អានតួអត្ថបទ
កម្ពុជា

កម្ពុជា​ច្រានចោល​ការអះអាង​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​ថៃ

ក្រសួង​ការពារ​ជាតិ​កម្ពុជា​បាន​ច្រានចោល​ប្រសាសន៍​របស់​រដ្ឋមន្ត្រី​ការពារ ​ជាតិ​ថៃ​ដែល​អះអាង​ភាគី​ទាំងពីរ កម្ពុជាថៃ​បាន​ពិភាក្សាគ្នា​លើ​៥​ចំនុច ដែល​ក្នុងនោះ​ក៏​មាន​ការដក​កងទ័ព​ដែរ​នោះ។ អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក​ឧត្តមសេនីយ៍​ឯក​ឈុំ សុជាតិ​ថ្លែង​ថា កម្ពុជា​នៅតែ​ប្រកាន់​ជំហរ​អនុវត្ត​សាលក្រម​តុលាការ​ឡាអេ ថ្ងៃ​ទី​១៨​កក្កដា។

លោកឧត្តមសេនីយ៍ឯកឈុំ សុជាតិ អ្នកនាំពាក្យ​របស់​ក្រសួងការពារជាតិ​កម្ពុជា
លោកឧត្តមសេនីយ៍ឯកឈុំ សុជាតិ អ្នកនាំពាក្យ​របស់​ក្រសួងការពារជាតិ​កម្ពុជា © Reuters/Soe Zeya Tun
ផ្សាយពាណិជ្ជកម្ម

រដ្ឋមន្ត្រី​ការពារ​ជាតិ​ថៃ​លោក​ឧត្តមសេនីយ៍ យុត្ថាសាក់ សាស៊ីប្រាផា​បាន​ប្រាប់​កាសែត​ថៃ លោក​បាន​ជជែក​មិន​ផ្លូវការ​ជាមួយ​សមភាគី​កម្ពុជា គឺ​លោក​ទៀ បាញ់​កាល​ពី​ពេលថ្មីៗ​នេះ លើ​បញ្ហា​ចំនួន​៥​ដែល​ក្នុងនោះ​គឺ​មាន​ការដក​កងទ័ព​ចេញ​ពី​តំបន់​ដែល​ត្រូវ​កងទ័ព​បណ្តោះ​អាសន្ន​ដែរ។ ការដក​កងទ័ព​ដែល​បើ​តាម​ការ​អះអាង​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​ថៃ​នោះ គឺ​នឹង​អាច​ប្រព្រឹត្តទៅ នៅក្នុង​ខែ​ធ្នូ​ក្រោយ​នេះ ក្រោយ​មាន​ការជួបគ្នា​នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ។

ផ្ទុយ​ទៅ​វិញ ព័ត៌មាន​ទាំងនេះ​ត្រូវ​បាន​បដិសេធ​ចោល​ទាំងស្រុង​ដោយ​ទីក្រុង​ភ្នំពេញ។ អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោកឧត្តម​សេនីយ​ឯក​ឈុំ សុជាតិ​បាន​បញ្ជាក់​នៅ​ថ្ងៃ​សុក្រ​នេះ​ថា មិនមាន​ជំនួប​ណាមួយ​រវាង​រដ្ឋមន្ត្រី​ការពារ​ជាតិ​ទាំងពីរ​ដូច​ការចុះផ្សាយ​របស់​កាសែត​នោះ​ឡើយ ហើយ​ក៏​មិន​មាន​ការ​ជជែកគ្នា​លើ​៥​ចំនុច​ដូច​រដ្ឋមន្ត្រី​ការពារ​ជាតិ​ថៃ​អះអាង​នោះ​ដែរ។

អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ដដែល​បញ្ជាក់​ថា កម្ពុជា​នៅ​រក្សា​ជំហរ​ដូច​ដើម ជំហរ​អនុវត្ត​សាលក្រម​តុលាការ​ឡាអេ ថ្ងៃ​ទី​១៨​កក្កដា​២០១១ ជំហរ​រង់ចាំ​អ្នកសង្កេតការណ៍​ឥណ្ឌូរនេស៊ី និង​ជំហរ​រង់ចាំ​ការបកស្រាយ​សាលក្រម​ឆ្នាំ​១៩៦២។ ព័ត៌មាន​ក្រៅ​ពី​នេះ គឺ​គ្រាន់​តែ​ជា​ការបកស្រាយ​របស់​ភាគី​ថៃ​តែ​ប៉ុណ្ណោះ​ដែល​កម្ពុជា​មិន​ដឹងឮ​ឡើយ។

គួរ​រម្លឹកថា ក្រោយ​ពី​មាន​បណ្តឹង​របស់​កម្ពុជា​កាល​ពី​ចុង​ខែ​មេសា ដើម្បី​ស្នើ​អោយ​មាន​ការថែ​រក្សា​បេតិកភណ្ឌពិភពលោក ប្រាសាទ​ព្រះវិហារ តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុងឡាអេ​បាន​សម្រេច កាល​ពី​ខែ​កក្កដា​អោយ​កម្ពុជា និង​ថៃ​ដក​កងទ័ព​ចេញ​ពី​តំបន់​ដែល​តុលាការ​នេះ​កំណត់​ទំហំ​១៧គីឡូម៉ែត្រ​ការ៉េ ដែល​មិន​ត្រូវ​មាន​កងទ័ព​បណ្តោះអាសន្ន។ ប៉ុន្តែ​តាំងពី​ពេលនោះ​មក ប្រទេស​ទាំងពីរ​មិនទាន់​រក​ថ្ងៃ​អនុវត្ត​សាលក្រម​នេះ​បាន​នៅ​ឡើយ ដោយ​កម្ពុជា​នៅ​រង់ចាំភាគី​ថៃ​រហូត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ