អានតួអត្ថបទ
កម្ពុជា

តុលាការ​ខ្មែរ​ក្រហម​នឹង​ប្រកាស​សាល​ក្រម​សំណុំ​រឿង​០០២​/​០២ ​ប្រឆាំង​នួន​ ជា​ និង ​ខៀវ សំផន នៅ​ចុង​ឆ្នាំ​២០១៨​នេះ

អង្គ​​ជំនុំ​​ជម្រះ​​សាលា​​ដំបូង​​នៃ​​សាលា​​ក្តី​​ខ្មែរ​​ក្រហម ​​កាល​​ពី​​រសៀល​​ថ្ងៃ​​ពុធ​​ម្សិលមិញ ​​បាន​​ចេញ​​ផ្សាយ​​ថា ​​តុលាការ​​កូន​​កាត់​​នេះ ​​នឹង​​ធ្វើ​​ការ​​ប្រកាស​​សាលក្រម ​​លើ​​សំណុំ​រឿង ​​០០២​​/​​០២ ​ពាក់ព័ន្ធ​​នឹង​​ជន​​ជាប់ចោទ ​​នួន ជា ​​និង​​ខៀវ សំផន​​ ដោយ​​កំណត់​​យក​​ថ្ងៃ​​ទី​​១៦​​ ខែ​​វិច្ឆិកា ​ឆ្នាំ​​២០១៨​​​​។ ​​ការ​​ប្រកាស​​សាល​ក្រម​​នេះ ​​ធ្វើ​​ឡើង​​បន្ទាប់​​ពី​​តុលាការ ​​បើក​​សវនាការ​​សួរ​ដេញដោល ​​រួម​ទាំង​​ធ្វើ​​សេចក្តី​​សន្និដ្ឋាន​​ផង​​នោះ​ ​អស់​​រយៈពេល​​​​ជាង​​​២​​ឆ្នាំ​​។

នួន ជា និង​លោក ខៀវ សំផន ​នៅក្នុង​សវនាកា​រសាលា​​ក្តី​​​ខ្មែរ​​​ក្រហម​កន្លង​មក
នួន ជា និង​លោក ខៀវ សំផន ​នៅក្នុង​សវនាកា​រសាលា​​ក្តី​​​ខ្មែរ​​​ក្រហម​កន្លង​មក
ផ្សាយពាណិជ្ជកម្ម

អនុ​លោម​តាម​វិធាន​ផ្ទៃ​ក្នុង ​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​តុលាការ​ខ្មែរ​ក្រហម ​បាន​កំណត់​ពេលវេលា​រួច​ហើយ​ថា ​នឹង​ប្រកាស​សាល​ក្រម​ជុំវិញ​សំណុំ​រឿង ​០០២​/​០២ ​លើ​ជន​ជាប់ចោទ ​នួន ជា ​និង​ខៀវ សំផន​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​១៦ ​ខែ​វិច្ឆិកា​ឆ្នាំ​២០១៨ ​នេះ​។ ​តាម​ការ​ប្រកាស​របស់​តុលាការ​កាល​ពី​ម្សិលមិញ ​សវនាការ​ដេញដោល​ពិនិត្យ​ភស្តុតាង​សំណុំ​រឿង ​០០២​/​០២ ​បាន​ចាប់ផ្តើម​ដោយ​ការ​ធ្វើ​សេចក្តី​សន្និដ្ឋាន​ចោទ​ប្រកាន់​នៅ​ថ្ងៃ​ទី​១៧ ​ខែ​ តុលា​ ឆ្នាំ ​២០១៤ ​និង​បានបញ្ចប់​នៅ​ថ្ងៃ​ទី​១១​ ខែ​មករា​ ឆ្នាំ​២០១៧​។

ការ​ជំនុំ​ជម្រះ ​រួម​ទាំង​ការ​ស្តាប់​សេចក្តី​សន្និដ្ឋាន​បិទ​បញ្ចប់​កិច្ច​ពិភាក្សា​ដេញដោល​ផង ​មាន​រយៈពេល​សរុប​ចំនួន ​២៨៣​ថ្ងៃ​។ ​ក្នុង​អំឡុង​ពេល​សវនាកា​រ​នេះ ​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​បាន​ស្តាប់​សក្ខីកម្ម​ពី​បុគ្គល​សរុប​ចំនួន ​១៨៥​នាក់​ ក្នុង​នោះ​មាន​សាក្សី​បញ្ជាក់​អង្គហេតុ​ចំនួន ​១១៤​នាក់ ​ដើម​បណ្តឹង​រដ្ឋប្បវេណី​ចំនួន ​៦៣​នាក់ ​និង​អ្នក​ជំនាញ​ចំនួន​ ៨​នាក់​។ ​សវនាការ​នេះ​មានការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សាធារណជន ​ដោយ​មាន​អ្នក​ចូលរួម​ស្តាប់ ​និង​តាមដាន​សវនាការ ​ដោយ​ផ្ទាល់​ជាង​៨​ម៉ឺន​នាក់​ផង​ដែរ​។

សូម​បញ្ជាក់​ថា ​នៅ​ក្នុង​សំណុំ​រឿង ​០០២​/​០២​នេះ ​នួន ជា ​ដែល​ជា​អនុ​លេខា​បក្ស​កុម្មុយនីស្ត​កម្ពុជា ​និង ​ខៀវ សំផន ​ជា​ប្រមុខ​រដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ​អ្នក​ទាំងពីរ ​បាន​រង​បទ​ចោទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ ​អំពើ​ប្រល័យ​ពូជសាសន៍ ​និង​ការ​បំពារ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​ទៅលើ​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ ​ពាក់ព័ន្ធ​ទៅ​នឹង​ទីតាំង​ឧក្រិដ្ឋកម្ម ​និង​ការ​ចោទ​ប្រកាន់​លើ​អង្គហេតុ​មួយ​ចំនួន ​រួមមាន​ការ​ដ្ឋាន​ការងារ ​និង​សហករណ៍ ​មន្ទីរ​សន្តិសុខ ​និង​ទីតាំង​សម្លាប់​មនុស្ស​ជា​ច្រើន ​ក្នុងនោះ​មាន​មន្ទីរ​សន្តិសុខ ​ស​-​២១ ​ឬ​គុក​ទួលស្លែង​ផង​ដែរ​។ ​ក្រៅ​ពីនេះ ​នួន ជា ​និង​ ​ខៀវ សំផន ​ក៏​រង​បទ​ចោទ ​អំពើ​ប្រល័យ​ពូជសាសន៍​ទៅ​លើ​ប្រជាជន​ចាម ​និង​វៀតណាម​ ការ​ប្រព្រឹត្ត​​ចំពោះ​​ពុទ្ធ​សាសនិកជន ​និង​អតីត​មន្ត្រី​រដ្ឋការ ​​នៃ​របប​សាធារណរដ្ឋ​ខ្មែរ ​និង​ការរៀប​អាពាហ៍ពិពាហ៍​នៅ​ទូទាំង​ប្រទេស ​ជាដើម​។

សូម​រំលឹក​ដែរ​ថា ​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលាក្ដី​ខ្មែរ​ក្រហម ​កាល​ពី​ថ្ងៃ​ទី​៧ ​ខែ​សីហា ​ឆ្នាំ២០១៤ ​កន្លង​ទៅ ​បាន​សម្រេច​ចេញ​សាលក្រម​ផ្ដន្ទាទោស​អតីត​មេ​ដឹកនាំ​ជាន់ខ្ពស់​ខ្មែរ​ក្រហម ទាំង​ពីរ​រូប ​គឺ នួន ជា ​និង ​ខៀវ សំផន ​ម្តង​ហើយ​ក្នុង​សំណុំ​រឿង​០០២​/​០១ ​ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ​ជុំវិញ​ឧក្រិដ្ឋកម្ម ​​ដែល​បាន​កើត​ឡើង​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ