អានតួអត្ថបទ
កម្ពុជា-ច្បាប់

មេធាវី​ដើរ​ចេញ​ពី​សវនាការ ព្រោះ​គ្មាន​វត្តមាន​លោក​កឹម សុខា​ចូល​រួម

នៅ​ព្រឹក​នេះ​ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​លោក​កឹម សុខា ទាំង​៨​នាក់​បាន​សម្រេច​ដើរ​ចេញ​ពី​សភា​ស៊ើប​សួរ​នៃ​សាលា​ឧទ្ធរណ៍ ដោយ​សារ​តែ​សវនាការ​មិន​មាន​វត្តមាន​កូន​ក្តី​របស់​ពួក​គាត់ គឺ​លោក​កឹម សុខា។ ទោះ​អវត្តមាន​មេធាវី​ក្តី តែ​សភា​ស៊ើប​សួរ​នៃ​សាលា​ឧទ្ធរណ៍​បាន​ដំណើរ​ការ​សវនាការ​រហូត​ដល់​ចប់ និង​តម្កល់​ដីកា​សម្រេច​ឃុំ​ខ្លួន​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ទុក​ជា​បាន​ការ​ដដែល។

ក្រុម​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង ឈរ​រង​ចាំ​ចូល​រួម​ស្តាប់​សវនាការក្នុង​​ករណី​​បើ​​មាន​​វត្តមាន​​របស់​​លោក​​កឹម សុខា​​ចូល​​រួម​
ក្រុម​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង ឈរ​រង​ចាំ​ចូល​រួម​ស្តាប់​សវនាការក្នុង​​ករណី​​បើ​​មាន​​វត្តមាន​​របស់​​លោក​​កឹម សុខា​​ចូល​​រួម​ @RFI
ផ្សាយពាណិជ្ជកម្ម

តំណាង​មេធាវី​បញ្ជាក់ ដោយ​លើក​យក​គោលការណ៍​ច្បាប់​ជាតិ និង​អន្តរជាតិ​ថា នៅ​ក្នុង​សវនាការ​ត្រូវ​មាន​វត្តមាន​របស់​កូន​ក្តី ហើយ​ម្យ៉ាង​ទៀត លោក​កឹម សុខា​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ជា​តំណាង​រាស្ត្រ ដែល​មាន​អភ័យ​ឯក​សិទ្ធិ ដូច្នេះ​វត្តមាន​របស់​លោក​គឺ​ជា​រឿង​ចាំ​បាច់។

លោក​ទូច ថារិទ្ធិ អគ្គលេខាធិការ​រង​នៃ​សាលា​ឧទ្ធរណ៍​បាន​បញ្ជាក់​ថា ការ​ធ្វើ​ពហិកា​របស់​ក្រុម​មេធាវី​លោក​កឹម សុខា​មិន​ប៉ះ​ពាល់​ដល់​ដំណើរ​របស់​សវនាការ​ទេ។ លោក​បន្ថែម​ថា​សភា​ស៊ើប​សួរ​នៃ​សាលា​ឧទ្ធរណ៍​បាន​បន្ត​នីតិវិធី​រហូត​ដល់​ចប់​សវនាការ​ ហើយ​តម្កល់​ដីកា​សម្រេច​ឃុំ​ខ្លួន​របស់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ទុក​ជា​បាន​ការ​ដដែល។

សវនាការ​នេះ​ធ្វើ​ឡើង​តាម​បណ្ដឹង​របស់​ក្រុម​មេធាវី​ប្តឹង​ប្រឆាំង​ នឹង​ដីកា​សម្រេច​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​របស់​ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​។​ លោក​កឹម សុខា ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទ​ប្រកាន់​ពី​បទ “សន្ទិដ្ឋិភាព​ជាមួយ​បរទេស” ដែល​ជា​បទ​ល្មើស​មួយ​ក្នុង​អំពើ​ក្បត់​ជាតិ តាម​មាត្រា​៤៤៣ នៃ​ក្រម​ព្រហ្មទណ្ឌ។ ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ ត្រូវ​បាន​ឃុំ​ខ្លួន​ចាប់​តាំង​ពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា​មក នៅ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង ស្ថិត​នៅ​ខេត្ត​ត្បូង​ឃ្មុំ។​

លោក​សំ សុគង់ តំណាង​ក្រុម​មេធាវី ដែល​បាន​ធ្វើ​ពហិកា​មិន​ចូល​រួម​ក្នុង​សវនាការ​នៅ​សាលា​ឧទ្ធរណ៍​នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​កញ្ញា​នេះ បាន​លើក​ឡើង​ពី​មូល ដែល​តុលាការ​មិន​អនុញ្ញាត​ឲ្យ​លោក​កឹម សុខា ចូល​រួម​ថា ដោយ​សារ​តែ​នេះ​ជា​រឿង​ហេតុ​មុន​អង្គ​សេចក្តី ហើយ​ម្យ៉ាង​ដោយ​សារ​តែ​ព្រួយ​បារម្ភ​ពី​បញ្ហា​សន្តិសុខ​នៅ​ពេល​ដែល​បញ្ជូន​លោក​កឹម សុខា​មក​សវនាការ​នៅ​រាជធានី​ភ្នំពេញ។

នៅ​បរិវេណ​ខាង​ក្រៅ​សាលា​ឧទ្ធរណ៍​សមត្ថកិច្ច និង​កម្លាំង​សន្តិសុខ​ខណ្ឌ​ពី​២០០​ទៅ​៣០០​នាក់ ត្រូវ​បាន​ដាក់​ពង្រាយ​ជាមួយ​នឹង​រណាំង​បិទ​ផ្លូវ​ផង​ដែរ។ នៅ​ក្បែរ​សួន​ច្បារ​ទល់​មុខ​អគារ​រដ្ឋសភា​ចាស់​ឯណោះ​វិញ ក្រុម​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង ដែល​ដឹក​នាំ​ដោយ​លោក​សុន ឆ័យ​បាន​ឈរ​រង​ចាំ​ចូល​រួម​ស្តាប់​សវនាការ​ក្នុង​ករណី​បើ​មាន​វត្តមាន​របស់​លោក​កឹម សុខា​ចូល​រួម។

ចាប់​តាំង​ពី​ថ្ងៃ​ចាប់​ខ្លួន​លោក​កឹម សុខា រហូត​មក​ដល់​ពេល​នេះ ក្រុម​តំណាង​រាស្ត្រ​របស់​គណបក្ស​សង្រ្គោះ​ជាតិ​មិន​ទាន់​បាន​ជួប​លោក​កឹម សុខា​នៅ​ឡើយ​ទេ។ លោក​សុន ឆ័យ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្រ្គោះ​ជាតិ​បាន​ថ្លែង​ថា​គណបក្ស​បាន​ដាក់​ពាក្យ​ស្នើ​សុំ​រាល់​សប្តាហ៍​ដើម្បី​ជួប​លោក​កឹម សុខា ហើយ​គណបក្ស​នឹង​បន្ត​ដាក់​ទៀត ព្រោះ​គណបក្ស​យល់​ថា​មិន​មាន​ហេតុ​ផល​អ្វី ដែល​មិន​អាច​ជួប​លោក​កឹម សុខា​នោះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ