អានតួអត្ថបទ
កម្ពុជា

មេៗ​គណបក្ស ភាគច្រើន​ ជូន​ពរពលរដ្ឋ​ ភ្ជាប់​សារ​នយោបាយ!

 សល់តែ​១ថ្ងៃទៀតទេ បុណ្យ​ចូល​ឆ្នាំ​ថ្មី នឹង​ចូល​មកដល់។ ឱកាស​នេះ មេៗ​គណបក្ស​នយោ បាយ​ ជា​ច្រើន​ នាំគ្នា​ជូន​ពរ​ពលរដ្ឋ​ខ្មែរទូទៅ ហើយ​ក៏​មាន​ភ្ជាប់​ជាមួយ​នឹង​សារនយោបាយ​ខ្លះ​ផង។ ប្រមុខ​បក្ស​កាន់អំណាច សូម​ឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​ធ្វើ​ជាម្ចាស់​វាសនា​ប្រទេស​ជាតិ និងអះអាងរក្សា​ការ​ពារ​​​សន្តិភាព។ មេបក្សប្រឆាំង ​សង្គ្រោះជាតិ ចង់​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន​ និង​ដោយ​អហិង្សា។ ចំណែក​ មេបក្ស​អំណាច​ពលរដ្ឋ​ខ្មែរ សង្ឃឹមថានឹង​ប្តូរ​មេបក្ស​ប្រឆាំងចាស់ ដាក់​មេបក្ស​ប្រឆាំងថ្មី។ ខុសពីគេឯង​ ប្រមុខ​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គ្មាន​អ្វីត្រូវ​ជូន​ពរ​នោះទេ គឺ​គ្រាន់តែចង់​ផ្តាំពលរដ្ឋ​ខ្មែរ ឲ្យ​ចេះ​ប្រើ​ខួរ​ក្បាល​គិត​។  

ពាក្យ​សួស្តីឆ្នាំថ្មី នៅ​ខេត្ត​សៀមរាម ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ២០១៧
ពាក្យ​សួស្តីឆ្នាំថ្មី នៅ​ខេត្ត​សៀមរាម ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ២០១៧ @PM-page
ផ្សាយពាណិជ្ជកម្ម

 

ក្នុង​ឱកាស​ចូលឆ្នាំថ្មីនេះ ប្រមុខ​គណបក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​ចេញ​សារលិខិត​ជូន​ក្នុងនាម​រដ្ឋាភិបាល សូម​ឲ្យ​មាន​ក្តី​រីករាយ សិរី​សួស្តី ជ័យ​មង្គល​ដ៏​ឧត្តុង​ឧត្ដម​ក្នុង​ក្រុម​គ្រួសារ​និង​សង្គម​ជាតិ​ទាំងមូល។ ​

ចំណែក​លោក កឹម សុខា ខំប្រឹង​សរសេរ​លិខិត​ផង សម្តែង​ថត​ជា​វីដេអូ​ផង ដើម្បីបួង​សួង​ជូន​ពរ​សាធារណៈជន​ខ្មែរ ឲ្យ​មាន​សិរីមង្គលវិបុលសុខ​មហាប្រសើរ និង​ឲ្យ​មាន​សន្តិភាព​ ហើយ​ចៀង​វាង​សង្គ្រាម​បង្ហូរ​ឈាម​ និង​ការរំលោភ​បំពាន​សិទ្ធិគ្នា​។

រីឯប្រធាន​បក្ស​អំណាច​ពលរដ្ឋ​ខ្មែរ ​លោក សួន សេរីរដ្ឋា ជូន​ពរ​ឲ្យ​ខ្មែរលើ ខ្មែរក្រោម ខ្មែរ​កណ្តាល ខ្មែរ​ក្នុង​ប្រទេស​និង​ខ្មែរ​នៅ​បរទេស​ទាំង​អស់ សូម​ឲ្យ​មាន​ក្តីសប្បាយ​រីករាយ ចូលរួម​លេង​ល្បែង​ប្រជាប្រិយខ្មែរ ហើយ​សូម​កុំ​ផឹក​ស្រា​ស្រវឹង​ឈ្លោះគ្នា និង​បង្កគ្រោះថ្នាក់​ចរាចរណ៍​។​

ក្រៅ​ពី​ពាក្យ​ពេចន៍​ជូន​ពរ មេៗ​គណបក្ស​នយោបាយ​ ក៏​មាន​បង្កប់​សារនយោបាយ​ខ្លះ​​ដែរ។ នៅ​ក្នុង​សារ​លិខិត​​ កម្រាស់​​៦ទំព័រ ដែល​មាន​រៀប​រាប់​ពីសម្មទិផលរបស់​រដ្ឋាភិបាល​ផង​​, លោក​​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​ប្រធាន​គណ​បក្ស​ប្រជា​ជន​កម្ពុជា បាន​ប្តេជ្ញា​ចិត្ត​ ថា​នឹង​ខិត​ខំពុះពារគ្រប់​បែប​យ៉ាង​ ប្តេជ្ញាចិត្ត​រក្សា​ការពារ​សន្តិភាព​ ស្ថិរភាព និង​សណ្តាប់សាធារណៈ​ជូន​​ប្រជាជាតិទាំង​មូល។​

ចំណែក លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ បាន​ភ្ជាប់​សារ​នយោបាយ​ថា ចង់​ឲ្យ​មាន​​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន តាម​រយៈ​ការ​បោះឆ្នោត​ខាង​មុខ​នេះ។ ចំពោះ​លោក កឹម សុខា គឺ​លោក​ចង់​ឲ្យ​អ្នក​នយោបាយ​គ្រប់​គណ​បក្ស ប្រកួត​គ្នា​ពី​គោលនយោបាយ​របស់​ខ្លួន តែ​រៀង​ៗខ្លួន ដោយ​សន្តិវិធី​ ដើម្បីក​​សាង​អនាគត​ជាតិ​មួយ​ដ៏​ល្អប្រសើរ ​។​

រីឯ​ប្រធាន​បក្ស​អំណាច​ពលរដ្ឋ​ខ្មែរ លោក សួន សេរីរដ្ឋា គឺ​ចង់​ឲ្យ​មា​នការ​ផ្លាស់​ប្តូរទាំង​បក្ស​ប្រឆាំង និង​ទាំង​បក្ស​កាន់​អំណាច ដោយ​ប្រកាន់​យក​របៀប​​ផ្លាស់​ប្តូរ​បន្ត​វេន​​របស់​ទេវា​ឆ្នាំ​ថ្មី​ដូច្នោះ​ដែរ​។ ពោល​គឺ​មាន​ការ​ផ្លាស់ប្តូរ មិន​ក្រាញ​អំណាច និង​មាន​អណត្តិផ្លាស់​​វេន​ត្រឹមត្រូវ។ ទន្ទឹម​នេះ លោក សួន សេរីរដ្ឋាន ក៏​សង្កត់​ធ្ងន់​ដែរថា ពលរដ្ឋ​ខ្មែរ គួរតែត្រូវ​​ «ប្តូរ​​មេ​ដឹក​នាំ​ប្រឆាំង​ចាស់ ដាក់​មេដឹក​នាំ​ប្រឆាំង​ថ្មី​»។​

ផ្ទុយខុស​​ពីគេ​ឯង លោក ខឹម វាសនា​ ប្រធាន​​គណ​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ថា​លោក​គ្មាន​អ្វី​ត្រូវ​ជូនពរ​ ហើយ​ក៏​​គ្មាន​ទម្លាប់​ជូនពរ​អ្វីដែរ​ ព្រោះ​លោក​មិន​ដែល​​ធ្វើ​អ្វី​ ដែល​មិន​ចេញ​ពីទឹក​​ចិត្ត​ពិតនោះទេ​។
គ្មាន​សារ​ជូនពរសម្រាប់ឆ្នាំថ្មី​ និង​គ្មាន​សារនយោបាយ​អ្វីសម្រាប់ថ្លែងក្នុងឱកាសនេះ​, លោក ខឹម ​វាសនា គ្រាន់តែមាន​ពាក្យ​ផ្តាំថា ពលរដ្ឋខ្មែរ ​ត្រូវ​ចេះ​ប្រើ​ខួរ​ក្បាល​គិត គិត​គ្រប់​សកម្មភាព គ្រប់​ទង្វើ​ និង​កុំ​ចេះតែ​ជឿ​ងប់​ងល់​ចំពោះ​ប្រពៃណី និង​សម្តី​របស់​អ្នក​នយោបាយ។ គឺទៅ​ទី​​ណា​ក៏ដោយ ធ្វើ​អ្វីក៏ដោយ​ ត្រូវ​យកចេះ​យក​ខួរ​ក្បាល​គិត។ នេះបើតាម​ប្រមុខ​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិតេយ្យ​ លោក ខឹម វាសនា​​៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ