អានតួអត្ថបទ
កម្ពុជា

អាជីវកម្ម​ខ្សាច់​មិន​ទាន់​ត្រូវ​បាន​លាត​ត្រដាង

ក្រោយ​ការ​ស្នើ​សុំ​បំភ្លឺ​របស់​សង្គម​ស៊ីវិល​ជិត​ ៥០​ស្ថាប័ន ក្រសួង​រ៉ែ​កាល​ពី​ថ្ងៃ​ទី​២ ម្សិលមិញ បាន​ឆ្លើយ​តប​ទៅ​កាន់​សង្គម​ស៊ីវិល​វិញ​ថា ក្រសួង​កំពុង​តែ​សិក្សា​ស្រាវជ្រាវ​ពី​ភាព​ខុស​គ្នា​របស់​រដ្ឋាភិបាល​កម្ពុជា និង​អង្គការ​សហប្រជាជាតិ​ស្តីពី​ពាណិជ្ជកម្ម។ ទន្ទឹម​នឹង​នោះ សង្គម​ស៊ីវិល​ស្នើ​ឱ្យ​រដ្ឋាភិបាល​ត្រូវ​លាត​ត្រដាង​ពី​ពាណិជ្ជកម្ម​ខ្សាច់​ក្រៅ​ប្រទេស ដែល​ជា​ចំណូល​ប្រាក់​រាប់​លាន​ដុល្លារ​នេះ។

សកម្មភាព​បូម​ខ្សាច់​ នៅ​ក្រុង​ភ្នំពេញ​
សកម្មភាព​បូម​ខ្សាច់​ នៅ​ក្រុង​ភ្នំពេញ​ ©​ សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

សង្គម​ស៊ីវិល​នៅ​មិន​ទាន់​ពេញ​ចិត្ត​ចំពោះ​ការ​ឆ្លើយ​បំភ្លឺ​របស់​ក្រសួង​រ៉ែ​ និង​ថាមពល​នោះ​ទេ​ ស្តីពី​ការ​នាំ​ខ្សាច់​ចេញ​នោះ​។ ជា​ការ​មិន​ពេញ​ចិត្ត បន្ទាប់​ពី​ក្រសួង​រ៉ែ​មិន​ទាន់​ផ្តល់ និង​លាត​ត្រដាង​ពី​ចម្ងល់​ដ៏​ធំ​មួយ​ស្តី​ពី​ការ​នាំ​ខ្សាច់​ចេញ​ពី​ទៅ​កាន់​ប្រទេស​សិង្ហបុរី និង​ចំណូល​ ដែល​សង្គម​ស៊ីវិល​សង្ស័យ​ថា​មាន​រាប់​លាន​ដុល្លារ​អាមេរិក ដែល​ត្រូវ​បាន​លាក់​បាំង។

តំណាង​ឱ្យ​ក្រុម​សង្គម​ស៊ីវិល​ជិត​ ៥០​ស្ថាប័ន លោក សន ជ័យ ប្រធាន​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា បាន​អះអាង​ថា ចម្លើយ​របស់​រដ្ឋាភិបាល​ គឺ​គ្រាន់​តែ​ជា​ព័ត៌មាន​បឋម​ហើយ​នៅ​មិន​ទាន់​ឆ្លើយ​ពី​ចំនួន​ប្រទេស ដែល​កម្ពុជា​នាំ​ខ្សាច់​ចេញ និង​ទំហំ​នៃ​ការ​នាំ​ខ្សាច់​ចេញ​នៅ​ឡើយ។ លោក សន ជ័យ បន្ថែម​ថា ព័ត៌មាន​ដែល​មិន​ទាន់​ច្បាស់​លាស់ និង​ត្រូវ​បាន​លាត​ត្រដាង​នេះ គឺ​ជា​ការ​ព្រួយ​បារម្ភ​ ព្រោះ​ថា​អាជីវកម្ម​នេះ​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ទៅ​ដល់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ដូច​ជា​រលំ​ផ្ទះ បាក់​ច្រាំង និង​ផល​ប៉ះពាល់​ជា​ច្រើន។

ទន្ទឹម​នឹង​នេះ សង្គម​ស៊ីវិល​ក៏​បាន​ស្នើ​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​ត្រូវ​វាយ​តម្លៃ​ចំពោះ​ហេតុផល​ប៉ះពាល់​បរិស្ថាន​ស្តីពី​ការ​បូម​ខ្សាច់​នេះ។ សម្រាប់​ក្រុម​សង្គម​ស៊ីវិល ប្រសិន​បើ​ផល​ប៉ះពាល់​នៃ​ការ​យក​ខ្សាច់​នេះ មាន​ផល​ធៀប​ស្មើ​នឹង​ចំណូល​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​បញ្ឈប់​ការ​យក​ខ្សាច់​នេះ ព្រោះ​ថា​ផល​ប៉ះពាល់​ ដែល​លេច​ចេញ​ពី​ពាណិជ្ជកម្ម​នេះ​នឹង​ប៉ះពាល់​ទៅ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​ងាយ​រង​គ្រោះ​មុន​គេ។ ក្រសួង​រ៉ែ បាន​អះអាង​ថា​អាជីវកម្ម​ខ្សាច់​ទាំង​អស់​សុទ្ធ​តែ​មាន​អាជ្ញាបណ្ណ ហើយ​រាល់​ការ​បូម​ខ្សាច់​ទាំង​អស់​ត្រូវ​បាន​វាយ​តម្លៃ​យ៉ាង​ដិត​ដល់។

តាម​រយៈ​លិខិត​បី​ទំព័រ​របស់​ខ្លួន ក្រសួង​រ៉ែ​កំពុង​សិក្សា​លើ​ភាព​ខុស​គ្នា​ខ្លាំង​ជ្រុល​រវាង​តួលេខ​អង្គការ​សហប្រជាជាតិ និង​រដ្ឋាភិបាល​កម្ពុជា។ ចំពោះ​ភាព​មិន​ប្រក្រតី​នេះ ក្រសួង​រ៉ែ​ និង​ថាមពល បាន​ស្នើ​ឱ្យ​សង្គម​ស៊ីវិល​ផ្តល់​ទិន្នន័យ​ពាក់ព័ន្ធ​សំខាន់​ៗ​ស្តី​ពី​អាជីវកម្ម​ខ្សាច់។ ក្រៅ​ពី​នេះ រដ្ឋាភិបាល​ក៏​បាន​ស្នើ​ឱ្យ​សង្គម​ស៊ីវិល​ផ្តល់​ព័ត៌មាន​អំពី​ភាព​មិន​ប្រក្រតី​របស់​ក្រុមហ៊ុន​ ដែល​កំពុង​ធ្វើ​អាជីវកម្ម ហើយ​ ដើម្បី​បង្ហាញ​ពី​តម្លាភាព​ក្រសួង​រ៉ែ​បាន​អនុញ្ញាត​ឱ្យ​ក្រុង​សង្គម​ស៊ីវិល​អាច​ពិនិត្យ​ឯកសារ​អាជីវកម្ម​ខ្សាច់​របស់​ក្រសួង​ផង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ