អានតួអត្ថបទ
កម្ពុជា

លោក​ហ៊ុន សែន ស្នើ​សុំ​សហភាព​អឺរ៉ុប​កុំ​ឲ្យ​ស្ដាប់​ព័ត៌មាន​តែ​ពី​ខាង​គណបក្ស​ប្រឆាំង

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ បាន​ជួប​ជាមួយ​លោក Gerd Moller រដ្ឋ​មន្ត្រី​ក្រសួង​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​អាល្លឺម៉ង់ នៅ​វិមាន​សន្តិភាព។ នៅ​ក្នុង​ជំនួប​នោះ លោក​ហ៊ុន សែន បាន​ប្រាប់​ភាគី​អាល្លឺម៉ង់​អំពី​ស្ថានភាព​ទាក់​ទង​នឹង​គណបក្ស​សង្រ្គោះ​ជាតិ និង​បាន​ស្នើ​ទៅ​កាន់​សហភាព​អឺរ៉ុប​កុំ​ឲ្យ​ស្ដាប់​តែ​ព័ត៌មាន​ពី​ខាង​គណបក្ស​ប្រឆាំង។ នេះ​បើ​តាម​ខ្លឹមសារ​នៃ​ជំនួប​ទ្វេភាគី ដែល​ត្រូវ​បាន​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​លោក​នៅ​រសៀល​នេះ។

នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយ លោក Gerd Moller រដ្ឋមន្ត្រីក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍អាល្លឺម៉ង់ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ
នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយ លោក Gerd Moller រដ្ឋមន្ត្រីក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍អាល្លឺម៉ង់ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ @Samdech Hun Sen, Cambodia Prime Minister
ផ្សាយពាណិជ្ជកម្ម

តាម​រយៈ​រដ្ឋ​មន្ត្រី​អាល្លឺម៉ង់ លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន សែន ប្រមុខ​គណបក្ស​កាន់​អំណាច បាន​ស្នើ​សុំ​ឲ្យ​អាល្លឺម៉ង់ ជា​ពិសេស​សហភាព​អឺរ៉ុប​ធ្វើ​ការ​កែ​ទម្រង់​ស្តី​អំពី​ការ​ទទួល​បាន​ព័ត៌មាន​ ដោយ​កុំ​ស្តាប់​ និង​ទទួល​តែ​ព័ត៌មាន​ពី​គណបក្ស​ប្រឆាំង​តែ​ម្ខាង គឺ​ត្រូវ​ឲ្យ​ស្គាល់​ពី​អង្គហេតុ និង​អង្គ​ច្បាប់​ឲ្យ​បាន​ច្បាស់លាស់ ដើម្បី​ចៀស​វាង​ការ​បក​ស្រាយ​ខុស ជា​ពិសេស​មក​លើ​ប្រទេស​ ដែល​មាន​អធិបតេយ្យ​ភាព​ដូច​ជា​កម្ពុជា​នេះ។ ចំពោះ​បញ្ហា គណបក្ស​ប្រឆាំង​វិញ លោក​ហ៊ុន សែន បាន​ប្រាប់លោកGerd Moller ថា​បុគ្គល​ដែល​ធ្វើ​ខុស គឺ​មិន​ត្រូវ​យក​អង្គការ​ចាត់​តាំង​នយោបាយ ឬ​យក​អង្គការ​ក្រៅ​រដ្ឋាភិបាល មក​ធ្វើ​ជា​អាវ​ក្រោះ​ការពារ​ខ្លួន​នោះ​ទេ។

ការ​ស្នើ​សុំ​ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​នៅ​ពេល​នេះ គឺ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​សហភាព​អឺរ៉ុប​កាល​ពី​ថ្ងៃ​ទី​ ៩ មិថុនា​កន្លង​ទៅ បាន​ចេញ​សេចក្តី​សម្រេច​ ៧​ចំនុច ដោយ​អំពាវនាវ និង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​តែ​បន្ធូរ​បន្ថយ​កម្តៅ​នយោបាយ​នា​ពេល​បច្ចុប្បន្ន ហើយ​ត្រូវ​បញ្ឈប់​ការ​យាយី​ដោយ​ប្រព័ន្ធ​តុលាការ​ទៅ​លើ​មេដឹកនាំ​គណបក្ស​ប្រឆាំង រួម​ទាំង​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស ដែល​កំពុង​ជាប់​ឃុំ​ផ្សេង​ទៀត និង ​ត្រូវ​ទម្លាក់​រាល់​បទ​ចោទ​ប្រកាន់​ទៅ​លើ​ពួកគេ​។ ជាមួយ​គ្នា​នេះ សភា​អឺរ៉ុប​ក៏​បាន​សម្រេច​ជំរុញ​ឲ្យ​អាជ្ញាធរ​កម្ពុជា ត្រូវ​ត្រឡប់​មក​​បង្កើត​វប្បធម៌​សន្ទនា​ជា​ថ្មី ដើម្បី​រក្សា​សន្តិភាព​ជាមួយ​នឹង​គណបក្ស​ប្រឆាំង មុន​ពេល​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ក្រុម​សង្កាត់ នៅ​ឆ្នាំ ២០១៧​ និង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​នៅ​ក្នុង​ឆ្នាំ ២០១៨​។

សូម​ជម្រាប​ជូន​ថា បន្ទាប់​ពី​បញ្ចប់​ការ​ជួប​ជាមួយ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ​ភា្លម លោក Gerd Moller ក៏​បាន​បន្ត​ដំណើរ​ទៅ​ជួប​ជាមួយ​លោក​កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្រ្គោះ​ជាតិ​ដោយ​ផ្ទាល់​នៅ​ឯ​ទីស្នាក់​ការ​កណ្តាល​គណបក្ស​ទៀត។ បើ​តាម​លោក​យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្រ្គោះជាតិ នៅ​ក្នុង​ជំនួប​នោះ លោក​កឹម សុខា បាន​រៀបរាប់​ប្រាប់​លោក​រដ្ឋ​មន្ត្រី​អាល្លឺម៉ង់ ថា​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​កំពុង​តែ​ធ្លាក់​ដុន​ដាប​យ៉ាង​ធ្ងន់ធ្ងរ ដែល​​ទាមទារ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ពី​សហគមន៍​អន្តរជាតិ​ជា​ពិសេស​សហភាព​ផ្ទាល់​តែ​ម្តង។ ជាមួយ​គ្នា​នេះ លោក​កឹម សុខា ក៏​បាន​លើក​ឡើង​ពី​ការ​គាប​សង្កត់​របស់​គណបក្ស​កាន់​អំណាច​មក​លើ​គណបក្ស​ប្រឆាំង តំណាង​អង្គការ​សង្គម​ស៊ីវិល មន្ត្រី​គ.ជ.ប និង​ការ​រំលោភ​បំពាន​អភ័យ​ឯក​សិទ្ធិ​អ្នក​តំណាង​រាស្រ្ត​ជា​ដើម។

បើ​លោក​យឹម សុវណ្ណ​ដដែល លោក​រដ្ឋ​មន្ត្រី​អាល្លឺម៉ង់ បាន​លើក​ឡើង​ថា អាល្លឺម៉ង់​ក៏​ដូច​ជា​សហភាព​អឺរ៉ុប គឺ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​វិបត្តិ​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ លោក​បន្ត​ថា ស្ថាន​ទូត​អាល្លឺម៉ង់​ប្រចាំ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ នឹង​តាម​ដាន​ស្ថានការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បន្ត​ទៀត។ លោក Gerd Moller ​ក៏​បាន​គូស​បញ្ជាក់​ផង​ដែរ​ថា លោក​នឹង​នាំ​យក​នូវ​អ្វី​ដែល​លោក​បាន​ឃើញ និង​ទទួល​ព័ត៌មាន​ពី​គណ​បក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង ទៅ​ជម្រាប​ជូន​ប្រទេស​ទាំង​២៨​ ដែល​សមាជិក​នៃ​សហភាព​អឺរ៉ុប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ