អានតួអត្ថបទ
កម្ពុជា

អ្នក​មាន​ជម្លោះ​ដីធ្លី​បន្ត​តវ៉ា​នៅ​មុខ​ពន្ធនាគារ​ព្រៃស ​ឯ​អ្នក​ជាប់​ឃុំ​ធ្វើ​កូដ​កម្ម​បង្អត់​អាហារ​

នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ ប្រជាពលរដ្ឋ​មាន​ជម្លោះដីធ្លី ព្រះសង្ឈ ​រួមទាំង​យុវជន​មួយ​ចំនួន​ផង​បាន​បន្ត​ទៅ​ប្រមូល​ផ្តុំគ្នា​នៅ​ពី​មុខ​ពន្ធនាគារ​ព្រៃស​ដូច​ការ​គ្រោង​ទុក។ ជាការ​ប្រមូល​ផ្តុំ​តវ៉ា​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​អ្នក​កំពុង​ជាប់ឃុំ​នៅ​ទីនោះ។ ​ស្រប​ពេល​ជាមួយ​នេះ អ្នក​កំពុង​ជាប់ឃុំ ក៏​បាន​ប្រកាស​ធ្វើ​ការ​បង្អត់​អាហារ​ពេញ​មួយ​ថ្ងៃ​ផង​ដែរ។

ព្រះ​សង្ឃ​ជា​ច្រើន​អង្គ និង​​ប្រជាពលរដ្ឋ​​នាំ​គ្នា កំពុង​​ធ្វើ​ការ​តវ៉ា​នៅ​មុខ​ពន្ធនាគារ​ព្រៃស​ ដើម្បី​​ឲ្យ​ដោះលែង​សកម្មជន​ដីធ្លី​ និងសកម្មជន​បក្ស​ នៅ​ព្រឹក​ថ្ងៃទី​៣០ វិច្ឆិកា ២០១៤។
ព្រះ​សង្ឃ​ជា​ច្រើន​អង្គ និង​​ប្រជាពលរដ្ឋ​​នាំ​គ្នា កំពុង​​ធ្វើ​ការ​តវ៉ា​នៅ​មុខ​ពន្ធនាគារ​ព្រៃស​ ដើម្បី​​ឲ្យ​ដោះលែង​សកម្មជន​ដីធ្លី​ និងសកម្មជន​បក្ស​ នៅ​ព្រឹក​ថ្ងៃទី​៣០ វិច្ឆិកា ២០១៤។ RFI@Vann Sokunthea
ផ្សាយពាណិជ្ជកម្ម

នេះ​គឺ​ជា​លើក​ទី​បី​ហើយ​ដែល​ក្រុម​ប្រជាពលរដ្ឋ​មាន​ជម្លោះដីធ្លី ព្រះសង្ឈ និង​យុវជន​មួយ​ចំនួន​​ទៀត​បាន​ទៅ​ប្រមូលផ្តុំ​គ្នា​នៅមុខ​ពន្ធនាគារ​ព្រៃស ដើម្បី​តវ៉ា​ទាមទារ​ឲ្យ​មានការ​ដោះ​លែង​អ្នក​កំពុង​ជាប់ឃុំ​នៅ​ទីនោះ។ ក៏​មិន​ខុស​ពីសហ្តហ៍​មុន​ដែរ ​ប្រជាពលរដ្ឋ​ទាំង​នោះ​បាន​ទៅ​ប្រមូល​ផ្តុំគ្នា​តាំងពី​ម៉ោង​ប្រមាណ​ជាង​៨ព្រឹក។

អ្នកស្រី​ប៉ូវ សោភា តំណាង​អ្នក​ភូមិ​បឹងកក់​ដែល​ដឹកនាំ​ការ​ប្រមូល​ផ្តុំគ្នា​នេះ បាន​ឲ្យ​ដឹង​ថា មកដល់​ពេល​នេះ​ក្រុម​ប្រជាពលរដ្ឋ មិនទាន់​ទទួល​បាន​ការ​ឆ្លើយ​បែប​ណា​មួយ​ពី​សំណាក់​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​ឡើយ​ទេ។ ប្រជាពលរដ្ឋ​ដែល​មក​តវ៉ា​ទាំង​នោះ ក៏មាន​ទាំង​កុមារា ​កុមារី ដែលជាកូនៗ​ ស្ត្រី​កំពុង​ជាប់​ឃុំ​ផង​ដែរ។​ ពួកគេ​ខ្លះ​ពាក់​ស រំលេច​ដោយ​ប្រយោគ​មួយ​ឃ្លា​ថា “ដោះលែង​អ្នក​ទាំង១៧នាក់​ជា​បន្ទាន់” រីឯ​ខ្លះទៀត​កាន់​រូប​ថត​អ្នក​កំពុង​ជាប់​ឃុំ ដើម្បី​ទាមទារ​ឲ្យ​មាន​ដោះលែង។

ក្រៅ​តែ​ពី​ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី ក៏​មាន​សង្គម​ស៊ីវិល​មួយ​ចំនួន​ចូលរួម​ឃ្លាំ​មើល​យន្តនា​ការ​តវ៉ា​ប្រចាំ​សហ្តហ៍ ​ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​អ្នក​ជាប់ឃុំ​ទាំង​នោះ​ផងដែរ។ លោក​អំ សំអាត ប្រធាន​ផ្នែក​បច្ចេកទេស​ស៊ើបអង្កេត​របស់​អង្គការ​លីកាដូ​ដែល​បាន​ឃ្លាំ​មើល​ការ​ប្រមូល​ផ្តុំ​គ្នា​នេះ​ពីរ​សហ្តហ៍​មក​ហើយ​នោះ បាន​លើក​ឡើង​ថា អ្នក​កំពុង​ជាប់​ឃុំ​ទាំង​នោះ​មិន​ត្រឹមតែ​រងគ្រោះ​ព្រោះ​រឿង​ជម្លោះដីធ្លី​ប៉ុណ្ណោះ​ទេ តែ​ពេល​នេះ​ពួកគេ​បានមក​រងគ្រោះ​ត្រូវ​ជាប់ពន្ធនាគា​រទាំង​អយុត្តិធម៌​ថែមទៀត។

យ៉ាង​ណា​ក៏​ដោយ ​ស្រប​ពេល​ដែល​ប្រជាពលរដ្ឋ​កំពុង​ប្រមូលផ្តុំ​គ្នា​នៅ​ពីមុខ​ពន្ធនាគារ អ្នក​កំពុង​ជាប់ឃុំ​ខាងក្នុង​ពន្ធនាគារ​ឯណោះ​វិញ​ក៏បាន​ធ្វើ​កូដកម្ម​បង្អត់អាហារ​ខ្លួនឯង​ផងដែរ។គោលបំណង​ដូចគ្នា គឺ​ដើម្បី​ទាមទារ​រក​យុត្តិធម៌ និង​ការដោះលែង​ឲ្យ​មាន​សេរីភាព​ឡើង​វិញ។

សូមបញ្ជាក់ថា អ្នក​កំពុង​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃស​ដែល​ប្រជាពលរដ្ឋ​មាន​ជម្លោះដីធ្លី​កំពុង​ធ្វើ​តវ៉ា​ទាមទារ​ឲ្យ​ដោះ​លែង​នៅ​ពេល​នេះ​មាន​ចំនួន១៧នាក់ ដែល​មាន​ដូចជា សកម្មជន​ដីធ្លី​តំបន់​បឹងកក់ ព្រះសង្ឈ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ។

ទោះបី​មិនទាន់មាន​ការឆ្លើយតប និង​មិនដឹងថា ​ពេល​ណា​អ្នក​ជាប់ឃុំ​ទាំងនោះ​ត្រូវ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​ឡើង​វិញ​ក៏​ដោយ ក៏​ប៉ុន្តែ​ប្រជាពលរដ្ឋ​អ្នក​តវ៉ា​មិន​បោះ​បង់​ក្តី​សង្ឃឹម​របស់​ពួក​គេ​នោះ​ឡើយ។ អ្នក​ស្រី ប៉ូវ សោភា បាន​បញ្ជាក់ថា ប្រជាពលរដ្ឋ​នឹង​មក​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​នៅ​មុខ​ពន្ធនាគារ​ព្រៃសរ​នេះ រហូត​ដរាប​ណា​មាន​ការ​ដោះ​លែង​អ្នក​កំពុង​ជាប់​ឃុំ​ទាំង​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ