អានតួអត្ថបទ
សេណេហ្កាល់

លោកស្រី​ មីកាអែល ​ហ្សង់ (Michaëlle Jean)​ក្លាយ​ជា​អគ្គ​លេខាធិការ​ថ្មី​របស់​អង្គការ​ប្រទេស​និយាយ​ភាសា​បារាំង​​

ជំនួប​​​កំពូល​​លើក​​ទី ១៥ ​នៃ​​​អង្គការ​​អន្តរជាតិ​​ប្រទេស​​និយាយ​​ភាសា​បារាំង​​បាន​​បិទ​បញ្ចប់​​កាល​ពី​​ម្សិលមិញ​ នៅ​​រដ្ឋធានី​​ ដាកា​ប្រទេស​​សេណេហ្គាល់។​​ លោក​ស្រី​​ មីកាអែល ហ្សង់​​ (Michaëlle Jean)​ ​ជនជាតិ​​កាណាដា​​ ត្រូវ​​បាន​​ប្រមុខ​រដ្ឋ​ និង​​តំណាង​​ប្រទេស​​សមាជិក​​ទាំង​​ ៥៧​ ជ្រើសរើស​​ជា​​ឯកច្ឆ័ន​​អោយ​​ដឹកនាំ​​អង្គការ​​ប្រទេស​​និយាយ​​ភាសា​បារាំង​​មួយ​​នេះ​​ សំរាប់​​អាណ្ណត្តិ​​រយៈ​ពេល​​ ៤​ ឆ្នាំ។ ​​មុន​​ការ​តែងតាំង​​នេះ​​លោកស្រី​​ មីកាអែល ហ្សង់​ បាន​​ដឹកនាំ​​យុទ្ធនា​ការ​​ស្វែង​រក​​សំលេង​​ពី​​ប្រទេស​​ជា​សមាជិក​​ ដោយ​​សន្យា​​ផ្លាស់​ប្តូរ​​មុខមាត់​​ថ្មី​​របស់​​អង្គការ​​ដ៏​​ធំ​​មួយ​​នេះ។​

ជនជាតិកាណាដាដើមកំណើតហៃទី Michaëlle Jean ក្លាយ​ជា​​អគ្គលេខាធិការ​ថ្មី​នៃ​អង្គការ​ប្រទេស​​និយាយ​ភាសា​​បារាំង​
ជនជាតិកាណាដាដើមកំណើតហៃទី Michaëlle Jean ក្លាយ​ជា​​អគ្គលេខាធិការ​ថ្មី​នៃ​អង្គការ​ប្រទេស​​និយាយ​ភាសា​​បារាំង​ AFP PHOTO/ Cole Burston
ផ្សាយពាណិជ្ជកម្ម

នេះ​ជា​លើក​ទីមួយ​ក្នុង​ប្រវត្តិសាស្រ្ត​ ដែល​អង្គការ​អន្តរជាតិ​ប្រទេស​និយាយ​ភាសាបារាំង​ (Organisation internationale de la Francophonie)​ ដែល​គេ​និយម​ហៅថា​ La Francophonie​មាន​​ប្រមុខ​ដឹកនាំ​ជា​ស្រ្តី គឺ ​លោក​ស្រី មីកាអែល ហ្សង់​ (Michaëlle Jean) ​ជា​ជនជាតិ​កាណាដា ដើម​កំណើត​ហៃទី។​ មាន​អាយុ​ ៥៧ ឆ្នាំ​ លោកស្រី​នឹង​ចូល​កាន់​តំណែង​ជា​អគ្គលេខាធិការថ្មី​ របស់​អង្គការ​នេះ​ចាប់​ពី​ខែមករា​ ឆ្នាំ​២០១៥ ខាងមុខ​នេះ​ ដោយ​ជំនួស​លោក អាប់​ឌុល​ ដីយូស​ (Abdou Diouf) ដែល​បាន​ដឹកនាំ​អង្គការ​ La Francophonie នេះ​អស់​រយៈ​ពេល​ ១២ ឆ្នាំ​មក​ហើយ។

តាមរយៈ​សេចក្តី​ប្រកាស​មួយ​ចេញ​ផ្សាយ​ដោយ​ក្រុម​ការងារ​ដឹកនាំ​យុទ្ធនាការ​របស់​គាត់​ លោក​ស្រី​ មីកាអែល ហ្សង់​ (Michaëlle Jean) ​បាន​មាន​ប្រសាសន៍ថា​ លោកស្រី​ដឹងច្បាស់​ពី​ទំហំ​ការងារ និង​ភាពទទួល​ខុសត្រូវ​ក្នុង​តួនាទីថ្មី​នេះ។​ លោកស្រី​ទទូច​ចង់​អោយ​មាន​ការ​ផ្លាស់​ប្តូរ​បែប​ទំនើប​នៃ​របៀប​ដឹកនាំ​អង្គការ​កំពូល​សំរាប់​ប្រទេស​និយាយ​ភាសាបារាំង​មួយនេះ​ ដោយ​ផ្តោត​ចក្ខុវិស័យ​លើ​អនាគាត។

នៅ​ក្នុង​នោះ​ផងដែរ​ លោកស្រី​ មីកាអែល ហ្សង់​ (Michaëlle Jean) ​ក៏​បាន​បង្ហាញ​ទស្សនៈ​ដោយ​​ចង់​អោយ​អង្គការ​នេះ​ប្រឹងប្រែង​ធ្វើការ​លើ​ផែ្នក​សេដ្ឋកិច្ច​ ដោយ​ជំរុញ​អោយ​មាន​កិច្ច​សន្ទនា​​គ្នា​កាន់​តែ​ស្វាហាប់​ និង​តម្លារភាព​រវាង​ប្រទេស​សមាជិក​ ដែល​មាន​ភាសា​បារាំង​ជា​យាន​​ប្រាស្រ័យ​ទាក់ទង។​ លោកស្រី​ក៏​ចង់​ឃើញ​ផងដែរ​ អោយ​មាន​ការ​កាត់​បន្ថយ​គម្លាត​គ្នា​រវាង​ប្រទេស​ក្រីក្រ និង​ប្រទេស​អ្នកមាន​ ដែល​ជា​សមាជិក​របស់​អង្គការ​ La Francophonie នេះ​។​
សូម​បញ្ជាក់​ថា​ ការជ្រើសតាំង​លោកស្រី​ មីកាអែល ហ្សង់​ (Michaëlle Jean) ​អោយ​ក្លាយ​ជា​អគ្គលេខា​ធិការ​ថ្មី​នេះ​ ជាគោល​ដៅ​ចម្បង​របស់​រដ្ឋាភិបាល​ប្រទេស​កាណាដា។​ ប្រទេស​នេះ​បាន​ចំណាយ​ថវិការ​ក្នុង​ការ​ជួយ​ធ្វើយុទ្ធនាការ​អោយ​លោក​ស្រី​ មីកាអែល ហ្សង់​ (Michaëlle Jean)​ដើរស្វែង​រក​សំលេង​គាំទ្រ​បេក្ខភាព​ពី​ប្រទេស​សមាជិក​ មាន​ជាអាទិ៍​ លោកស្រី​បាន​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា ឡាវ និង​វៀតណាម។​ អង្គការ​ La Francophonie ​នេះ​មាន​ថវិការ​ដំណើរការ​ ១០០ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​។ ប្រទេស​បារាំង​ជាប្រទេស​មាន​ដែល​បាន​ផ្គត់ផ្គង់​ច្រើន​ជាងគេ​ ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ ៦៥ %។​ ប្រទេស​កាណាដា ​ដែល​ជា​ប្រទេស​មាន​បដិភាគ​ធំ​ទី​ពីរ​បន្ទាប់​ពី​ប្រទេស​បារាំង​ ចង់​ឃើញ​បេក្ខភាព​លោកស្រី​ មីកាអែល ហ្សង់​ (Michaëlle Jean) ​ដឹកនាំ​អង្គការ​ធំ​នេះ​ ព្រោះ​កាណាដា​ចង់​បង្កើត​ដៃគូ​ពាណិជ្ជកម្ម​រវាង​ប្រទេស​សមាជិក ជាជាង​យកចិត្ត​ទុកដាក់​តែលើ​ភាសា​ និង​វប្បធម៌។

លោក​ស្រី​ មីកាអែល ហ្សង់​ (Michaëlle Jean) ​កើតនៅ​ឆ្នាំ​ ១៩៥៧ នាទីក្រុង​ព័រតូប្រាំង​ ប្រទេស​ហៃទី។​ នាឆ្នាំ​១៩៦៨ ​ពេល​មាន​អាយុ​ ១១ ឆ្នាំ​ លោកស្រី​ និង​ឪពុកម្តាយ​បាន​មក​ដល់​ប្រទេស​កាណាដា​ ដោយ​បាន​រត់​ចេញ​ពី​របប​ដឹក​នាំ​របស់​ជន​ផ្តាច់ការ​ François Duval។​ ដោយ​រស់​នៅ​ក្នុង​ខេត្ត​កេបិច​ លោកស្រី​បាន​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាប័ត្រ​អក្សរសាស្រ្ត​ ជំនាញ​ផែ្នក​អក្សរសិល្ប៍​ និង​ភាសាទំនើប​ (ភាសាអ៊ីតាលី និង​អេស៉្បាញ) ពី​សាកលវិទ្យាល័យម៉ុងរេអាល់ (Université de Montréal)។

​នៅសាកល​វិទ្យាល័យនោះ​ លោកស្រី​បាន​បំរើ​ការងារ​ជា​គ្រូបង្រៀន​ផែ្នក​ភាសា​អ៊ីតាលី​រហូតឆ្នាំ​ ១៩៨៨ មុន​នឹង​ចូល​បំរើ​ការងារ​ជាអ្នក​កាសែត​អោយ​ស្ថានីយ៍​ទូរទស្សន៍​ Radio Canada ​ ។
នាឆ្នាំ​ ១៩៩៥ លោកស្រី​បាន​ក្លាយ​ជា​ពិធីការនី​ ក្នុង​កម្មវិធី​ព័ត៌មាន​អោយ​បណ្តាញ​ព័ត៌មាន​ជា​ភាសា​បារាំង ​របស់​ស្ថានីយ៍​ទូរទស្សន៍​ Radio Canada​ និង​ជា​ភាសា​អង់គ្លេស​ របស់​ស្ថានីយ៍​ទូរទស្សន៍​ CBC Newsworld។​ ភាព​ស្វាហាប់​ និង​សកម្មភាព​មនុស្ស​ធម៌​ ក្នុង​ការ​បង្កើត​បណ្តាញ​​ផ្តល់​ជម្រក​ដល់​ស្ត្រី​រង​គ្រោះ​ដោយ​សារ​អំពើរ​ហឹង្សា​ក្នុង​គ្រួសារ​ នៅ​ក្នុង​ខេត្ត​កេបិច​ និង​តាម​បណ្តា​ខេត្ត​ផ្សេង​ទៀត​ក្នុង​ប្រទេស​កាណាដា​បាន​ធ្វើ​អោយ​លោកស្រី​ មីកាអែល ហ្សង់​ (Michaëlle Jean) ​ទទួល​បាន​មុខងារ​ថ្មី​ជា​អគ្គទេសាភិបាល​កាណាដា​ តំណាង​អោយ​ម្ចាស់​ក្សត្រីយ៍​ អេលីហ្សាប៊ែត ទី​ ២​។ ​លោកស្រី​បាន​កាន់​កាប់​តំណែងកំពូល​ ក្នុង​នាម​ជា​ប្រមុខ​រដ្ឋ​ប្រទេស​កាណាដា​នេះ​អស់​រយៈ​ពេល​ ៥ ឆ្នាំ​ ពោល​គឺ ចាប់​ពីឆ្នាំ ២០០៥ ដល់​ឆ្នាំ ២០១០។

​ សូម​បញ្ជាក់​ថា​ ដោយសារ​កត្តា​ប្រវត្តិសាស្រ្ត​ប្រទេស​កាណាដា​មាន​របប​ដឹក​នាំ​ប្រជាធិបតេយ្យ ក្រោម​ទំរង់​បែប​រាជានិយម​អាស្រ័យ​រដ្ឋធម្មញ្ញ​ ដោយ​ស្ថិត​មរតក​រាជានិយម​របស់​ប្រទេស​អង់គ្លេស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ