សង្គមស៊ីវិល ថ្កោលទោស ការចាប់ខ្លួនសកម្មជនដីធ្លី សិទ្ធិមនុស្ស ព្រះសង្ឃ និងសកម្មជននយោបាយ
ក្រុមអង្គការសង្គមស៊ីវិល បានប្រកាសថ្កោលទោសចំពោះយុទ្ធនាការបង្ក្រាប និងចាប់ខ្លួនសកម្មជនដីធ្លី សកម្មជនសិទ្ធិមនុស្ស និងសកម្មជននយោបាយ សរុប ១៧ នាក់ ហើយក៏មានព្រះសង្ឃផងដែរកាលពីសប្តាហ៍មុន។ ក្នុងសន្និសីទកាសែត និងសេចក្តីថ្លែងការណ៍រួម នៅថ្ងៃទី១៨វិច្ឆិកានេះ ក្រុមអង្គការសង្គមស៊ីវិល បានចាត់ទុកវិធានការបង្ក្រាប និងចាប់ឃុំខ្លួនសកម្មជនដីធ្លី សិទ្ធិមនុស្ស ព្រះសង្ឃ និងសកម្មជននយោបាយ ថាបានបង្ហាញនូវចេតនាយ៉ាងច្បាស់ថា អាជ្ញាធររាជធានីភ្នំពេញ មិនត្រឹមតែមិនជួបពិភាក្សាដោះស្រាយបញ្ហាកំពុងប្រឈម និងមិនខ្វល់អំពីទុក្ខលំបាកវេទនារបស់សហគមន៍ទេ ព្រមទាំងមានចេតនាចាប់ខ្លួនសកម្មជនទាំងនោះ ក្រោមហេតុផលនយោបាយ និងរិតត្បិតសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ។ ប៉ុន្តែមន្ត្រីអាជ្ញាធរ បានច្រានចោល ហើយថា ការចាប់កាត់ទោសសកម្មជនទាំងនោះ ជាបទល្មើសជាក់ស្តែង ដែលបានប្រមាថលើមន្ត្រីរាជការ និងបិទផ្លូវ បង្កការកកស្ទះចរាចរណ៍។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:០០
ក្រុមអង្គការសង្គមស៊ីវិល ដែលរួមមាន អង្គការ CHRAC សមាគមអាដហុក អង្គការ ខុមហ្វ្រែល និងក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន បានកត់សម្គាល់ថា ក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី១០វិច្ឆិកា មានសកម្មជនការពារដីធ្លី អ្នកភូមិបឹងកក់ សកម្មជនគណបក្សនយោបាយ និងព្រះសង្ឃ សរុប ១៧ អង្គ និងនាក់ ត្រូវបានឃុំខ្លួន និងផ្តន្ទាទោស តាមបទល្មើសនៃក្រមព្រហ្មទណ្ឌ និងច្បាប់ចរាចរផ្លូវគោក។ បទល្មើសចោទប្រកាន់ក្នុងមាត្រានៃច្បាប់នោះ អាចជាប់ពន្ធនាគារពី ១ ឆ្នាំ ទៅ ៣០ ឆ្នាំ។
ក្រុមអង្គការសង្គមស៊ីវិល បានចាត់ទុកថា ការចាប់ឃុំខ្លួន និងផ្តន្ទាទោសសកម្មជនទាំងនោះ គឺក្រោមហេតុផលនៃការដាក់សំពាធនយោបាយ ព្រោះការចោទប្រកាន់ទាំងនោះ មិនមានធាតុផ្សំតាមនីតិវិធីច្បាប់ទេ។
តាមសង្គមស៊ីវិល ការតវ៉ារបស់សហគមន៍បឹងកក់ ដែលរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង លិចលង់ផ្ទះសម្បែងអស់ច្រើនថ្ងៃនោះ មិនមានចេតនាប្រព្រឹត្តបទល្មើសនោះទេ។ រីឯបណ្តាញព្រះសង្ឃ និងសកម្មជននយោបាយ ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍បង្ក្រាបបាតុកម្ម ថ្ងៃ១៥កក្កដា នៅក្បែរទីលានប្រជាធិបតេយ្យ ត្រូវបានសង្គមស៊ីវិល ចាត់ទុកជា ជាហេតុផលនយោបាយ។
សង្គមស៊ីវិល បញ្ជាក់ថា ការចាប់ឃុំខ្លួន និងផ្តន្ទាទោសជាបន្តបន្ទាប់នេះ ហាក់ដូចជាធ្វើឲ្យស្ថានភាពនយោបាយនៅកម្ពុជា វិលមករកភាពតានតឹងក្នុងកំណែទម្រង់ស្ថាប័ននានា ស្របតាមកិច្ចព្រមព្រៀង កាលពីថ្ងៃទី២២កក្កដា របស់គណបក្សនយោបាយទាំងពីរ ព្រមទាំងធ្វើឲ្យស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជាធ្លាក់ចុះ។
ក្នុងសន្និសីទកាសែត លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការ ខុមហ្វ្រែល បានលើកឡើងថា ការចាប់ឃុំខ្លួន និងកាត់ទោសលើសកម្មជនដីធ្លី ព្រះសង្ឃ និងសកម្មជននយោបាយទាំងនោះ ជាគំនាបនយោបាយថ្មីមួយទៀត លើគណបក្សប្រឆាំង។ តាមលោកគល់បញ្ញា ការចាប់ខ្លួន ពិសេសលើសកម្មជនគណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា អាចជាហានិភ័យ ជាប់គាំងក្នុងដំណើរការចរចារវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។
ប៉ុន្តែអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានច្រានចោល ហើយថា ករណីទាំងនោះ ជាបទល្មើសបុគ្គល មិនពាក់ព័ន្ធនឹងគំនាបលើគណបក្សនយោបាយអ្វីទេ។ រីឯលោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ក៏បានអះអាងថា អ្នកភូមិបឹងកក់ និងព្រះសង្ឃ ដែលត្រូវចាប់ខ្លួនទាំងនោះ បានប្រព្រឹត្តិបទល្មើសជាក់ស្តែង តាមរយៈការជេរប្រមាថមន្ត្រីរាជការ និងបិទផ្លូវ បង្កការកកស្ទះចរាចរណ៍៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ