អានតួអត្ថបទ
កម្ពុជា

៤​មិថុនា​២០១៦​៖​​៦៧​ឆ្នាំ​ហើយ​​ដែល​ខ្មែរ​កម្ពុជា​ក្រោម​​រង​ការ​ធ្វើ​ទុក្ខ​ពី​​​​វៀតណាម​

ក្រោយ​ពី​បាន​ការ​អនុញ្ញាត​ពី​សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី ៤​មិថុនា​នេះ សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម បាន​ប្រារព្ធ​ខួប ៦៧​ឆ្នាំ នៃ​ការ​បាត់បង់​ទឹក​ខ្មែរ​កម្ពុជា​ក្រោម ក្នុង​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ ស្ថិត​នៅ​រាជធានី​ភ្នំពេញ​។ ពិធី​ដែល​មាន​ទាំង​ការ​រាប់​បាត្រ​ព្រះសង្ឃ​ចំនួន ១​ពាន់​៩៤៩​អង្គ​នេះ ទទួល​បាន​ការ​ចូលរួម​ពី​ព្រះរាជ​តំណាង​ព្រះមហាក្សត្រ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជាក្រោម ជា​ច្រើន​ពាន់​នាក់​។ ថ្លែង​ក្នុង​ពិធី​នោះ ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម បាន​រៀប​រាប់​ពី​ទុក្ខ​វេទនា​របស់​ពលរដ្ឋ និង​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ ដែល​ត្រូវ​អាជ្ញាធរ​វៀតណាម​ធ្វើ​ទុក្ខ​បុក​ម្នេញ​ជា​ប្រចាំ អស់​រយៈពេល ៦៧​ឆ្នាំ​មក​ហើយ និង​បាន​អំពាវនាវ​ឲ្យ​មាន​ការ​រួម​គ្នា ទារ​យក​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម​មក​វិញ​។

ព្រះសង្ឃខ្មែរកម្ពុជាក្រោម។
ព្រះសង្ឃខ្មែរកម្ពុជាក្រោម។ @Facebook
ផ្សាយពាណិជ្ជកម្ម

 

៤មិថុនា ១៩៤៩ - ៤មិថុនា ២០១៦ គឺ​ជា​ខួប ៦៧​ឆ្នាំ​ដែល​អាណានិគម​បារាំង បាន​កាត់​ផ្ទេរ​ទឹក​ដី​ខ្មែរកម្ពុជា​ក្រោម ទៅ​ឲ្យ​វៀតណាម​។ សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម រួម​នឹង​សមាគម​មួយ​ចំនួន​ ព្រមទាំង​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ផ្សេង​ទៀត បាន​ចូល​រួម​ក្នុង​ពិធី​នេះ​យ៉ាង​ឱឡារិក និង​មិន​មាន​ការ​រារាំង​អ្វី​ឡើយ​។ ក្នុង​នោះ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា ទ្រង់​ក៏​បាន​ប្រោស​ព្រះរាជ​ទាន សម្តេច ស៊ី​សុវត្តិ ពង្ស​នារី មុនី​ពង្ស ដើម្បី​យាង​ជា​ព្រះរាជ​តំណាង​ដ៏​ខ្ពង់​ខ្ពស់​ជំនួស​ព្រះអង្គ​ផង​ដែរ​។

ក្រៅ​ពី​នោះ ពីធី​រំលឹក​ខួប ដែល​បាន​ប្រារព្ធ​ឡើង នៅ​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ ស្ថិត​ក្នុង​សង្កាត់​ជ្រោយ​ចង្វារ ខណ្ឌ​ជ្រោយ​ចង្វារ រាជធានី​ភ្នំពេញ ក៏​មាន​វត្តមាន​របស់​អ្នក​តំណាងរាស្ត្រ​នៃ​គណបក្ស​សង្គ្រោះជាតិ​មួយ​ចំនួន​ដែរ ប៉ុន្តែ​មិន​មាន​វត្ត​មាន​របស់​តំណាងរាស្ត្រ​បក្ស​ប្រជាជន​កម្ពុជា​នោះ​ឡើយ ទោះ​បី​ជា​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម អះអាង​ថា គេ​បាន​អញ្ចើញ​បក្ស​កាន់​អំណាច​ជា​រៀង​រាល់​ឆ្នាំ​ក៏​ដោយ​។

ថ្លែង​ក្នុង​ទិវា​រំលឹក​ខួប​នោះ ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក​ថាច់ សេដ្ឋា បាន​រៀបរាប់​ពី​ទុក្ខ​វេទនា​របស់​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម បន្ទាប់​ពី​វៀតណាម​ចូល​ទៅ​គ្រប់​គ្រង​ទឹក​ដី​នេះ​។ ក្នុង​នោះ លោក​ថាច់ សេដ្ឋា ដែល​ហៅ​វៀតណាម ថា«យួន» ពេញ​ៗ​មាត់ ក៏​បាន​លើក​ឡើង​ថា ចលនា​ប្រារព្ធ​ទិវា​នេះ ជារៀងរាល់​ឆ្នាំ គឺ​ជា​ការ​បង្ហាញ​ពី​ភាព​ឈឺ​ចាប់​របស់​ខ្មែរ ឲ្យ​វៀតណាម​បាន​ដឹង​ថា ខ្មែរ​មាន​សាមគ្គីភាព​គ្នា​។

គួរ​រម្លឹក​ជូន​ថា កត្តា​សាមគ្គី​ជាតិ​របស់​ពលរដ្ឋ​ខ្មែរ និង​ខ្មែរ​កម្ពុជាក្រោម​កន្លងមក បាន​ធ្វើ​ឲ្យ​ភាគី​វៀ​តណាម មិន​សប្បាយ​ចិត្ត ហើយ​ប្រើ​សកម្មភាព​ទប់​ស្កាត់​ផ្សេង​ៗ​។ ប៉ុន្តែ​មក​ដល់​ពេល​នេះ សហគមន៍​ខ្មែរ​កម្ពុជាក្រោម បាន​អះអាង​ថា ខ្លួន​បាន​ទទួល​ជោគជ័យ ក្នុង​ការ​ទាមទារ​នេះ ដោយ​សារ​ភាគី​បារាំង បាន​យល់​ព្រម​ជួយ​ផ្តល់​ឯកសារ​ទាំង​ឡាយ ដែល​ពាក់ព័ន្ធ​នឹង​ការ​កាត់​ផ្ទេរ​ទឹក​ដី​ខ្មែរ​កម្ពុជាក្រោម ដែល​បារាំង​ហៅថា កូសាំង​ស៊ីន ទៅ​ឲ្យ​អាណានិគមវៀតណាម​ ត្រួត​ត្រា​បន្ត នៅ​ថ្ងៃ​ទី ៤​មិថុនា ១៩៤៩​។ ហើយ​ជា​លទ្ធផល គឺ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ​និង​សម្ព័ន្ធ​យុវជន​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ​ បាន​ទៅ​ស្រាវជ្រាវ និង​រក​ឃើញ​ឯកសារ​ថត​ចម្លង​ជិត ៤​ពាន់​ទំព័រ និង​ផែនទី​ចំនួន ២៤៨​ផ្ទាំង ដែល​ក្នុង​នោះ​មាន​ផែនទី​កម្ពុជា ចំនួន ១៥៦ផ្ទាំង និង​កម្ពុជាក្រោម ៩២ផ្ទាំង​។ បច្ចុប្បន្ន សហគមន៍​នេះ បាន​និង​កំពុង​បក​ប្រែ​ឯកសារដែល​គេ​រក​ឃើញ​នោះ ជា​ភាសា​ខ្មែរ រួច​នឹង​រៀបចំ​បោះពុម្ព ចែក​ជូន​ពលរដ្ឋ​ខ្មែរ​។

សូម​បញ្ជាក់​ថា បើ​តាម​ឯកសារ​របស់​សហគមន៍​នេះ​ ទឹក​ដី​កម្ពុជា​ក្រោម​មាន​ផ្ទៃ​ដី​ ៦៨,៩៦៥​គីឡូ​ម៉ែត្រក្រឡា ហើយ​បច្ចុប្បន្ន​មាន​ប្រជាជន​រស់​នៅ​ជាង ១៤​លាន​នាក់ មាន​វត្ត​អារាម​ពុទ្ធសាសនា ៥៦៧​វត្ត និង​មាន​ព្រះសង្ឃ​ខ្មែរ​ជាង ២​ម៉ឺន​អង្គ​គង់​នៅ​។ ទឹក​ដី​កម្ពុជា​ក្រោម ពី​សម័យ​ដើម មាន​ឈ្មោះ​ថា ហ្វូណន ឬចេន​ឡា​ក្រោម ហើយ​ក្រោយ​មក​ក៏​មាន​ការ​រួបរួម​ទៅ​ជា​ទឹកដី​នៃ​ព្រះរាជាណាចក្រកម្ពុជា​។ បើ​តាម​ប្រវត្តិសាស្ត្រ ទឹក​ដី​នេះ ពី​មុន​មក​មិន​ដែល​មាន​ជាតិសាសន៍​ដទៃ​រស់​នៅ​នោះ​ទេ ប៉ុន្តែ​ក្រោយ​ពី​មាន​ការ​រៀបអភិសេក​ រវាង​ព្រះរាជា​ខ្មែរ ព្រះបាទ​ជ័យ​ជេដ្ឋា​ទី​២ និង​បុត្រី​នៃ​រាជវង្ស​យួន ក្នុង​ឆ្នាំ ១៦២៣ គេ​ឃើញ​វត្តមាន​ជនជាតិ​យួន​ ចាប់​ផ្តើម​មក​រស់​នៅ​លើ​ទឹកដី​នេះ​។

ក្រោយ​មក​យូរ​ឆ្នាំ​ទៀត គឺ​នៅ​ឆ្នាំ ១៩៤៩ ពេល​ចប់​សង្គ្រាម​លោក​លើក​ទី​២ ​បារាំង បាន​កាត់​ទឹក​ដី​នេះទៅ​ឲ្យ​វៀតណាម​។ ហើយ​ពលរដ្ឋ និង​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ទី​នោះ អះអាង​ថា រដ្ឋ​អាជ្ញាវៀតណាម បាន​ប្រើ​អំពើ​ហិង្សា​យ៉ាង​ព្រៃ​ផ្សៃ ប្រើ​ទណ្ឌកម្ម បង្ខិត​បង្ខំ កាត់​ទោស​ប្រហារ​ជីវិត និង​ចាប់​ដាក់​គុក ពលរដ្ឋ ឬ​ព្រះសង្ឃ​ខ្មែរ​ណា ដែល​ហ៊ាន​ប្រើ​សកម្មភាព​ទាម​ទារ​ទឹក​ដី​កម្ពុជា​ក្រោម មក​ជា​របស់​ខ្មែរ​វិញ​។ ក្នុង​នោះ វៀតណាម ថែម​ទាំង​ព្យាយាម​បំបាត់​ទំនៀម​ទម្លាប់ ប្រពៃណី និង​សាសនា​របស់​ជនជាតិ​ដើម​ខ្មែរ លើ​ទឹក​ដីខ្មែរ​កម្ពុជា​ក្រោម​ទៀតផង​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ