អានតួអត្ថបទ
ថៃ

ថៃ​កំណត់​អត្តសញ្ញាណ​ជន​សង្ស័យ​បំផ្ទុះ​គ្រាប់​បែក

អាជ្ញាធរថៃ​ នៅ​ថ្ងៃ​អង្គារ​នេះ កំពុង​តែ​តាម​ប្រមាញ់​ជន​សង្ស័យ​ម្នាក់ ដែល​មាន​វត្តមាន​នៅ​ជិត​កន្លែង​​​បំផ្ទុះ​គ្រាប់​បែក​ នៅ​កណ្ដាល​ក្រុង​បាងកក កាល​ពី​យប់​មិញ​។ បុរស​សង្ស័យ​នេះ ត្រូវ​របប​យោធា​ថៃ​សន្និដ្ឋាន​ថា ជា​ក្រុម​អាវ​ក្រហម​ប្រឆាំង​រដ្ឋាភិបាល​។ នាយករដ្ឋ​មន្ដ្រី​ថៃ លោក ប្រាយុទ្ធ ចាន់អូចា បាន​ដាក់​បញ្ជា​ឲ្យ​ក្រុម​ស៊ើប​អង្កេត បាញ់​មុខ​ព្រួញ​ទៅ​រក​ក្រុម​ប្រឆាំង​រដ្ឋាភិបាល​ ដែល​មាន​ភក្ដីភាព​ស្មោះ​ស្ម័គ្រ​ចំពោះ​គ្រួសារ​លោក​ថាក់ស៊ីន ស៊ីណាវ៉ាត្រា​ ជា​ជាងពួក​ជនជាតិ​អ៊ុយហ្គួរ និង​​ក្រុមអ៊ីស្លាម​ជ្រុល​និយម​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​។

ភ្នាក់ងារ​សន្តិសុខ​ថៃ​កំពុង​ស្វែង​រក​វត្ថុតាង​នៅ​កន្លែង​កើត​ហេតុ​​ផ្ទុះ​គ្រាប់​បែក​ ក្រុង​បាងកក
ភ្នាក់ងារ​សន្តិសុខ​ថៃ​កំពុង​ស្វែង​រក​វត្ថុតាង​នៅ​កន្លែង​កើត​ហេតុ​​ផ្ទុះ​គ្រាប់​បែក​ ក្រុង​បាងកក REUTERS/Kerek Wongsa
ផ្សាយពាណិជ្ជកម្ម

បុរស​ជា​ជន​សង្ស័យដែល​សមត្ថកិច្ច​ថៃ​កំពុង​ស្វែង​រក​ដើម្បី​កំណត់​អត្តសញ្ញាណ​នេះ ត្រូវ​​គេ​ប្រទះ​ឃើញ​​មាន​វត្តមាន​នៅ​ជិត​កន្លែង​កើត​ហេតុ​បំផ្ទុះ​គ្រាប់​បែក មុខ​ទី​ព្រះ​ភូមិ​អេរ៉ាវ៉ាន់ កណ្ដាល​ក្រុង​បាងកក​ កាល​ពី​យប់​ថ្ងៃ​ចន្ទ។ ប្រមុខ​រដ្ឋាភិបាល​យោធា​ថៃ លោក ប្រាយុទ្ធ ចាន់អូចា គូស​បញ្ជាក់​ថា រូបភាព​ជន​សង្ស័យ​បង្ហាញ​នៅ​ក្នុង​វីដេអូ CCTV ប៉ុន្តែ​វា​មិន​ច្បាស់​ទេ ត្រូវ​ស្វែង​រក​ការ​បញ្ជាក់​អត្តសញ្ញាណ​ជា​មុន​សិន​។

រហូត​មក​ទល់​រសៀល​ថ្ងៃ​អង្គារ​នេះ ពុំ​ទាន់​មាន​ក្រុម ឬ​ជន​ណា​ប្រកាស​ទទួល​ស្គាល់​អំពើ​ភេរវកម្ម​បំផ្ទុះ​គ្រាប់​បែក​ទេ​។ ប៉ុន្តែ​របប​យោធា​ថៃ​ដាក់​ការ​សង្ស័យ​ថា វា​ជា​ស្នាដៃ​របស់​ក្រុម​ប្រឆាំង​រដ្ឋាភិបាល ដែល​មាន​មូលដ្ឋាន​នៅ​ភាគ​ឦសាន​ប្រទេស​ថៃ​។ ភាគ​ឦសាន​​ប្រទេស​ថៃ ដែល​ជា​បេះដូង​នៃ​ចលនា​អាវ​ក្រហម​ប្រឆាំង​រដ្ឋាភិបាល និង​ដែល​មាន​ភក្ដីភាព​ស្មោះ​ស្ម័គ្រ​ចំពោះ​គ្រួសារ​លោក​ថាក់ស៊ីន ស៊ីណាវ៉ាត្រា​។

គួរ​ជម្រាប​ជូន​ថា នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ ដែល​អាជ្ញាធរ​ដាក់​ការ​ទទួល​ខុស​ត្រូវ​លើ​ក្រុម​អាវ​ក្រហម ចំពោះ​ការ​វាយ​ប្រហារ​ដោយ​ហឹង្សា​នៅ​ប្រទេស​ថៃ​។ កាល​ពី​ខែកុម្ភៈ​ដើម​ឆ្នាំ​២០១៥​នេះ របប​សឹក​ថៃ​បាន​ចោទ​ប្រកាន់​ទៅ​លើ​ក្រុម​អាវ​ក្រហម ចំពោះ​ការ​បំផ្ទុះ​គ្រាប់​បែក​ចំនួន​ពីរ នៅ​ក្បែរ​ហាង​ទំនិញ​ដ៏​ពេញ​និយម​មួយ បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​រង​របួស​។

ចំពោះ​ហេតុការណ៍​បំផ្ទុះ​គ្រាប់​បែក​ថ្មី​នេះ ក្រៅ​តែ​ពី​ក្រុម​អាវ​ក្រហម​ប្រឆាំង​របប​យោធា សមត្ថកិច្ច​បាន​ដាក់​ការ​សង្ស័យ​ទៅ​លើ​​ក្រុម​អ៊ីស្លាម​ជ្រុល​និយម បះបោរ​ចង់​ផ្ដាច់​ទឹក​ដី​កំរិត​មធ្យម​នៅ​ភាគ​ខាង​ត្បូង​បំផុត​នៃ​ប្រទេស​ និង​ពួក​ជនជាតិ​អ៊ុយហ្គួរ ដែល​ត្រូវ​បាន​ថៃ​បញ្ជូន​ទៅ​ប្រទេស​ចិន​កាល​ពីដើម​ខែ​កក្កដា​។ ប៉ុន្តែចុង​ក្រោយ​នេះ នាយករដ្ឋ​មន្ដ្រី​ ប្រាយុទ្ធ ចាន់អូចា បាន​ដាក់​បញ្ជា​ឲ្យ​ក្រុម​ស៊ើប​អង្កេត បាញ់​មុខ​ព្រួញ​ទៅ​រក​ក្រុម​អាវ​ក្រហម​ប្រឆាំង​រដ្ឋាភិបាល​​នេះ ជា​ជាង​ពួក​ជនជាតិ​អ៊ុយហ្គួរ ឬ​ក្រុមអ៊ីស្លាម​ជ្រុល​និយម​នៅ​ភាគ​ខាង​ត្បូង​ប្រទេស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ