អានតួអត្ថបទ
កម្ពុជា

ឯកសារ​ពីខ្មែរក្រហម​ចំនួន​១លាន​ឯកសារ​ នឹងត្រូវ​ចែក​ជាសាធារណៈ​​នាសប្ដាហ៍​ក្រោយ!

នៅ​ថ្ងៃ​៧មករា​ខាង​មុខ​នេះ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា នឹង​ដាក់​ឲ្យ​ដំណើរ​ការ​គេហទំព័រ​ថ្មីមួយ​បន្ថែមទៀត​ ស្តីពី ​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម The Khmer Rouge History។ លោក ឆាំង យុ ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​ប្រាប់​វិទ្យុ​បារាំង​ថា គេហទំព័រថ្មី​នេះ មាន​គោល​បំណងសំខាន់​បំផុត គឺ​សម្រាប់​ចែកឯកសារ​​​ដល់​សិស្ស​និស្សិត ពិសេស​យុវជន​ខ្មែរជាទូទៅ​ ចំនួន​​ជាង​៧០ភាគរយ ​ដែល​កើត​ក្រោយ​របប​ខ្មែរ​​ក្រហម ឲ្យ​បាន​សិក្សា​ឈ្វេង​យល់ពី​ប្រវត្តិ​ពិត​របស់​ប្រទេស​ខ្លួន​។

គេហទំព័រ ប្រវត្តិសាស្ត្រខ្មែរក្រហម The Khmer Rouge History ដែល​នឹង​ត្រូវ​សម្ពោធ​ឲ្យ​ប្រើ​ប្រាស់​នា​សប្ដាហ៍​ក្រោយ
គេហទំព័រ ប្រវត្តិសាស្ត្រខ្មែរក្រហម The Khmer Rouge History ដែល​នឹង​ត្រូវ​សម្ពោធ​ឲ្យ​ប្រើ​ប្រាស់​នា​សប្ដាហ៍​ក្រោយ រូបភាព​ពី DC-Cam
ផ្សាយពាណិជ្ជកម្ម

គេហទំព័រថ្មី​ ដែល​មាន​អាស័យដ្ឋាន www.thekhmerrougehistory.org នឹង​ដំណើរ​ការ​នៅថ្ងៃទី​៧មករា​ខាង​មុខ​នេះ ​គឺជា​ថ្ងៃ​ដែល​រំលំរលាយ​ទៅ​នៃ​របប​ខ្មែរ​ក្រហម​។ ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា លោក ឆាំង យុ សង្កត់​ធ្ងន់ថា ការ​ដាក់​ឲ្យ​ដំណើរ​ការ​គេហទំព័រថ្មី​ ចំ​ថ្ងៃ៧មករា​នោះ​ គឺ​ជា​ការ​បង្ហាញ​ពី​ភាព​មិន​ចុះ​ចាញ់​ ឬ​មិន​ចុះ​ញ៉ម​ដាច់​ខាត​ចំពោះ​មុខ​របប​វាល​ពិឃាដ​។

វត្ថុបំណង​សំខាន់ទៀត​នោះ គឺ​ដើម្បី​ប្រមូល​ផ្តុំ​​ឯកសារ​គ្រប់ប្រភេទ​ មានបទសម្ភាសន៍​ជាសំឡេងនិង​ជាវីដេអូ​ រូបភាពដ៏​កម្រ​ ខ្សែ​ភាពយន្ត​ប្រវត្តិសាស្ត្រ​ ​សៀវភៅ និង​សំណៅ​ឯកសារ​ផ្សេងទៀត សរុប​ជាង១លាន​ឯកសារ ដាក់​ឲ្យ​អ្នក​ប្រើ​អ៊ិនធឺណិត ពិសេស​សិស្ស​និស្សិត​ខ្មែរ ប្រមាណ​៧០ភាគរយ ដែល​ចាប់​កំណើត​ក្រោយ​របបយង់ខ្នងខ្មែរ​ក្រហម​ ឲ្យ​បាន​សិក្សារៀន​សូត្រ​។

ទន្ទឹម​នេះ រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ បណ្ឌិត​ ហង់ ជួន​ណារ៉ុន​ បាន​យល់​ស្រប​ពីភាព​ចាំបាច់​​នៃការ​សិក្សា​ប្រវត្តិ​សាស្ត្រ​នេះ។ លោកគូស​បញ្ជាក់ថា ការ​សិក្សារ​ពីខ្មែរក្រហម គឺមិន​ត្រឹមតែ​មាន​សារៈ​សំខាន់​ដល់​យុវជន​ ដើម្បី​ឲ្យ​យុវជន​បាន​យល់​ដឹង​​អំពី​ប្រវត្តិសាស្ត្រ​កម្ពុជា​សម័យ​ទំនើប​​ប៉ុណ្ណោះទេ ប៉ុន្តែ​ថែមទាំងអាច​យល់​ដឹង​អំពី​ដើម​ហេតុ​និង​ផល​វិបាក​នៃសោកនាដកម្ម​ក្នុង​ប្រទេស​កម្ពុជា ហើយ​ទប់​ស្កាត់កុំ​​ឲ្យ​ប្រវត្តិសាស្ត្រ​បែប​នេះ កើត​ឡើង​ជាថ្មី​ទៀត​នៅ​ថ្ងៃ​ខាង​មុខ។​

គួរ​បញ្ជាក់ថា ការ​រៀប​ចំ​គេហទំព័រ​ថ្មីនេះ បាន​ផ្តួច​ផ្តើម​អស់​ពេល​ជាង​៣ឆ្នាំមកហើយ ដោយគម្រោង​ស្តីពី​ការ​សិក្សា​អំពើ​ប្រល័យ​ពូជាសាសន៍នៅកម្ពុជា ជា​គម្រោង​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ក្រោម​ជំនួយ​របស់ភ្នាក់​ងារ​អភិវឌ្ឍ​អន្តរជាតិ​របស់​អាមេរិក USAID និង​ ​អង្គការ​អភិវឌ្ឍ​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​អាល្លឺម៉ង់ DW Akademie ។

ទី​ប្រឹក្សា​គម្រោង​ DW Akademie លោក Kyle James សង្ឃឹម​ថា គេហទំព័រ​អន្តរកម្ម​ថ្មីនេះ នឹង​ដើរ​តួជា​យាន​ផ្តល់​ព័ត៌មាន​លើ​ប្រធាន​បទ​សំខាន់ៗ​ដល់​យុវជន​កម្ពុជា។ ព្រោះ​គេហទំព័រ​នេះ អាច​ប្រើ​ប្រាស់​ងាយ​ស្រួល​តាមរយៈ​ smartphone ដោយ​មាន​ Application តាម​ទូរសព្ទ​ដៃទៀត​ផង។​

តាម​ការ​បញ្ជាក់របស់ប្រធានមជ្ឈមណ្ឌល​ឯកសារ​កម្ពុជា គឺ​ទាល់​តែ​នៅថ្ងៃទី​៧មករា​ឆ្នាំ​២០១៧ខាង​មុខ ទើប​គេហទំព័រ www.thekhmerrougehistory.org  អាច​ដំណើរ​ការ​បាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ