អានតួអត្ថបទ
កម្ពុជា-នយោបាយ

កម្ពុជា​-​វៀតណាម​ សន្យា​ពន្លឿន​ការ​បោះបង្គោល​ព្រំដែន​គោក​ និង​​ធានា​សិទ្ធ​ស្រប​ច្បាប់​អនិកជន​វៀតណាម​​នៅ​កម្ពុជា

ប្រធានាធិបតី​​ថ្មី​នៃ​​សាធារណរដ្ឋ​សង្គម​និយម​​វៀតណាម​លោក ត្រាន់ ​ដាយ​ក្វាង ​បាន​បញ្ចប់​ដំណើរ​​​ទស្សនកិច្ច​​ជា​​ផ្លូវរដ្ឋ​​រយៈពេល​២​ថ្ងៃ​​នៅ​​កម្ពុជា​​ហើយ ​នៅ​​ល្ងាច​​ថ្ងៃទី​១៦​មិថុនា ​ឆ្នាំ​​២០១៦​​នេះ​។ ​ក្រោយ​​បញ្ចប់​​ដំណើរ​​ទស្សនកិច្ច​​នេះ ​ភាគី​​ទាំងពីរ ​បាន​ចេញ​​សេចក្តី​​ថ្លែង​​ការណ៍​​​រួម​​មួយ ​ដោយ​មាន​​ខ្លឹមសារ​​ចំនួន​១៣​ចំណុច ​ក្នុង​នោះ​ភាគី​​ទាំង​ពីរ​ក៏​បាន​​សន្យា​​រួម​គ្នា ​​ដោះ​ស្រាយ​​លើ​​បញ្ហា​​ព្រំដែន​​ដែល​​នៅ​​សេស​សល់ ​និង​​ព​ន្លឿ​ន​​ការ​បោះ​បង្គោល​​ព្រំដែន​​​រវាង​​ប្រទេស​​ទាំងពីរ​​ឲ្យ​​បាន​​ឆាប់​​ចប់​​ផងដែរ។​

រូប​ថត​របស់​ប្រធានាធិបតី​វៀតណាម​លោក ត្រាន់ ដាយ​ក្វាង ​និង​ភរិយា ​ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​ភ្នំពេញ ​ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​នៅ​កម្ពុជា។​
រូប​ថត​របស់​ប្រធានាធិបតី​វៀតណាម​លោក ត្រាន់ ដាយ​ក្វាង ​និង​ភរិយា ​ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​ភ្នំពេញ ​ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​នៅ​កម្ពុជា។​ @Facebook
ផ្សាយពាណិជ្ជកម្ម

 

​នៅ​ក្នុង​​សេចក្តី​ថ្លែងការណ៍​​រួម​​ដែល​មាន​​កម្រាស់​៤​ទំព័រ​​និង​​មាន​​ខ្លឹមសារ​​ចំនួន​១៣​ចំណុច​​នេះ ​ភាគី​​ទាំង​ពីរ ​បាន​​សន្យា​​អនុវត្ត​​ឲ្យ​​បាន​​ពេញ​លេញ​​នូវ​​គោលការណ៍​​ដែល​​មាន​ចែង​​ក្នុង​​សេចក្តី​​ថ្លែង​​ការណ៍​​រួម​​កម្ពុជា​-​វៀតណាម ​ឆ្នាំ​១៩៩៩,​ឆ្នាំ​២០០៥​, ​ឆ្នាំ​២០០៩​,​ឆ្នាំ​២០១១​និង​​ឆ្នាំ​​២០១៤​​ដើម្បី​​​គោរព​​ទៅ​វិញ​ទៅ​មក​​នូវ​​ឯករាជ្យ​ភាព​ អធិបតេយ្យភាព ​បូរណភាព​ទឹកដី ​ការ​មិន​​ជ្រៀត​​ជ្រែក​​​កិច្ចការ​​ផ្ទៃ​ក្នុង​​គ្នា ​រួម​ទាំង​​ការ​មិន​​អនុញ្ញាត​​ឲ្យ​​មាន​​កម្លាំង​​អមិត្ត​​ណា​មួយ ​ប្រើ​ប្រាស់​​ទឹកដី​​របស់​ខ្លួន ​ដើម្បី​​គំរាម​កំហែង​​សន្តិសុខ​​ប្រទេស​​មួយ​ទៀត ​រួម​ទាំង​​ការ​សន្យា​​ដោះ​ស្រាយ​​រាល់​​បញ្ហា​​ដោយ​​ការ​ចរចារ​​និង​​សន្តិវិធី​​ផងដែរ។​

គួរ​​ជំរាប​ជូន​​ថា ​លោក​ ត្រាន់ ​ដាយ​ក្វាង ​ប្រធានាធិបតី​​វៀតណាម​បាន​មក​​បំពេញ​​ទស្សនកិច្ច​​រយៈ​ពេល​​ពីរ​​ថ្ងៃ​​នៅ​​កម្ពុជា ​ចាប់​ពី​​ថ្ងៃទី​១៥​-​១៦​ ខែមិថុនាឆ្នាំ២០១៦ ​ដោយ​បាន​​ជួប​​ជា​មួយ​​មន្ត្រី​សំខាន់ៗ​របស់​​កម្ពុជា ​ដូចជា ​ប្រធាន​ព្រឹទ្ធសភា​​លោក ​សាយ ឈុំ​,​ប្រធាន​រដ្ឋសភា​​លោក​ ហេង​សំរិន​,នាយករដ្ឋមន្ត្រី​​កម្ពុជា​​លោក​ ហ៊ុន សែន ​និង​​ក៏​បាន​​ចូល​​បង្គំ​​គាល់​​ព្រះ​មហាក្សត្រ​​កម្ពុជា ​នៅ​ក្នុង​​ព្រះ​បរមរាជវាំង​​ផងដែរ​។ ​ក្រៅពី​នេះ ​ប្រធាន​​រដ្ឋ​​វៀតណាម ​លោក​ ត្រាន់ ​ដាយ​ក្វាង​ និង​​ភរិយា​​លោក​ស្រី ​ង្វៀន ​ធី​ហៀន ​ក៏​បាន​​ទៅ​​ថ្វាយ​បង្គំ​​សម្តេច​​សង្ឃរា​ជ្យ​​ទាំងពីរ​​គណៈ ​និង​​ទៅ​​គោរព​​វិញ្ញាណក្ខន្ធ​​យុទ្ធជន​​កម្ពុជា​​នៅ​​វិមានឯករាជ្យ​, ​គោរព​វិញ្ញាណក្ខន្ធ​​ព្រះ​បរម​រតន​កោដ្ឋ និង​​ស្តូប​​មិត្តភាព​​កម្ពុជា​-​វៀតណាម​ ​ដែល​​ស្ថិត​នៅ​លើ​​សួន​ច្បារ​​មុខ​​វត្ត​បុ​ទុម​វ​ត្តី​​ផងដែរ។

នៅ​ក្នុង​​សេចក្តី​ថ្លែងការណ៍​​រួម​ក្រោយ​​បញ្ចប់​​ដំណើរ​​ទស្សនកិច្ច​​ជា​​លើក​ទី១​នៅ​​កម្ពុជា​​នេះ ​ភាគី​​ទាំង​ពីរ ​ក៏​បាន​​បញ្ជាក់​​សាជា​ថ្មី​ថា ​និង​​បន្ត​​អនុវត្ត​​ឲ្យ​​បាន​​ពេញ​លេញ​​នូវ​​បណ្តា​​សន្ធិសញ្ញា ​កិច្ច​ព្រម​ព្រៀង ​និង​​អនុស្សារណៈ ​នៃ​​ការ​យោគយល់​​គ្នា​ស្តីពី​បញ្ហា​​ព្រំដែន​​រវាង​​ប្រទេស​​ទាំង​ពីរ ​និង​​បាន​​​ប្តេជ្ញាចិត្ត​​ក្នុង​ការ​​ស្វែងរក​​ដំណោះស្រាយ​​ជា​​ស្ថាពរ ​នូវ​​ចំណុច​​ព្រំដែន​​សេសសល់​​នៅ​តាម​​បណ្តោយ​​​ព្រំដែន​​​កម្ពុជា​​-​​វៀតណាម​ ​ដើម្បី​បញ្ចប់​​ការ​ងារ​​ខណ្ឌសីមា ​និង​​ការ​បោះ​បង្គោល​​ព្រំ​ដែន​​​គោក​​ឲ្យ​​បាន​​ឆាប់​​តាម​​ដែល​​អាច​ធ្វើ​​ទៅ​បាន ​ក្នុង​​គោលបំណង​​កសាង​​ខ្សែបន្ទាត់​​ព្រំដែន ​នៃ​​សន្តិភាព ​មិត្តភាព ​កិច្ចសហប្រតិបត្តិការ ​និង​​ការអភិវឌ្ឍ ​ប្រកប​ដោយ​​ចីរភាព​​រវាង​​កម្ពុជា ​និង​​វៀតណាម។ ​សូម​បញ្ជាក់ថា​ ការ​បោះ​បង្គោល​​ព្រំដែន ​កម្ពុជា​-​វៀតណាម ​បច្ចុប្បន្ន​​សម្រេច​បាន​​ប្រមាណ​​ជា៨០%ហើយក្នុងចំណោម​ខ្សែបន្ទាត់​ព្រំដែន​គោក​ប្រមាណ១២៧០​គីឡូ​ម៉ែត្រ។

លើ​​បញ្ហា​ពានិជ្ជកម្ម​ភាគី​ទ្វេភាគី​វិញ ភាគី​ទាំងពីរ​ក៏បាន​សន្យា​ពិនិត្យឡើងវិញ នូវ​គោល​នយោ​បាយ​​​ទាំងឡាយ ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​ទំហំ​ពានិជ្ជកម្ម​ទ្វេភាគី​ប្រមាណ​ជា ៥ពាន់​លាន​ដុល្លា​អាមេរិក​​នា​បណ្តា​ឆ្នាំ​ខាងមុខ។ លើ​បញ្ហា​ជនអន្តោប្រវេសន៍​វៀតណាម​វិញ លោក​ប្រមុខរដ្ឋ វៀតណាម​ ត្រាន់ ដាយ​ក្វាង ក៏បាន​បង្ហាញ​ក្តី​សង្ឃឹមថា ភាគី​កម្ពុជា​នឹង​ចាត់វិធានការ​ក្នុង​ការ​ធានា​សិទ្ធិ​ស្របច្បាប់​របស់​អនិកជន​វៀតណាម​ដែល​កំពុង​រស់នៅ​កម្ពុជា ដូច​អនិកជន​បរទេស​​ដទៃ​​ទៀត​ដែរ នៅក្នុង​ស្មារតី​ជា​អ្នកជិតខាង​ល្អ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ