អានតួអត្ថបទ
កម្ពុជា

កម្មករ​​អូសរទេះ​​នៅ​​ប៉ោយប៉ែត​ នាំគ្នា​​ធ្វើ​បាតុកម្ម​​រឿង​​មន្ត្រី​​គយ​​គាប​​ឲ្យ​​បង់ពន្ធ​

កម្មករ​អូសរទេះ ប្រមាណ​ជា ១០០នាក់ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី២៥ឧសភា​នេះ បាន​ប្រមូល​ផ្តុំគ្នា​ធ្វើបាតុកម្ម​តវ៉ា នៅមុខ​ការិយាល័យ​គយ ក្រុង​ប៉ោយប៉ែត។ នេះ​គឺជា​ការតវ៉ា​លើក​ទី៤ហើយ របស់​កម្មករ​អូសរទេះ​ទាំងនោះ ក្នុង​គោលដៅ សុំ​ឲ្យ​មន្ត្រី​គយ​បន្ធូរបន្ថយ ឬ​អនុគ្រោះ​ការបង់​ពន្ធគយ​របស់​គេ។ ប៉ុន្តែ​មន្ត្រី​គយ បាន​អះអាងថា ការបង់ពន្ធ​នោះ គឺ​ធ្វើតាម​ច្បាប់ និង​មិនអាច​អនុគ្រោះ​ក្រៅច្បាប់​បាន​នោះទេ។

ទិដ្ឋភាពពេលព្រឹកនៅច្រកប៉ោយប៉ែត ។
ទិដ្ឋភាពពេលព្រឹកនៅច្រកប៉ោយប៉ែត ។ @Google
ផ្សាយពាណិជ្ជកម្ម

កម្មករ​អូស​រទេះ​នៅ​ក្រុង​ប៉ោយប៉ែត ទាំងនោះ បាននាំគ្នា​លើក​បដា បិទផ្លូវ នៅមុខ​ការិយាល័យ​​ពន្ធគយ​ ក្រុង​ប៉ោយប៉ែត នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ដើម្បី​សំណូមពរ​ឲ្យ​មន្ត្រី​គយ នៅ​ច្រកទ្វា​យ​ប៉ោយប៉ែត បន្ធូរបន្ថយ ឬ​អនុគ្រោះ​ការបង់​ពន្ធគយ។ បដា​ទាំងនោះ មាន​សរសេរថា «ប្រឆាំង​ដាច់ខាត​រាល់​ទង្វើរ ដែល​ស្ថាប័ន​ជំនាញ​គា​បស​ង្គ​ត់​ក្នុងការ​បង់ពន្ធ លើ​កម្មករ​អូស​រទេះ»។

លោក​សឿង ប្រុស កម្មករ​អូស​រទេះ​ម្នាក់ ដែល​បាន​ទៅ​ចូលរួម​ក្នុងការ​តវ៉ា​នោះ បាន​ប្រាប់​វិទ្យុ​បារាំង​ថា ពួកគេ​មិនមាន​លទ្ធភាព​បង់ពន្ធ​ដល់​គយ​នោះទេ ព្រោះ​ទំនិញ​ដែល​ពួកគាត់​អូស​នោះ គឺមាន​ចំនួន​តិចតួច។ លោក​សឿង ប្រុស បាន​បន្តថា មន្ត្រី​គយ បាន​គាប​សង្គត់​ពី​ពួក​គាត់​​ដែល​ដឹកទំនិញ​តិចតួច តែ​បែរជា​បន្ថយពន្ធ ទៅលើ​ឈ្មួញ ដែល​ដឹកទំនិញ​ច្រើន​ទៅវិញ។ លោក​សឿង ប្រុស បាន​បញ្ជាក់ថា ការ​រឹតត្បិត គាប​ស​ង្គ​ត់​នេះ គឺ​តាំងពី​មានការ​តែងតាំង​ប្រធាន​គយ​ថ្មី ប្រហែលជា​ជិត ២ឆ្នាំ​មកហើយ។

យ៉ាងណាមិញ លោក​ឈួន ហៃ ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ប៉ោយប៉ែត បានបញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ថា កម្មករ​អូស​រទេះ ដែល​ទាមទារ​នៅពេលនេះ គឺមាន​ប្រមាណ​ជា ១០​ភាគ​រយ​ នៃ​ចំនួន​កម្មករ​សរុប​ដែល​អូស​រទេះ នៅក្នុង​ក្រុង​ប៉ោយប៉ែត​ប៉ុណ្ណោះ។ លោក​ថា ការ​ទាម​ទារ​ មិន​បង់​ពន្ធគយ នូវ​រាល់​ទំនិញ​នាំចូល​ពី​ថៃ​មក​កម្ពុជា គឺ​គ្មាន​ច្បាប់​ណា​អនុញ្ញាតអោយ​ធ្វើ​ទេ។ ហើយ​មន្ត្រី​គយ និង​សមត្ថកិច្ច​នានា នៅ​ច្រកព្រំដែន​មិន​ហ៊ាន​ធ្វើ​ខុសច្បាប់ បែបនេះ​ឡើយ។

សូមបញ្ជាក់ថា នេះ​គឺជា​លើក​ទី៤ហើយ ដែលមាន​ការតវ៉ា​ពី​សំណាក់​កម្មករ​អូស​រទេះ នៅ​ក្រុង​ប៉ោយប៉ែត​នេះ។ កម្មករ​អូស​រទេះ បាន​ឲ្យ​ដឹងថា ពួកគេ​មិនដែល​ទទួលបាន​ការ​សម្រប​សម្រួល​​ជាក់លាក់​ណាមួយ​ពី​ខាង​មន្ត្រី​គយ​នោះទេ ដូច្នេះ​ទើប​ពួកគាត់​នៅតែ​បន្តសកម្មភាព​តវ៉ា​បែបនេះ​តទៅទៀត។ យ៉ាងណាក៏ដោយ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ កម្មករ​អូស​រទេះ មិនបាន​ធ្វើតាម​សំណើរ​របស់​មន្ត្រី​គយ ដែល​តម្រូវ​ឲ្យ​មាន​តំណាង​កម្មករ​ម្នាក់ ចូលទៅ​ចរចារ ក្នុង​ការិយាល័យ​មន្ត្រី​គយ​នោះទេ។ កម្មករ​អូស​រទេះ អះអាងថា ការមិន​ធ្វើតាម​នេះ ព្រោះ​គេ​យល់ថា ខាង​គយ មាន​ចេតនា​បំបែក​សម្លេង​របស់​ពួកគេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ