អានតួអត្ថបទ
កម្ពុជា

បុណ្យ​​សមុទ្រ​​ធ្វើ​​នៅ​​កោះ​កុង​ ចាប់​ផ្តើម​​នៅ​ថ្ងៃ​នេះ​

នៅ​ថ្ងៃ​សុក្រ ទី១២ ធ្នូ​នេះ ពិធីបុណ្យ​សមុទ្រ​លើក​ទី៣ ក្រោម​ប្រធានបទ “ អេកូ​ទេសចរណ៍​តំបន់ឆ្នេរ-ការ​អភិ​វ​ឌ្ឈ​បៃតង” បានចាប់ផ្តើម​ហើយ​នៅក្នុង​ខេត្តកោះកុង។ ជាមួយគ្នានេះ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ក៏​បានចេញ​សារលិខិត​អបអរសាទរ​ពិធីបុណ្យ​សមុទ្រ​លើក​ទី៣នេះ​នៅថ្ងៃនេះ​ផងដែរ។

ពិធី​បុណ្យ​​សមុទ្រ​​លើក​​ដំបូង​​នៅ​​កម្ពុជា​ ប្រារព្ធ​ធ្វើ​ឡើង​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ ​ឆ្នាំ​២០១២​
ពិធី​បុណ្យ​​សមុទ្រ​​លើក​​ដំបូង​​នៅ​​កម្ពុជា​ ប្រារព្ធ​ធ្វើ​ឡើង​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ ​ឆ្នាំ​២០១២​ ©ចាន់ណា
ផ្សាយពាណិជ្ជកម្ម

ដូច​ការគ្រោងទុក ពិធីបុណ្យ​សមុទ្រ​លើក​ទី៣ ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​ហើយ​នៅ​ថ្ងៃ​សុក្រ ទី១២ ធ្នូ​នេះ​នៅក្នុង​ខេត្តកោះកុង ។ ពិធីបុណ្យ​ដ៏​ទាក់ទាញ​នេះ មាន​រយៈពេល​បី​ថ្ងៃ ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ទី១២ ធ្នូ និង​បញ្ចប់​នៅ​ថ្ងៃទី១៤ ធ្នូ​ខាងមុខ។

លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ថ្លែងប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា នៅក្នុង​រយៈពេល​បី​ថ្ងៃ​នៃ​ពិធីបុណ្យ​សមុទ្រ​នេះ គណៈកម្មការ​រៀបចំ​ពិធីបុណ្យ​បានរៀបចំ​បង្ហាញ​នូវ​ទស្សនីយភាព និង ការកម្សាន្តផ្សេងៗទៀត​សម្រាប់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ដែល​បាន​ចូលរួម។ ក្នុងនោះ​រួមមាន​ដូចជា កា​រៀបចំ​ប្រកួត​កីឡា​ចំនួន១៥ ប្រភេទ ពិព័រណ៍​ពាណិជ្ជកម្ម មហោស្រព​ម្ហូបអាហារ​ចម្រុះ​ជាតិ​សាសន៍ និង ការបង្ហាញ​ផ្ទាំងទស្សនីយភាព​អំពី​ប្រវត្តិ​ខេត្តកោះកុង​ជាដើម។ បើតាម​លោក​ថោង ខុន អាជ្ញាធរ​ក៏បាន​រឹតបន្តឹង​សន្តិសុខ សណ្តាប់ ដើម្បី​ធានា​សុវត្ថិភាព​ជូន​ភ្ញៀវ​ទេសចរណ៍​ផងដែរ។

ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នៅ​ថ្ងៃ​សុក្រ ទី១២ធ្នូ​នេះ បានចេញ​សារលិខិត​មួយ​សម្តែង​ការអបអរសាទរ​ពិធីបុណ្យ​សមុទ្រ​លើក​ទី៣ ឆ្នាំ២០១៤នេះ។ ក្នុង​សារលិខិត​នោះ លោក​ហ៊ុន សែន បាន​អំពាវនាវ​ដល់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ និង​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​ឲ្យ​បាន​ផុសផុល​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុងការ​អភិ​វ​ឌ្ឈ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ឲ្យ​កាន់តែ​ស្រស់ស្អាត។ ជាមួយគ្នានេះ លោកនាយក​រដ្ឋមន្ត្រី សង្ឃឹម​យ៉ាង​មុតមាំ​ថា ការ​ប្រារព្ធ​ពិធី​សមុទ្រ​ជា​រៀងរាល់​ឆ្នាំនេះ នឹង​ក្លាយជា​ការលើកកម្ពស់​នូ​វ​ស្មារតី​សាមគ្គីភាព មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់ផ្នែក ដើម្បី​គោលដៅ​រួម​ក្លាយជា​កាលានុវត្តភាព​ដ៏​ប្រសើរ​ថ្មី​មួយ​សម្រាប់​កម្ពុជា ក្នុងការ​ធ្វើ​ឲ្យ​ឆ្នេរសមុទ្រ​កម្ពុជា​ក្លាយជា​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ។

សូមបញ្ជាក់ថា នេះ គឺជា​លើក​ទី​បី​ហើយ​ដែល​រដ្ឋាភិបាល​កម្ពុជា បានរៀបចំ​ប្រារព្ធ​ពិធីបុណ្យ​សមុទ្រ​នេះ​ឡើង។ កាលពី​ឆ្នាំ២០១២ រដ្ឋាភិបាល​កម្ពុជា​បាន​ប្រារព្ធ​ពិធី​នេះ​នៅក្នុង​ខេត្ត​ព្រះសីហនុ ហើយ​ចំណែក​នៅក្នុង​ឆ្នាំ២០១៣ បានរៀបចំ​ធ្វើឡើង​នៅក្នុង​ខេត្ត​កែប។

លោក​ថោង ខុន បាន​រំពឹងថា ការរៀបចំ​ពិធីបុណ្យ​សមុទ្រ​នៅក្នុង​ខេត្តកោះកុង​នេះ នឹង​ទទួល​ភ្ញៀវទេសចរ​ច្រើនជាង​ខេត្ត​ពីរ​ផ្សេងទៀត ព្រោះថា ខេត្តកោះកុង​ជាប់​នឹង​ប្រទេស​ថៃ​ដែល​សង្ឃឹមថា ភ្ញៀវ​ទេសចរណ៍​ថៃ១ម៉ឺន​នាក់ នឹង​ឆ្លងដែន​មក​ទស្សនា​បុណ្យ​សមុទ្រ​នេះ។ យ៉ាងណាក៏ដោយ លោក​ថោង ខុន បាន​បញ្ជាក់ថា ពិធីបុណ្យ​សមុទ្រ​លើក​ទី៤ ឆ្នាំ២០១៥ នឹងត្រូវ​រៀបចំ​ធ្វើឡើង​នៅក្នុង​ខេត្តកំពត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ