អានតួអត្ថបទ
កម្ពុជា-ច្បាប់

លោក ធន សារាយ៖ អ្នក​នយោបាយ​គួរ​កាត់​បន្ថយ​ការ​ប្រឈម​មុខ​ដាក់​គ្នា​ដើម្បីប្រយោជន៍​ជាតិ

លោក ធន សារាយ ប្រធាន​សមាគមអាដហុក​ដែល​កំពុង​រស់​នៅ​ក្រៅ​ប្រទេស​បាន​ចេញ​មុខ​ជា​សាធារណៈ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ដោយ​បាន​ផ្ដល់​អនុសាសន៍​ឲ្យ​អ្នក​នយោ​បាយ​​នៃ​គណបក្ស​កាន់​អំណាច និង​អតីត​គណបក្ស​ប្រឆាំង ​កាត់​បន្ថយ​ការ​ប្រឈម​មុខ​ដាក់​គ្នា​ដើម្បី​ប្រយោជន៍​ជាតិ។ ការ​លើក​ឡើង​របស់​លោក​ ធន សារ៉ាយ បែបនេះ​គឺ​បន្ទាប់​ពី​មាន​ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​នានា របស់​ប្រទេស​លោក​សេរី​ចំពោះ​ការ​បោះឆ្នោត​នៅ​​កម្ពុជា។

លោកធន សារាយ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក
លោកធន សារាយ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក RFI
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​វិដេអូ​ឃ្លីប​ប្រមាណ​ជាង​១០​នាទី​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​៣​ខែ​កក្កដា លោក ធន សារា​យ បាន​អះ​អាង​ថា ដើម្បី​បញ្ចៀស​ការ​ខាត​បង់​ផល​ប្រយោជន៍​ជាតិ​ពី​ការ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច និង​យោបាយ​ដ៏​ច្រើន នា​ពេល​អនាគត ពី​ប្រទេស​លោក​សេរី អ្នកដឹក​នាំ​នយោ​បាយ​ទាំង​ពីរ​គណបក្ស​គួរ​កាត់​បន្ថយ​ការ​ប្រឈម​មុខ​ដាក់​គ្នា ហើយ​ខិត​ខំស្វែង​រក​ដំ​ណោះ​​​ស្រាយ ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង ខាង​លទ្ធិ​ប្រជាធិប​តេយ្យ។

ប្រធាន​សមាគម​អាដហុក​រូប​នេះ​បាន​អះអាង​ថា កម្ពុជា​ប្រឈម​នឹង​ការ​បាត់​បង់​ច្រើន​ទាក់​ទង​​ជំនួយ​ និង​ទំនាក់ទង​សេដ្ឋកិច្ច​ជាមួយ​ប្រទេស​សេរី ប្រសិន​បើ​បន្ត​នយោបាយដូច​រាល់​ថ្ងៃ​នេះ។ នយោ​បាយ​ដូច​សព្វ​ថ្ងៃ​ដែល​លោក ធន សារាយ សំដៅ​ការ​ផាត់​ចេញនៃ​អតីត​គណបក្ស​សង្គ្រោះជាតិ​ដែល​ជា​ដៃ​គូរ​ប្រកួត​ប្រជែង​នយោបាយ​ដ៏​សំខាន់ជា​មួយ​គណ​បក្ស​កាន់​អំណាច។

សមាគម​ការពារ​សិទ្ធិ​មនុស្ស​ដែល​មាន​លោកធន សារាយ ជាប្រធាន ​ហាក់​មាន​ភាពល្បី​ល្បាញ​មួយ​រយៈ​ពេល​ចុង​ក្រោយ បន្ទាប់​ពី​ករណី​ចាប់​ខ្លួន​មន្រ្តី​អាដហុក​៤​នាក់ និង​អតីត​បុគ្គលិក​របស់​ខ្លួន​ម្នាក់ ក្នុង​សំណុំ​រឿង​សូក​ប៉ាន់​សាក្សី គឺ​កញ្ញា ខុមចាន់តារាទី ហៅ ស្រីមុំ កាល​ពី​ខែ​មេសា ឆ្នាំ ២០១៦ ទាក់ទងនឹង​លោក កឹម សុខា។ លោក ធន សារាយ ដែល​ជា​ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ដែល​បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា តាំង​ពី​ពេល​នោះ​មក នៅ​មិន​ទាន់​វិល​ចូល​ប្រទេស​កម្ពុជា​វិញ​នៅ​ឡើយ​ទេ។

ជា​ការ​កត់​សម្គាល់​ការ​ចេញ​មុខ​របស់​លោក ធន សារាយ នៅ​ពេល​នេះ ធ្វើ​ឡើង​បន្ទាប់ពី​ប្រទេស​លោក​ខាង​លិច​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រិះគន់​ដំណើ​ការ​បោះឆ្នោត​នៅ​កម្ពុជា​​កាល​ពី​សប្ដាហ៍​មុន ​ថា គ្មាន​ភាព​សេរី និង​យុត្តិធម៌ ហើយ​មិន​បាន​តំណាង​អោយ​ឆន្ទៈ​​របស់​ប្រជាជន​កម្ពុជា​ទេ ព្រោះមិន​មាន​វត្តមាន​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​ចូល​រួម​ប្រកួត។

បើ​តាម​លោក ធន សារាយ ក្នុង​ចំណោម​គណបក្ស​១៩​ដែល​ចូល​រួម​បោះឆ្នោត​ពុំ​មាន​គណ​បក្ស​​ណា​ទទួល​បាន​អាសនៈ​ឡើយ។ នេះ​មាន​ន័យ​ថា មាន​តែ​អតីតបក្ស​សង្គ្រោះ​ជាតិ​មួយ​ទេ​ដែល​ជា​គូរ​ប្រកួត​ជាមួយ​គណបក្ស​កាន់​អំណាច ដែល​អាច​ធ្វើ​ឲ្យ​ការ​បោះ​ឆ្នោត​​មួយ​បង្ហាញ​ពី​ឆន្ទៈ​ពិត​ប្រាកដ​របស់​ពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​បាន។ ហើយ​ការលុប​បំបាត់​គ្នា​ដោយ​វិធី​ផ្សេង​ក្រៅ​ពី​ការ​បោះឆ្នោត​មិន​អាច​ទទួល​បាន​ការ​គាំទ្រ​ពី​ពលរដ្ឋ និង​ប្រទេស​កាន់​លិទ្ធ​ប្រជាធិបតេយ្យ​បាន​ទេ។ នេះ​បើ​តាម​លោក ធន សារាយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ