អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

កម្ពុជា​​បញ្ជូន​​​៤​​វិញ្ញាសារ​​កីឡា​​ ទៅ​​អូឡាំពិក​​ប្រេស៊ីល ​តែ​​សង្ឃឹម​​តិច​តួច​

ចុះផ្សាយ​នៅ​ថ្ងៃ៖

កម្រិត​អូឡាំពិក កម្ពុជា​មាន​ជំនឿ​តិចតួច​ថា​នឹង​អាច​ឈ្នះ​មេដាយ ខណៈ​ដែល​ការ​រំពឹង​ទុក តែ​ទៅ​លើ​កីឡា​តេក្វាន់ដូរ តែ​មួយ​មុខ​ និង​មាន​កីឡា​ការិនី​ស៊ន សៀវម៉ី ដែល​មាន​សក្តានុពល​គួរ​សម ។ ក៏​ប៉ុន្តែ​បើ​អាច​ឈ្នះ​មេដាយ​ណា​មួយ​នោះ វា​ពិត​ជា​ការ​បំបែក​ប្រវត្តិសាស្ត្រ​កីឡា​ថ្មី​មួយ​ទៀត​របស់​កម្ពុជា​ចាប់​តាំង​ពី​ជាង​៥០​ឆ្នាំ​នៃ​ប្រវត្តិ​កីឡា​អូឡាំពិក​កម្ពុជា។

កីឡាការិនី ស៊ន សៀវម៉ី
កីឡាការិនី ស៊ន សៀវម៉ី @Facebook
ផ្សាយពាណិជ្ជកម្ម

អត្តពលិក​កម្ពុជា​ចំនួន​៦​រូប ពេល​នេះ​កំពុង​មាន​វត្តមាន និង​ហ្វឹកហាត់​ត្រៀម​នៅ​ទីក្រុង Rio de Janeiro ប្រទេស​ប្រេស៊ីល។ ក្នុង​ចំណោម ២០៦​ជាតិ​សាសន៍ លើ​ពិភព​លោក ដែល​រួម​មាន​អត្តពលិក​ជាង​១​ម៉ឺន​នាក់​នោះ កម្ពុជា​បាន​បញ្ជូន​កីឡាករ កីឡាការិនី​របស់​ខ្លួន ទៅ​ចូលរួម​ប្រកួត​កីឡាអូឡាំពិក​លើក​ទី​៣១​នេះ មាន​តែ​៤​ប្រភេទ​កីឡា​ប៉ុណ្ណោះ ដែល​មាន​កីឡាករ ២​រូប និង​កីឡាការិនី​៤​រូប។ ដំណើរ​ការ​ប្រកួត​កីឡា​អូឡាំពិក ដែល​ចាប់​ផ្តើម​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​៥​សីហា និង​បញ្ចប់​នៅ​ថ្ងៃ​ទី​២១​សីហា​ឆ្នាំ​២០១៦​ខាង​មុខ ប្រទេស​ប្រេស៊ីល ដែល​ជា​ម្ចាស់​ផ្ទះ​បាន​រៀបចំ ​ចំនួន​៤២​ប្រភេទ រួម​មាន​ ៣០៦​វិញ្ញាសារ​កីឡា។

ដោយឡែក វិញ្ញាសារ​ដែល​អត្តពលិក​ប្រទេស​នៅ​អន់​ថយ​លើ​វិស័យ​កីឡា​ដូចជា​កម្ពុជា​ចូលរួម​ មាន​ម៉ារ៉ាតុង ហែល​ទឹក ចំបាប់ និង​តេក្វាន់ដូ។ ក្នុង​ចំណោម​កីឡាករ កីឡាការិនី​ខ្មែរ ទាំង​៦​រូប​ ដែល​ត្រូវ​ចូលរួម​ប្រកួត​នោះ មាន​តែ​កីឡាការិនី​ស៊ន សៀវម៉ី ម្នាក់​ប៉ុណ្ណោះ ដែល​មាន​សិទ្ធិ​ពេញ​លេញ​ចូល​រួម ដោយ​ឆ្លង​កាត់​វគ្គ​ប្រកួត​ជម្រុះ​មុន​ការ​ប្រកួត​អូឡាំពិក​ឈាន​ចូល​មក​ដល់ លើ​វិញ្ញាសារ​តេក្វាន់ដូ។ ក្រៅ​ពី​នេះ​សុទ្ធ​សឹង​ជា​កីឡាករ និង​កីឡាការិនី ដែល​ចូលរួម​ដោយ​មាន​ការ​អនុគ្រោះ​ពី​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ។

តាម​ប្រវត្តិ​នៃ​ការ​ចូលរួម​ប្រកួត​កីឡា​លំដាប់​ពិភព​លោក​របស់​កម្ពុជា ជា​ពិសេស​កីឡា​អូឡាំពិក​ នេះ​តែ​ម្តង រយៈ​ពេល​កន្លះ​សតវត្ស​មក​ហើយ កម្ពុជា​ចូលរួម​ប្រកួត​បាន​ប្រមាណ​ជា​៩​លើក​ប៉ុណ្ណោះ ក្រៅ​ពី​នេះ កម្ពុជា​មាន​ការ​ខក​ខាន​ដោយ​ហេតុផល​ផ្សេង​ៗ ដូចជា​សង្គ្រាម​រ៉ាំរ៉ៃ និង​មិន​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​ក្នុង​ការ​ចូលរួម​ប្រកួត​កីឡា​នេះ​ ដែល​គេ​ចាត់​ទុក​ថា​ជា​Games​ លំដាប់​ខ្ពស់។

ជាមួយ​គ្នា​នេះ គ្មាន​អត្តពលិក​កម្ពុជា​ណា​ម្នាក់ បាន​ឈ្នះ​មេដាយ​ពី​កីឡា​អូឡាំពិក​នេះ​ទេ សូម្បី​តែ​មេដាយ​សំរិត​ក៏​ដោយ។ កាល​ពី​ឆ្នាំ​២០១៤ កម្ពុជា​បាន​ផ្លាស់​ប្តូរ​ប្រវត្តិសាស្ត្រ​នៅ​អាស៊ី​លើ ​វិស័យ​កីឡា​នេះ ដោយ​កីឡាការិនី​វ័យ​ក្មេង កំពស់​ត្នោត ទំងន់​ធ្ងន់ ស៊ន សៀវម៉ី ជំនាញ​លើ​វិញ្ញាសារ​តេក្វាន់ដូ បាន​នាំ​មក​ជូន មាតុភូមិ​នូវ​មេដាយ​មាស​កីឡា​អាស៊ី ជា​លើក​ដំបូង​នៅ​កូរ៉េ​ខាង​ត្បូង បន្ទាប់​ពី​ជាង​៤០​ឆ្នាំ។

ធនធាន​អត្តពលិក​ដ៏​កម្រ​រក​បាន និង​សក្តានុពល​របស់​សៀវម៉ី លើ​វិស័យ​កីឡា​តេក្វាន់ដូ ក៏​ត្រូវ​គេ​រំពឹង​ថា ជា​ក្តី​សង្ឃឹម​តែ​មួយ​គត់​របស់​ប្រទេស​កម្ពុជា​ក្នុង​ការ​ចូលរួម​កីឡា​អូឡាំពិក នៅ​ទីក្រុងរីយ៉ូ ប្រទេស​ប្រេស៊ីល​នៅ​ឆ្នាំ​នេះ។ តាម​ការ​សង្កេត ស៊ន សៀវម៉ី បង្កើត​ភាព​ល្បីល្បាញ​ហើយ ​ទើប​មាន​ការ​គាំទ្រ​គគ្រឹក​គគ្រេង​ជា​ក្រោយ។ សំណួរ​សួរ​ថា ចុះ​បើ​អស់​ពី​កីឡាការិនី​រូប​នេះ តើ​អ្វី​ទៅ​ជា​ភាព​នឹង​ន​សម្រាប់​វិស័យ​កីឡា​ខ្មែរ? ហើយ​បើ​គ្មាន​អ្វី​ជំនួស​ទេ​នោះ​មិន​ខុស​អី​ពី​ពាក្យ​ថា«​កីឡាខ្មែរ​ម្តង​លិច​ម្តង​អណ្តែត» ខណៈ​ដែល​ប្រទេស​ដទៃ «អណ្តែត​ហើយ​អណ្តែត​ទៀត»។

ដូច្នេះ ដើម្បី​រក្សា​ឲ្យ​បាន​ធនធាន​កីឡាករ កីឡាការិនី ជា​ពិសេស​ដើម្បី​ត្រៀម​ខ្លួន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កីឡា​តំបន់ Sea Games នៅ​ឆ្នាំ​២០២៣ គេ​គួរ​តែ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់ គាំទ្រ​ដល់​វិស័យ​ កីឡា ចាប់​តាំង​ពី​ការ​ចាប់​ផ្តើម។ មិន​ថា​ប្រភេទ​កីឡា​ណា​ជា​កីឡា​ណា​ទេ គួរ​តែ​លើក​ទឹក​ចិត្ត​ទាំង​ស្មារតី​និង​សម្ភារៈ រួម​ទាំង​បច្ចេក​ទេស​ក្នុង​ការ​ហ្វឹក​ហាត់ មិន​ចាំ​សម្លឹង​មើល​កីឡា​ណា ​លេច​ធ្លោ ទើប​មាន​ការ​គាំទ្រ វាយ​ធុង ដំប៉ោត​នោះ​ទេ។

ជា​បទ​ពិសោធន៍​នៅ​បរទេស ការ​អភិវឌ្ឍន៍​កីឡា​ត្រូវ​តែ​មាន​ការ​ជ្រោមជ្រែង​ដើរ​ទន្ទឹម​គ្នា​រវាង​រដ្ឋ​និង​វិស័យ​ឯកជន។ ហិរញ្ញ​វត្ថុ ដើរ​តួនាទី​សំខាន់​បំផុត​ក្នុង​ការ​ធានា​ឲ្យ​មាន​ការ​រៀបចំ​កីឡា​បាន​ល្អ និង​ទាក់​ទាញ​បាន​ឆន្ទៈ​កីឡាករ ឲ្យ​លេង​កីឡា​ពិត​ប្រាកដ។ ការ​គាំទ្រ​របស់​មហាជន​ជា​ផ្នែក​មួយ​ផង​ដែរ ក្នុង​ការ​ជួយ​ជម្រុញ​ឲ្យ​ដណ្តើម​បាន​ជ័យ​ជំនះ តែ​មហាជន​អាច​ជួយ​បាន​តែ​ពេល​ណា​មាន​ការ​ប្រកួត​ប៉ុណ្ណោះ។

ទោះ​យ៉ាង​នេះ​ក្តី ភាព​រីក​ចម្រើន​របស់​កីឡា​ខ្មែរ​នៅ​លើ​ឆាក​អន្តរជាតិ ដូច​ជា​លំដាប់​កីឡា​អូឡាំពិក​ជា​ដើម ចាំ​បាច់​ទាមទារ​ពេល​វេលា និង​សមត្ថភាព​ជា​ច្រើន​ទៀត និង​ចាំបាច់​ត្រូវ​បង្ហាញ​ពី​ភាព​ជោគជ័យ​ក្នុង​តំបន់​ជា​មុន​សិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ