អានតួអត្ថបទ
កម្ពុជា

លោកសម រង្ស៊ី សង្ឃឹម​ថា​នឹង​អាច​វិល​ចូល​ស្រុក​វិញ​នៅ​មុន​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់

ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​របស់​ខ្លួន​នៅ​ក្រុង​តា​ខ្មៅ​ខេត្ត​កណ្តាល កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​ លោក​សម រង្ស៊ី ដែល​នៅ​ឯ​ក្រៅ​ប្រទេស បាន​បង្ហាញ​សេចក្តី​សង្ឃឹម​យ៉ាង​មុត​មាំ​ថា លោក​នឹង​អាច​វិល​ត្រឡប់​មក​កាន់​កម្ពុជា​វិញ​នៅ​មុន​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់ ឆ្នាំ ២០១៧។ ការ​វិល​ត្រឡប់​មក​វិញ​នេះ គឺ​ដោយ​សារ​តែ​មាន​ការ​ជួយ​ជ្រោម​ជ្រែង​ពី​សហគមន៍​អន្តរជាតិ ពិសេស​​សហ​រដ្ឋ​អាមេរិក​។ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល និង មន្ត្រី​សង្គម​ស៊ីវិល និយាយ​ថា ​ក្តី​សង្ឃឹម​នេះ​ហាក់​នៅ​ឆ្ងាយ​ដូច​ជើង​មេឃ។

លោក​ សម​ រង្ស៊ី ក្នុងសន្និសិទនៅថ្ងៃព្រហស្បតិ៍ ទី 10 មេសា ឆ្នាំ 2014
លោក​ សម​ រង្ស៊ី ក្នុងសន្និសិទនៅថ្ងៃព្រហស្បតិ៍ ទី 10 មេសា ឆ្នាំ 2014 RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី បាន​លើក​ឡើង​ថា ការ​ដែល​លោក សម រង្ស៊ី​ស្នើសុំ​ឲ្យ​សហគមន៍​អន្តរជាតិ ជា​ពិសេស​សហរដ្ឋ​អាមេរិក ជួយ​ជ្រោម​ជ្រែង​លោក​ឲ្យ​បាន​វិលត្រឡប់​ចូល​ស្រុក​វិញ ដោយ​មិន​មាន​ទោសពៃ​នោះ គឺ​ជា​ទង្វើ​រំលោភ​អធិបតេយ្យ​របស់​កម្ពុជា ជា​ពិសេស​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា។

អ្នក​នាំ​ពាក្យ​រូប​នេះ បន្ត​ទៀត​ថា នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​សហរដ្ឋអាមេរិក និង​អាស៊ាន ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ពាក់​កណ្តាល​ខែកុម្ភៈ​នេះ​ សហរដ្ឋអាមេរិក​មិន​មាន​របៀបវារៈ​ប្រជុំ​ដាច់​ដោយ​ឡែក​ជាមួយ​កម្ពុជា​នោះ​ទេ។ ហើយ​ប្រសិន​បើ​ករណី​របស់ លោកសម រង្ស៊ី​ត្រូវ​បាន​លើក​ឡើង​ក្នុង​ពេល​ណា​មួយនោះ​ វាគ្រាន់​តែ​ជា​ការ​គួរសម​តែ​ប៉ុណ្ណោះ ។ ឯ​កម្ពុជា​មាន​សិទ្ធិ​គ្រប់​គ្រាន់​ក្នុង​ការ​រក្សា​គោល​ជំហរ​របស់​ខ្លួន។   

លោក ផៃ ស៊ីផាន រំលឹក​ដែរ​ថា ការ​ដែល​លោ​ក សម រង្ស៊ី អាច​វិល​ចូល​ស្រុក​វិញ​បាន​កាល​ពី​ឆ្នាំ ២០១៣​នោះ គឺ​ដោយសារ​តែ​ហប្ញទ័យ​ករុណា​របស់​ព្រះមហាក្សត្រ និង ទឹក​ចិត្ត​សណ្តោស​របស់​លោក​នាយក​រដ្ឋមន្ត្រី​ មិន​មែន​ដោយ​សារ​អន្តរាគមន៍​របស់​អាមេរិក ឬ សហគមន៍​អន្តរជាតិ​នោះ​ទេ។

ដូច​គ្នា​នេះ​ដែរ លោក អ៊ូ វិរៈ នាយកវិទ្យាស្ថាន​វេទិកា​អនាគត​កម្ពុជា មើល​ឃើញ​ថា លទ្ធភាព​វិល​ចូល​ស្រុក​វិញ​របស់​លោកសម រង្ស៊ី នៅ​ពេល​នេះ គឺ​តិច​តួច​ស្តួច​ស្តើង​ណាស់។ លោក​ថា បើ​ទោះ​បី​ជា​មាន​សហគមន៍​អន្តរជាតិ​ខ្លះ​ចង់​ជួយ​លោក សម រង្ស៊ី ដើម្បី​ពង្រឹង​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ក៏​ដោ​យ ​ក៏​គេ​មិន អាច​ដាក់​គំនាប​លើ​រដ្ឋាភិបាល​កម្ពុជា​បាន​ដែរ។

ម្យ៉ាង​វិញ​ទៀត ការ​វិល​ចូល​ស្រុក​វិញ​របស់​លោក សម រង្ស៊ី នឹង​ក្លាយ​ជា​ឧបសគ្គ​របស់​បក្ស​កាន់​អំណាច​ ។​ ដូច្នេះ​បក្ស​កាន់​អំណាច មិន​អាច​ធ្វេស​ប្រហែស​ដូច​កាល​ពី​ឆ្នាំ ២០១៣ នោះ​ទៀត​ទេ។

សូម​រំលឹក​ថា ក្នុង​រយៈពេល​កន្លង​មក លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​ចុះ​ហត្ថ​លេខា​​លើ​លិខិត​លើក​លែង​ទោស​ឲ្យ លោក សម រង្ស៊ី ចំនួន​ពីរ​លើករួច​មក​ហើយ​។ ប៉ុន្តែ​នៅ​ចុង​ឆ្នាំ​២០១៥​កន្លង​មក​នេះ​  លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​ឡើង​ថា លោក​នឹង​កាត់​ដៃស្តាំ​ចោល បើ​លោក​ចុះ​ហត្ថលេខា​លើ​លិខិត​ស្នើសុំ​លើក​លែង​ទោស​ឲ្យ លោក សម រង្ស៊ី ម្តង​ទៀត​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ