អានតួអត្ថបទ
កម្ពុជា-ថៃ-ប្រាសាទ​ព្រះវិហារ

មេដឹកនាំ​យោធា​កម្ពុជា-ថៃ​ ស្វែងរក​ការ​ធានា​សន្តិសុខ​ព្រំដែន​

រដ្ឋមន្ត្រី​ការពារជាតិ​កម្ពុជា ​និង​ថៃ​បាន​ដឹកនាំ​ប្រតិភូជួប​គ្នា ​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ​ នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី​២៦ ​កុម្ភៈ​ដើម្បី​សន្យា​រក្សា​ភាព​ស្ងប់​ស្ងាត់​អោយ​បាន​នៅ​តាម​ព្រំដែន។ ការ​ជួប​គ្នា​នេះ​មាន​សារៈសំខាន់ ខណៈ​ដែល​តុលាការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុង​ឡាអេ ​នឹង​សម្រេច​លើ​បណ្តឹង​របស់​កម្ពុជា ដែល​ស្នើ​អោយ​តុលាការ​អន្តរជាតិ​នេះ​បកស្រាយ​សាលក្រម​ឆ្នាំ​ ១៩៦២ ស្តីពី​ប្រាសាទ​ព្រះវិហារ នៅ​ពាក់កណ្តាល​ខែ​មេសា​ ខាងមុខ​នេះ។ ហើយ​ថា​មាន​ចលនា​ជ្រុល​និយម​ខ្លះ​នៅ​ក្នុង​ប្រទេស​ថៃ​កំពុង​ព្យាយាម​បង្ក​អោយ​មានជម្លោះ​នៅ​ព្រំដែន។

ប្រាសាទ​ព្រះវិហារ
ប្រាសាទ​ព្រះវិហារ ©បូណា
ផ្សាយពាណិជ្ជកម្ម

ប្រសិន​បើ​ចលនា​ជ្រុល​និយម​ថៃ​មួយ​ចំនួន​គ្រោង​បង្ក​អសន្តិសុខ​នៅ​តាម​តំបន់​ព្រំដែន ពិសេស​នៅ​តំបន់​ព្រំដែន​ព្រះវិហារ​នោះ កម្ពុជា​មាន​កាតព្វ​កិច្ច​ប្រុង​ជើងការ និង​ត្រៀម​ទប់ទល់​ស្ថានការ​នេះ។ ជំនួប​រវាង​រដ្ឋមន្ត្រី​ការពារជាតិ​​កម្ពុជា​និង​ថៃ ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី​២៦ ​កុម្ភៈ​ នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ​​ ក្នុង​ទឹកដី​កម្ពុជា ​មាន​គោល​ដៅ​ចាំបាច់ ដើម្បី​ភាគី​ទាំងពីរ​រម្លឹក​ប្រាប់​គ្នា​អំពី​ការ​រក្សា​សន្តិភាព​តាម​ព្រំដែន​ដោយ​អនុវត្ត​តាម​យន្តការ និង​ការ​សន្យា​នានា​ដែល​មាន​ស្រាប់​ក្នុង​ពេល​កន្លងមក។

ជំនួប​នេះ​ក៏​បាន​ប្រព្រឹត្តិ​ទៅ​ បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី​​កម្ពុជា ​ហ៊ុន សែន​ បាន​ចេញ​បញ្ជា​អោយ​កំលាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ​ត្រៀម​លក្ខណៈ ដើម្បី​ទប់ទល់​នឹង​ចលនា​ជ្រុល​និយម​របស់​ថៃ​មួយ​ចំនួន​ ដែល​គ្រោង​បង្ក​បញ្ហានៅ​តាម​ព្រំដែន ក្នុង​ករណី​ដែល​​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ​សម្រេច​ក្តី​ ដោយ​ផ្តល់​ផល​ប្រយោជន៍​មក​អោយ​ខាង​ភាគី​កម្ពុជា​នោះ។

ការ​ទាមទារ​របស់​រដ្ឋាភិបាល​ថៃ​ដែល​ដឹកនាំ​ដោយ​អតីត​នាយក​ដ្ឋមន្ត្រី​ថៃ លោក ​អាប់ភីស៊ីត វេចាជីវ៉ា យក​ដី​ជុំវិញ​ប្រាសាទ​ព្រះវិហារ​នោះ បាន​តម្រូវ​អោយ​កម្ពុជា​ដាក់​បណ្តឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ដើម្បី​ស្នើ​សុំ​តុលាការ​អន្តរជាតិ​អោយ​បកស្រាយ​ឡើង​វិញ​សាលក្រម​របស់​ខ្លួន​ឆ្នាំ​១៩៦២ ​ដែល​បាន​បញ្ជា​អោយ​ថៃ​ប្រគល់​កម្មសិទ្ធ​លើ​ប្រាសាទ​ព្រះវិហារ ​មក​អោយ​កម្ពុជា​វិញ។ ក្នុង​ពេល​ថ្មីៗ​នេះ​ក្រុម​ជ្រុលនិយម​ថៃ​មួយ​ចំនួន ​កំពុង​ព្យាយាម​បង្ក​អោយ​មាន​ជម្លោះ​តាម​ព្រំដែន ប្រសិន​បើ​ថៃ​ចាញ់​នៅ​ក្នុង​ក្តី​មួយ​នេះ​ទៀត។ ជា​សញ្ញា​ដែល​ប្រាប់​អោយ​កម្ពុជា​ត្រូវ​បន្ថែម​ការ​ប្រុងប្រយ័ត្ន ​ការពារ​បូរណភាព​ដែនដី​ឡើងវិញ។

យោងតាម​គេហទំព័រ​របស់​ប៉ូលីស​ជាតិ នៅ​ក្នុងជំនួប​ទ្វេភាគី ​នៅ​ព្រឹក​ថ្ងៃ​ទី​២៦​កុម្ភៈ ភាគី​កម្ពុជា​ដឹកនាំ​ដោយ​លោកនាយ​ឧត្តម​សេនីយ៍ ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ លោក​នាយ​ឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ លោក​នាយ​ឧត្តមសេនីយ៍​ គន់ គីម អគ្គ​មេបញ្ជាការ​រង​កង​យោធពល​ខេមរភូមិន្ទ លោក​នាយ​ឧត្តមសេនីយ៍ ជា ដារ៉ា លោក​ឧត្តមសេនីយឯក​សៀក សុជាតិ នាយក​ទីចាត់ការ​ព្រំដែន​ និង​មន្ត្រីយោធា​ជាច្រើន​រូប​ទៀត។ រីឯ​ភាគី​ថៃ​វិញ ដឹកនាំ​ដោយ​លោក ស៊ូគុំពូល ស៊ូវណ្ណាថាត (Sukumpol Suwanatat) ជា​រដ្ឋមន្ត្រី​ការពារជាតិ​ និង​មន្ត្រីជាន់ខ្ពស់​យោធា​ថៃ​ជាច្រើន​រូប​ទៀត។

លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ បាន​ថ្លែង​នៅ​ក្នុង​សន្និបាត​បូកសរុប​ការងារ​ក្រសួង​មហាផ្ទៃ​កាល​ពី​សប្តាហ៍​មុន​ថា លោក​បាន​ជជែក​បញ្ហា​សាលក្រម​ឡាអេ​ ខាង​មុខ​នេះ​ជាមួយ​លោកស្រី​នាយក​រដ្ឋមន្ត្រី​ថៃ យីងឡាក់​ ស៊ីណាវ៉ាត់​ ដែរ ដើម្បី​បង្ហាញ​អំពី​ជំហរ​របស់​​កម្ពុជា ដែល​​មិន​ចង់​អោយ​បញ្ហា​ព្រំដែន​ព្រះវិហារ​នេះ រាលដាល​ដល់​ព្រំដែន​ក្នុង​តំបន់​ផ្សេង​ទៀត ហើយ​ក៏​មិន​ចង់​អោយ​​បញ្ហា​ព្រំដែន​នេះ​រាលដាល​បង្ក​ជា​​ទំនាស់​ក្នុង​វិស័យ​ផ្សេងៗ​ទៀត​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ