អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ព្រះវិហារ៖ ហេតុអ្វី​ថៃ​នាំគ្នា​និយាយ​តែ​ពី​បរាជ័យ​តាំងពី​តុលាការឡាអេ​មិនទាន់​បើក​សវនាការ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្នុងរយៈពេល​ប៉ុន្មាន​ថ្ងៃចុងក្រោយនេះ សំណុំរឿង​ព្រះវិហារ នៅ​តុលាការ​អន្តរជាតិ​ក្រុងឡាអេ បាន​ចាប់​ពុះកញ្ជ្រោល​ឡើងវិញ​យ៉ាងខ្លាំង នៅ​ក្នុង​ឆាកនយោបាយ​ថៃ។ ក្រុមអាវលឿង​ថៃ ព្រមទាំង​​គណបក្ស​ប្រជាធិបតេយ្យ ដែល​ជា​បក្ស​ប្រឆាំង បាន​នាំគ្នា​ទាមទារ​ឲ្យ​រដ្ឋាភិបាល​លោកស្រី​យីងឡាក់ ប្រកាស​ជំហរ​ឲ្យ​បាន​ច្បាស់​តាំងពី​ឥឡូវនេះ​ទៅ​ថា​ថៃ​នឹង​មិន​គោរព​តាម​សេចក្តីសម្រេច​របស់​តុលាការ​ក្រុងឡាអេ ដែល​នឹង​ចាប់បើក​សវនាការ នៅ​ក្នុង​ខែមេសា​ខាងមុខ។ តុលាការ​នៅ​មិនទាន់​ចេញសម្រេច​ថា​ឲ្យ​អ្នកណា​ឈ្នះ អ្នកណា​ចាញ់​នៅឡើយផង តើ​ហេតុអ្វី​បាន​ជា​ថៃនាំគ្នា​និយាយ​តែ​ពីរឿង​បរាជ័យ ហើយ​ចង់​បដិសេធ​សេចក្តីសម្រេច​តាំងពីតុលាការ​មិនទាន់​បើក​សវនាការ​យ៉ាងដូច្នេះ?

ទង់ជាតិ​របស់​កម្ពុជា នៅ​ក្នុង​បរិវេណ​ប្រាសាទ​ព្រះវិហារ ដែល​តុលាការ​ក្រុងឡាអេ​សម្រេច​ថា​ស្ថិត​នៅ​ក្នុង​ទឹកដី​របស់​កម្ពុជា កាលពីឆ្នាំ​១៩៦២
ទង់ជាតិ​របស់​កម្ពុជា នៅ​ក្នុង​បរិវេណ​ប្រាសាទ​ព្រះវិហារ ដែល​តុលាការ​ក្រុងឡាអេ​សម្រេច​ថា​ស្ថិត​នៅ​ក្នុង​ទឹកដី​របស់​កម្ពុជា កាលពីឆ្នាំ​១៩៦២ Reuters
ផ្សាយពាណិជ្ជកម្ម

សវនាការ​ជាសាធារណៈ ដើម្បី​ស្តាប់​ទឡ្ហីករណ៍ និង​ភស្តុតាង​របស់​គូភាគី ជុំវិញ​បណ្តឹង​របស់​កម្ពុជា សុំ​ឲ្យ​តុលាការ​ក្រុងឡាអេ​ធ្វើការ​បកស្រាយ​សាលក្រម​ឆ្នាំ​១៩៦២ ស្តីពី​ប្រាសាទ​ព្រះវិហារ នឹង​ត្រូវ​បើក​ធ្វើ​ពីថ្ងៃ​ទី១៦ ដល់​ ១៩ ខែមេសា​ខាងមុខ។ បន្ទាប់​ពី​បញ្ចប់​សវនាការ​នេះ​ទៅ តុលាការ​ទំនង​ជា​នឹង​ត្រូ​វ​ចំណាយ​ពេល​ជាច្រើន​ខែ​ទៀត (ប្រហែល​ជា​នៅ​ខែ​តុលា ២០១៣) ទើប​អាច​ចេញ​សេចក្តីសម្រេច។

ក៏ប៉ុន្តែ នៅ​ក្នុង​ពេល​ដែល​សវនាការ​នៅ​មិនទាន់​បើក​ធ្វើ​ផង យើងឃើញ​ថា នៅពេលនេះ អ្នក​នយោបាយ និង​ក្រុម​អ្នក​ជាតិនិយម​ថៃ កំពុង​តែ​នាំគ្នា​ហែកហួរគ្នា​ ដោយ​ម្ខាង​ គឺ​ខាង​រដ្ឋាភិបាល​ភឿថៃ​បាន​ទទួលស្គាល់​ថា នៅ​ក្នុង​សំណុំរឿង​​ព្រះវិហារ​នៅ​តុលាការ​ក្រុងឡាអេនេះ ថៃ​អាច​នឹង​ត្រូវ​បាត់បង់​ទឹកដី ហើយ​​​​​អំពាវនាវ​ឲ្យ​ប្រជាជន​ត្រៀម​ខ្លួន ត្រៀមចិត្ត ដើម្បី​ទទួល​យក​សេចក្តីសម្រេច​របស់​តុលាការ​ក្រុងឡាអេ។ ចំណែក​ខាង​គណបក្ស​ប្រជាធិបតេយ្យ ដែល​ជាបក្ស​ប្រឆាំង រួមជាមួយ​នឹង​ក្រុមអាវលឿងវិញ បាន​នាំគ្នា​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ប្រកាស​ជំហរ​ជាមុន​ថា​នឹង​មិន​គោរព​តាម​សេចក្តីសម្រេច​របស់​តុលាការ​ក្រុងឡាអេ។ លើសពីនេះ​ទៅទៀត បក្ស​កាន់អំណាច និង​បក្ស​ប្រឆាំង​ថៃ កំពុង​តែ​​ចាប់ផ្តើម​ទម្លាក់​កំហុស​ដាក់​គ្នា​រួចជាស្រេច​ទៅហើយ​ ដោយ​ម្ខាង​ថា ម្ខាងទៀត​ជា​អ្នក​ទទួលខុសត្រូវ​ចំពោះ​បរាជ័យ​របស់ថៃ ក្នុង​សំណុំរឿង​នៅ​តុលាការ​ក្រុងឡាអេ​នេះ។

បើនិយាយ​ជារួមទៅ នៅពេលនេះ ថៃ​ហាក់ដូចជា​កំពុង​តែ​សំឡឹងឃើញ​ពី​បរាជ័យ​របស់​ខ្លួន​រួចជា​ស្រេ​​ច​ទៅហើយ ដោយ​មិនទាំងបាន​ទាន់​ឆ្លងកាត់​សវនាការ​នៅឡើយផង។ តើ​មក​ពី​ហេតុអ្វី? ហេតុអ្វី​បាន​ជា​ថៃ​​នាំគ្នា​​កំណត់ទុកជាមុន​ថា​ថៃ​នឹង​ត្រូវ​ចាញ់​ប្រៀប​កម្ពុជា នៅ​តុលាការ​ក្រុងឡាអេ​បែបនេះ?

ចម្លើយ​នឹង​សំណួរ​នេះ គឺ​មាន​រួច​ជាស្រេច នៅ​ក្នុង​ប្រសាសន៍​របស់​លោក ស៊ូរ៉ាពុង តូវិចាកចៃគុល (Surapong Tovichakchaikul) រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ថៃ ដែល​បាន​លើកឡើង​ថា នៅ​ក្នុង​សំណុំរឿង​នៅ​តុលាការ​ក្រុងឡាអេនេះ បើសិន​ជា​ថៃ​ចាញ់ ថៃ​នឹង​បាត់បង់​ទឹកដី (ពោលគឺ​ចំណែកដី​ ៤.៦​គីឡូម៉ែត្រ​ក្រឡា នៅ​ជុំវិញ​ប្រាសាទ​ព្រះវិហារ)។ បើសិន​ជា​ថៃ​ឈ្នះវិញ ថៃបាន​ត្រឹមតែ​ត្រឡប់​មក​រក​ជម្លោះ​ដើមវិញ​ប៉ុណ្ណោះ ពោលគឺ ប្រាសាទ​ព្រះវិហារ​នៅតែ​ជា​របស់​កម្ពុជា ចំណែក​​ដី​ជុំវិញ​ប្រាសាទ​នៅតែ​ជា​ដី​ជាប់ជម្លោះ ពោលគឺ មិន​បាន​មក​ថៃ​នោះទេ។

សរុបជារួមកវិញ ប្រសាសន៍​របស់​​លោក​ស៊ូរ៉ាពុង​ គឺ​ចង់​មាន​ន័យថា នៅ​ឡាអេ ថៃ​មិន​មាន​ផ្លូវ​ឈ្នះ​នោះទេ។​ ការលើកឡើងបែបនេះ ធ្វើ​ឲ្យ​លោក​ស៊ូរ៉ាពុង​ទទួលរងនូវ​ការ​រិះគន់​ពី​ក្រុម​ប្រឆាំង​ថា ជា​ការ​ចុះចាញ់​មុន​ពេល​ប្រយុទ្ធ ក៏ប៉ុន្តែ ប្រសាសន៍​របស់​លោក​ស៊ូរ៉ាពុង​នេះ គឺ​ជា​ការ​សង្ខេប​ខ្លីមួយ ដែល​ឆ្លុះបញ្ចាំង​ពី​ទិដ្ឋភាព​ច្បាប់​ជាក់ស្តែង ដែល​ថៃ​ត្រូវ​ប្រឈមមុខ​នៅ​តុលាការ​ក្រុងឡាអេ។

គួរបញ្ជាក់ឡើងវិញ​ថា បណ្តឹង​នៅ​តុលាការ​ក្រុងឡាអេ​នៅពេលនេះ មិនមែន​ជា​បណ្តឹង​សុំ​ឲ្យ​តុលាការ​ធ្វើការ​កាត់សេចក្តី​ឡើងវិញ លើ​រឿង​ព្រះវិហារ​នោះទេ ប៉ុន្តែ ​ជា​បណ្តឹង​សុំ​ធ្វើការ​បកស្រាយ​សាលក្រម ដែល​តុលាការ​បាន​កាត់សេចក្តីរួចហើយ កាល​ពី​ឆ្នាំ​១៩៦២។

ចំណុច​ចម្រូងចម្រាស ដែល​កម្ពុជា​ស្នើសុំ​ឲ្យ​បកស្រាយ​នេះ គឺ​នៅត្រង់​ថា កម្ពុជា​យល់​ថា នៅ​ក្នុង​សាលក្រម​ឆ្នាំ​១៩៦២ តុលាការ​ក្រុងឡាអេ​បាន​សម្រេច​​​ថា ទាំង​តួប្រាសាទ​ព្រះវិហារ និង​ដី​នៅ​ជុំវិញ​ប្រាសាទ គឺ​ជា​របស់​កម្ពុជា ដោយ​ផ្អែក​ទៅលើ​ផែនទី​ដងរែក (ឬ​ផែនទី​បក្សសម្ព័ន្ធ​ទី១ ដែល​ភ្ជាប់​នឹង​សាលក្រម ឆ្នាំ​១៩៦២)។ ចំណែក​​ភាគី​ថៃ​វិញ​យល់ថា សាលក្រម​ឆ្នាំ​១៩៦២​នេះ គឺ​ទាក់ទង​តែ​នឹង​​ប្រាសាទ​ព្រះវិហារ​ប៉ុណ្ណោះ ដោយ​តុលាការ​មិន​បាន​សម្រេច​សេចក្តី​​ទៅលើ​ខ្សែបន្ទាត់​ព្រំដែន​​នោះទេ។

ដោយ​មើលទៅលើ​ចំណុច​ចម្រូងចម្រាសនេះ យើង​ឃើញ​ថា ថៃ​បាន​ទទួលស្គាល់​​យ៉ាង​ជាក់ច្បាស់​ថា ប្រាសាទ​ព្រះវិហារ​ជា​របស់​កម្ពុជា។ ចំណុច​ដែល​តុលាការ​ក្រុងឡាអេ​ត្រូវ​បកស្រាយ​នៅពេលនេះ គឺ​​ទាក់ទងតែ​នឹង​ដី​ជុំវិញ​ប្រាសាទ​ព្រះវិហារ​តែ​ប៉ុណ្ណោះ។

ដូច្នេះ បើសិន​ជា​តុលាការ​ក្រុងឡាអេ​សម្រេច​​ឲ្យ​កម្ពុជា​ឈ្នះ ហើយ​ធ្វើការ​បកស្រាយ​ទៅ​តាម​ការអះអាង​របស់​កម្ពុជា គឺ​មានន័យថា ទាំង​តួប្រាសាទព្រះវិហារ និង​ទាំង​ចំណែក​ដី ៤.៦​គីឡូម៉ែត្រ​ក្រឡា នៅ​ជុំវិញ​ប្រាសាទ ដែល​ជា​ដី​ជាប់ជម្លោះ នឹង​ត្រូវ​បាន​ទៅ​កម្ពុជា។ ផ្ទុយ​ទៅវិញ បើសិន​ជា​តុលាការ​ក្រុងឡាអេ​សម្រេច​​ឲ្យថៃ​ឈ្នះ ហើយ​បកស្រាយ​សាលក្រម​ឆ្នាំ​១៩៦២ ទៅតាម​ការទាមទារ​របស់​ថៃ ពោលគឺ នៅក្នុង​សាលក្រមនេះ​ តុលាការ​សម្រេច​តែ​ទៅលើ​ប្រាសាទ​ព្រះវិហារ ដោយ​មិន​សម្រេច​លើ​ខ្សែបន្ទាត់​ព្រំដែន តួ​ប្រាសាទ​ព្រះវិហារ​នឹង​នៅតែ​ជា​របស់​កម្ពុជា ដោយ​មិនត្រូវ​បាន​ទៅថៃ​នោះទេ។ ​ចំណែក​ដី ៤.៦​គីឡូម៉ែត្រ​ក្រឡា​នៅ​ជុំវិញ​ប្រាសាទ​នេះ​ក៏​មិន​ត្រូវ​បាន​ទៅ​ថៃ​ដែរ ពីព្រោះ​ បើសិន​ជា​សាលក្រម​ ឆ្នាំ​១៩៦២ មិន​សម្រេច​លើ​ខ្សែបន្ទាត់​ព្រំដែន គឺ​មានន័យថា តុលាការ​មិន​បាន​​សម្រេចថា ដី​នៅ​ជុំវិញ​ប្រាសាទ​ត្រូវ​បាន​ទៅ​ខាង​ណានោះទេ (ត្រូវ​បាន​ទៅ​កម្ពុជា ក៏​តុលាការ​មិន​និយាយ ត្រូវ​បាន​ទៅថៃ​ ក៏​តុលាការ​មិន​ថា) ពោល​គឺ ចំណែក​ដី​មួយ​ដុំនេះ​​នឹង​ត្រូវ​ស្ថិត​ក្នុង​ស្ថានភាព​ជាប់ជម្លោះ​​ដូច​មុនដដែល។

ថៃ​នៅមាន​យុទ្ធសាស្រ្ត​មួយ​ទៀត (ជា​​យុទ្ធសាស្រ្ត​​ដែល​ថៃ​កំពុង​តែ​អនុវត្ត​តាំង​ពី​មាន​បណ្តឹង​របស់​កម្ពុជា​មក) គឺ​ធ្វើយ៉ាងណា​ទាមទារ​កុំ​ឲ្យ​តុលាការ​ក្រុងឡាអេ ធ្វើការ​បកស្រាយ​សាលក្រម ឆ្នាំ​១៩៦២ តាម​បណ្តឹង​របស់​កម្ពុជា។ ក៏ប៉ុន្តែ បើទោះជា​តុលាការ​យល់ស្រប​តាមថៃ ហើយ​មិន​​បកស្រាយ​សាលក្រម ឆ្នាំ​១៩៦២ ក៏​ថៃ​​មិនមាន​អ្វី​ចំណេញ​នោះដែរ។ អ្វីៗ​នឹង​ត្រូវ​ត្រឡប់​ទៅ​ស្ថានភាព​ជម្លោះ​ដូចដើម ពោលគឺ ប្រាសាទ​ព្រះវិហារ​នឹង​នៅតែ​ជា​របស់​កម្ពុជា ដោយ​ស្របច្បាប់ ចំណែក​ដី​ជុំវិញ​ប្រាសាទ នឹង​នៅតែ​ជា​ដី​ជាប់ជម្លោះ។

ដូច្នេះ សរុប​ទិដ្ឋភាព​ផ្លូវច្បាប់នេះ​មកវិញ យើងឃើញ​ថា នៅ​ក្នុង​បណ្តឹង​សុំបកស្រាយ​សាលក្រម នៅ​តុលាការ​ក្រុងឡាអេ នៅពេល​នេះ ថៃ​មានតែ​ខាត ឬ​យ៉ាង​ច្រើន​បំផុត​បាន​ត្រឹម​មិនខាត ប៉ុន្តែ គ្មាន​​ផ្លូវ​ចំណេញ​នោះទេ។ ចំណុច​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​​អ្នក​នយោបាយ​ថៃ នាំគ្នា​និយាយ​តែ​ពី​រឿង​បរាជ័យ ហើយ​ព្យាយាម​រកវិធី​ទម្លាក់​កំហុស​ដាក់គ្នា​​ចំពោះ​បរាជ័យ​នេះ តាំង​ពី​មុន​ពេល​តុលាការ​បើកសវនាការជំនុំជម្រះ​បែបនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ