អានតួអត្ថបទ
កម្ពុជា

លោក សម រង្ស៊ី បន្ទន់ឥរិយាបថ​លើ​រឿង​ព្រំដែន​តែ​ស្នើ​ឲ្យ​ដោះលែង​សកម្មជន​ដែល​កំពុង​ជាប់ឃុំ

ប្រធាន​គណបក្សប្រឆាំង​លោក សម រង្ស៊ី បានបង្ហាញ​គោលជំហរ​ទន់​ភ្លន់​លើ​សំណើ​រួមគ្នា​រវាង ប្រមុខ​រដ្ឋាភិបាល​កម្ពុជា និង​វៀតណាម ក្នុង​ការ​អញ្ជើញ​អ្នក​ជំនាញ​ការ​ខាង​ផែនទី​បារាំង ជួយ​ផ្ទេរ​ខ្នាត​ផែនទី​ពី​១​លើ​១០០​ពាន់ទៅ​១​លើ​៥០​ពាន់។ លោក សម រង្ស៊ី បាន​លើក​ឡើង​ថា ការ​ផ្ទេរ​ខ្នាត​ផែនទី គឺ​ងាយស្រួល​ក្នុងការ​ពិនិត្យ​លើដី​ជាក់ស្តែង ប៉ុន្តែ​លោក​មិន​គាំទ្រ​ការកែរ​ប្រែ​រដ្ឋធម្មនុញ្ញ​កម្ពុជា​មាត្រា២នោះទេ។ ជាមួយនឹង​ជំហរ​បែបនេះ លោក សម រង្ស៊ី ក៏បាន​ទ​ទួ​ច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​អ្នកជំនាញ​ខាង​កិច្ចការ​ព្រំដែន​របស់លោក ហើយ​សុំ​ឲ្យ​រដ្ឋាភិបាល​ប្រើប្រាស់​ពួកគេ​នៅក្នុង​កិច្ចការងារ​ព្រំដែន​នេះ។ ប៉ុន្តែ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​លើកឡើងថា ទោះបីជា​លោក សម រង្ស៊ី បង្ហាញ​ការគាំទ្រ​មិន​ស្មោះត្រង់​ក្តី ក៏​លោក​ត្រូវតែ​គាំទ្រ​ដែរ។

លោក សម រង្ស៊ី ​បន្ទន់ឥរិយាបថលើរឿងព្រំដែនតែស្នើឲ្យដោះលែងសកម្មជនដែលកំពុងជាប់ឃុំ
លោក សម រង្ស៊ី ​បន្ទន់ឥរិយាបថលើរឿងព្រំដែនតែស្នើឲ្យដោះលែងសកម្មជនដែលកំពុងជាប់ឃុំ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

លោក សម រង្ស៊ី ប្រធាន​គណបក្សប្រឆាំង​ដែល​តែងតែ​រិះគន់​លើ​ការបោះ​បង្គោលព្រំ​ដែន​កម្ពុជា-វៀតណាម និង​ធ្លា​ប់រង​ការកាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ២ឆ្នាំ ដោយសារ​ការដក​តម្រុយ​បង្គោល​ព្រំដែន​នៅ​ស្រុក​ចន្ទ្រា​ខេត្តស្វាយរៀង​កាលពី​ឆ្នាំ២០១០នោះ បានបង្ហាញ​ជំហរ​គាំទ្រ​លើ​សំណើ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជានិង​វៀតណាម ក្នុង​ការអញ្ជើញ​អ្នកជំនាញ​ខាង​ផែនទីបារាំង​ឲ្យ​ជួយ​ផ្ទេ​ខ្នាត​ផែនទី​ពី១/១០០.០០០ ទៅ ១/៥០.០០០ វិញ។

លោក សម រង្ស៊ី ដែល​កំពុង​រស់នៅ​ដោយ​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស​បាន​សរសេរ​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម Facebookកាលពី​រសៀល​ថ្ងៃទី២៨វិច្ឆិកា​ថា ការផ្ទេ​ខ្នាត​ផែនទី​ពី១/១០០.០០០ ទៅ១/៥០.០០០ នឹង​ជួយ​ដល់​ដំណើរការ​បោះបង្គោល​ព្រំដែន​កាន់តែ​ច្បាស់​លាស់​ថែមទៀតពិសេស​មានការ​ជួយ​ពី​អ្នកជំនាញការ​បារាំង ដែល​លោក​កាន់តែ​ជឿជាក់។ ប៉ុន្តែ​ប្រធាន​គណបក្សប្រឆាំង​រូបនេះ មិន​គាំទ្រ​ការកែរ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​មាត្រា២ ដែល​បាន​ចែងថា៖ "បូរណភាព​ទឹកដី​របស់​ព្រះរាជាណាចក្រ​កម្ពុជា មិនអាច​រំលោភ​បាន​ដាច់ខាត​ក្នុង​ព្រំដែន​របស់ខ្លួន​ដែលមាន​កំណត់​ក្នុង​ផែនទី​ខ្នាត ១/១០០.០០០ ដែល​ធ្វើ​នៅ​ចន្លោះ​ឆ្នាំ១៩៣៣-១៩៥៣ ហើយ​ដែល​ត្រូវបាន​ទទួលស្គាល់​ជា​អន្តរជាតិ​នៅ​ចន្លោះ​ឆ្នាំ​១៩៦៣-១៩៦៩"។

គួ​រំលឹក​ជូន​ថា ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​និង​វៀតណាម កាលពី​ថ្ងៃទី២២វិច្ឆិកា​បាន​ព្រមព្រៀងគ្នា ដោយ​ធ្វើលិខិត​រួមគ្នា​ទៅកាន់​ប្រធានាធិបតី​បារាំង ដើម្បី​បញ្ជូន​អ្នកជំនាញ​ផែនទី​ជួយ​ផ្ទេ​ខ្នាត​ផែនទី​ពី១/១០០.០០០ ទៅ ១/៥០.០០០ សម្រាប់​សម្រួល​ការបោះ​ប​ង្គ្រោ​ល​ព្រំដែន ដែល​នៅ​ប្រទាញប្រទង់​គ្នា​នៅ​តំបន់រ​ស៊ើប​មួយចំនួន ខណៈដែល​អ្នក​ជំ​ន​ញ និង​ជា​អ្នកសិក្សា​ពី​ព្រំដែន​កម្ពុជា បាន​អះអាងថា កម្ពុជា​និង​វៀតណាម​បាន​ដើរ​ដល់​ចំណុច​ចរចា​គ្នា​លែង​បាន។

តាមរយៈ​ការកត់សំគាល់​ចំនួន៧ចំណុច លោក សម រង្ស៊ី បាន​គាំទ្រ​ឲ្យ​ភាគី​កម្ពុជា-វៀតណាម អញ្ជើញ​អ្នកជំនាញ​បារាំង​មកជួយ ដោយ​លោក​ជឿជាក់ថា ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន ជំនួយ​បច្ចេកទេស​ពី​ប្រទេស​បារាំង មិនអាច​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ទទួល​ការបង់​ខាត​អ្វី​ទេ។ ផ្ទុយ​ទៅ​វិញ អន្តរាគមន៍​ពី​ប្រទេស​បារាំង​នឹងធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​ចាប់អារម្មណ៍​ពី​បញ្ហា​ព្រំដែន​រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​វៀតណាម ហើយនឹង​ជួយផ្តល់​យុត្តិធម៌​ឲ្យ​ប្រទេស​កម្ពុជា​ផង។

ជាមួយនឹង​ជំហរ​បែបនេះ លោក សម រង្ស៊ី ក៏បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​សមាជិក​ព្រឹទ្ធសភា​លោក ហុង សុខ​ហួរ និង​លោក អ៊ុំ សំអាន ដែល​កំពុង​ជាប់ពន្ធនាគា ដោយសា​តែ​បាន​លើក​ពី​បញ្ហា​ផែនទី ហើយ​ថា​រដ្ឋាភិបាល​គួរតែ​យក​ពួកគេ​មកជួយ​ធ្វើការ​ដើម្បី​បម្រើ​ផល​ប្រយោជន៍​ប្រទេសជាតិ​ទាំងអស់គ្នា។ ប៉ុន្តែ​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចាត់ទុកថា ការលើកឡើង​របស់លោក សម រង្ស៊ី​នេះ គ្រាន់តែ​ជាការ​ឆ្លៀតឱកាស​តែប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ