អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

​ជួយ​កិច្ច​ការសង្គមល្អ​ហើយ​ ប៉ុន្តែ​គួរប្រយ័ត្ន កុំ​ឲ្យ​គេបោកប្រើ​!

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​សង្គម​ខ្មែរ​បច្ចុប្បន្ន គេ​សង្កេតឃើញថា មានចលនា​យុវជនកាន់តែ​ច្រើន​ឡើងៗ ចាប់អារម្មណ៍​ចូល​ចិត្ត​ និង​ចូលរួម​ប្រលូក​ក្នុង​កិច្ច​ការ​សង្គម​។ ដូចជា​ការ​ងារ​ស្មគ្រចិត្ត ​នៅក្នុង​សកម្មភាពសង្គម ផ្នែក​សប្បុរសធម៌​ ផ្នែក​បរិស្ថាន និង​ផ្នែក​វប្បធម៌​ជាដើម​។ ក៏ប៉ុន្តែ​យុវជន​ ក៏ត្រូវ​ចេះប្រុង​ប្រយ័ត្ន​ដែរ ព្រោះថាមាន​ក្រុម​ខ្លះ អាច​នឹង​បោកប្រាស់ចំពោះ​​សុឆន្ទៈ​និងការ​ស្មគ្រ​ចិត្ត​របស់​យុវជន ដើម្បី​ផលប្រយោជន៍​អ្វីមួយ។

នៅ​សង្គម​ខ្មែរ​បច្ចុប្បន្ន​ គេ​សង្កេត​ឃើញ​ថា ​មាន​ចលនា​យុវជន​កាន់​តែ​ច្រើ​នឡើង​ៗ ​ចាប់​អារម្មណ៍​ចូល​ចិត្ត​ និង​ចូលរួម​ប្រលូក​ក្នុង​កិច្ចការ​សង្គម។
នៅ​សង្គម​ខ្មែរ​បច្ចុប្បន្ន​ គេ​សង្កេត​ឃើញ​ថា ​មាន​ចលនា​យុវជន​កាន់​តែ​ច្រើ​នឡើង​ៗ ​ចាប់​អារម្មណ៍​ចូល​ចិត្ត​ និង​ចូលរួម​ប្រលូក​ក្នុង​កិច្ចការ​សង្គម។
ផ្សាយពាណិជ្ជកម្ម

ការ​ងារ​ស្មគ្រ​ចិត្ត​ និង​កិច្ច​ការងារ​​សង្គម​ជាទូទៅ ដែល​យុវជន​ខ្មែរ​បាន​ចូលរួម មិន​ថា សកម្មភាព​ផ្នែក​វប្បធម៌ សប្បុរសធម៌​ ឬ​ផ្នែក​បរិស្ថាន ឬក៏​ផ្នែកសង្គម​អ្វីនោះទេ គឺនឹង​បាន​ប្រយោជន៍​ ជា ​២ ​ចំណែក​ធំៗ។

ទី​១ ដំបូង​បំផុត គឺបាន​ជាប្រយោជន៍ ទៅ​ដល់​សង្គមនោះ ផ្នែក​ណាមួយ​នោះ​​ បើ​ទោះ​បី​មិនបាន​​ធំដុំ​ច្រើន​ណាស់ណា ក៏​បាន​ចូលរួម​ចំណែក​តិចតួច​ដែរ​ ជា​ផល​ប្រយោជន៍​ដល់​សង្គមនោះ ផ្នែក​នោះ​។ វា​អាច​ធ្វើ​ឲ្យ​រីកចម្រើ​ន​ជាងមុន ឬក៏​អាច​ធ្វើឲ្យ​ប៉ះពាល់​ផ្នែក​នោះ​ ផង​ក៏បាន​។

ទី​ពីរ ការ​ងារ​ស្មគ្រ​ចិត្ត​និង​កិច្ច​ការងារ​​សង្គម​ គឺ​នឹង​បាន​ជាប្រយោជន៍​ទៅដល់​យុវជន​នោះ​ខ្លួន​ឯង។ ចំពោះ​ចំទង់ខ្លួនឯង គឺ​នឹង​អាច​ឲ្យ​យល់ និង​ស្គាល់​ពី​សង្គមបានកាន់​តែ​​ច្រើន និង​កាន់​តែ​ច្បាស់​។ ពួក​គេ​អាច​នឹង​ឃើញ​ទិដ្ឋភាព​ជាក់​ស្តែង​ក្នុង​មូលដ្ឋាន និងនៅ​​ក្នុង​ជីវិតរបស់​ពួក​គេ​ ដែល​ផ្ទុះ​ស្រឡះ​ពី​មេរៀន​ក្នុង​សាលា ឬខុស​ពី​សាកលវិទ្យាល័យ ដែលពួក​គេ​​ធ្លាប់​បាន​រៀន​ ឬ​ធ្លាប់​ជួប​ប្រទះ​។

ម្យ៉ាងទៀត គឺ​សកម្មភាពសង្គម នឹង​ជួយ​​ពង្រឹង​បុគ្គល​យុវជន​នោះ​​ផ្ទាល់ តាមរយៈ​​ជួយ​កសាង​អភិវឌ្ឍ​បុគ្គលិក​លក្ខណៈរបស់​ពួក​គេ​​។ ដ្បិត​ថា ការ​ធ្វើកិច្ច​ការ​សង្គម គឺ​មាន​ការ​លំបាកខ្លះ ដែល​ក្រុម​យុវជន​​ត្រូវប្រឈមមុខ​ និង​ត្រូវ​ដោះស្រាយ។ ​តាម​រយៈ​ការ​បញ្ហា​ទាំងនោះហើយ​ គឺ​នឹងធ្វើ​ឲ្យ​ពួក​គេ​​កាន់តែមាន​ភាព​រឹងមាំ និង​មាន​ភាព​ឈ្លាស​វៃ​ក្នុងការ​ដោះស្រាយ​បញ្ហា​។

បន្ថែមពីនេះ តាមរយៈ​កិច្ច​ការ​សង្គម គឺ​អាច​ជួយ​យុវជន​ខ្លះ​ ឲ្យ​ងាយ​ស្រួល​​ក្នុង​ការ​ដាក់ពាក្យ​សុំ​​អាហារូបករណ៍​ទៅបន្ត​ការ​សិក្សា​នៅ​ប្រទេស​ក្រៅ​ជា​ដើម។ ចូរ​កុំភ្លេចថា ការ​សុំ​អាហារូបករណ៍​ទៅរៀន​​នៅបរទេស ចំពោះប្រទេស​មួយ​ចំនួន​ នៅ​ពេល​ខ្លះ គេទាមទារ​ឲ្យ​​មាន​បទពិសោធ​ចូលរួម​កិច្ច​សង្គម​ និង​ការ​ងារ​ស្មគ្រ​ចិត្ត ជាការ​ចាំបាច់​។

ប្រយោជន៍​ច្រើ​នជាង​នេះ គឺ​ការ​ងារ​ស្មគ្រ​ចិត្ត​ក្នុង​សង្គម​ គឺ​ជួយ​ឲ្យ​យុវជន​​មាន​មិត្តភក្តិច្រើន​ និង​បង្កើត​បណ្តាញ​ទាក់ទង​ក៏​ច្រើនផ្សេងទៀត ដែល​តាម​រយៈ​ទំនាក់​ទំនង​នេះ គឺធ្វើ​ឲ្យ​ពួក​គេ​​រីក​ចំណេះ​ដឹង និងទទួល​បាន​ឱកាស​ផ្សេងៗទៀត ដូចជា​ឱកាស​ចេញទៅ​ចូលរួម​កិច្ច​ប្រជុំ អន្តរជាតិ​​ ឬដំណើរ​កម្សាន្ត​នៅបរទេស​ជា​ដើម ដោយ​ឥត​គិត​ថ្លៃ​។​ ហើយ​ក៏​តាមរយៈ​បណ្តាញ​ទាក់ទង​ជា​​ច្រើន​នេះហើយ​ គឺ​នឹង​បង្កើត​ឱកាស​ការងារ​ និង​ឱកាស​​រក​លុយកាក់ ក៏​បាន​ច្រើន​ដែរ។​

ក៏ប៉ុន្តែ​ទោះបី​ជា​យ៉ាងណា​ក្តី យុវជន​ខ្លួន​ឯង​ ក៏ត្រូវ​តែ​ចេះ​ប្រុង​ប្រយ័ត្ន​ផង​ដែរ ចំពោះ​ការ​ចូលរួម​ចលនា​សង្គម​របស់​ខ្លួន​នោះ។ ព្រោះដ្បិត​ថា មា​នក្រុម​មនុស្ស​ខ្លះ អាច​នឹង​ឆ្លៀត​កេញ​ចំណេញ​ពីចលនា​សកម្មភាព​​ទាំងនោះ។

ដូច្នេះ ដើម្បី​កុំឲ្យ​ខក​ចិត្ត​ចំពោះ​ការ​លះបង់​របស់​ខ្លួន​ក្នុង​សកម្មភាពសង្គម​ដោយ​ស្មគ្រ​ចិត្ត​និង​ដោយ​សុទ្ធចិត្ត​របស់​ខ្លួន ហើយ​ទីបំផុត ត្រូវ​គេ​បោក​​ប្រើ ឬក៏​នាំឲ្យ​​ខាត​បង់​ពេលវេលានោះ  យុវជន​ ត្រូវ​ប្រយ័ត្ន​ និង​គិត​គូរ​ ៣ ចំណុច ៖

ទី១ ត្រូវ​ឈ្វេង​យល់ពី​ប្រវត្តិ​នៃ​ចលនា​សកម្មភាព​នោះ ព្រម​ទាំង​​ប្រវត្តិ​នៃមេក្រុម​ដឹកនាំ​កិច្ច​ការ​នោះ​​។ ស្រាវជ្រាវ​រក​អ្វី​ដែល​គេ​ធ្លាប់​ធ្វើ​កន្លងម​ក​ ហើយ​សាក​សួរ​អ្នក​ធ្លាប់​ចូលរួមសកម្មភាព​​ពីមុនៗមក​។

ទី២ ត្រូវ​ពិចារណា​មើលថា​ តើ​សកម្មភាព​ទាំងនោះ វាពិត​ជា​អាច​ជួយ​សង្គម​ពិត​ប្រាកដ​មែនដែរឬទេ? ឬក៏សកម្មភាពទាំង​​នោះ គឺគ្រាន់តែ​​ជួយ​លើកមុខ​លើមាត់​តែ​ចំពោះ​ក្រុម​ណាមួយ ឬ​បុគ្គល​ណា​មួយ ដែល​ជាការ​កេង​ចំណេញ​​ប្រយោជន៍​ផ្ទាល់​របស់​ពួក​គេទេ?

ទី៣ សួរ​ថា តើ​សកម្មភាពសង្គម​​ទាំងនោះ ត្រូវ​នឹងទៅ​គោល​ដៅ​អនាគត​របស់យុវជនខ្លួន​ឯង​​ដែរឬទេ?

ជាការ​ពិត ការ​ជួយ​អ្នក​ដទៃ ឬ​ជួយ​សង្គម ដែល​ចេញ​ចិត្តបរិសុទ្ធ​​ពិត​ប្រាកដ​ គឺ​គ្មាន​ចង់​បាន​អ្វី​ត្រឡប់​មកវិញនោះ​ទេ។ ប៉ុន្តែ​យុវជនត្រូវ​ប្រយ័ត្ន ប្រយ័ត្នគេ​បោក​ប្រើ​ចិត្ត​ស្មោះ​របស់​ខ្លួន ក្នុង​បំណង​កេញ​ចំណេញ​ ដើម្បីផលប្រយោជន៍អ្វីមួយ ឲ្យ​សោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ