អានតួអត្ថបទ
កម្ពុជា-ថៃ

ក្រសួង​ការ​បរទេស​ ប្រកាស​ថា​មិន​មាន​ពលរដ្ឋ​ខ្មែរ ក្នុង​គ្រោះថ្នាក់​ផ្ទុះ​គ្រាប់​បែក​នៅ​ថៃ ​តែ​ស្នើ​ឲ្យ​ប្រុងប្រយ័ត្ន

ក្រសួង​ការ​បទេស​កម្ពុជា បាន​ស្នើ​ឲ្យ​ពលរដ្ឋ​ខ្មែរ ដែល​ធ្វើ​ដំណើរ​កម្សាន្ត ទៅ​ធ្វើ​ជំនួញ និង​ពិនិត្យ​សុខភាព នៅ​ក្នុង​ប្រទេស​ថៃ​ជា​ដើម ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់។ ការ​ប្រកាស​នេះ​ ធ្វើ​ឡើង​​បន្ទាប់​ពី​មាន​ការ​បំផ្ទុះ​គ្រាប់​បែក នៅ​កណ្តាល​ទីក្រុង​បាងកក កាល​ពី​យប់​មិញ ដែល​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ និ​ង​របួស​ជា​ច្រើន​នាក់។ យ៉ាង​ណា​ក៏​ដោយ មក​ដល់​ព្រឹក​ថ្ងៃ​អង្គារ​នេះ អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា បាន​ប្រាប់​ថា នៅ​មិន​ទាន់​រក​ឃើញ​ថា មាន​ជន​រង​គ្រោះ​ខ្មែរ នៅ​ក្នុង​គ្រោះថ្នាក់​បំផ្ទុះ​គ្រាប់បែក​នោះ​នៅ​ឡើយ​ទេ។

ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​នៅ​ទីក្រុង​បាងកក​ កាល​ពី​យប់​ថ្ងៃ​ទី​១៧ ​ខែ​សីហា ​ឆ្នាំ​២០១៥។​
ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​នៅ​ទីក្រុង​បាងកក​ កាល​ពី​យប់​ថ្ងៃ​ទី​១៧ ​ខែ​សីហា ​ឆ្នាំ​២០១៥។​ REUTERS/Chaiwat Subprasom
ផ្សាយពាណិជ្ជកម្ម

ស្ថាន​ទូត​ខ្មែរ​ប្រចាំ​ទីក្រុង​បាងកក ប្រទេស​ថៃ កំពុង​តែ​ធ្វើ​ការ​ស្វែង​រក​ព័ត៌មាន​បន្ថែម​ទៀត​ ថា​តើ​មាន​ពលរដ្ឋ​ខ្មែរ​រងគ្រោះ នៅ​ក្នុង​គ្រោះ​ថ្នាក់ ផ្ទុះ​គ្រាប់​បែក​មួយ នា​ទីប្រជុំ​ជន កណ្តាល​ទីក្រុង​បាងកក ឬ​អត់។ ​យ៉ាងណា​ក៏​ដោយ មក​ដល់​ព្រឹក​ថ្ងៃ​អង្គារ​នេះ មិន​ទាន់​មាន​ការ​បញ្ជាក់​ថា មាន​ពលរដ្ឋខ្មែរ ស្ថិត​នៅ​ក្នុង​ចំណោម​ជន​រងគ្រោះ​ជា​ច្រើន​នាក់​នោះ​ទេ។​ នេះ​បើ​តាម​ការ​បញ្ជាក់​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​ ពី​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា លោក​ជុំ សន្ទរី។

អ្នក​នាំ​ពាក្យ​រូប​នេះ បាន​បន្ថែម​ថា ស្ថានទូត​កម្ពុជា​នៅ​ប្រទេស​ថៃ ក៏​បាន​ផ្តល់​ព័ត៌មាន និង​ស្នើឲ្យ​ពលរដ្ឋ​ខ្មែរ ដែល​នៅ​ទីនោះ ជា​ពិសេស​គឺ​ពលរដ្ឋ ដែល​ធ្វើ​ដំណើរ​កម្សាន្ត ទៅ​ធ្វើ​ជំនួញ ឬ​ទៅ​ពិនិត្យ​សុខភាព​ជា​ដើម ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដោយ​ខ្លួនឯង។ ប្រុង​ប្រយ័ត្ន ដោយ​មិន​ត្រូវ​ទៅ​ទីប្រជុំ​ជន ដែល​មាន​មនុស្ស​ច្រើន​កកកុញ ព្រោះ​ថា​ភេរវជន ចូលចិត្ត​បង្ក​មុខ​សញ្ញា​គ្រោះថ្នាក់​នៅ​កន្លែង​ប្រភេទ​នេះ។

លោក​ជុំ សន្ទរី បាន​ឲ្យ​ដឹង​ថា ទោះ​ជា​មាន​ហេតុការណ៍​យ៉ាង​នេះ​ក្តី​ ក៏​កម្ពុជា មិន​ទាន់​ចេញ​ជា​ការ​ហាម​ប្រាម​ពលរដ្ឋ​ខ្មែរ មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ​នោះ​ដែរ។ ក្រសួង និង​ស្ថានទូត ​ត្រូវ​ការ​ប្រមូល​ព័ត៌មាន​ពី​ស្ថានការណ៍​ជាក់​លាក់ ឲ្យ​បាន​ជា​មុន​សិន។ ហើយ​កម្ពុជា នឹង​បន្ត​ស៊ើប​ពី​មូលហេតុ​នៃ​រឿង​នេះ ជាមួយ​នឹង​ព្រះរាជាណាចក្រ​ថៃ ព្រោះ​មាន​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន ក៏​បាន​នឹង​កំពុង​រស់នៅ និង​ស្នាក់នៅ​ក្នុង​ប្រទេស​ថៃ​ផង​ដែរ។

គួរ​ជម្រាប​ជូន​ថា កាល​ពី​វេលា​ម៉ោង​ប្រមាណ​ជិត ៧យប់ ថ្ងៃ​ចន្ទ​ម្សិលមិញ ម៉ោង​ក្នុង​ស្រុក មាន​ករណី​ផ្ទុះ​គ្រាប់​បែក​មួយ បាន​កើត​ឡើង នៅ​មុខ​ទី​ព្រះ​ភូមិ​ ​អេរ៉ាវ៉ាន់​ កណ្តាល​ក្រុង​បាងកក និង​ជា​ទី​ដែល​មាន​ព័ទ្ធ​ជុំ​វិញ ដោយ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ធំៗ​។ មនុស្ស​ជា​ច្រើន​នាក់ បាន​ស្លាប់ និង​រង​របួស នៅ​ក្នុង​ហេតុការណ៍​នោះ។ ​អាជ្ញាធរ​ថៃ បាន​បញ្ជាក់​ថា ការ​បំផ្ទុះ​នេះ គឺ​មាន​ចេតនា​សំដៅ​ទៅ​លើ​ក្រុម​ជន​បរទេស​ ព្រោះ​ក្នុង​ចំនោម​អ្នក​ស្លាប់​សរុប​ ក៏​មាន​ជន​បរទេស​ជិត​ពាក់​កណ្តាល​ផង​ដែរ។ ជន​បរទេស​ទាំង​នោះ​ ភាគ​ច្រើន គឺ​ជាជន​ជាតិ​អាស៊ី មក​ពី​ចិន ហុងកុង ម៉ាឡេស៊ី និង សិង្ហបុរី ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ