អានតួអត្ថបទ
កម្ពុជា

ព្រឹទ្ធសមាជិក​អាមេរិក ស្នើ​ឲ្យ​តំណាង​អាមេរិក​នៅ ​អ.​ស.ប បន្ថែម​ការ​ដាក់​សម្ពាធ​លើ​កម្ពុជា

លោក Ben Cardin តំណាង​ឲ្យ​សមាជិក​ព្រឹទ្ធសភាអាមេរិក​យ៉ាង​ហោច​ណាស់​៨​រូប បាន​ស្នើ​ទៅ​កាន់​អគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ លោក​ស្រី Nikki Haley ឲ្យ​បន្ថែម​ការ​ដាក់​សម្ពាធ​លើ​កម្ពុជា ចំពោះ​ការ​រំលោភ​សិទ្ធិ​មនុស្ស​។ លិខិត​ចុះ​ថ្ងៃ​ទី​២៥​មករា របស់​សមាជិក​ព្រឹទ្ធសភា​អាមេរិក បាន​គូស​បញ្ជាក់​ថា ការ​ដាក់​សម្ពាធ​លើ​កម្ពុជា​មាន​សារៈ​សំខាន់​ណាស់ ដើម្បី​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្លាស់​ប្ដូរ​ទិស​ដៅ​នៃ​ការ​ដឹក​នាំ​របស់​ខ្លួន ឬ​បើ​ពុំ​ដូច្នោះ​ទេ ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨​នេះ នឹងមិន​អាច​ចាត់​ទុក​​ថា ជា​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​ឡើយ​។

លោក Benjamin Cardin សមាជិក​ព្រឹទ្ធសភា​អាមេរិក មក​ពី​គណបក្ស​ប្រជាធិបតេយ្យ
លោក Benjamin Cardin សមាជិក​ព្រឹទ្ធសភា​អាមេរិក មក​ពី​គណបក្ស​ប្រជាធិបតេយ្យ Reuters
ផ្សាយពាណិជ្ជកម្ម

តាម​រយៈ​លិខិត​មួយ​ច្បាប់ សមាជិក​ព្រឹទ្ធសភា​អាមេរិក​៨​រូប មាន​​លោក Ben Cardin ជា​តំណាង បាន​រំឭក​ប្រាប់​តំណាង​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​ថា រដ្ឋាភិបាល​កម្ពុជា បាន​រំលោភ​លើ​លទ្ធិ​ប្រជាធិបតេយ្យ​ដ៏​ផុយ​ស្រួយ​នៅ​កម្ពុជា ដោយ​ការ​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ជា​បន្ត​បន្ទាប់ ទៅ​លើ​គណបក្ស​ប្រឆាំង សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​។​ ក្នុង​នោះ មេ​បក្ស​ប្រឆាំង​ធំ​ជាង​គេ​នៅ​កម្ពុជា​ត្រូវ​បាន​ចាប់​ខ្លួន​និង​ចោទ​ប្រកាន់​ពី​បទ​ក្បត់​ជាតិ ចំណែក​បក្ស​ប្រឆាំង​នោះ​ទៀត​សោត ក្រោយ​មក​ត្រូវ​តុលាការ​កំពូល​កម្ពុជា​រំលាយ​ចោល​។ អង្គការ​អាមេរិក​មួយ​ត្រូវ​រដ្ឋាភិបាល​ខ្មែរ​បិទ​លែង​ឲ្យ​ដំណើរការ ហើយ​ប្រព័ន្ធផ្សព្វផ្សាយ​មួយ​ចំនួន​បាន​បង្ខំ​ចិត្ត​បិទ​ទ្វារ​ដោយ​សារ​ការ​គាប​សង្កត់​ផ្នែក​ពន្ធ​ដារ​។ នេះ​បើ​តាម​លិខិត​របស់​សមាជិក​ព្រឹទ្ធសភា​អាមេរិក​។ ផ្អែក​លើ​ហេតុការណ៍​ទាំង​អស់​នេះ សមាជិក​ព្រឹទ្ធសភា​អាមេរិក​យល់​ឃើញ​ថា ការ​បោះ​ឆ្នោត​ជាតិ​នៅ​កម្ពុជា​នា​ពេលខាង​មុខ​នេះ ពិត​ជា​មិន​អាចប្រព្រឹត្ត​ទៅ​ដោយ​​សេរី​និង​យុត្តិធម៌​ទេ​។

នៅ​ក្នុង​លិខិត​ដដែល សមាជិក​ព្រឹទ្ធសភា​អាមេរិក បាន​សម្ដែង​ការ​ស្វាគមន៍​ចំពោះ​សេចក្ដី​សម្រេច​របស់​រដ្ឋាភិបាល​អាមេរិក ដែល​បាន​ប្រកាស​ផ្អាក​ផ្ដល់​ជំនួយ​គាំទ្រ​សម្រាប់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ក្នុង​ខែ​កក្កដា ក៏​ដូច​ជា​ការផ្អាក​លែង​ផ្ដល់​ទិដ្ឋាការ​ដល់​មន្ដ្រី​ជាន់​ខ្ពស់​កម្ពុជា មិន​ឲ្យ​ចូល​ទៅ​ក្នុង​ទឹកដី​អាមេរិក​។ ប៉ុន្តែ​សម្រាប់​ក្រុម​សមាជិក​ព្រឹទ្ធសភា​ដដែល ចំណាត់ការ​នេះ​នៅ​មិន​ទាន់​គ្រប់​គ្រាន់​ទេ​។

លោក Ben Cardin ព្រឹទ្ធសមាជិក​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ បាន​ជំរុញ​ឲ្យ​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ គៀងគរ​សម្ព័ន្ធមិត្ត​របស់​អាមេរិក​ ឲ្យ​​លើក​ឡើង​ពី​បញ្ហា​កម្ពុជា​នៅ​ក្នុង​កិច្ច​ប្រជុំ​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​។ ការ​លើក​ឡើង​នេះ ត្រូវ​បាន​លោក Ben Cardin មើល​ឃើញ​ថា នឹង​ក្លាយ​ជា​​ដាក់​សម្ពាធបន្ថែម​ទៀត​​លើ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​​​ឈាន​ទៅ​អនុម័ត​ដំណោះ​ស្រាយ​ដ៏​រឹង​មាំ​មួយ ក្នុង​គោលដៅ​ជំរុញ​ឲ្យដាក់​កម្ពុជា ស្ថិត​នៅ​ក្រោម​ការ​ឃ្លាំ​មើល​ពី​សំណាក់​សហគមន៍​អន្ដរជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ