អានតួអត្ថបទ
កម្ពុជា

គណបក្ស​ថ្មី​របស់​លោក​សួន​ សេរីរដ្ឋា​ នឹង​ចុះ​បញ្ជី​ផ្លូវ​ការ​នៅ​ដើម​ខែ​ក្រោយ

គណបក្ស​នយោបាយ​ថ្មី​មាន​ឈ្មោះ​ថា​ “ គណបក្ស​អំណាច​ខ្មែរ”​ ដែល​បង្កើត​ឡើង​ដោយ​សួន​ សេរីរដ្ឋា​ គ្រោង​នឹង​ចុះ​បញ្ជី​ផ្លូវ​ការ​នៅ​ក្រសួង​មហាផ្ទៃ​នៅ​ដើមខែ​មករា​ ឆ្នាំ​២០១៥​ខាង​មុខ​នេះ។ ​គម្រោង​ចុះ​បញ្ជី​ថ្មី​នេះ​ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ចុះ​បញ្ជី​កាល​ពី​ថ្ងៃ​១៥​ ធ្នូ​កន្លង​ទៅ​មិន​ទាន់​បាន​សម្រេច។ ​នេះ​បើ​តាម​បញ្ជាក់​របស់​លោក​សៀង​ សុភារក្ស​ អគ្គលេខាធិការ​ និង​ជា​អ្នក​នាំ​ពាក្យ​របស់​គណបក្ស​អំណាច​ខ្មែរ​ថ្មី​នេះ។ ​យ៉ាង​ណា​ក៏​ដោយ​ អ្នក​វិភាគ​នយោបាយ​កម្ពុជា​យល់​ថា​ ការ​បង្កើត​គណបក្ស​ថ្មី​នេះ​ គឺ​ផ្តល់​ផល​ចំណេញ​ដល់​បក្ស​កាន់​អំណាច ​និង​អាច​បំបែក​សំឡេង​គាំទ្រ​របស់​បក្ស​ប្រឆាំង។

លោកសួន​ សេរីរដ្ឋា​(កណ្តាល)​ ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ។​
លោកសួន​ សេរីរដ្ឋា​(កណ្តាល)​ ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ។​ @Sourn Serey rotha
ផ្សាយពាណិជ្ជកម្ម

នៅពេលនេះ​ ក្រុម​ការងារ​គណបក្ស​អំណាច​ខ្មែរ​ ក្រោម​ការដឹកនាំ​របស់​លោក​សួន​ សេរីរដ្ឋា​ ដែល​កំពុង​សំងំ​ខ្លួន​នៅ​ក្រៅ​ប្រទេស​នោះ​ កំពុង​ធ្វើការ​កែ​សម្រួល​ និង​ រៀបចំ​នីតិវិធី​មួយ​ចំនួន​ឡើងវិញ​ ដើម្បី​ឈាន​ទៅរក​ការ​ចុះ​បញ្ជី​ជា​គណបក្ស​ផ្លូវ​ការ​នៅ​ក្រសួង​មហាផ្ទៃ។ ​លោក​សៀង​ សុភារក្ស​ អគ្គលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​គណបក្ស​នយោបាយ​ថ្មី​នេះ​ បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា​ បន្ទាប់​ពី​រៀបចំ​កែ​សម្រួល​រួច​ លោក​នឹង​ដាក់​ពាក្យ​ស្នើ​សុំ​ចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ​សារ​ជា​ថ្មី​នៅ​ដើមខែ​មករា​ ឆ្នាំ​២០១៥​ ខាង​មុខ​នេះ។

សូម​រម្លឹក​ជូន​ថា​ គណបក្ស​ថ្មី​នេះ​ធ្លាប់​បាន​ស្នើ​ចុះ​បញ្ជី​ម្តង​រួច​មក​ហើយ​កាលពី​ថ្ងៃទី​ ១៥ ធ្នូ​កន្លងទៅ ​ក៏​ប៉ុន្តែ​ដោ​យ​សារ​មិន​ទាន់​ត្រឹមត្រូវ​តាម​នីតិវិធី​ និង​មាន​ចំណុច​មួយ​ចំនួន​មិនទាន់​សមស្រប​នោះ ​ក្រសួង​មហាផ្ទៃ​បាន​តម្រូវ​ឲ្យ​គណបក្ស​នេះ​ ធ្វើ​ការ​កែ​សម្រួល​ឡើងវិញ។​ តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណបក្ស​អំណាច​ខ្មែរ​ចេញ​កាលពី​ថ្ងៃ​ទី​ ២៦​ ធ្នូ ​លោក​សួន​ សេរីរដ្ឋា​ ប្រធាន​ស្ថាបនិក​គណបក្ស​បាន​បញ្ជាក់ថា ​គណបក្ស​នេះ​បាន​សម្រេច​ធ្វើ​ការ​កែ​សម្រួល​ឈ្មោះ​ បាវចនា​ និង​រូប​សញ្ញា​គណបក្ស​ជាថ្មី។

គួរ​កត់​សម្គាល់​ថា​ ដំណើរ​ការ​រៀបចំ​ចុះ​បញ្ជី​គណបក្ស​ថ្មី​នេះ ​គឺ​កំពុង​ធ្វើឡើង​ស្រប​ពេល​ដែល​លោក​សួន ​សេរី​រដ្ឋា​ដែល​ជា​អ្នក​បង្កើត​គណបក្ស​កំពុង​ជាប់​បណ្តឹង​នៅ​តុលាការ ។ ​តុលាការ​ក្រុង​ភ្នំពេញ​បាន​ចោទ​ប្រកាន់​លោក​សួន​ សេរីរដ្ឋា​ ពីបទ​រៀបចំ​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​នា​ពេល​កន្លង​មក​ ហើយ​សាលក្រម​ជំនុំ​ជម្រះ​លើ​សំណុំ​រឿង​នេះ​នឹង​ប្រកាស​នៅ​អំឡុង​ពាក់​កណ្តាល​ខែ​មករា​ ឆ្នាំ​២០១៥​ខាង​មុខ។ ​ប៉ុន្តែ​នៅ​ពេល​នេះ​លោក​សួន​ សេរីរដ្ឋា​ អាច​រៀបចំ​នីតិវិធី​ចុះ​បញ្ជី​គណបក្ស​ថ្មី​របស់លោក​នៅ​ក្រសួង​មហាផ្ទៃ​បាន​ ដែល​ធ្វើ​សា​ធារ​មតិ​មាន​ការ​ងឿងឆ្ងល់។ ​ចំពោះ​បញ្ហា​នេះ​ លោក​ខៀវ​ សុភ័គ​ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ ​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​នៅ​ឡើយ​ទេ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ។​ លោក​សៀង ​សុភារក្ស​ បាន​បញ្ជាក់ថា ​ទោះបី​លោក​សួន សេរីរដ្ឋា​ ជាប់​បណ្តឹង​នៅ​តុលាការ​ក៏ពិតមែន ​ប៉ុន្តែ​បណ្តឹង​នោះ​ក្នុងនាម​លោក​ជា​ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ​នៅក្រៅ​ប្រទេស​ ហើយ​តុលាការ​ក៏​មិនទាន់​សម្រេច​ថា​លោក​មានទោស​ដូច​ការ​ចោទប្រកាន់​នោះ​នៅឡើយ​ដែរ។ ​ដូច្នេះ​វា​មិន​ប៉ះពាល់​ដល់​ដំណើរ​ការ​ចុះ​បញ្ជី​គណបក្ស​ថ្មី​នេះឡើយ។

យ៉ាងណា​ក៏ដោយ​ លោក​សុខ ​ទូច​ អ្នក​វិភាគ​នយោបាយ​កម្ពុជា​ លើក​ឡើងថា​  ការ​បង្កើត​គណបក្ស​ថ្មី​នៅ​ក្នុង​កាលៈទេសៈ​នេះ​ គឺ​ផ្តល់​ផលចំណេញ​ច្រើន​ដល់​គណបក្ស​កាន់អំណាច ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ក្រសួង​មហាផ្ទៃ ​អនុញ្ញាត​ឲ្យ​គណបក្ស​ថ្មី​នេះ​អាច​ចុះបញ្ជី​បាន។​ ជាមួយ​គ្នា​នេះ​ លោក​សុខ ទូច​ បាន​គូស​បញ្ជាក់ថា​ គណបក្ស​ថ្មី​របស់លោក​សួន​ សេរីរដ្ឋា​នេះ​ នឹង​ចូលរួម​បំបែក​សំឡេង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​នា​ពេល​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ