ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាបារម្ភពីលំហូរជនជាតិចិនក្នុងរយៈពេល២ ឆ្នាំចុងក្រោយ
«២ឆ្នាំចុងក្រោយនេះ ជនអន្តោប្រវេសន៍ចិនបានហូរចូលមកកម្ពុជាយ៉ាងកំហុក ហើយអាជ្ញាធរពុំមានវិធានការច្បាស់លាស់ដើម្បីទប់ស្កាត់ឡើយ» ។ នេះគឺជាក្ដីបារម្ភរបស់ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា តាមរយៈសេចក្ដីថ្លែងការណ៍ចុះថ្ងៃពុធទី២៦ធ្នូនេះ។ បន្ថែមពីការព្រួយបារម្ភស្ថាប័នឃ្លាំមើលមួយនេះនិយាយថា ពលរដ្ឋខ្មែរអាចនឹងក្លាយជាជនជាតិភាគតិចនៅលើទឹកដីខ្លួន បើពុំមានការទប់ស្កាត់ឲ្យទាន់ពេលវេលា។ ប៉ុន្តែយ៉ាងណាមិញ នៅក្នុងថ្ងៃដដែលនេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ចេញមកបដិសេធនឹងការលើកឡើងទាំងនេះ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០១:៥២
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាបានបរិហាថា បច្ចុប្បន្នកំណើនជនជាតិចិនមានចំនួនកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលធ្វើឲ្យខេត្តក្រុងមួយចំនួនគ្មានសណ្ដាប់ធ្នាប់និងបង្កអន្តិសុខ។ ជាក់ស្ដែងខេត្តព្រះសីហនុ បានបង្កភាពភ័យខ្លាចដល់ភ្ញៀវទេសចរបរទេសនិងពលរដ្ឋក្នុងស្រុកដែលទៅលេងកំសាន្តនៅខេត្តមួយនេះ។ ក្រៅពីខេត្តព្រះសីហនុលំហូរជនជាតិបានធ្វើដំណើរទៅដល់ខេត្ត កោះកុង កំពត ស្វាយរៀង ជាដើម។
តាមរយៈក្ដីព្រួយបារម្ភនេះក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាថា ពលរដ្ឋខ្មែរអាចនឹងក្លាយជាជនជាតិភាគតិចនៅលើទឹកដីខ្លួន បើពុំមានការទប់ស្កាត់អន្តោប្រវេសន៍ចិនឲ្យទាន់ពេលវេលា។
លោក រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាបានគូសបញ្ជាក់ថា ការលើកឡើងរបស់ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាមិនមែនជាការរើសអើងពូជសាសន៍ឡើយ តែចង់ស្នើឲ្យរដ្ឋាភិបាលមានវិធាការទប់ស្កាត់ចំពោះលំហូរជនអន្តោប្រវេសន៍ចិនឲ្យបានច្បាស់លាស់។ លោកបន្ថែមថា ដោយសារតែការគ្រប់គ្រងពុំមានភាពច្បាស់លាស់ វត្តមានជនជាតិចិនបានធ្វើឲ្យប៉ះពាល់ដល់មុខរបរនិងការងាររបស់ពលរដ្ឋខ្មែរ។ លោក រ៉ុង ឈុន រំពឹងថា កង្វល់និងសំណើររបស់ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាទទួលបានការឆ្លើយតបវិជ្ជមានពីរដ្ឋាភិបាលកម្ពុជា។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃឲ្យដឹងថា កង្វល់បែបណាក៏អាជ្ញាធរទទួលយកមកដោះស្រាយជាបន្តបន្ទាប់ដែរ។ ជាក់ស្ដែងបញ្ហានៅក្នុងខេត្តព្រះសីហនុ ថ្នាក់ជាតិបានបញ្ជូនក្រុមការងារទៅដោះស្រាយជាបន្តបន្ទាប់។ បន្ថែមលើនេះអ្នកនាំពាក្យដដែលស្នើឲ្យពលរដ្ឋជឿជាក់លើរដ្ឋាភិបាលក្នុងបញ្ហាលំហូរជនជាតិចិន។
ជាការកត់សម្គាល់ ក្ដីព្រួយបារម្ភទៅលើលំហូរជនជាតិនៅកម្ពុជាតែងតែកើតមានឡើងជារឿយៗ។ វិធានការរបស់រដ្ឋាភិបាលតែងតែកើតមានជាបន្តបន្ទាប់ដែរ ប៉ុន្តែរលករិះគន់និងក្ដីព្រួយបារម្ភពីវត្តមានចិននៅកម្ពុជានៅតែកើតឡើង។ តួលេខដោយឡែកស្ដីពីកំណើនភ្ញៀវទេសចរណ៍ចិនមកទស្សនាកម្ពុជាមានជិត២លាននាក់ក្នុងឆ្នាំ២០១៨នេះ ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ