អានតួអត្ថបទ
កម្ពុជា

​លោក សម រង្ស៊ី អះអាង​ថា រដ្ឋាភិបាល​ហាម​ឃាត់​រូប​លោក​មិន​ឲ្យ​ចូល​ប្រទេស​កម្ពុជា

«គេ​ហាមឃាត់​មិន​ឲ្យ​​ខ្ញុំវិល​ត្រឡប់​​ចូល​ប្រទេសកម្ពុជា​វិញ​»។ នេះ​គឺ​ជា​សំណេរ​របស់លោក សម រង្ស៊ី នៅ​លើ​ទំព័រ​ហ្វេសប៊ុក​នៅ​ថ្ងៃ​សុក្រ​នេះ អម​ដោយ​រូបភាព​លិខិត​ពី​ទី​ស្ដីការ​គណៈរដ្ឋ​មន្ដ្រី ចុះ​ថ្ងៃ​ទី​១២​តុលា​ឆ្នាំ​២០១៦​ ផ្ញើ​ជូន​លោក សុខ ផល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​។ ជា​លិខិតដែល​បាន​ដាក់​ចេញ​នូវ​វិធានការ​មួយ​ចំនួន រារាំង និង​ហាម​ឃាត់​មិន​ឲ្យ​លោក សម រង្ស៊ី ចូល​ប្រទេស​កម្ពុជា​វិញ យោង​តាម​ចំណារ​របស់​លោក​នាយក​រដ្ឋ​មន្ដ្រី និង​កិច្ច​ប្រជុំ​របស់គណៈកម្មាធិការ​សន្តិសុខ​អាកាសយានដ្ឋាន​អន្ដរជាតិ​។

លោក ​សម​ រង្ស៊ី​ ប្រធាន​​គណ​​បក្ស​​សង្គ្រោះ​​ជាតិ ស្វាគមន៍​ដោយ​អ្នក​គាំទ្រ នៅ​ព្រឹក​សុក្រ​ទី ១៦ សីហា  ២០១៣។
លោក ​សម​ រង្ស៊ី​ ប្រធាន​​គណ​​បក្ស​​សង្គ្រោះ​​ជាតិ ស្វាគមន៍​ដោយ​អ្នក​គាំទ្រ នៅ​ព្រឹក​សុក្រ​ទី ១៦ សីហា ២០១៣។
ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​វិធានការ​រារាំង​ការ​ប៉ុនប៉ង​វិល​ចូល​ស្រុក​វិញ​របស់​លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង ដែល​ប្រកាស​ជា​ញយ​ដង​ថា​នឹង​ចូល​កម្ពុជា​។ នៅ​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​១២​ខែ​តុលា ប៉ុន្តែ​ទើប​បែក​ធ្លាយ​ដល់​អ្នក​សារព័ត៌មាន​នៅ​ថ្ងៃ​សុក្រ​នេះ ទីស្ដីការ​គណៈរដ្ឋមន្ដ្រី​បាន​សុំ​កិច្ច​អន្តរាគមន៍​ពី​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​របស់​ក្រសួង​មហាផ្ទៃ ដើម្បី​ចាត់​វិធានការ​បង្ការ​ទុក​មុន ចំពោះ​ការ​ប៉ុនប៉ង​ណាមួយ ពី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចង់​វិល​មក​កម្ពុជា​វិញ​។

លិខិត​នោះ​បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច ចាត់វិធានការ​៤​សំខាន់​ៗ គឺ​ការ​តម្រូង​ឲ្យ​គ្រប់​ក្រុមហ៊ុន​អាកាសចរ​ទាំង​អស់ ដែល​ធ្វើ​ប្រតិបត្តិការ​ហោះហើរ​មក​កម្ពុជា មិន​ត្រូវ​អនុញ្ញាត​ឲ្យ​លោក​សម រង្ស៊ី ឡើង​យន្តហោះ​មក​កម្ពុជា​ទេ ហើយ​ត្រូវ​ផ្ដល់​របាយការណ៍​ទៀងទាត់​ក្នុង​ករណី​មាន​ការ​ទិញ​សំបុត្រ​យន្តហោះ​ធ្វើ​ដំណើរ​មក​កម្ពុជា​។

បន្ថែម​ពី​នេះ ករណី​ធ្វើដំណើរ​មក​កាន់​កម្ពុជា តាម​រយៈយន្តហោះ​ណាមួយ យន្តហោះ​នោះ​នឹង​ត្រូវ​បង្វែរ​ឲ្យ​វិល​ត្រឡប់​ទៅ​កាន់​អាកាសយានដ្ឋាន​ដើម​វិញ ដោយ​មិន​អនុញ្ញាត​ឲ្យ​ចុះចត​នៅ​កម្ពុជា​ឡើយ​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ក្នុង​ករណី​យន្តហោះ​ណា​ដែល​ដឹក​ប្រធាន​បក្ស​ប្រឆាំង​នេះ​ចុះ​ចត​ដល់​អាកាស​យានដ្ឋាន​ណាមួយ​នៅ​កម្ពុជា យន្តហោះ​នោះ​នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ភ្ញៀវ​ចាក​ចេញ​ពី​យន្តហោះ​ឡើយ និង​ត្រូវ​បញ្ជា​ឲ្យ​ត្រឡប់​ទៅ​អាកាសយានដ្ឋាន​ដើម​វិញ​។ និង​ចុង​ក្រោយ គឺ​ក្នុង​ករណី​ដែល​បុគ្គល សម រង្ស៊ី បាន​ចាកចេញ​ផុត​ពី​យន្តហោះ នគរបាល​អន្តោប្រវេសន៍ ត្រូវ​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់ ដើម្បី​កុំ​ឲ្យ​បុគ្គល​នេះ​ចូល​កម្ពុជា​បាន និង​ចាត់​វិធានការ​ផ្សេង​ទៀត​តាម​ការ​ចាំ​បាច់​។

វិទ្យុ​បារាំង​អន្ដរជាតិ​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទី​ស្ដី​ការ​គណៈរដ្ឋ​មន្ដ្រីបាន​ទេ​អំពី​លិខិត​នេះ​។ ចំណែក​ឯ​ក្រសួង​មហាផ្ទៃ​មិនទាន់​បញ្ជាក់​ថា បាន​ទទួល​លិខិត​នោះ​នៅ​ឡើយ​ដែរ​។ ប៉ុន្តែ​លោក កែវ វណ្ណថន អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​របស់​ក្រសួង​មហាផ្ទៃ​បាន​អះអាង​ថា អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នឹង​ធ្វើ​តាម​ ប្រសិន​បើ​មាន​ការ​ណែនាំ​ដូច្នេះ​មែន​។

សូម​ជម្រាប​ជូន​ថា ការ​បែក​ធ្លាយ​នៃ​លិខិត​នេះ ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បង្ហាញ​ពី​ជំហ​ចង់​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ ប្រសិនបើរដ្ឋាភិបាលកម្ពុជាដោះលែងសកម្មជននិងមន្រ្តីអង្គការសង្គមស៊ីវិលដែលកំពុងជាប់ពន្ធនាគារជាង៣០នាក់។ ជាថ្នូរនឹងការដោះលែងនេះ លោកសុខចិត្តវិលត្រលប់មកកាន់ប្រទេសកម្ពុជាវិញ និងយល់ព្រមដើរចូលគុក៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ