អានតួអត្ថបទ
កម្ពុជា

អ្នក​នយោបាយ​ និង​​​អ្នក​ស្រាវ​ជ្រាវ​កំពុង​ខ្វែង​គំនិត​គ្នា​លើ​បញ្ហា​ព្រំដែន​

លោក សួន សេរីរដ្ឋា ប្រធាន​គណបក្ស​អំណាច​ពល​រដ្ឋ​ខ្មែរ​ និង​ លោក​ សុខ ​ទូច​ ប្រធាន​ក្រុម​ស្រាវ​ជ្រាវ​បញ្ហា​ព្រំ​ដែន​នៃរាជ​បណ្ឌិត្យ​សភា​កម្ពុជា​កំពុង​ខ្វែង​គំនិត​គ្នា​ចំពោះ​ការ​ស្នើ​ឲ្យ​ធ្វើ​វិសោធន​កម្មមាត្រា​២​នៃ​រដ្ឋ​ធម្ម​នុញ្ញ​បន្ទាប់​ពី​ការ​ស្នើ​សុំ​របស់លោក​ សុខ​ ទូច​ ។​ លោក ​សួន ​សេរី​រដ្ឋា ​ចាត់​ទុក​ការ​ស្នើ​សុំ​នេះ​លឿន​ហួស​។  

ប្រធាន​បក្សប្រឆាំងសមរង្ស៊ី អះអាងថា​ការ​បោះ​បង្គោល​ព្រំដែន​ធ្វើ​ឲ្យ​កម្ពុជា​បាត់បង់​ទឹកដី
ប្រធាន​បក្សប្រឆាំងសមរង្ស៊ី អះអាងថា​ការ​បោះ​បង្គោល​ព្រំដែន​ធ្វើ​ឲ្យ​កម្ពុជា​បាត់បង់​ទឹកដី RFI
ផ្សាយពាណិជ្ជកម្ម

ភាព​ចម្រូង​ចម្រាស​រវាង​ការ​កំណត់​ខ្សែ​បន្ទាត់​ព្រំដែន​បាន​កើត​មាន​ជា​ថ្មី ​ តាម​រយៈ​លិខិត​ឆ្លើយ​ឆ្លង​គ្នា​រវាង​លោក​ សួន សេរី​រដ្ឋា​និង ​លោក ​សុខ ​ទូច​។ ការ​ឆ្លើយ​ឆ្លង​លិខិត​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក ​សុខ ​ទូច ​ស្នើ​ឲ្យ​មាន​ការ​ធ្វើ​វិសោធន​កម្ម​មាត្រា​២នៃរដ្ឋ​ធម្មនុញ្ញ នៅ​ក្នុង​អំឡុង​ពេល​ធ្វើ​សន្និសីទ​កាសែត នៅ​ថ្ងៃទី២២កក្កដា​កន្លង​មក។

ឆ្លើយ​តប​នឹង​អនុសាសន៍​របស់ ​លោក​ សុខ ​ទូច​ លោក​ សួន ​សេរីរដ្ឋា ​ប្រធាន​គណបក្ស​អំណាច​ខ្មែរ ​តាម​រយៈលិខិត​ចុះថ្ងៃទី០៧​សីហា​យល់​ថា​ ការ​ស្នើ​ធ្វើ​វិសោធកម្ម​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​មាត្រា​២​នាពេល​នេះ​ហាក់​ដូច​ជា​លឿន​ហួស​។ ​លឿន​ហួស​ព្រោះ ​បើ​តាម​លោក​ សួន ​សេរីរដ្ឋា ​ការ​សិក្សា​ស្រាវ​ជ្រាវ​បញ្ហា​ព្រំ​ដែន​ដឹក​នាំ​ដោយ​ សុខ​ ទូច មិន​ទាន់​ទទួល​បានផែន​ទីពី​គ្រប់​ជ្រុង​ជ្រោយ​យក​មក​ផ្ទៀង​ផ្ទាត់​ឲ្យ​បាន​ត្រឹម​ត្រូវ​។ ​និង​ថា ​ការ​សិក្សា​ស្រាវ​ជ្រាវ​ដឹក​នាំ​ដោយ​លោក សុខ ទូច នោះ នៅ​មិន​ទាន់​ទទួល​បាន​ទំនុក​ចិត្ត​ពេញ​លេញ​ពី​សំណាក់​ពល​រដ្ឋ​ខ្មែរ​ទូទៅ​ផង​ដែរ​។ ចំពោះ​ប្រមុខ​បក្ស​អំណាច​ខ្មែរ បញ្ហា​ព្រំដែន​ជា​មួយ​ប្រទេស​ជិត​ខាង គឺ​ជា​បញ្ហា​អធិប​តេយ្យ​ភាព និង​បូរណ​ភាព​ទឹក​ដីខ្មែរ​ ដែល​មាន​ពលរដ្ឋ​ខ្មែរ​ទាំង​អស់​គ្នា​ជា​ម្ចាស់ មិន​មែន​ជា​កម្ម​សិទ្ធិ​ផ្ដាច់​មុខ​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ តែ​ពីរ​គណបក្ស​នោះ​ឡើយ​។

 ចុង​ក្រោយ​នេះ ​លោក​ សុខ​ ទូច​ បាន​បញ្ជាក់​នៅ​ក្នុង​លិខិត​ចុះ​ថ្ងៃទី០៨​សីហា​ថា ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​ស្នើ​ថា​ «ប្រសិន​បើ​មាន​ការ​រាំង​ស្ទះ​ណា​មួយ​ពាក់​ព័ន្ធ​នឹង​ការ​ប្រើប្រាស់​ផែន​ទី​ដែល​មិន​ឆ្លើយ​តប​ទៅ​និង​រដ្ឋ​ធម្មនុញ្ញ គប្បី​ធ្វើវិសោធន​កម្ម​មាត្រា​២​នៃ​រដ្ឋ​ធម្មនុញ្ញ​ឆ្នាំ​១៩៩៣ ជា​ការ​បើក​ផ្លូវ​ឲ្យ​កម្ពុជា​អាច​ប្រើ​ប្រាស់​ផែន​ទី​ផ្សេង​ទៀត​ ដែល​ផ្ដល់​អត្ថប្រយោជន៍​ប្រសើរ​ជាង​ក្នុង​ការចរចា ​និង​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​ជា​មួយ​ប្រទេស​ជិត​ខាង​»។ បើ​តាម​លោក សុខ ទូច ក្រុម​ស្រាវ​ជ្រាវ​មិន​បាន​ស្នើ​ឲ្យ​បដិសេធ​ផែនទី​ណាមួយ ឬ​ជ្រើស​រើស​ផែនទី​ដាច់​ដោយ​ឡែក​ណាមួយ​នោះ​ទេ ប៉ុន្តែ​គប្បី​បើក​ផ្លូវ​ឲ្យ​កម្ពុជា​អាច​ប្រើ​ប្រាស់​ផែនទី​ផ្សេង​ទៀត​ដែល​ផ្ដល់​អត្ថប្រយោជន៍​ប្រសើរ​ជាង មក​ប្រើ​ប្រាស់​ផង​ដែរ​ ព្រោះ​ថា ផែនទី​ដែល​កម្ពុជា​ប្រើ​ប្រាស់​ជាមួយ​ប្រទេស​ជិត​ខាង មាន​មាត្រដ្ឋាន​ខុស​ៗ​គ្នា​ ហើយ​ផែនទី​ដែល​កម្ពុជា​អះអាង​ថា បាន​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ មក​ដល់​ពេល​នេះ ក៏​នៅមិន​ទាន់​រក​ឃើញ​នៅ​ឡើយ​។ នេះ​បើ​តាម​លោក សុខ​ ទូច​។

ក្រៅ​ពី​បក​ស្រាយ​អំពី​អនុសាសន៍​របស់​ខ្លួន តាម​រយៈ​លិខិត​ចុះ​ថ្ងៃ​ទី​៨​ខែ​សីហា លោក​សុខ ទូច ក៏​បាន​ធានា​ពី​ក្រមសីលធម៌​វិជ្ជាជីវៈ និង​គោលការណ៍​វិទ្យាសាស្ត្រក្នុង​ការ​ស្រាវ​ជ្រាវ​បញ្ហា​ព្រំដែន​ដោយ​ឯករាជ្យ និង​ការ​ទទួល​ខុស​ត្រូវ​។ ប្រធាន​ក្រុម​ស្រាវជ្រាវ​បញ្ហា​ព្រំដែន​នៃរាជ​បណ្ឌិត្យសភា​កម្ពុជា ក៏​បាន​អំពាវនាវ​​ឲ្យ​ភាគី​ពាក់ព័ន្ធ​ចូល​រួម​ក្នុង​ការ​ស្រាវជ្រាវ​របស់​ខ្លួន​។ និង​ជា​ពិសេស កុំ​កេង​ចំណេញ​នយោបាយ ពី​​បញ្ហា​ព្រំដែន ព្រោះ​ថា បញ្ហា​ព្រំដែន​គឺ​ជា​អាយុ​ជីវិត​របស់​ជាតិ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ