អានតួអត្ថបទ
កម្ពុជា

រថយន្តដឹកកម្មករនៅតែបន្តគ្រោះថ្នាក់លើផ្លូវថ្នល់

ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ នៅ​ព្រឹក​ថ្ងៃទី​០៣ សីហា នេះ បាន​ចូល​រួម​សម្តែង​ការ​សោក​ស្តាយ​ ចំពោះ​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ក្រឡាប់​រថយន្ត​ដឹក​កម្មករ​មួយ នៅ​ឃុំ​ភ្នំតូច ស្រុក​ឧត្តុង្គ ខេត្ត​កំពង់ស្ពឺ ដែល​បណ្តាល​អោយ​កម្មករ​ រង​របួស​ធ្ងន់ និង​ស្រាល សរុប ៣៣​នាក់។ បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ របស់​ក្រសួង ជន​រងគ្រោះ​កំពុង​​ទទួល​ការ​ព្យាបាល​នៅ​តាម​គ្លីនិក​ថ្នល់​ទទឹង គ្លីនិក​បែកចាន មន្ទីរពេទ្យ​កាល់ម៉ែត្រ​ និង​មន្ទីរពេទ្យ​ព្រះកុសុមៈ ក្រោម​បន្ទុក​របស់​ បេឡាជាតិ​សន្តិសុខ​សង្គម។

រូបភាពតំណាង៖ គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ខេត្ត​បាត់ដំបង សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​៨​នាក់ និង​៣៣​នាក់​ផ្សេង​ទៀត​រង​របួស
រូបភាពតំណាង៖ គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ខេត្ត​បាត់ដំបង សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​៨​នាក់ និង​៣៣​នាក់​ផ្សេង​ទៀត​រង​របួស រូបភាព​ពី​ទំព័រ​ហ្វេសប៊ុក
ផ្សាយពាណិជ្ជកម្ម

រថយន្ត​ដឹក​កម្មករ​កាត់ដេរ​មួយ​គ្រឿង បាន​ក្រឡាប់​ បន្ទាប់​ពី​គេច​ឡាន​ដឹក​ដី តែ​ទៅ​ជល់​នឹង​របាំង​ទ្រូង​ផ្លូវ នៅ​តាម​ផ្លូវ​ជាតិ​លេខ​៥១ ក្នុង​ភូមិ​ស្ដុកស្លាត ឃុំ​ភ្នំតូច ស្រុក​ឧត្តុង្គ កាល​ព្រឹក​ថ្ងៃ​ទី​៣ ខែ​សីហា។ បើ​តាម អ្នកស្រី រស់ កាន មន្រ្តី​កម្មវិធី​មជ្ឈ​មណ្ឌល​អាមេរិកកាំង​សម្រាប់​សាមគ្គី​ភាព​ការងារ​អន្តរជាតិ ឧបទ្ទវហេតុ​នេះ បាន​បណ្តាល​ឲ្យ​កម្មករ​រង​របួស​ចំនួន ៣៨នាក់ និង​ទំនង​ជា​មាន​កម្មករ​ស្លាប់ ២នាក់។ មន្រ្តី​អង្គការ​សង្គម​ស៊ីវិល ដែល​កំពុង​ប្រមូល​របាយការណ៍​នៅ​កន្លែង​កើត​ហេតុ​ បន្ថែម​ថា ទោះបី​ជា​អ្នក​បើកបរ​រថយន្ត​ មិន​បាន​បើកលឿន​ក៏​ដោយ តែ​រថយន្ត​ដឹក​កម្មករ​នេះ មាន​សភាព​ចាស់ ហើយ​ផ្ទុក​លើស​ចំណុះ​ ទើប​ងាយ​បណ្តាល​អោយ​គ្រោះថ្នាក់​ដូច​នេះ។

នេះ​មិន​មែន​ជា​លើក​ទី​មួយ​ដែល​រថយន្ត​ដឹក​កម្មករ កម្មការនី បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ឬ​ក្រឡាប់​ក្នុងពេល​ធ្វើ​ដំណើរ​លើ​ដង​ផ្លូវ។ នៅ​ព្រឹក​ថ្ងៃ​ទី១៩ ខែ​ឧសភា ឆ្នាំ​២០១៥ គ្រោះថ្នាក់​ចរាចរណ៍​មួយ កើត​ឡើង​រវាងរថយន្ត​ក្រុង បុក​រថយន្ត​ដឹក​កម្មករ នៅ​ខេត្ត​ស្វាយរៀង បណ្តាល​ឲ្យ​កម្មករ​ស្លាប់​កើន​ឡើង ១៧នាក់ និង​រងរបួស​ចំនួន​ ២២នាក់។ កាល​ពី​ល្ងាច​ថ្ងៃ​ទី១៦ ​កញ្ញា ២០១៥ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ មួយ​កើត​ឡើង នៅ​ភូមិ​ព្រៃផ្តៅ សង្កាត់​ច្រកម្ទេស ក្រុង​បាវិត ខេត្ត​ស្វាយរៀង រវាង​រថយន្ត​ដឹក​កម្មករ និង​រថយន្ត​ដឹក​កម្មករ បើកបរ​ទិសដៅ​ស្របគ្នា បាន​បណ្តាល​អោយ កម្មករ របួស​ធ្ងន់ និង​ស្រាល ចំនួន ៧០​នាក់ (ស្រី ៦០​នាក់)។

ទោះបី​ជា​យ៉ាងណា បើ​តាម លោក​ឧត្តម​សេនីយ៍​ឯក​ រុន រ័ត្នវាសនា​ ​ប្រធាន​នាយក​ដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​ធ្នាប់​សាធារណៈ​ នៃ​អគ្គ​ស្នងការ​នគរបាល​ជាតិ ចំនួន​គ្រោះថ្នាក់​ចរាចរណ៍ ទូទាំង​ប្រទេស គិតត្រឹម​ឆមាស​ទី​មួយ ដើម​ឆ្នាំ​២០១៦ មាន​ការ​ថយ​ចុះ​ បើ​ធៀប​នឹង​ដើម​ឆ្នាំ​២០១៥។ នៅ​ពាក់​កណ្តាល​ឆ្នាំ ២០១៦ នេះ មាន​មនុស្ស​ចំនួន ៩១៩ បាន​បាត់​បង់​ជីវិត​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍ ដែល​តួលេខ​នេះ​មាន​ការ​ថយ​ចុះ​ជាង ១០០ នាក់ ធៀប​នឹង​ឆ្នាំ​មុន។ ហើយ ​មនុស្ស​របួស​មាន​ចំនួន​ ៣,៩០៩ នាក់ ថយ​ចុះ​ចំនួន ៤៥១ នាក់។ លោក​បាន​បន្ថែម​ថា គ្រោះ​ថ្នាក់​ចរាចរណ៍ ភាគ​ច្រើន បណ្តាល​មក​ពី ការ​បើក​បរ​ហួស​ល្បឿនកំណត់ ទទួល​ទាន​គ្រឿង​ស្រវឹង ហើយ​តួ​លេខ​ចុង​ក្រោយ នេះ គ្រាន់​តែ​គ្រោះថ្នាក់​ចរាចរណ៍​ ដែល​សម្លាប់មនុស្ស​ជាង ៩០០នាក់ ក្នុង​នោះ​ជន​រង​គ្រោះ​ជាង​ ៦០០​នាក់ មិន​ពាក់​មួក​សុវត្ថិភាព។

គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក កាល​ពី​ខែ​មិថុនា បាន​អំពាវ​បាន​អោយ អ្នក​បើក​បរ​ដឹក​កម្មករ​កម្មការនី ត្រូវ​គោរព​ច្បាប់​ចរាចរណ៍ មិន​ផ្ទុក​មនុស្ស​លើក​កំណត់ និង​ត្រួត​ពិនិត្យ​បច្ចេក​ទេស​រថយន្ត​ដើម្បីបង្ការ​គ្រោះ​ថ្នាក់​ចរាចរណ៍។ ជា​វិធាន​ការណ៍​ជាក់​ស្តែង គណៈ​កម្មាធិការ​ជាតិ ក៏​បាន​ចុះ​ផ្សព្វផ្សាយ​ច្បាប់ចរាចរណ៍​ដល់​កម្មករ​កម្មការនី និង​អ្នក​បើក​បរ​រថយន្ត​ដឹក​កម្មករ​ ត្រួត​ពិនិត្យ​បណ្ណ​បើក​បរ និង​ហាម​ឃាត់​មិនអោយ​ដាក់​លើស​ចំណុះ​ផង​ដែរ​។ បើ​តាម ​ប្រធាន​នាយក​ដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​ធ្នាប់​សាធារណៈ លោក រុន រ័ត្នវាសនា​ គណៈ​កម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក បាន​ចុះ​ផ្សព្វផ្សាយ​ទៅ​ដល់​រោងចក្រ បាន​ចំនួន​ជាង ៦០០​រោង​ចក្រ និង​រថយន្ត​ក្រុង ២៧​ក្រុមហ៊ុន ដើម្បី​បង្ការ និង​ទប់​ស្កាត់​គ្រោះថ្នាក់ចរាចរណ៍​​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ