អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

យុវជន​គួរ​រិះគន់​ដោយ​មាន​មូលដ្ឋាន

ចុះផ្សាយ​នៅ​ថ្ងៃ៖

សិទ្ធិ​នៃ​ការ​បញ្ចេញ​មតិ សរសើរ និង​រិះគន់ គឺ​ជា​រឿង​សាមញ្ញ​ធម្មតា​សម្រាប់​ប្រទេស​ដែល​ប្រកាន់​យក​របប​ប្រជាធិបតេយ្យ​ដូច​កម្ពុជា​។ រឿង​ដែល​មិន​ធម្មតា និង​គួរ​ឲ្យ​បារម្ភ​​នោះ​គឺ យុវជន​កម្ពុជា​មួយ​ចំនួន ចាប់​ផ្ដើម​ប្រើ​សិទ្ធិ​នេះ ដោយ​គ្មាន​មូលដ្ឋាន​និង​ខ្វះ​ការ​ទទួល​ខុស​ត្រូវ​។ តើ​ការ​រិះគន់​​ដោយ​គ្មាន​មូលដ្ឋានរបស់​យុវជន​ខ្មែរ​មួយ​ចំនួន ផ្ដល់​ផល​អាក្រក់​អ្វីខ្លះ? យើង​ស្ដាប់​បទ​វិភាគ​របស់ អ៊ឹម រចនា​៖

ផ្សាយពាណិជ្ជកម្ម

គ្មាន​នរណា​អាច​ប្រកែក​បាន​ឡើយ​អំពី​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​តាម​រយៈ​ប្រព័ន្ធ​អ៊ីនធឺណែត និង​បណ្ដាញ​សង្គម​នៅ​កម្ពុជា​។ ប្រជាពលរដ្ឋ​ខ្មែរ​១​ភាគ​៣ ជា​ពិសេស​យុវជន​តែម្ដង មាន​សកម្មភាព​ផុសផុល​ខ្លាំង​ណាស់​នៅ​លើ​បណ្ដាញ​សង្គម។ ពួក​គេ​ថត​វីដេអូ និង​សរសេរ​សំណេរ​បញ្ចេញ​មតិ​ទៅ​លើ​ប្រធាន​បទ​សំខាន់​ៗ ទាំង​បញ្ហា​សង្គម និង​បញ្ហា​នយោបាយ​​​។ នេះ​គឺ​ជា​រឿង​ល្អ ដែល​គួរ​ឲ្យ​លើក​ទឹក​ចិត្ត​។

ប៉ុន្តែ ទន្ទឹម​គ្នា​នេះ គេ​សង្កេត​ឃើញ​ផង​ដែរ​ថា អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណែត​មួយ​ចំនួន ជា​ពិសេស​យុវជន​ បាន​ប្រើ​ប្រាស់ Facebook ដើម្បី​រិះ​គន់ ដើម្បីជេរ​ប្រមាថ ឬ​ដើម្បី​បរិហារ​កេរ្តិ៍​។ អ្នក​ខ្លះ​ ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដោយ​បង្ហោះ​រូបភាព​កាត់​ត​អាស​អាភាស ឬ​រូបភាព​កាត់​ត​អសីលធម៌​​ផ្សេងទៀត ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​កេរ្តិ៍​ឈ្មោះ កិត្តិយស​របស់​អ្នក​ដទៃ​។ អ្នក​ខ្លះ​ទៀត បង្ហោះ​ឬ​ចែក​ចាយ​ព័ត៌មាន​មិន​ពិត ដោយ​មិន​បាន​ផ្ទៀង​ផ្ទាត់​ជា​មុន បង្ក​ជា​ភាព​ចលាចល​​។ ហើយ​អ្វី​ដែល​គេ​តែង​តែ​ឃើញ​ជា​រៀង​រាល់​ថ្ងៃនោះ គឺ​ការ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដោយអារម្មណ៍​ជ្រុល​និយម ​ដោយ​កំរោល ដោយ​កំហឹង ​ដោយ​គ្មាន​មូលដ្ឋាន​ និង​​ក្រម​សីលធម៌ បង្កើត​ឲ្យ​មាន​ជម្លោះ​បែក​ផ្សែង​តាម​បណ្ដាញ​សង្គម​​។

មាន​ឧទាហរណ៍​ថ្មី​ៗ​ចំនួន​ពីរ ដែល​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​អំពី​ទម្លាប់​របស់​យុវជន​មួយ​ចំនួន ដែល​និយម​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដើម្បី​រិះគន់​ដោយ​គ្មាន​មូលដ្ឋាន​។ ដំបូង​និយាយ​ពី​វីដេអូ​របស់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​នៅ​កម្ពុជា​ម្នាក់ ដែល​មាន​ខ្លឹមសារ​រិះគន់​ការ​ដាក់​តាំង​រូប​ថត​ថ្នាក់​ដឹក​នាំ​នៃ​ប្រទេស​វៀតណាម ទន្ទឹម​នឹង​ព្រះ​ឆាយាលក្ខណ៍​ព្រះ​មហាក្សត្រ​ខ្មែរ​។  សំណួរ​និង​ការ​រិះគន់​តាម​ការ​យល់​ឃើញ ដោយ​គ្មាន​អំណះអំណាង​គាំទ្រ​នេះ នៅ​ទី​បំផុត ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ត​ៗ​គ្នា ដោយអ្នក​ខ្លះ​សម្ដែង​មតិ​ហួស​ចិត្ត និង​ខ្លះ​ទៀត​សរសេរ​សារ​​​ណែនាំម្ចាស់​វីដេអូ​​អំពីបែប​បទ​ការទូត​និង​ពិធីការ​ផ្លូវ​រដ្ឋ និង​ស្នើ​ឲ្យ​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ​ជាមុន​សិន សឹម​ធ្វើ​កា​រ​រិះគន់​​។

រឿង​មួយ​ទៀត ជុំ​វិញ​ការ​រិះគន់​ដោយ​គ្មាន​មូលដ្ឋាន​នេះដែរ​។ កាល​ពី​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ បណ្ដាញ​សង្គម​នៅ​កម្ពុជាបាន​កក្រើក​រញ្ជួយ នៅ​ពេល​ដែល​យុវជន​ខ្មែរ​នាំ​គ្នា​ចែក​រំលែក​ត​ៗ​គ្នា​នូវ​ព័ត៌មាន​ដែល​ថា ថៃ​ដាក់​បញ្ចូល​ទម្រង់​ល្ខោន​ខូន ទៅក្នុង​បញ្ជី​បេតិកភណ្ឌវប្បធម៌​អរូបី នៃ​​អង្គការ​យូណេស្កូ។ យុវជន​ខ្មែរ​បាន​ប្រើ​ពាក្យ​ឌឺដង បន្ទាប​តម្លៃ​ល្ខោន​ខូន​​របស់​ថៃ និង​ថា ទម្រង់​នៃ​ល្ខោន​ពាក់​របាំង​មុខ​នេះ គឺ​ជា​របស់​ខ្មែរ មិន​មែន​ជា​របស់​ថៃ​ទេ​។ ជា​ការ​ពិត​ នេះ​គឺ​ជា​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​​មតិរបស់​ពលរដ្ឋ​កម្ពុជា​។ ប៉ុន្តែ​ការ​បញ្ចេញ​មតិតាម​អារម្មណ៍​យ៉ាង​ដូច្នេះ បាន​ធ្វើ​ឲ្យប៉ះពាល់​ដល់​រូបភាព និង​កិត្យានុភាព​របស់​កម្ពុជា នៅ​លើ​​ឆាក​អន្ដរជាតិ​ ។

ប្រទេស​ថៃ បាន​ស្រង់​យក​ការ​រិះគន់​ប្រមាថ​ល្ខោន​ខូន​ដែល​យុវជន​​ខ្មែរមួយ​ចំនួន​សរសេរ​លើ​បណ្ដាញ​សង្គម ទៅ​ផ្សព្វផ្សាយ​តាម​ទូរទស្សន៍ និង​កាសែត​ជា​ដើម​។ ទាំង​ប្រជាពលរដ្ឋ និង​សាស្ត្រាចារ្យ​​ប្រវត្តិសាស្ត្រ​ថៃ សុទ្ធ​តែ​បាន​ទទួល​ស្គាល់​ថា ល្ខោន​ពាក់​មុខ​របស់​ថៃ មាន​ដើម​កំណើត​មក​ពី​ខ្មែរ​។ និង​ថា ​ប្រសិន​បើ​អង្គការ​យូណេស្កូ ដាក់​បញ្ចូល​ល្ខោន​ខោល​របស់​ខ្មែរ​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី អ្វី​ដែល​ប្រជាជាតិ​ថៃ​ត្រូវ​ធ្វើ​មុន​គេ​បង្អស់ គឺ​សម្ដែង​ការ​អបអរ​ចំពោះ​កម្ពុជា​។

តាម​រយៈ​ឧទាហរណ៍​ដែល​លើក​ឡើង​នេះ គេ​អាច​សរុប​បាន​ថា ការ​រិះ​គន់​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​បញ្ចេញ​មតិ​ក៏​ពិត​មែន​ ប៉ុន្តែ​ប្រសិន​បើ​ការ​រិះគន់​នោះ ធ្វើ​ឡើង​តាម​តែ​អារម្មណ៍ ដោយ​គ្មាន​មូលដ្ឋាន​ឬ​អំណះអំណាង​ណា​មួយ​គាំទ្រ​ទេ វា​នឹង​ជះ​ឥទ្ធិពល​អាក្រក់​ត្រឡប់​មក​វិញ​ជាក់​ជា​មិន​ខាន​។ ដំបូង​បង្អស់ ចំពោះ​អ្នក​ដែល​ត្រូវ​គេ​រិះ​គន់ តិច​ឬ​ច្រើន ផ្លូវ​ចិត្ត​ក៏​ដូច​ជា​អារម្មណ៍​របស់​ពួក​គេ​ត្រូវ​បាន​វាយ​ប្រហារ​។ ដោយ​ឡែក សម្រាប់​អ្នករិះ​គន់​អ្នក​ដទៃ​ដោយ​គ្មាន​មូលដ្ឋាន​។ ការ​រិះគន់​របៀប​នោះ​​បាន​បង្ហាញ​ឲ្យ​​ឃើញ​អំពី​កម្រិត​នៃ​​ចំណេះ​ដឹង ក៏​ដូច​ជា​និន្នាការ​របស់​ពួកគេ​​។ ហើយ​តាម​រយៈ​ការ​បញ្ចេញ​មតិ​ដោយ​គ្មាន​មូលដ្ឋាន​​ដដែល​នេះ ជាតិ​សាសន៍​ដទៃ​ដែល​ធ្លាប់​មើល​មក​កម្ពុជា​ថា​ជា​ប្រទេសខ្ពង់ខ្ពស់​ដោយ​អរិយធម៌ ក៏​អាច​នឹង​ផ្លាស់​ប្ដូរ​ការ​គិត​របស់​គេ​ផង​ដែរ​។

ដូច្នេះ​ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គមត្រូវ​តែ​ពិចារណា​ឲ្យ​ច្បាស់ មុន​នឹង​បញ្ចេញមតិ ឬ​ធ្វើ​ការ​រិះគន់​ណាមួយ​​នៅ​លើ​បណ្ដាញ​សង្គម​​។ ប្រសិន​បើ​មានការ​យល់​ឃើញ​​ផ្ទុយ​ពី​គ្នា គេ​គួរ​រិះគន់​គ្នា​ដោយ​គំនិត​ដែល​មាន​មូលដ្ឋាន​គាំទ្រ​រឹង​មាំ មិន​ត្រូវ​វាយ​ប្រហារ​ដោយ​ការ​រិះ​គន់​ជេរ​ប្រមាថ​ដោយ​គ្មាន​មូលដ្ឋាន​​តាម​តែ​អារម្មណ៍​ណាមួយ​​ទេ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ