អានតួអត្ថបទ
កម្ពុជា-ថៃ

គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក​​កម្ពុជា​ចេញ​ទៅ​ប្រជុំ​នៅ​ថៃ

ប្រតិភូ​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក​កម្ពុជា​ដឹកនាំ​ដោយ​លោក​វ៉ា គឹមហុង​បាន​ចេញ​ដំណើរ​ពី​ភ្នំពេញ ​នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​នេះ​ឆ្ពោះ​ទៅ​កាន់​ប្រទេស​ថៃ​ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​ទី​១៣​និង​១៤​កុម្ភៈ។​ អ្នកជំនាញការ​ព្រំដែន​ខ្មែរ​និង​ថៃ​នឹង​ជជែក​អំពី​ការ​វាស់វែង​ព្រំដែន​និង​ការ​ស្វែងរក​បង្គោល​ព្រំដែន​ចាស់​នៅ​ក្រៅ​តំបន់​ប្រាសាទ​ព្រះវិហារ។​ កិច្ចប្រជុំ​នេះ​ប្រព្រឹត្ត​ទៅ​ស្រប​ពេល​ដែល​កម្ពុជា​បាន​សម្តែង​ការ​ព្រួយបារម្ភ​អំពី​សកម្មភាព​យោធា​ថៃ​នៅ​តំបន់​ភ្នំ​ទ្រព្យ​ដែល​ជា​តំបន់​ជម្លោះ​រវាង​ប្រទេស​ជិត​ខាង​ទាំងពីរ។

លោក ​វ៉ា ​គឹមហុង​ ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​ព្រំដែន​
លោក ​វ៉ា ​គឹមហុង​ ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​ព្រំដែន​ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ដូច​ការគ្រោង​ទុកកម្ពុជា​បាន​បញ្ជូន​ប្រតិភូ​ជំនាញ​ព្រំដែន​របស់​ខ្លួន ​នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​នេះ​ ដើម្បី​ទៅ​ចូល​រួម​ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ខណ្ឌ​សីមា​ព្រំដែន​គោក​ រយៈ​ពេល​២​ថ្ងៃ​ នៅ​ក្នុង​ប្រទេស​ថៃ។ ​គណៈប្រតិភូ​កម្ពុជា​ដែល​មាន​គ្នា​សរុប​ជាង​២០​នាក់​ដឹក នាំ​ដោយ​លោក​ វ៉ា គឹមហុង ​ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន។ ​កិច្ចប្រជុំ​ពីរ​ថ្ងៃ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ នៅ​ថ្ងៃទី​១៣ ​និង​១៤​កុម្ភៈ​ ធ្វើ​ឡើង​តប​តាម​ការអញ្ជើញ​របស់​ភាគី​ថៃ។

នៅ​មិនទាន់​មាន​សេចក្តី​រាយការណ៍​លម្អិត ​អំពី​របៀបវារៈ​នៃ​កិច្ចប្រជុំ​នេះ​នៅ​ឡើយ​ទេ ​ប៉ុន្តែ ​យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​ កិច្ច​ប្រជុំ​២​ថ្ងៃ​នេះ​នឹង​និយាយ​អំពី​ការ​វាស់វែង​ព្រំដែន ​និងការស្វែងរក​បង្គោល​ព្រំដែន​ ដែល​នៅ​សល់នៅ​ក្រៅ​តំបន់​ប្រាសាទ​ព្រះវិហារ។ ​កិច្ចការ​របស់​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក​កម្ពុជា-ថៃ ​គឺការ​វាស់វែង ​និង​ស្វែងរក​បង្គោល​ព្រំដែន​ចាស់​សល់​ពី​សម័យ​បារាំង​ ដោយ​មិន​ប៉ះពាល់​តំបន់​ប្រាសាទ​ព្រះវិហារ​ទេ ដោយសារ​តែ​បញ្ហា​ព្រះវិហារ​ត្រូវ​នៅ​រង់ចាំ​ការ​បកស្រាយ​សាលក្រម​ឆ្នាំ​១៩៦២ ​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ ទីក្រុង​ឡាអេ ​ដែល​កម្ពុជា​បាន​ស្នើឡើង។
 

ភាគី​កម្ពុជា​ទៅ​​ប្រជុំ (JBC) នេះ គឺ​ទៅ​ប្រកប​ដោយ​សុទិដ្ឋិនិយម និង​សុឆន្ទៈ​ក្នុងការ​រកដំណោះស្រាយ​បញ្ហា​រវាង​ប្រទេស​ទាំងពីរ (កម្ពុជា និង​ថៃ)។

10:02

បទសម្ភាសន៍​រវាង​លាង ដឺលុច និង​លោក​វ៉ា គឹមហុង

គួរ​រម្លឹកថា ​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក​កម្ពុជា-​ថៃ ​ហៅ​កាត់ថា ​JBC​  បាន​ខកខាន​មិន​បាន​ជួបគ្នា​ ជាង​២​ឆ្នាំ​មក​ហើយ​ ដោយសារ​តែ​បញ្ហា​ផ្ទៃក្នុង​របស់​ប្រទេស​ថៃ។ មុន​ពេល​មាន​ទំនាស់​តានតឹង​នៅ​ឯព្រះវិហារ​ និង​តំបន់​មួយចំនួន​ទៀត​រហូត​ដល់​ផ្ទុះ​សង្គ្រាម​ កាល​ពី​ឆ្នាំ​២០១១​ គណៈកម្មការ​ចម្រុះ​នេះ​បាន​រកឃើញ​បង្គោល​ព្រំដែន​ចាស់​សម័យ​បារាំង​ចំនួន​៤៣​ បង្គោល​ហើយ​ ក្នុង​ចំណោម​បង្គោល​ចាស់​ទាំងអស់​ ដែល​មាន​៧៣​បង្គោល ​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ។ ការផ្លាស់ប្តូរ​រដ្ឋាភិបាល​ថៃ​ ដែល​បាន​ធ្វើ​ឲ្យ​ស្ថានការណ៍​តាម​ព្រំដែន​ធូរស្រាល​មួយ​រយៈ​ ក៏​មិន​បាន​ដោះស្រាយ​បញ្ហា​អ្វី​បាន​នៅ​ឡើយ។ ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ​ស្ថានការណ៍​បាន​​ចាប់​តានតឹង​ឡើង​វិញ​នៅ​ឯ​តំបន់​ភ្នំទ្រព្យ។ ​នៅ​ថ្ងៃសៅរ៍​ម្សិលមិញ​ អាជ្ញាធរ​ជាតិ​ព្រះវិហារ​ និង​គណៈកម្មការ​ជាតិ​បេតិកភណ្ឌ​ពិភពលោក​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួមគ្នា​មួយ​ ដោយ​សម្តែង​ក្តី​បារម្ភ​ចំពោះ​សកម្មភាព​ទាហាន​ថៃ​នៅ​តំបន់​ភ្នំទ្រព្យ។

កាលពី​ថ្ងៃ​ពុធ​ទី​៨​កុម្ភៈ​ កម្ពុជា​បាន​ធ្វើ​កំណត់​ទូត​ផ្ញើទៅ​រដ្ឋាភិបាល​ថៃម្តង​ហើយ ​ដើម្បី​តវ៉ា​ប្រឆាំង​នឹង​សកម្មភាព​របស់​យោធា​ថៃ ​ដែល​ដឹក​ជញ្ជូន​គ្រឿង​សំណង់​ ដើម្បី​សាងសង់​ព្រះវិហារ​ នៅ​លើ​កំពូល​ភ្នំ​ទ្រព្យ​នេះ។ ​យ៉ាងណា​ក៏ដោយ​ កិច្ចប្រជុំ ​JBC​ នៅ​ដើម​សប្តាហ៍​ក្រោយ​ទំនង​ជា​គ្មាន​អ្វី​ប្រែប្រួល​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ