អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោកសម រង្ស៊ី៖ ច្បាប់​ថ្មីនឹង​រៀប​ចំ​ឲ្យ​មាន​ប្រព័ន្ធ​បក្ស​តែ​មួយ​ឡើង​វិញ ដូច​កាល​ពី​សម័យ​កុម្មុយនិស្ត

ប្រធាន​គណបក្ស​ប្រឆាំង លោក​សម រង្ស៊ី​នៅ​ថ្ងៃ​នេះ បាន​បញ្ចេញ​សារ​ប្រតិ​កម្ម​ទៅ​នឹង​គម្រោង​វិសោធន​កម្មច្បាប់​ថ្មី​មួយ ដែល​លោក​ចង់​សំដៅ​ទៅ​លើ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ។ លោក​សម រង្ស៊ី​បាន​ហៅ​ការ​ធ្វើវិសោធន​កម្ម​ច្បាប់​នេះ​ថា​ នឹង​ធ្វើឲ្យ​មាន​ប្រព័ន្ធ​បក្ស​តែ​មួយ​ឡើង​វិញ ដូច​កាល​ពី​សម័យ​កុម្មុយ​និស្ត។ ប្រតិ​កម្ម​របស់​លោក​សម​ រង្ស៊ី​ធ្វើ​ឡើង បន្ទាប់ពី​គណបក្ស​ប្រជា​ជន​កម្ពុជា​បាន​ស្នើ​ធ្វើ​វិសោធន​កម្ម​ច្បាប់​ តាមការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ដែលថា​អ្នក​មាន​ទោស នឹង​មិន​អាច​ធ្វើ​ជា​ប្រធាន អនុ​ប្រធាន គណ​បក្ស នយោបាយ​បាន​ទេ។​

លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ប្រធាន​គណបក្ស​ប្រឆាំង​ដែល​កំពុង​ស្នាក់​នៅ​ក្រៅ​ប្រទេស​នោះ ​បាន​សរសេរ​តាម​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​របស់​លោក​ថា “រដ្ឋសភា​ទីង​មោង របស់​គណបក្ស​ប្រជា​ជន​កម្ពុជា កំពុង​តែ​គិត​គូរ​រៀប​ចំច្បាប់​ថ្មី​មួយ ដែល​មាន​បំណង​ចង់​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ ដោយ​យក​រូប​លោក​ធ្វើ​ជា​លេស”។

 
លោក​សម រង្ស៊ី​បាន​សរសេរ​បន្ត​ថា«ច្បាប់នេះនឹងរៀបចំឲ្យមានប្រព័ន្ធបក្សតែមួយឡើងវិញ ដូចកាលពីសម័យកុម្មុយនិស្ត»។ លោក​បន្ថែម​ថា​ គេ(គណបក្សប្រជាជន)​កំពុង​តែ​តុប​តែង​ច្បាប់​នេះ ដោយ​សំ​ដៅ​មក​លើ​រូប​លោក ​ក្នុង​ឋានៈលោក​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​សារ​តែ​គណបក្ស​សង្គ្រោះ​ជាតិ ជា​គណបក្ស​ប្រឆាំង​តែ​មួយគត់ ដែល​មាន​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​ក្នុង​រដ្ឋ​សភា ហើយ​ដែល​ជា​គណបក្ស​តែ​មួយ​គត់ ដែល​អាច​ប្រកួត​ឈ្នះគណបក្ស​ប្រជា​ជន​កម្ពុជា បើ​មាន​ការ​បោះ​ឆ្នោត​ត្រឹម​ត្រូវ។

លោក​សម រង្ស៊ី​បញ្ជាក់​​​តាម​សំណេរ​នោះ​ទៀត​ថា ការ​ធ្វើ​វិសោធន​កម្ម​ច្បាប់​នេះ​ គឺ​គ្រាន់​តែ​ដក​ហូត​តួនាទី​ពីលោក​ នឹង​មិន​មាន​ឥទ្ធិពល​អ្វី​ទេ ក្នុង​ឆាក​នយោបាយ​នៃ​ប្រទេស​កម្ពុជា ហើយ​លោក​នៅ​តែ​ជា​តែ​ជា​និមិត្ត​រូប តំណាង​ឲ្យ​ទឹក​ចិត្ត​ប្រជា​រាស្ត្រ។

លោក​សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជា​ជន​បាន​ឲ្យ​ដឹង​ថា​លោក​មិន​បាន​ចាប់​អារម្មណ៍​នឹង​ការ​លើកឡើង​របស់​ទណ្ឌិត​សម រង្ស៊ី ដែល​កំពុង​ក្លាយ​ខ្លួន​ជា​ជន​វិកលចរិត​នោះ​ទេ ពី​ព្រោះ​លោក​សម រង្ស៊ី​កំពុង​តែ​ឆ្លេឆ្លា​ព្រួយ​បារម្ភ​ខ្លាច​បាត់​បង់​ជីវិត​នយោបាយ​របស់​គាត់ ហើយ​គាត់​និយាយ​គ្មាន​ការ​ទទួល​ខុស​ត្រូវ​។ អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច​រូប​នេះ​បញ្ជាក់​ថា ការ​ធ្វើ​វិសោធន​កម្ម​ច្បាប់​នេះ​គឺ​ប្រាកដ​ជា​ប៉ះ​ពាល់​ដល់​ជីវិត​នយោយ​បាយ​របស់​លោក​សម រង្ស៊ី​ ព្រោះ​ក្នុង​ពិភព​លោក​គ្មាន​អ្នក​ណា​យក​ទណ្ឌិត​ធ្វើ​ជា​ប្រធានគណបក្ស​នយោបាយ​នោះ​ទេ​។

គម្រោង​ធ្វើ​វិសោធន​កម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​ផ្តួច​ផ្តើម​កាល​ពីពេល​ថ្មីៗ​នេះ របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជា​ជន​កម្ពុជា ដែល​លោក​លើកឡើង​ថា​អ្នក​មាន​ទោស នឹង​មិន​អាច​ធ្វើ​ជា​ប្រធាន អនុ​ប្រធាន គណបក្ស ​នយោបាយ​បាន​ទេ ហើយ​បើ​ទោសធ្ងន់​ធ្ងរ និង​អាច​រំលាយ​គណ​បក្ស ថែម​ទៀត​ផង​។

សូម​បញ្ជាក់​ថា ច្បាប់​ស្តី​ពី​គណបក្ស​នយោ​បាយ​នៅ​កម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ថ្ងៃទី​២៨​ខែតុលា​ឆ្នាំ១៩៩៧ ក្នុង​អាណត្តិទី​១​នៃ​នីតិកាល​រដ្ឋសភា។ ច្បាប់​នេះ​មាន​១១​ជំពូក និង​៤៥​មាត្រា ហើយ​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​លោក ជា ស៊ីម អតីត​ប្រធាន​ព្រឹទ្ធសភា នៅ​ខែ​វិច្ឆិកា​ឆ្នាំ​ដដែល ដែល​កាល​ណោះ លោក​ ជា ស៊ីម ក្នុង​ឋានៈ​ជា​ប្រមុខ​រដ្ឋ​ស្តីទី​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ