អានតួអត្ថបទ
កម្ពុជា

លោកហ៊ុន សែន ផ្ញើសារ​ឱ្យ​បក្ស​ប្រឆាំង​គោរព​ច្បាប់

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​ ២៤ មិថុនា​នេះ បាន​ទៅ​បង់​ប្រាក់​ពិន័យ​ចំនួន​១​ម៉ឺន៥​ពាន់​រៀល​នៅ​សាលា​សង្កាត់​ចតុមុខ​បន្ទាប់​ពី​លោក​បាន​ជិះ​មូតូ​មិន​បាន​ពាក់​មួក​សុវត្ថិភាព។ ប៉ុន្តែ​​នៅក្នុង​នោះ​លោក​ក៏​បាន​ថ្លែង​បែប​ឌឺ​ដង​ឱ្យ​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ​ផង​ដែរ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​លោក​ បាន​អំពាវនាវ​ឱ្យ​មនុស្ស​ទាំង​អស់​រួម​ទាំង​អ្នក​មាន​ទ្រព្យ និង​អំណាច​ត្រូវ​គោរព​ច្បាប់។

លោក​ហ៊ុន សែន ​នាយក​រដ្ឋ​មន្រ្តី​នៃ​ប្រទេស​កម្ពុជា។​
លោក​ហ៊ុន សែន ​នាយក​រដ្ឋ​មន្រ្តី​នៃ​ប្រទេស​កម្ពុជា។​ @Samdech Hun Sen, Cambodia Prime Minister
ផ្សាយពាណិជ្ជកម្ម

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​ផ្ញើ​សារ​ដោយ​ប្រយោល​ដល់​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​តែ​គោរព​ច្បាប់ និង​មិន​ត្រូវ​ប្រែ​ក្លាយ​ទៅ​ជា​នយោបាយ និង​ពឹង​ពាក់​បរទេស​មក​គាប​សង្កត់​កម្ពុជា។ លោក​នាយក​រដ្ឋ​មន្ត្រី​បាន​សង្កត់​ធ្ងន់​ថា«អ្នក​ខុស​ទាំង​ឡាយ​ផ្សេង​ទៀត មិន​ត្រូវ​យក​ហេតុផល​នៃ​ការ​អនុវត្ត​ច្បាប់​ដោយ​សមត្ថកិច្ច​ទៅ​ជា​រឿង​នយោបាយ ហើយ​ទៅ​ពឹង​ពាក់​បរទេស​មក​គាប​សង្កត់​កម្ពុជា​ ដែល​អនុវត្ត​ច្បាប់ ហើយ​ជន​បរទេស​ទាំង​ឡាយ​ក៏​មិន​ត្រូវ​លូក​លាន់​ការ​អនុវត្ត​ច្បាប់​របស់​កម្ពុជា​ផង​ដែរ»។ លោក​បន្ត​ទៀត​ថា៖ «អភ័យ​ឯកសិទ្ធិ​សភា ឬ​អង្គរក្ស​ការពារ​មិន​អាច​ជួយ​ការពារ​កំហុស​លោក​បាន​ទេ ហើយ​កាន់​តែ​មិន​អាច​ទៅ​យក​អ្នក​គាំទ្រ​លោក​រាប់​លាន​នាក់ មក​ជួយ​ការពារ​ប្រឆាំង នឹង​ការ​អនុវត្ត​ច្បាប់​ដោយ​កម្លាំង​មាន​សមត្ថកិច្ច​បាន​ដែរ ទោះ​ដោយ​ការ​ផ្តិត​មេដៃ ឬ​ញត្តិ ឬ​ការ​ហែក្បួន​បាតុកម្ម»។ លោក​សង្កត់​ធ្ងន់​ទៀត​ថា លោក​មិន​អាច​ប្រើ​អំណាច​ជា​នាយក​រដ្ឋ​មន្ត្រី​មក​រារាំង​ការ​អនុវត្ត​ច្បាប់។

ការ​លើក​ឡើង​នេះ គឺ​អំឡុង​ពេល​លោក​បាន​ចូល​ទៅ​បង់ប្រាក់​ពិន័យ​នៅ​សង្កាត់​ចតុមុខ​ក្នុង​រាជធានី​ភ្នំពេញ បន្ទាប់​ពី​លោក​បាន​ជិះ​ម៉ូតូ​មិន​ពាក់​មួក​សុវត្ថិភាព​កាល​ពី​ថ្ងៃ​សៅរ៍ សប្តាហ៍​មុន នៅ​ខេត្ត​កោះកុង។ ការ​ថ្លែង​សារ​បែប​ឌឺ​ដង​ផ្លែផ្កា​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​គឺ ខណៈ​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ប្រមូល​ផ្តុំ​អ្នកគាំទ្រ​របស់​ខ្លួន​ជិត​១​ខែ​មក​ហើយ នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​ក្នុង​សង្កាត់​ចាក់​អង្រែ​លើ។ ជា​ការ​ប្រមូល​ផ្តុំ​ ដើម្បី​ប្រឆាំង​ទៅ​នឹង​ការ​អនុវត្ត​នីតិវិធី​របស់​តុលាការ​មក​លើ​លោក កឹម សុខា ប្រធាន​ស្តីទី ដែល​កំពុង​សំងំ​លាក់​ខ្លួន​ក្នុង​បក្ស។

បន្ថែម​នេះ ក្រៅ​ពី​អង្គ​ទូត​នៅ​កម្ពុជា​បាន​បន្ត​កន្ទុយ​គ្នា​ទៅ​ជួប​លោក​កឹម សុខា នៅ​ទីស្នាក់ការ​បក្ស​នោះ​ អង្គការ​សហប្រជាជាតិ​បាន​សំដែង​ក្តី​ព្រួយ​បារម្ភ​ចំពោះ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា និង​បាន​អំពាវនាវ​ឱ្យ​បក្ស​ធំ​ទាំងពីរ​វិល​ចូល​តុ​ចរចា​ឡើង​វិញ​ផង​ដែរ។ ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បញ្ជាក់​ជា​ផ្លូវ​ការ​ថា​មិន​ចរចា​ជាមួយ​បក្ស​ប្រឆាំង​រឿង​អ្នក​ ដែល​កំពុង​ប្រឈម​នឹង​ប្រព័ន្ធ​តុលាការ​នោះ​ទេ។ គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​រងចាំ​ការ​ចរចា​ជាមួយ គណបក្ស​កាន់​អំណាច ​បាន​អះអាង​ថា ស្ថានការណ៍​នយោបាយ​គឺ​ដល់​ផ្លូវ​ទាល់​ច្រក​ហើយ កំពុង​ធ្លាក់​ក្នុង​វិបត្តិ។

សូម​កត់​សម្គាល់​ថា ក្រៅ​ពី​បង់​ពិន័យ​រួច​ហើយ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​សែន ដែល​កំពុង​បង្ហាញ​ភាព​សាមញ្ញ​របស់​ខ្លួន បាន​ជិះ​ម៉ូតូ​មួយ​ជុំ​ដោយ​ពាក់មួក​សុវត្ថិភាព​ និង​បាន​ចូល​ដុត​ធូប​នៅ​ព្រះអង្គ​ដង្កើរ​មុខ​ព្រះបរមរាជវាំង ព្រម​ទាំង​បាន​ចែក​ប្រាក់​ជូន​ពលរដ្ឋ​នៅ​ទីនោះ​ផង​ដែរ។ យ៉ាង​ណា​ក៏​ដោយ តាម​រយៈ​ព្រឹត្តិការណ៍​នៅ​ព្រឹក​នេះ លោក ក៏​បាន​អំពាវនាវ​ឱ្យ​អន្តរជាតិ​មិន​ត្រូវ​លូក​ដៃ​ចូល​ក្នុង​កិច្ចការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា​នោះ​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ