អានតួអត្ថបទ
មហោស្រព​ភាពយន្ត​​​​​​​​ក្រុងកាន​​​

The Search​ កុន​ដែល​និយាយ​ពី​ការ​សម្លាប់​រង្គាល​របស់​ទ័ពរុស្ស៊ី​ នៅ​ឆេឆេនី​

មហោស្រពភាពយន្ត​កាន​ធ្លាប់​តែ​ល្បី​ឈ្មោះ​​ខាង​ឲ្យ​តម្លៃ​ទៅលើ​សិល្បៈ និង​សោភ័ណភាព​កុន ប៉ុន្តែ នៅប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ គណៈកម្មការរបស់​មហោស្រពកាន​មាន​​និន្នាការ​ថ្មី គឺ​ឧស្សាហ៍​​ជ្រើសរើស​កុន​ដែល​មាន​ទាក់ទង​ទៅ​នឹង​ព្រឹត្តិការណ៍​បច្ចុប្បន្នភាព សង្រ្គាម និង​អំពើ​ហិង្សា​ដែល​កំពុង​កើត​ឡើង​នៅក្នុង​ពិភពលោក​។ នៅ​ឆ្នាំនេះ នៅក្នុង​មហោស្រពកាន លើកទី៦៧ កុន​ប្រឌិត ឬ​ភាពយន្ត​ឯកសារ​ដែល​មាន​និយាយ​ពី​ចលនា​ប្រឆាំង​នៅទីលាន​ម៉ៃដាន ក្នុង​ប្រទេស​អ៊ុយក្រែន សង្រ្គាម​នៅ​ស៊ីរី អ៊ីរ៉ាក់ ឬ​បូស្នី ត្រូវ​បាន​ជ្រើសរើស​យក​មក​ចាក់​បញ្ចាំង នៅក្រៅ​ក្របខ័ណ្ឌ​​ការប្រកួត ​នៅក្នុង​មហោស្រព​​ភាពយន្ត​កាន។ ចំណែក​​កុន​និយាយ​ពីសង្រ្គាម ចំនួន​៣​បាន​ចូលរួម​ប្រកួត​ប្រជែង​​យក​តាល់ប័ត្រ​មាស La Palme d’or។ ខ្សែ​ភាពយន្ត​ The Search ដឹកនាំ​ដោយ​លោក​Michel Hazanavicius​ដែល​និយាយ​ពី​សង្រ្គាម​របស់​​ទ័ព​រុស្ស៊ី ​នៅ​ឆេឆេនី​ត្រូវ​បាន​ចាក់​បញ្ចាំង​នៅក្នុង​ការប្រកួត កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ។

លោក Michel Hazanavicius​​ (ឆ្វេង) ជា​សមិទ្ធិករ​​កុន The Search និង​តារា​សម្តែង​
លោក Michel Hazanavicius​​ (ឆ្វេង) ជា​សមិទ្ធិករ​​កុន The Search និង​តារា​សម្តែង​ REUTERS/Regis Duvignau
ផ្សាយពាណិជ្ជកម្ម

The Search មាន​លក្ខណៈ​រស់រវើក រន្ធត់ និង​កំសត់។ កុន​នេះ​​និយាយ​ពីការនិរាស​ព្រាត់ប្រាស់គ្នា​​របស់​បងប្អូន ដោយសារ​​ការលុកលុយ​របស់​ទ័ព​រុស្ស៊ី នៅ​ឆេឆេនី ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៩៩។ ទ័ព​រុស្ស៊ី​ដែល​បើក​ប្រតិបត្តិការ​​បាញ់​សម្លាប់​ប្រជាជន​កាន់​សាសនា​អ៊ីស្លាម ឆេឆេនី ក្រោម​​លេសបោសសម្អាត​ភេរវជន។ កុមារ​ហាជី អាយុ​៩​ឆ្នាំ​ បន្ទាប់​ពី​បាន​ឃើញ​ទាហាន​រុស្ស៊ី​បាញ់​សម្លាប់​ឪពុកម្តាយ​របស់ខ្លួន បាន​លួច​បីប្អូន​ជាកូនង៉ា​ចាកចេញ​ពីភូមិ។ ហាជី​បាន​យកប្អូន​ទៅ​ទុក​នៅ​ផ្ទះ​អ្នកភូមិ​ ដោយ​គិត​ថា ខ្លួន​មិនអាច​មើល​ថែ​ប្អូន​បានដោយសារ​តែ​ខ្លួន​ក្មេងពេក ហើយ​នៅគ្រប់កន្លែង​សុទ្ធ​ត្រូវ​ឆ្លងកាត់​ដោយ​រថក្រោះ​ទាហាន​រុស្ស៊ី។

ហាជី​បានធ្វើដំណើរ​ទៅជំរំ​ភៀសខ្លួន នៅ​ជិត​ព្រំដែន​រុស្ស៊ី ជាទីស្រ្តីបារាំង​ឈ្មោះ ​ការ៉ូល មន្រ្តី​គណៈកម្មការ​ការពារ​សិទ្ធិមនុស្ស​អឺរ៉ុប​កំពុង​ធ្វើការ។ ការ៉ូល​បាន​ចាប់អារម្មណ៍​ជួយ​ហាជី ដែល​រស់នៅ​តែលតោល​នៅតាម​ផ្លូវ។ រឿង​The Search បង្ហាញ​ពី​ការពើបប្រទះ​គ្នា​នូវ​ខ្សែ​ជីវិត​ចំនួន​បួន នោះ គឺ​មន្រ្តី​សិទ្ធិមនុស្ស កុមាររងគ្រោះ​ដោយសារ​សង្រ្គាម បងស្រី​របស់​ហាជី និង​យុវជន​នីកូឡៃ​ជនជាតិ​រុស្ស៊ី ដែល​ត្រូវ​គេ​ចាប់បង្ខំ​ឲ្យ​ធ្វើ​ទាហាន​នៅ​ឆេឆេនី។

នៅក្នុង​សាច់រឿង The Search តួឯកស្រី​ការ៉ូល​លើក​និយាយ​ជាច្រើន​ដង​ពី​អសមត្ថភាព​របស់​ស្ថាប័ន​​ការពារ​សិទ្ធិមនុស្សអន្តរជាតិ ដែលមិន​អន្តរាគម និង​​បណ្តោយ​ឲ្យ​ប្រទេសរុស្ស៊ី នៅក្រោម​ការគ្រប់គ្រង​របស់​នាយករដ្ឋមន្រ្តី​ពូទីន ចូល​ឈ្លានពាន បាញ់សម្លាប់​ប្រជាជន​ឆេឆេនី។

នៅក្នុង​សន្និសីទ​កាសែត កាលពី​ថ្ងៃ​ម្សិលមិញ សមិទ្ធិករ​​ Michel Hazanavicius​​ទទួល​ស្គាល់​ថា រឿងនេះ​​មាន​លក្ខណៈ​នយោបាយ និង​អាច​ឆ្លើយតប​នឹង​បរិបទ​បច្ចុប្បន្ន គឺ​រុស្ស៊ី និង​វិបត្តិ​នៅ​អ៊ុយក្រែន។ ទោះបី​ជា​អ្នកដឹកនាំ​រឿង​ព្យាយាម​បញ្ជាក់ថា ខ្លួន​ចង់​ផលិត​កុន​ដែល​ឆ្លុះ​បញ្ចាំង​ពី​តថភាព​មនុស្សធម៌ និង​មិន​កាន់ជើង​ខាងភាគី​ណាទំាងអស់ គឺមិន​ទម្លាក់​កំហុស​ទៅ​ទាហាន​រុស្ស៊ីនោះ ប៉ុន្តែ ចង់​មិន​ចង់ ខ្សែភាពយន្ត The Search គឺ​ប្រៀប​បាន​នឹង​ការរំលឹក​ឲ្យ​គេ​ដឹង​ឡើង​វិញ​ពី​នយោបាយ ចរិក​ធ្វើ​ឈ្លានពាន​របស់​ទីក្រុង​ម៉ូស្គូ។ ខ្លឹមសារ​របស់​ខ្សែរឿង​ប្រៀបបាន​នឹងការ​ដាស់តឿន សហគមន៍​អន្តរជាតិ មិនឲ្យ​​​ភ្លេច​ការសម្លាប់​រង្គាល​របស់​ទាហាន​រុស្ស៊ី ទៅលើ​ប្រជាជន​ស្លូតត្រង់​នៅ​ឆេឆេនី និង​គេ​ត្រូវតែ​​តាមដាន​ជានិច្ច​សកម្មភាព​ទ័ព​រុស្ស៊ី ដើម្បី​ជៀសវាង​កុំ​ឲ្យ​មាន​ការឈ្លានពាន​បែបនេះ​ជាថ្មី​របស់​ទាហាន​រុស្ស៊ី នៅ​អ៊ុយក្រែន៕

កុន The Search ជាកុន​ទី​៦​របស់​លោក​​ Michel Hazanavicius​ សមិទ្ធិករ​បារាំង ដែល​ធ្លាប់​បាន​ប្រមូល​ពាន​រង្វាន់​អូស្ការ​សម្រាប់​រឿង​Artist កាលពី​ឆ្នាំ ២០១២។ តើ​ The Search​នឹង​អាច​ដណ្តើម​រង្វាន់​តាល់ប័ត្រ​មាស នៅ​មហោស្រពកាន​នៅឆ្នាំនេះ​ដែរឬទេ។ គេ​នឹង​រង់ចាំ​ស្តាប់​លទ្ធផល នៅថ្ងៃ​អាទិត្យ ចុងសប្តាហ៍នេះ នៅពេល​ដែល​កុន​នេះ​នឹង​ចេញ​ជា​ផ្លូវការ​នៅ​តាម​រោងកុន នៅ​ខែ​វិច្ឆិកា​ខាងមុខ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ