អានតួអត្ថបទ
កម្ពជា

លោក​សម រង្ស៊ី​ ចេញ​ទៅ​​បារាំង​ខណៈ​​ព័ត៌មាន​​ពី​​ជំនួប​​ជាមួយ​​សម្តេច​ក្រុមព្រះ​នៅ​​ជា​​អាថ៌កំបាំង​

លោក​សម រង្សី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា​ទៅកាន់​ប្រទេស​បារាំង​ដោយ​ស្ងៀមស្ងាត់​កាលពី​យប់​ថ្ងៃ​ចន្ទ​ម្សិលមិញ។ ការចាកចេញ​របស់​ប្រមុខ​បក្សប្រឆាំង​កម្ពុជា​នៅពេលនេះ គឺ​បាន​ធ្វើឡើង បន្ទាប់ពី​មាន​លេចឮ​ព័ត៌មាន​ថា លោក​និង​សម្តេចក្រុមព្រះ ប្រធាន​គណបក្ស​ហ្វ៊ុនស៊ីនប៉ិច គ្រោង​ជួបគ្នា​នៅ​ទីនោះ​នៅក្នុង​ខែតុលា​នេះ ដើម្បី​ជជែក​គ្នា​ពី​ការបង្រួបបង្រួម​គណបក្ស​ទាំងពីរ។ ប៉ុន្តែ​ព័ត៌មាន​នេះ​ស្ថិតក្នុង​អាថ៌កំបាំង​នៅឡើយ។

លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ
លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

នៅ​ម៉ោង​ប្រមាណ​ជិត៩យប់​ថ្ងៃ​ចន្ទ​ទី១២ តុលា ដែលជា​ថ្ងៃ​ភ្ជុំបិណ្ឌ លោក​សម រង្ស៊ី និង ភរិយា​របស់លោក​បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា​ទៅកាន់​ប្រទេស​បារាំង។ លោក​យ៉ែម ប៉ុ​ញ្ញ​រិ​ទ្ធ អ្នកនាំពាក្យ​សង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា លោក​សម រង្ស៊ី នឹង​ចំណាយពេល​នៅ​ទីនោះ​ប្រមាណ​ពី​បី​ទៅ​បួន​សប្តាហ៍ ដើម្បី​ជួប​ជាមួយ​សកម្មជន និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ និង បំពេញ​បេសកម្ម​មួយចំនួនទៀត​នៅ​អឺរ៉ុប។

ការចាកចេញ​របស់​ប្រមុខ​គណបក្សប្រឆាំង​កម្ពុជា​នៅពេលនេះ គឺ​បាន​ធ្វើឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​លេចឮ​ព័ត៌មាន​មួយ​កាលពី​ចុង​សប្តាហ៍​មុន​ថា លោក​សម រង្ស៊ី គ្រោង​ជួប​ជាមួយ​សម្តេចក្រុមព្រះ​នរោត្តម រណ​ឫ​ទិ្ធ ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​នៅ​ប្រទេស​បារាំង​នៅក្នុង​ខែតុលា​នេះ។ ជំនួប​នោះ​ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​ពិភាក្សា​ស្វែ​ករក​ការបង្រួបបង្រួម​រវាង​គណបក្ស​ទាំងពីរ។

ជុំវិញ​ព័ត៌មាន​នេះ លោក​ញឹក ប៊ុនឆៃ អនុប្រធាន​គណបក្ស​ហ្វ៊ុន ស៊ិនប៉ិច បាន​ថ្លែងប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ថា មកដល់ពេលនេះ លោក​មិនទាន់​ទទួលបាន​ព័ត៌មាន​បែបណា​មួយ​ទេ​អំពី​ជំនួប​នោះ​ពី​សម្តេចក្រុមព្រះ។

ចំណែក​លោក​យ៉ែម បុញ្ញ​រិ​ទ្ធ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​វិញ មិនបាន​បញ្ជាក់​ឲ្យ​បាន​ដាច់​ណាត់​ទេ ថា​តើ​នឹងមាន​ជំនួប​នោះដែរ​ឫ​យ៉ាងណា ដោយ​លោក​អះអាងថា ពុំ​ទទួលបាន​ព័ត៌មាន​ច្បាស់លាស់។ អ្នកនាំពាក្យ​រូបនេះ​គ្រាន់តែ​គូសបញ្ជាក់ថា នៅ​ខែតុលា​នេះ​លោក​សម រង្ស៊ី មាន​វត្ត​មាននៅ​បារាំង ហើយ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​នឹង​អញ្ជើញ​ទៅនោះ​ដែរ​នៅ​ចុងខែ។ ក៏ប៉ុន្តែ​លោក​មិនដឹង​ទេ​ថា តើ​សម្តេចក្រុមព្រះ​យាង​ទៅ​ទីនោះ​ដែរ​ឫ​អត់។ បើតាម​លោក​ញឹម ប៊ុនឆៃ នៅពេលនេះ សម្តេចក្រុមព្រះ​កំពុងស្ថិត​នៅក្នុង​ប្រទេស​ថៃ។

យ៉ាងណាក៏ដោយ លោក​យ៉ែម ប៉ុ​ញ្ញ​ឫទ្ធិ បាន​សង្កត់ធ្ងន់ថា ការរួបរួម​គ្នា គឺ​ស្ថិតនៅលើ​គោលការណ៍​ជាក់លាក់​មួយ ហើយ​ប្រសិនបើ​មានការ​ចូល​រូ​ម​អនុវត្ត​គោលការណ៍​នោះ​ឲ្យ​ពិតប្រាកដ​ជាមួយគ្នា នោះ​ការរួបរួម​រវាង​អ្នកប្រជាធិបតេយ្យ និង អ្នករាជានិយម មិនមាន​អ្វី​ជា​បញ្ហា​ចោទ​នោះទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ