អានតួអត្ថបទ
ថៃ

ថៃ​​ផលិត​​កុន​ខ្មោច​​យក​ទៅ​​លក់​នៅ​ផ្សារ​កុន​ក្នុង​​មហោស្រព​ភាពយន្ត​កាន​​

នៅក្នុង​ អំឡុង​ពេល​១០​ថ្ងៃ មហោស្រពភាពយន្តកាន ក្នុង​ប្រទេស​បារាំងដែល​គេ​ត្រូវ​ចំណាយ​អស់ប្រាក់ ២៧​លាន​ដុល្លារ មាន​លក្ខណៈ​​​សំបូរ​បែប ​ដោយសកម្មភាព​ចម្រុះគ្នា តាំងពី​ការ​ចាក់បញ្ចាំង​ ប្រកួតប្រជែង​យក​កុន​ណា​ដែលល្អ​ជាងគេ។ តារាភាពយន្ត ស្រីប្រុស បង្ហាញខ្លួន នៅលើ កម្រាល ព្រំពណ៌ក្រហម។ ចំណែក​នៅក្នុង​អគារ​របស់​មហោស្រព​វិញ​ សកម្មភាព​ទិញដូរ ចរចា​ទិញ លក់​កុន ក៏​កំពុង​ប្រញឹក​ណាស់ដែរ។ មាន​កុន​ប្រមាណ ១៣៥០​ ទាំងខ្នាតខ្លី ខ្នាតវែង កុនឯកសារ ដែល​មិន​បាន​ចូលរួម​ប្រកួត​ប្រជែង​ដណ្តើម​ពាន​រង្វាន់ ត្រូវគេ​​ចាក់បញ្ចាំង​នៅទីផ្សារ​លក់កុន។ គោលដៅ​គឺ​ដើម្បីទាក់ទាញ​មនុស្ស​ជាង​៣ម៉ឺននាក់ ដែល​បាន​ចុះឈ្មោះ​ក្នុង​នាម​ជា​អ្នកប្រកបអាជីព​ក្នុង​ផ្នែក​ភាពយន្ត។

អ្នកនាង ប៉ានិតា គណនេយ្យ​​​ករ​ក្រុមហ៊ុន​ផលិតកុន​ថៃ Fives star production
អ្នកនាង ប៉ានិតា គណនេយ្យ​​​ករ​ក្រុមហ៊ុន​ផលិតកុន​ថៃ Fives star production RFI/Bopha
ផ្សាយពាណិជ្ជកម្ម

តារាភាពយន្ត​​ស្រីចិន​ គឺ​កុង លី​ធ្លាប់បាននិយាយ​ប្រាប់​កាសែត​បារាំង​មួយថា នៅពេល​​លោកស្រី​​អស់ទឹកចិត្ត លែង​ចង់​សំដែង​កុនម្តងៗ លោកស្រី​ហាក់​អស់​សង្ឃឹមក្នុង​ជីវិត។ ប៉ុន្តែ ពេល​ធ្វើ​ដំណើរ​មក​​​ចូលរួម​នៅក្នុង​មហោស្រពភាពយន្ត​កាន ទឹកចិត្ត​ចង់​ធ្វើការ ជាអ្នកសំដែង​កុន ក៏​មាន​ឡើងវិញ​យ៉ាងប្លែក។ តាមលោកស្រី នោះគឺ​មក​ពី​បរិយាកាស​នៅក្នុង​មហោស្រព​ភាពយន្ត​​កាន ដែល​សំបូរ​ដោយ​ការចូលរួម​ពី​តារា​មក​ពីគ្រប់ប្រទេស ហើយ តារា​ភាពយន្ត​ក៏ត្រូវ​គេ​គោរព​ និង​ឲ្យ​តម្លៃ​យ៉ាងសម្បើម នៅក្នុង​មហោស្រព។

ការពិត មហោស្រព​ភាពយន្ត​កាន អាច​ជា​កន្លែង​ប្រមូល​ផ្តុំ​តារា ភាពយន្ត មក ពី គ្រប់ទិសទី ប៉ុន្តែ ជាមួយគ្នានោះ មហោស្រព​នេះ​ក៏​ជា​ទីផ្សារ ទិញដូរ យ៉ាង ក្រាសក្រែល​ខ្សែភាពយន្ត នៅក្នុង​ពិភពលោក។ ចាប់តាំង​ពី​ថ្ងៃ​បើក​សម្ពោធ​មហោស្រព​កាន ក្រុមហ៊ុន​ផលិតកុន​រាប់រយ និង​ទីភ្នាក់ងារ​រដ្ឋាភិបាល​ទទួល​បន្ទុក​ខ្សែភាពយន្ត ឬ​ទេសចរណ៍ មកពី​អឺរ៉ុប អាស៊ី អាមេរិក និង​អាហ្រ្វិក បាន​បោះទីតាំង នៅក្នុង​បរិវេណ​មហោស្រព​កាន។ នៅតំបន់​អាស៊ី​អាគ្នេយ៍ ជាទី​ដែល​កម្ពុជា ជា​សមាជិក គេឃើញ​មាន ស្តង់​ក្រុមហ៊ុន​ផលិត​កុន ឥណ្ឌូណេស៊ី វៀតណាម និង​ថៃ។ ថៃ ចេញមុខ​លេចធ្លោ​ជាងគេ ជាមួយ​នឹងស្តង់​​ក្រុមហ៊ុនផលិត​កុន ចំនួន ៨។

ក្រុមហ៊ុន five star production ​ដែល​ចូលរួម​ក្នុង​មហោស្រពកាន អស់​១១​ឆ្នាំមកហើយ បាននាំ​កុន​ចំនួន ៥​មក​តាំង​​លក់​រក​អតិថិជន។ កញ្ញា ប៉ានីតា លីគិថាម៉ាសាន ទទួល​បន្ទុក​គណនេយ្យ​បាន​និយាយ សឹង​ជា​រៀងរាល់ឆ្នាំ ក្រុមហ៊ុន​របស់នាង​លក់​ដាច់​កុន​ច្រើន នៅក្នុង​ឱកាស​មហោស្រព​កាន។

កុនមួយនេះ​ទើបចេញថ្មី នឹង​ចេញ​នៅរោងកុន​ក្នុង​ប្រទេស​ថៃ នៅខែ​ក្រោយ។ វាប្រភេទរឿង​ខ្មោច ដែល​ទទួល​ជោគជ័យច្រើន​នៅ​ទីផ្សារ​លក់កុន​របស់​មហោស្រពកាន។ ទីផ្សារ​កុន​នៅ​មហោស្រពកាន​សំខាន់ណាស់ ពីព្រោះថា មនុស្ស​មក​ពីគ្រប់ទិសទី ក្នុង​ពិភពលោក​រកមើល​ទិញ​កុន​ខ្មោច រឿង​ដែល​ធ្វើ​ឲ្យ​គេ​ព្រឺសំបុរ នៅក្នុង​មហោស្រពនេះ។ មានអ្នកទិញ​ជាច្រើន​មកពី​អាស៊ី ឬ​មក​ពី​​អាមេរិក ដើម្បី​រកទិញ​រឿងខ្មោច។ នៅទីនេះ យើងអាច​ជួប​អ្នកទិញជាច្រើន អីចឹង​ហើយ បានជាមក​ចូលរួម នៅក្នុង​មហោស្រពកាន​នេះ ជា​រៀងរាល់ឆ្នាំ។ គឺ​យើងមិនអាច​ខកខានបាន​ជាដាច់ខាត”។

គេ​មិនអាច​ខកខាន​ព្រោះថា នៅក្នុង​មហោស្រពកាន មានអ្នកទិញ​មកពីគ្រប់ទិសទី ជាពិសេស អ្នកទិញ​កុន មក​ពី​អាស៊ី ដូចជា​ហុងកុង និង​តៃវ៉ាន់​ជាដើម។ អ្នកទិញ​ទាំងនេះ គេ​ចូលចិត្ត​ទិញ​កុន​ខ្មោច​ពី​ក្រុមហ៊ុនថៃ ដើម្បី​យក​ទៅ​លក់​ចែកចាយ​បន្ត​ក្នុង​ប្រទេស​របស់​គេ។ គឺតម្រូវការ​នេះ​ហើយ​ដែល​ធ្វើ​ស្តង់​របស់​ក្រុមហ៊ុន five star production មានចាក់​បញ្ចាំង​ផ្សាយពាណិជ្ជកម្ម​តែ​ពីកុនខ្មោច។

កញ្ញា ផានីតា និយាយថា មូលហេតុដែល​ធ្វើ​ឲ្យ​យើង​ផលិត​កុន​ខ្មោច គឺ​មក​ពីទីផ្សារ​បច្ចុប្បន្ន​ចង់​បាន​រឿង​ប្រភេទនេះ។ ខ្ញុំគិតថា រឿងកុន​ខ្មោច គឺ​អាច​យក​ទៅ​ចាក់បញ្ចាំង​បាន​នៅគ្រប់​ទិសទី​ក្នុង​ពិភពលោក។ អ្នកដឹងទេ?មនុស្ស​គ្រប់គ្នា​អាច ឆាប់​​យល់​អត្ថន័យ​រឿងខ្មោច ច្រើន​ជាង​ស្នេហា រឿង​សង្គម។ រឿង​ស្នេហា​អាច​លក់ដាច់​តែនៅក្នុង​ស្រុក ប៉ុន្តែ រឿង​ខ្មោចកាច​សាហាវ អាច​យក​ទៅលក់​បាន​នៅគ្រប់ប្រទេស។ នៅប្រទេស​ថៃ គេ​ចូល​មើល​​កុនខ្មោចច្រើន នៅរដូវ​បុណ្យ​ហាឡូវីន ដូចជា​នៅខែ​តុលា។ ចំណែក​នៅ​រដូវ​បុណ្យ​ស្នេហា យុវជន​មាន​ស្នេហា​ចូលចិត្ត​នាំសង្សារ​មើល​​រឿង​ប្រភេទ​រ៉ូម៉ង់ទិក។ អីចឹង​កុន​ដាច់ច្រើន ឬ​តិច​គឺ​អាស្រ័យ​ទៅលើ​រដូវកាល។ ប៉ុន្តែ ខ្ញុំ​គិតថា កុន​ខ្មោច នៅ​តែ​ដាច់ មាន​គេ​មាន​ច្រើន នៅគ្រប់​រដូវ​តែម្តង នៅប្រទេស​ថៃ។ តាម​ខ្ញុំ​គិត គេ​ចូលចិត្ត​មើល​កុន​ខ្មោច មក​ពី​គេ​ចាប់អារម្មណ៍​រឿង​ខ្មោច​ថៃ។ គេ​ទៅមើល​កុនខ្មោច មកពី​ចង់​ដឹងថា តើ​វា​រំភើប រំជើប​ព្រឺព្រួច ប៉ុណ្ណា ”៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ