អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

អំពើហិង្សា​មិន​ទាន់​ទៅ​ណា​ឆ្ងាយ​ពី​សង្គម​កម្ពុជា​នៅ​ឡើយ!​

ចុះផ្សាយ​នៅ​ថ្ងៃ៖

អំពើ​​ហិង្សា​​​គឺ​​ជា​​វិបត្តិ​​​ដ៏​រីងរៃ​​មួយ​ ដែល​បាន​និង​កំពុង​តែ​ញាំញី​សង្គម​ខ្មែរ​ឲ្យ​ប្រេះស្រាំ​ជា​រៀង​រាល់​ថ្ងៃ។ តាម​រយៈ​កាសែត ​គេ​តែង​តែ​ឃើញ​មាន​ព័ត៌មាន​ស្ដី​ពី​អំពើ​ហិង្សា​ ដែល​កើត​ឡើង​ក្នុង​សណ្ឋាន​ផ្សេង​ៗគ្នា​ នៅ​គ្រប់​ទី​កន្លែង​ទូទាំង​ប្រទេស។ ​ទាំង​នេះ​សរ​បង្ហាញ​ឲ្យ​ឃើញ​ថា ​អំពើ​ហិង្សា​មិន​ធ្លាប់​ឃ្លាត​ឆ្ងាយ​ពី​សង្គម​កម្ពុជា​ទេ។ ហេតុអ្វី​បាន​ជា​ដូច្នេះ?

ហិង្សា​របស់​​ប៉ូលិ​ស​ បង្ក្រាប​​ក្រុ​មបាតុករ នា​ពេល​កន្លង​មក​
ហិង្សា​របស់​​ប៉ូលិ​ស​ បង្ក្រាប​​ក្រុ​មបាតុករ នា​ពេល​កន្លង​មក​ @Facebook
ផ្សាយពាណិជ្ជកម្ម

អំពើ​ហិង្សា​នៅ​តែ​ជា​បញ្ហា​ចាក់​ស្រេះ​នៅ​ក្នុង​សង្គម​ខ្មែរ​ ដែល​កើត​មាន​ឡើង​ជា​រៀង​រាល់​ថ្ងៃ។​ អំពើ​ហិង្សា​មាន​នៅ​គ្រប់​ទីកន្លែង​ រាប់​តាំង​ពី​គ្រួសារ​ សាលារៀន ​កន្លែង​ធ្វើការ​ រហូត​ទៅ​ដល់​សង្គម​ជាតិ។​

នៅ​ក្នុង​គ្រួសារ ​អំពើ​ហិង្សា​ចាប់​ផ្ដើម​ពី​ការ​វាយ​ប្រដៅ​ជា​ការ​ដាក់​ទោស​កូន​តូច​ៗ ​រហូត​ដល់​អំពើ​ហិង្សារ​វាង​គូ​ស្វាមី​ភរិយា ​ទាំង​ផ្លូវ​កាយ​និង​ផ្លូវ​ភេទ។​ បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​គ្រួសារ​ជា​ច្រើន​ជួប​ភាព​ប្រេះស្រាំ ​បែកបាក់ ​បន្សល់​ទុក​នូវ​ជន​រងគ្រោះ​រាប់​មិន​អស់ ​ដែល​ភាគ​ច្រើន​ជា​ស្ដ្រី​និង​កុមារ។ ចំណែក​នៅ​សាលារៀ​ន ​ក៏​មាន​កើត​អំពើ​ហិង្សា​ច្រើន​យ៉ាង​ផងដែ​រ ទាំង​ពី​សំណាក់​គ្រូ​ទៅ​សិស្ស​ និង​រវាង​សិស្ស​គ្នា​ឯង។ ​យូរ​ៗ​ម្ដង​ វីដេអូ​ឃ្លីប​ស្ដី​ពី​ការ​ប្រវាយ​ប្រតប់​គ្នា​រវាង​សិស្ស​ស្រី​ៗ ​និង​ការ​វាយ​កាប់​ចាក់​គ្នា​រវាង​សិស្ស​ប្រុស​ៗ ​ត្រូ​វ​គេ​បង្ហោះ​នៅ​ក្នុង​បណ្ដាញ​សង្គម​ បង្កើត​ជា​រលក​ប្រតិកម្ម​រិះគន់​បាន​មួយ​សន្ទុះ ​មុន​នឹង​ស្ងប់​ស្ងាត់​ទៅ​វិញ។​

ចំណែក​នៅ​កន្លែង​ធ្វើការ​ អំពើ​ហិង្សា​ផ្លូវ​កាយ​អាច​គ្មា​ន ក៏​ប៉ុន្តែ​អំពើ​ហិង្សា​ផ្លូវ​ចិត្ត​ ការ​ជេរ​ប្រមាថ ​ដៀល​ត្មិះ​ ដៀមដាម ​អាច​កើត​មាន​ឡើង​គ្រប់​ពេល​វេលា​ទាំង​អស់។​ នៅ​កន្លែង​ការងារ​ខ្លះ​ អំពើ​ហិង្សា​អាច​កើត​មាន​តាម​រយៈ​ផ្លូវ​សេដ្ឋកិច្ច​ផង​ដែរ។​

អំពើហិ​ង្សា​ក្នុង​រូបភាព​តូច​តាច​ទាំង​អស់​នេះ ​បាន​ជះ​ឥទ្ធិពល​ និង​បាន​រួម​ចំណែក​ឲ្យ​មាន​អំពើ​ហិង្សា​នៅ​ក្នុង​សង្គម។​ អំពើ​កាប់​ចាក់​ បាញ់​ប្រហារ​ វាយ​តប់​នៅ​តាម​ផ្លូ​វ ឬ​នៅ​តាម​ផ្សារ​តែងតែ​កើត​ឡើង​ជា​រៀង​រាល់​ថ្ងៃ ​ដូច​ដែល​មាន​ចុះ​ផ្សាយ​នៅ​តាម​ទំព័រ​កាសែត​ជា​ហូរហែ។ ក្រៅ​ពី​នេះ ​ការ​ប៉ះ​ទង្គិច​ដោយ​ហិង្សា​រវាង​កង​កម្លាំង​សន្តិសុខ​និង​បាតុករ​នៅ​រាជធានី​ភ្នំពេញ​នា​ពេល​កន្លង​មក​ ក៏​ជា​ភស្តុតាង​ដែល​សរ​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ថា​ អំពើ​ហិង្សា​មិន​ធ្លាប់​ឃ្លាត​ឆ្ងាយ​ពី​សង្គម​កម្ពុជា​ទេ។ តើ​មាន​មូលហេតុ​ចម្បង​ៗ​អ្វីខ្លះ​ ដែល​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយ​ជា​សង្គម​មួយ​ ពោរពេញ​ដោយ​ហិង្សា​យ៉ាង​ដូច្នេះ?​

មូល​ហេតុសំ​ខាន់​បំផុត​គឺ​ទំនៀម​ទម្លាប់​ចាស់​គំរឹល​ ការ​អប់រំ​ដែល​មាន​កម្រិ​តទាប​ និង​ការ​មិន​យោគយល់​អធ្យាស្រ័យ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។ ​ក្រៅ​ពី​នោះ​ក៏​មាន​ផង​ដែរ ​ភាព​ក្រីក្រ​ ល្បែង​ស៊ី​សង​ និង​គ្រឿង​ស្រវឹង​ ដែល​បាន​រួម​ចំណែក​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​ទាំង​នៅ​ក្នុង​គ្រួសារ ​សាលារៀន កន្លែង​ធ្វើការ​ និង​សង្គម​ជាតិ។

​សម្រាប់​ប្រទេស​កម្ពុជា​ អំពើ​ហិង្សា​ គឺ​ជា​បន្ទុក​ដ៏​ធំ​សម្រាប់​សង្គម​ទាំង​មូល។​ អំពើ​ហិង្សា​នៅ​ក្នុង​សង្គ​ម គឺ​ជា​ជំងឺ​រ៉ាំរ៉ៃ ​ដែល​មាន​សភាព​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង​គួរ​ឲ្យ​បារម្ភ។ តើ​មាន​ឱសថ​អ្វីខ្លះ​ ដែល​អាច​ជួយ​ព្យាបាល​ជំងឺ​ហិង្សា​នៅក្នុង​សង្គ​មខ្មែរ​ប្រកប​ដោយ​ប្រសិទ្ធភាព?

មែនទែន​ទៅ​ កន្លង​មក​រាជរដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល​ជា​ដៃគូ ​បាន​ធ្វើ​ការងារ​ច្រើន​ណាស់​ ក្នុង​បំណង​លុប​បំបាត់​អំពើ​ហិង្សា​នៅ​ក្នុង​សង្គ​មខ្មែរ​ ជា​ពិសេស​អំពើ​ហិង្សា​នៅ​ក្នុង​គ្រួសារ។ ជាក់ស្ដែង​ ច្បាប់​ប្រឆាំង​នឹង​អំពើ​ហិង្សា​ក្នុង​គ្រួសារ​និង​កិច្ចកា​រពារ​ជន​រងគ្រោះ ​ត្រូវ​បាន​អនុម័ត​ដោយ​រដ្ឋសភាជាតិ​កាល​ពី​ឆ្នាំ​២០០៥។ ក្រសួង​កិច្ច​ការ​នារី ​កាល​ពី​ពេល​ថ្មី​ៗ​នេះ ​ក៏​បាន​ដាក់​ចេញនូ​វ​ផែន​ការ​សកម្មភាព​ជាតិ ​ស្ដីពី​ការ​ទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ដ្រី​ ឆ្នាំ​២០១៤​-២០១៨ ផងដែ​រ។ ចំណែក​អង្គការ​នានា ​ដែល​ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​​អំពើ​ហិង្សា​ក្នុង​គ្រួសារ ​បាន​សហការ​ជាមួយ​រាជ​រដ្ឋាភិបាល ​ក៏​ធ្លាប់​បង្កើត​ឲ្យ​មាន​យុទ្ធនាការ​បំពាក់​បូណ៌​ពណ៌​ស​ដល់​បុរស​នៅ​ទូទាំង​ប្រទេស ក្នុង​ន័យ​លុប​បំបាត់​អំពើ​ហិង្សា​លើ​ស្ដ្រី​ទៀត​ផង។​

ដោយឡែក​ អំពើ​ហិង្សា​ផ្សេងៗ ​ដែល​មិន​មែន​កើត​ឡើង​នៅក្នុង​ក្រុម​គ្រួសារ ​ជន​ល្មើស​នឹង​ត្រូវ​ផ្ដន្ទាទោស​ដោយ​ផ្អែក​លើ​ក្រ​ម​ព្រហ្មទណ្ឌដែ​ល​កម្ពុជា​មាន​ជា​ធរមាន។ ​យ៉ាង​ណាក៏​​ដោយ ​ច្បាប់​ ផែនការ​ និង​យុទ្ធនាការ​ទាំង​នេះ ​មិន​អាច​ទប់​ស្កាត់​អំពើ​ហិង្សា​នៅ​ក្នុង​សង្គម​ខ្មែរ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​នោះ​ទេ។

​សម្រាប់​សង្គម​កម្ពុជា ​វប្បធម៌​ហិង្សា​បាន​ចាក់​ឫស​យ៉ាង​ជ្រៅ​ ហើយ​វា​មិន​មែន​ជា​រឿង​ងាយ​ឡើយ ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ។​ មាន​ការងារ​ជា​ច្រើន​ដែល​ត្រូវ​ធ្វើ​ ដោយ​មាន​ការ​ចូលរួម​ពី​ពលរដ្ឋ​ខ្មែរ​គ្រប់​ៗ​គ្នា។ ក្នុង​នោះ ​បុគ្គល​ម្នាក់​ៗ​ត្រូវ​តែ​ជម្រុះ​ចោល​នូវ​ទម្លាប់​ហិង្សា​ចាស់​គំរឹល​មួយ​ចំនួន ​ជំនួស​មក​វិញ​នូវ​ការ​យោគយល់​អធ្យាស្រ័យ ​ការ​អត់ធ្មត់​ និង​គោរព​សិទ្ធិ​គ្នា​ទៅវិញ​ទៅ​មក។​

ការ​ផ្សព្វផ្សាយ និង​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ ក៏​ជា​ការងារ​ចាំបាច់​ណាស់​ដែរ។​ ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​អស់​ត្រូវ​ចាប់​ដៃ​គ្នា​ ធ្វើ​យ៉ាង​ណា​ផ្សព្វផ្សាយ​ច្បាប់​ឲ្យ​បាន​ទូលំទូលាយ​ដល់​មូលដ្ឋាន​ ដើម្បី​បង្កើន​ការ​យល់​ដឹង​ថា​ អំពើ​ហិង្សា​ណា​ក៏​ដោយ​ គឺ​ជា​រឿង​ខុស​ច្បាប់។​ ហើយ​អ្នក​ប្រព្រឹត្ត​អំពើ​ហិង្សា​ នឹង​ត្រូវ​ផ្ដន្ទាទោស​ដោយ​គ្មាន​ការ​លើក​លែង។​ មាន​តែ​មធ្យោបាយ​ទាំង​នេះ​ទេ ​ដែល​អាច​កាត់​បន្ថ​យ និង​ឈានទៅ​លុប​បំបាត់​អំពើ​ហិង្សា​នៅ​ក្នុង​សង្គម​ខ្មែរ​ប្រកប​ដោយ​ប្រសិទ្ធភាព៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ