អានតួអត្ថបទ
កម្ពុជា

ភ្ញៀវ​ទេសចរណ៍​ម្នាក់​ស្លាប់ ​និង​មួយ​ចំនួន​ជួយ​សង្គ្រោះ​ទាន់​ពេល ​ពី​រលក​សមុទ្រ​នៅ​ខេត្ត​ព្រះសីហនុ​

ភ្ញៀវ​ទេសចរណ៍​ជាតិ​ម្នា​ក់បាន​ស្លាប់បាត់​បង់ជីវិត និង​មួយចំនួនទៀត​ត្រូវបាន​ជួយសង្គ្រោះ​ទាន់​ពេលវេលា ខណៈដែល​ពួកគេ​បាន​ងូតទឹក​សមុទ្រ​លេង​កំសាន្ត នៅ​តំបន់ឆ្នេរ​អូរ​ឈើ​ទាល កាលពី​ល្ងាច​ថ្ងៃទី១៩សីហា។ ពួកគេ​ត្រូវបាន​ទឹកសមុទ្រ​គួច​យកទៅ ខណៈដែល​មាន​រលក​ធំៗ​។​ ក្រសួង​ធនធានទឹក​កាលពី​ថ្ងៃទី១៨សីហា បានចេញ​សេចក្តីអំពាវនាវ​ឲ្យ​ប្រជា​ពល​រដ្ឋ​ប្រុងប្រយ័ត្ន ពិសេស​ប្រជាពលរដ្ឋ​នៅ​តំបន់​មាត់សមុទ្រ ខណៈដែល​កម្ពុជា​កំពុង​ទទួល​រង​​ឥទ្ធិពល​ព្យុះ “ដៀ​ន​មុ” (Dianmu) ចាប់ពី​ថ្ងៃទី១៨ដល់​ថ្ងៃទី២៦សីហា។

ក្រសួង​ធនធាន​ទឹក ​និង​ឧត្តុនិយម​ បង្ហាញ​គំនូស​ផែនទី ​ដែល​ព្យុះ​ទី​៧ ​ដៀនមុ ​(Dianmu)​ ដែល​​កំពុង​មាន​ឥទ្ធិពល​មក​លើ​ប្រទេស​កម្ពុជា​។​
ក្រសួង​ធនធាន​ទឹក ​និង​ឧត្តុនិយម​ បង្ហាញ​គំនូស​ផែនទី ​ដែល​ព្យុះ​ទី​៧ ​ដៀនមុ ​(Dianmu)​ ដែល​​កំពុង​មាន​ឥទ្ធិពល​មក​លើ​ប្រទេស​កម្ពុជា​។​ @Facebook
ផ្សាយពាណិជ្ជកម្ម

បុរស​ដែល​ស្លាប់បាត់​បង់ជីវិត​ដោយសារ​លង់ទឹក​សមុទ្រ​កាលពី​ថ្ងៃទី១៩សីហា ត្រូវបាន​គេ​ដឹងថា មានឈ្មោះ តាំង ពុ​យ​ហ៊ាង ភេទ​ប្រុស​អាយុ៥៥ជា​ភ្ញៀវ​ទេសចរណ៍​ក្នុងស្រុក មកពី​ខេត្តកំពង់ចាម។ បុរស​រូបនេះ ត្រូវបាន​គេ​ដឹងថា បាន​ស្លាប់ នៅពេលដែល​ចូល​ងូតទឹក​សមុទ្រ នៅ​តំបន់ឆ្នេរ​អូរ​ឈើទាល ស្ថិតក្នុង​សង្កាត់​លេខ៤ ក្រុង​ខេត្ត​ព្រះសីហនុ ហើយ​ត្រូវបាន​ខ្យល់​បោកបក់ និង​គួច​ខ្លាំង លាយឡំ​ជាមួយ​ភ្លៀង បង្ក​ជា​រលក​សមុទ្រធំៗនាំយកទៅ​ជាមួយនឹង​ភ្ញៀវ​ទេសចរណ៍​ផ្សេងទៀត។ ក្រៅពីនេះ​នៅមាន​ជនរងគ្រោះ២រូប​ទៀត ដែល​លង់ទឹក​ជា​មួយ​គ្នា ប៉ុន្តែ​ត្រូវបាន​គេ​ជួយសង្គ្រោះ​ទាន់ពេលវេលា។

          គួរ​ជំរាបជូន​ថា កាលពី​ថ្ងៃទី១៨សីហា ក្រសួង​ធនធានទឹក និង​ឧ​ត្តុ​និយមនៃ​ប្រទេស​កម្ពុជា​បាន​ជូនដំណឹង​ពី​ស្ថានភាព​អាកាសធាតុ​នៅក្នុង​ប្រទេស​កម្ពុជា​ថា ព្យុះ​ទី៧ដែលមាន​ឈ្មោះថា “ដៀ​ន​មុ (Dianmu) កំពុងមាន​ឥទ្ធិពល​មកលើ​អាង​ទន្លេមេគង្គ និង​តំបន់​មាត់​សមុទ្រ​​នៃ​ប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃទី១៨ ដល់​ថ្ងៃទី២៦សីហា​ឆ្នាំ២០១។ ក្រសួង​នេះ បាន​អំពាវ​នាវ​​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ពិសេស​ប្រជាពលរដ្ឋ និង​អ្នកនេសាទ នៅ​តំបន់​មាត់សមុទ្រ ដែល​អាច​ប្រឈម​នឹង​ខ្យល់​បក់បោក​ខ្លាំង និង​រលក​សមុទ្រខ្ពស់។

          ប៉ុន្តែ ទន្ទឹមគ្នានេះ ប្រជាពលរដ្ឋ​ជា​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ ក៏បាន​រិះគន់​ទៅ​លើ​​​អាជ្ញាធរខេត្ត​ព្រះសីហនុ ដែល​មិនបាន​ផ្សព្វផ្សាយ​ដំណឹង​បន្ថែម ជូន​ដល់​ភ្ញៀវ​ទេសចរណ៍​ដែល​​ទៅ​កំសាន្ត​នៅ​តំបន់​មាត់សមុទ្រ ខណៈ​មធ្យោបាយ​ជួយសង្គ្រោះ គឺ​ពឹង​ផ្អែកលើ​ខ្លួនឯង​ទាំងស្រុង។ គេ​បាន​មើលឃើញថា នៅពេល​កើតហេតុ គឺ​មានតែ​ក្រុម​ម៉ូតូ​ទឹក​ដឹក​ភ្ញៀវ​ទេស​ចរណ៍​​កំសាន្ត​តាម​មាត់សមុទ្រ​ប៉ុណ្ណោះ ដែល​បានចេញ​ជួយ​អន្តរាគមន៍៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ