អានតួអត្ថបទ
កម្ពុជា

ប្រតិបត្តិករ​​បង្កើន​​ការ​​ប្រុង​​ប្រយ័ត្ន​​ខណៈ​​រដ្ឋាភិបាល​​ដាក់​​កំហិត​​ឲ្យ​​អ្នក​​ទិញ​​ស៊ីមកាត​​ត្រូវ​​មាន​​អត្តសញ្ញាណ​ប័ណ្ណ​

ក្រសួង​ប្រៃសនីយ៍​ និង​ទូរគមនាគមន៍​រួមទាំង​ប៉ូលិស​ជាតិ ​បាន​កំហិត​ឲ្យអ្នក​រកស៊ី​ក្រុមហ៊ុន​ទូរស័ព្ទ​ទាំងអស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​តែ​ជូន​ដំណឹង​ទៅ​អតិថិជន​របស់​ខ្លួន​ដើម្បី​ឲ្យ​ពួក​គេ​បំពេញ​ឯកសារ​អត្តសញ្ញាណប័ណ្ណ​ត្រឹម​ត្រូវ​ក្នុង​រយៈ​ពេល​៣ខែ ​បើ​ពុំនោះទេ​នឹង​ប្រឈម​ការ​លុប​លេខ​ចោល។

សន្និសីទ​សារ​ព័ត៌មាន​ស្ដីពី​ការ​ចាត់​វិធាន​ការ​ទប់ស្កាត់​ការ​ចែក​ចាយ​និង​លក់​ស៊ី​មកាត់​ទូរស័ព្ទ​ចល័ត​ដោយ​មិន​យក​អត្តសញ្ញាណប័ណ្ណ​ឯកសារ​សម្គាល់​អត្តសញ្ញា​កាល​​ពី​ថ្ងៃ​​ទី​២២​កញ្ញា​ឆ្នាំ​២០១៥​​
សន្និសីទ​សារ​ព័ត៌មាន​ស្ដីពី​ការ​ចាត់​វិធាន​ការ​ទប់ស្កាត់​ការ​ចែក​ចាយ​និង​លក់​ស៊ី​មកាត់​ទូរស័ព្ទ​ចល័ត​ដោយ​មិន​យក​អត្តសញ្ញាណប័ណ្ណ​ឯកសារ​សម្គាល់​អត្តសញ្ញា​កាល​​ពី​ថ្ងៃ​​ទី​២២​កញ្ញា​ឆ្នាំ​២០១៥​​ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

ប្រតិបត្តិករ​ក្រុមហ៊ុន​ទូរស័ព្ទ​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​ចាប់ផ្តើម​ ជូន​ដំណឹង​ដល់​អតិថិជន​របស់​ខ្លួន​ក្នុង​ការ​ទិញស៊ីមកាត​យក​ទៅ​ប្រើប្រាស់​ចាំបាច់​ត្រូវ​ភ្ជាប់មក​ជាមួយ​នូវ ឯកសារច្បាស់​លាស់ ​ពោល​គឺ​ត្រូវ​តែ​មានអត្តសញ្ញាណប័ណ្ណ ​ទើប​អាច​ទិញ​លេខ​យក​ទៅ​ប្រើបាន។

បុគ្គលិក​មួយ​រូប​បំរើការងារ​នៅ​ក្រុមហ៊ុន​ទូរស័ព្ទ​ម៉ូប៊ីតែល​ដែលជា​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​ធំ​ជាង​គេ ​សុំមិន​បញ្ចេញឈ្មោះ ​បាន​បញ្ជាក់​ឲ្យដឹងថា​ បន្ទាប់​ពីក្រសួង​បាន​ប្រកាស​កាលពី​ម្សិលមិញ​ ពីការ​ទាម​ទារ​ឲ្យ​មាន​ឯកសារ​ត្រឹម​ត្រូវ​ក្នុង​ការ​ទិញ​ស៊ីមកាត​យកទៅ​ប្រើនោះ ​ក្រុមហ៊ុន​បានបង្កើន​ការ​ប្រុងប្រយ័ត្ន​បន្ថែម​ទៀត ​ក្នុង​ការ​ផ្សព្វផ្សាយ​ទៅ​អតិថិជន​របស់​ខ្លួនឲ្យ​គោរព​​គោល​ការណ៍​នេះ។

ការលើក​ឡើង​ដូច្នេះ​បន្ទាប់​ពីក្រសួង​ប្រៃសនីយ៍​ និង​ប៉ូលីស​ជាតិ ​បាន​ធ្វើ​ការ​រឹត​បន្តឹង​លើ​ការប្រើ​ប្រាស់​ស៊ីមកាត​ទូរស័ព្ទ ​សំដៅ​រឹតបន្តឹង​សន្តិសុខ ​ដោយ​កន្លង​មក​បញ្ហាភេរវកម្ម​ដែល​បាន​កើតឡើង​មួយ​ចំនួន​នៅ​ប្រទេស​កម្ពុជា​ត្រូវ​គេ​បង្ហាញ​ថា​បាន​ជាប់​ទាក់ទង​ទៅ​នឹង​ការ​ប្រើប្រាស់ទូរស័ព្ទ​ដៃ។

កាល​ពី​ថ្ងៃ​រសៀល​ថ្ងៃអង្គារ​ម្សិល​មិញ​ក្រសួង​ប្រៃសនីយ៍​និង​ទូរគមនាគមន៍ ​និង​​អគ្គស្នងការ​នគរបាលជាតិ​ បាន​ប្រកាស​តាមរយៈ​សន្និ​សីទ​កាសែត​រួមគ្នា​ថា ​រដ្ឋាភិបាល​នឹង​កាត់ផ្តាច់​លេខ​ទូរស័ព្ទ​ចំពោះ​អ្នក​ដែល​ទិញ​ស៊ីមកាត​ដែល​មិន​បាន​ផ្តល់​ឯកសារ​អត្តសញ្ញាណប័ណ្ណ។

លោក​ឧត្តមសេនីយ៍ ​ឆៃ ស៊ីណារិទ្ធិ ​អគ្គស្នងការ​រង​ប៉ូលីស​ជាតិ ​បាន​ថ្លែង​បញ្ជាក់​ថា​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ស៊ីមកាត​ចំនួន​២០លាន​ដែល​កំពុង​ត្រូវបាន​ប្រើប្រាស់​ ក្នុងនោះ​៧០​ភាគរយ​បាន​ទិញ​ដោយ​មិន​មាន​ភា្ជប់​អត្តសញ្ញាណប័ណ្ណ​ជាប់​ជាមួយ។ ​ហើយ​បើ​គិត​ពី​ចំនួន​អ្នកប្រើប្រាស់​វិញ​គឺ​មាន​មនុស្ស​រហូត​ដល់​១៤លាននាក់​ ប្រឈម​នឹង​ការបាត់បង់​លេខទូរស័ព្ទ​របស់​ខ្លួន ប្រសិន​បើពួក​គេមិន​ទៅចុះបញ្ជី​ដោយ​មាន​អត្តសញ្ញាណប័ណ្ណ។

ជាមួយគ្នានេះ​ រដ្ឋាភិបាល​តាមរយៈ​ក្រសួង​ប្រៃសណីយ៍​និង​អគ្គស្នងការ​ប៉ូលីសជាតិ​ ក៏បាន​ប្រាប់​​ប្រតិបត្តិករ​ទូរគមនាគមន៍​ផងដែរ ​ត្រូវ​តែ​ប្រាប់​អតិថិជន​ក្នុងនោះ​ក៏មាន​ជនបរទេស​ផង​ ឲ្យផ្តល់​ឯកសារ​អត្តសញ្ញាណប័ណ្ណ​ពេញលេញ​ ក្នុងរយៈ​ពេល៣ខែ​ បើពុំ​នោះទេ​លេខ​ទូរស័ព្ទ​របស់​គេ​នឹង​ត្រូវ​លុបចោល​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ