ្នំពេញ ដែលមានហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរសម្រាប់ស្ថាប័នរដ្ឋ។
សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ អតីតសាលារចនាត្រូវបានកសាងតំណាលគ្នានឹងសារមន្ទីរជាតិកម្ពុជាក្នុងឆ្នាំ១៩១៧ ត្រូវបានប្រែក្លាយជាសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនៅឆ្នាំ១៩៦៥ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។ សាកលវិទ្យាល័យនេះ បង្កើតឡើងដើម្បីសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សផ្តោតលើវិស័យសិល្បៈ និងវប្បធម៌ ពោលគឺការបង្ហាត់បង្រៀននិស្សិតឱ្យក្លាយជាសិល្បករ, ស្ថាបត្យករ, និងបុរាណវិទ្យា។ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សិ្ថតនៅក្នុងមណ្ឌលតែមួយជាមួយសារមនី្ទរជាតិ ហើយដែលប្រជាជនខែ្មរតែងហៅថា សាលារចនា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ