អានតួអត្ថបទ
កម្ពុជា

កម្ពុជា​បំបែក​កំណត់​ត្រា​ប្រវត្តិសាស្រ្ត​ឈ្នះ​សិង្ហបុរី​ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​៤៤​ឆ្នាំ​មក​នេះ

កាល​ពី​យប់​មិញ​នេះ ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ កម្ពុជា​បាន​យក​ឈ្នះ​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​សង្ហបុរី​ក្នុង​លទ្ធផល ២​ទល់​នឹង​១ នៅ​ក្នុង​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក។ លទ្ធផល​នេះ គឺ​ជា​ជ័យ​ជំនះ​ដំបូង​របស់​កម្ពុជា​ទៅ​លើ​សិង្ហបុរី​នៅ​ក្នុង​រយៈ​ពេល​៤៤​ឆ្នាំ​មក​នេះ បើទោះបី​វា​កើត​ឡើង​ក្នុង​ន័យ​ប្រកួត​មិត្តភាព​ក៏​ដោយ។

@សហព័ន្ធកីឡាបាល់ទាត់កម្ពុជា fackbook page
ផ្សាយពាណិជ្ជកម្ម

គ្រាប់​បាល់​ពីរ​គ្រាប់​របស់​កម្ពុជា គឺ​រក​បាន​ដោយ​កីឡាករ​ចាន់ វឌ្ឍនាកា និង​ទិត្យ ឌីណា នៅ​ក្នុង​តង់​ទីមួយ។ កីឡាករ​ឆ្នើម​ចាន់ វឌ្ឍនាកា មក​ពី​ក្លឹប​បឹង​កេត​អង្គរ បាន​ទម្លុះ​សំណាញ់​ទី​របស់​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​សិង្ហបុរី​នៅ​នាទី​ទី​១៩ តាម​រយៈ​ការ​ទាត់​បាល់ Free Kick ដ៏​អស្ចារ្យ​ចំ​កែង​៩០​ដឺក្រេ ដែល​ធ្វើ​ឲ្យ​អ្នក​ចាំ​សិង្ហបុរី មិន​អាច​សង្គ្រោះ​បាល់​ដ៏​គ្រោះថ្នាក់​នេះ​បាន។ ប៉ុន្តែ​៤​នាទី​ក្រោយ​មក កីឡាករ​ប្រធាន​ក្រុម​សិង្ហ​បុរី Khairul Armi បាន​តែត​បាល់​រំលង​ផុត​ដៃ​អ្នក​ចាំ​ទី​ដៃ​ស្អិត​កម្ពុជា​ស៊ូ យ៉ាទី បញ្ចូល​ទី​តាម​ស្មើ​ជាមួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​វិញ។

ទោះ​បី​ប្រដេញ​ត្រសង​គ្នា​យ៉ាង​ណា​ក៏​ដោយ ប៉ុន្តែ​កម្ពុជា​នៅ​តែ​បន្ត​នាំ​មុខ​ក្រុម​សិង្ហ​បុរី​បាន​នៅ​ក្នុង​ម៉ោង​បន្ថែម​ត្រឹម​តែ​១​នាទី​នៅ​ក្នុង​តង់​ទីមួយ។ គឺ​គ្រាប់​បាល់​នេះ​ហើយ​ដែល​រក​បាន​ដោយ​កីឡាករ​ទិត្យ ឌីណា មក​ពី​ក្លឹប​អគ្គស្នងការ​នគរបាល​ជាតិ​ ដែល​ស៊ុត​ទម្លុះ​សំណាញ់​ទី បន្ទាប់​ពី​ទទួល​បាន​បាល់​បញ្ជូន​យ៉ាង​ល្អ​ពី​កីឡាករ​ចាន់ វឌ្ឍនាកា។ គ្រាប់​បាល់​ទីពីរ​របស់​កម្ពុជា​នេះ បាន​ធ្វើ​ឲ្យ​គ្រូ​បង្វឹក​ក្រុម​សិង្ហបុរី​កើត​ទុក្ខ​មិន​សុខ​ចិត្ត ព្រោះ​លោក​គិត​ថា ជា​គ្រាប់​បាល់​កើត​ឡើង​ដោយ​កីឡាករ​កម្ពុជា Off-Side។ ក៏​ប៉ុន្តែ​ការ​តវ៉ា​នេះ មិន​មាន​ប្រយោជន៍​អ្វី​នោះទេ ព្រោះ​អាជ្ញាកណ្តាល​ដែល​ជន​ជាតិ​វៀត​ណាម នៅ​តែ​ឲ្យ​គ្រាប់​បាល់​ដល់​កម្ពុជា​ដដែល។ ចំណែក​នៅ​ក្នុង​តង់​ទីពីរ​វិញ គ្រាន់​តែ​ចាប់​ផ្តើម​ភ្លាម ក្រុម​សិង្ហបុរី​បាន​វាយ​លុក​គ្រប​ដណ្តប់​លើ​កម្ពុជា​តែ​ម្តង ដើម្បី​តាម​យក​ស្មើ។ ប៉ុន្តែ​ការ​ព្យាយាម​នេះ​ មិន​បាន​សម្រេច​នោះ​ទេ ពោល​គឺ​នៅ​តែ​រក្សា​លទ្ធល​ផល​ដដែល បើ​ទោះ​បី​ខ្សែ​ការពា​រម្នាក់​របស់​កម្ពុជា​ត្រូវ​អាជ្ញា​កណ្តាល​ពិន័យ​កាត​ក្រហម​បណ្តេញ​ចេញ​នៅ​ជិត​បញ្ចប់​តង់​ទីពីរ​ក្តី។

លទ្ធផល​ល្អ​២​ទល់​នឹង​១ របស់​កម្ពុជា​នៅ​ក្រោម​សម្រែក​ហ៊ោរ​កញ្រ្ចៀវ​ពី​សំណាក់​អ្នក​គាំទ្រ​ខ្មែរ​ជាង​៥​ម៉ឺន​នាក់​នៅ​ក្នុង​ពហុ​កីឡាដ្ឋាន​ជាតិ​អូឡាពិក​នេះ គឺ​ជា​ជ័យ​ជំនះ​ដំបូង​របស់​កម្ពុជា​ទៅ​លើ​ក្រុម​ខ្លាំង​សិង្ហបុរី​នៅ​ក្នុង​រយៈ​៤៤​ឆ្នាំ​មក​នេះ។ កាល​ពី​ពេល​កន្លង​មក កម្ពុជា ធ្លាប់​ជួប​ជាមួយ​សិង្ហបុរី​ចំនួន​១៦​លើក ប៉ុន្តែ​កម្ពុជា​ឈ្នះ​តែ​មួយ​លើក​​ប៉ុណ្ណោះ នៅ​ក្នុង​ឆ្នាំ​១៩៧២ ក្នុង​ប្រទេស​ឥណ្ឌូ​នេស៊ី​។ តាំង​ពី​នោះ​មក កម្ពុជា​មិន​ដែល​ឈ្នះ​ក្រុម​សិង្ហបុរី​ឡើយ។

ចប់​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​កម្ពុជា-សិង្ហបុរី កីឡាករ​ឆ្នើម​កម្ពុជា​ចាន់ វឌ្ឍនាកា ត្រូវ​បាន​ជ្រើសរើស​ជា​កីឡា​ករ​ឆ្នើម​ឫ Man of The Match ជាមួយ​ប្រាក់​រង្វាន់​១​ពាន់​ដុល្លារ​ពី​ក្រុម​ហ៊ុន​ណាហ្គា​វើល។ ជាមួយ​នេះ ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ក៏​បាន​ផ្តល់​ទឹក​ប្រាក់​លើក​ទឹក​ចិត្ត​ដល់​ក្រុម​កីឡាករ​ គ្រូ​បង្វឹក និង​ក្រុម​មន្ត្រី​កម្ពុជា​ដែល​បាន​ចូល​រួម​ក្នុង​ការ​ប្រកួត​នេះ​ក្នុង​ម្នាក់​ៗ​១​ពាន់​ដុល្លារ​ផង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ