អានតួអត្ថបទ

បណ្តឹង​រំលាយ​បក្ស​សង្រ្គោះ​ជាតិ​នឹង​បើក​សវនាការ​នៅ​ពាក់​កណ្តាល​ខែ​ក្រោយ

​​តុលាការ​​កំពូល ​បាន​កំណត់​ពេល​នៅ​ពាក់​កណ្តាល​ខែ​ក្រោយ​ បើក​សវនាការ​ទៅ​លើ​បណ្តឹង​សុំ​រំលាយ​គណ​បក្ស​ប្រឆាំង​ធំ​ជាង​គេ​នៅ​កម្ពុជា ទៅ​តាម​បណ្តឹង​របស់​គណ​បក្ស​ចំនួន​ពីរ​ដែល​មិន​បាន​ជាប់​ឆ្នោត​កន្លង​ទៅ និង​​បណ្ដឹង​​របស់​​ក្រសួង​​មហា​ផ្ទៃ​​។​ប៉ុន្តែ​គណ​បក្ស​សង្រ្គោះជាតិ​នៅ​តែ​មិន​ចាប់​អារម្មណ៍​ទៅ​នឹង​សវនាការ​នេះទេ ​ដោយ​ថា​ទុក​ឲ្យ​តុលាការ​ដំណើរ​ការ​ទៅ​មុខ​កាន់​តែ​លឿន​ដើម្បី​ឆាប់​ដឹង​លទ្ធផល។

ផ្សាយពាណិជ្ជកម្ម

ដោយ អ៊ឹង ប៊ុនថន

តាម​លិខិតដែល​ចុះ​ហត្ថលេខា​ដោយ​លោក ឌិត មន្ទី ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រៈ និង​ជាប្រធាន​តុលាការ​កំពូល គឺបាន​អញ្ជើញ​​ប្រធាន​គណ​បក្ស​សង្រ្គោះជាតិ​ឲ្យ​ចូលសវនា​ការ​នៅថ្ងៃ​ទី​១៦​ខែ​វិច្ឆិកា​ឆ្នាំ​២០១៧ វេលា​ម៉ោង​៨ព្រឹក។ ​ជាសវនាការ​ទៅ​លើ​បណ្តឹង​​សុំ​​រំលាយ​​គណ​បក្ស​​សង្គ្រោះ​​ជាតិ​។ ​

ការ​កំណត់​ពេល​សវនាការនេះ ធ្វើឡើង ខណៈដែលគណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​​​អះអាងថា ខ្លួន​នឹងមិន​ដាក់​ឯកសារ​អ្វី​ទាំងអស់ ទៅកាន់​តុលាការ​កំពូល​ដើម្បី​​​ការ​ពារ​ខ្លួន តទល់​នឹង​ពាក្យ​បណ្តឹង​សុំ​ឲ្យ​រំលាយ​គណ​បក្ស​ប្រឆាំង​នេះ​ឡើយ។

លោក ម៉ៅ មុនីវណ្ណ ប្រធាន​ស្តីទី​គណ​កម្មាធិការ​ប្រតិបត្តិ​គណ​បក្ស​សង្រ្គោះ​ជាតិ ប្រាប់​វិទ្យុ​បា​រាំង​RFI ថា​គណ​បក្ស​នឹង​មិន​ដាក់​តំណាង​ឬ​មេធាវី​ចូល​រួមសវនាការ​ទេ​ដោយ​រង​ចាំ​ស្តាប់​លទ្ធផល​ពី​ខាង​ក្រៅ។លោកបាន​ប្រៀប​ធៀប​សំណុំរឿងនេះ​ទៅ​នឹង​បូសដែល​ថា​បើបម្រុង​នឹង​ធ្លាយឲ្យ​វា​ធ្លាយ​កាន់​តែ​ឆាប់​ទៅ​ដើម្បីកុំ​ឲ្យ​ឈឹ​ចាប់​យូរ។

គួរ​រំលឹក​ជូន​ថា កាលពី​ថ្ងៃទី ០៦ តុលា ក្រុម​មេធាវី​ក្រសួង​មហាផ្ទៃ​បាន​ដាក់​ពាក្យ​បណ្តឹង​សុំ​​រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ​នេះ ទៅ​កាន់​តុលាការ​កំពូល ដោយ​ភ្ជាប់​ជាមួយ​នូវ​ភស្តុតាង​​ចំនួន​២១​កញ្ចប់ ដែល​អះអាងថា ជា​សម្រង់​សម្ដី​របស់​លោក កឹម សុខា រួម​ជា​មួយ​​វីដេអូ​ឃ្លី​ប​ចំនួន​បី​ដែល​បង្ហាញថា គណបក្ស​សង្គ្រោះ​ជាតិ​បាន​ត្រូវរ៉ូវ​ជាមួយ​បរទេស ដើម្បី​​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា។ ប៉ុន្តែ​នៅក្នុង​សេចក្តីថ្លែងការណ៍​ចុងក្រោយ​របស់​គណបក្ស​​ស​ង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី ២៧ តុលា បាន​គូសបញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ ​មិនបាន​ធ្វើ​អ្វី​ខុសច្បាប់​នោះទេ ហើយ​គណបក្សប្រឆាំង​ដ៏​ធំ​មួយ​នេះ​បាន​ជំទាស់​ដាច់​ខាត​​នូវ​ការប៉ុនប៉ង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។ បន្ថែម​លើ​នេះ សេចក្តី​ថ្លែង​ការណ៍​​​នេះ​​យល់ឃើញថា ការរំលាយ​គណបក្ស​ស​ង្គ្រោះ​ជាតិ​នេះ គឺជា​រឿង​នយោបាយ​​សុទ្ធ​សាធ និង​បានទាមទារ​សុំ​ឲ្យ​មានការ​ដោះស្រាយ​តាមផ្លូវ​នយោបាយ​វិញ។

សូមបញ្ជាក់ថា ពាក្យបណ្តឹង​សុំ​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ស្ថិតនៅក្នុង​ដៃ​របស់​តុលាការ​កំពូល​នេះ គឺធ្វើឡើង​ខណៈដែល​វិសោធនកម្ម​ច្បាប់​ចំនួន​បួន ដែល​បើកផ្លូវ​ឲ្យ​មាន​ការយក​អាសនៈ​គណបក្ស​ដែល​ត្រូវ​រំលាយ​ទៅ​បែងចែក​ឲ្យ​គណបក្ស​ដទៃ​នោះ ទើបតែ​ត្រូវបាន​ព្រះមហាក្សត្រ​ឡាយ​ព្រះ​ហត្ថលេខា​ដាក់​ឲ្យ​ប្រើប្រាស់​កាលពី​ថ្ងៃទី២៥ តុលា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ