អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អត្រា​កំណើន​សេដ្ឋកិច្ច​ចិន​ធ្លាក់ចុះ តែ​មាន​ប្រភព​កំណើន​ល្អ​ជាងមុន

ចុះផ្សាយ​នៅ​ថ្ងៃ៖

តួលេខ​ចេញផ្សាយ​ដោយ​រដ្ឋាភិបាល​ចិន កាល​ពីថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ​នេះ បង្ហាញ​ថា គិត​មក​ត្រឹម​ត្រីមាស​ទី៣ ឆ្នាំ​២០១២​នេះ កំណើន​សេដ្ឋកិច្ចចិន​ គិតជា​អត្រា​ប្រចាំឆ្នាំ បាន​បន្ត​​ធ្លាក់ចុះ​មកនៅត្រឹមតែ​ ៧,៤% ប៉ុណ្ណោះ ធៀប​នឹង ៧,៦% កាល​ពី​ត្រីមាស​មុន។ អត្រា​កំណើន​សេដ្ឋកិច្ច​ប្រចាំ​ឆ្នាំ​ក្រោម ៨% គឺ​ជា​កំណើន​ទាបបំផុត ដែល​ចិន​មិន​ធ្លាប់​ឃើញ​ ចាប់តាំង​ពី​ឆ្នាំ​១៩៩៩​មក។ ក៏ប៉ុន្តែ សេដ្ឋកិច្ច​ចិន​ពេលនេះ មាន​អត្រា​កំណើន​ទាប​ក៏​ពិតមែន តែ​ម៉ូដែល​កំណើន​សេដ្ឋកិច្ច​មាន​លក្ខណៈ​ប្រសើរ​ជាងមុន ដែល​អាច​ឲ្យ​សេដ្ឋកិច្ច​ចិន​មាន​កំណើន​ប្រកប​ដោយ​ចីរភាព ក្នុង​រយៈពេល​វែង។

ស្ថិតិ​បង្ហាញថា ក្នុងរយៈពេល​ ៩ខែ​ចុងក្រោយ​នេះ ប្រភព​នៃ​កំណើន​សេដ្ឋកិច្ច​ចិន​ ភាគច្រើន​បាន​មក​ពី​ការចំណាយ​ក្នុងស្រុក
ស្ថិតិ​បង្ហាញថា ក្នុងរយៈពេល​ ៩ខែ​ចុងក្រោយ​នេះ ប្រភព​នៃ​កំណើន​សេដ្ឋកិច្ច​ចិន​ ភាគច្រើន​បាន​មក​ពី​ការចំណាយ​ក្នុងស្រុក REUTERS/Jason Lee
ផ្សាយពាណិជ្ជកម្ម

ក្នុង​រយៈពេល​ជាង​មួយ​ទសវត្សរ៍​កន្លងទៅនេះ កំណើន​សេដ្ឋកិច្ច​ចិន​មាន​អត្រាកំណើន​​ប្រចាំឆ្នាំ មិនដែល​ទាបជាង ៨%​នោះទេ ហើយ​​អត្រា​កំណើន​ប្រចាំឆ្នាំ យ៉ាងតិច ៨% នេះ គឺ​ជា​គោលដៅ​ចម្បងបំផុត​ ដែល​ថ្នាក់ដឹកនាំចិន​តែងតែ​ខិតខំ​ព្យាយាម​ ​​ជម្នះ​ធ្វើ​ឲ្យ​ខាង​តែ​បាន ដោយ​បារម្ភ​ថា អត្រាកំណើន​ទាប​ជាងនេះ​នឹងនាំ​ឲ្យ​មាន​បញ្ហា​អ្នក​អត់ការងារ​ធ្វើ​គ្រប់គ្រង​មិនជាប់ ដែល​អាច​បង្ក​ជា​វិបត្តិ​សង្គម ឬ​ក៏​អាច​រាលដាល​ទៅ​ជា​វិបត្តិ​នយោបាយ នាំ​ឲ្យ​រង្គោះរង្គើ​ដល់​អំណាច​របស់​បក្ស​កុម្មុយនិស្ត។

នៅឆ្នាំ​២០១២​នេះ សេដ្ឋកិច្ច​ចិន​ទំនង​ជា​នឹង​មាន​អត្រា​កំណើន​ទាប​ជាង ៨% ជាលើក​ដំបូង​បង្អស់​ ចាប់តាំង​ពី​ឆ្នាំ​១៩៩៩​មក ក៏ប៉ុន្តែ មេដឹកនាំ​ចិន​ហាក់ដូចជា​មិន​ភ័យ​ស្លន់ស្លោ​ ដូច​ការ​រំពឹង​ទុក​នោះទេ។ ទាំងនេះ​គឺ​ដោយសារ​តែ​ហេតុផល​ច្រើនយ៉ាង។

ទីមួយ គឺ​​ទាក់ទង​នឹង​បញ្ហា​អត់ការងារ​ធ្វើ​ដែល​ជា​ចំណុច​ដែល​ថ្នាក់ដឹកនាំចិន​តែងតែ​បារម្ភ​ខ្លាំង​ជាងគេ នាពេល​កន្លងមក។ រហូតមកទល់ពេលនេះ នៅ​ចិន គេ​មិនឃើញ​មាន​​ការ​បញ្ឈប់​បុគ្គលិក​ក្នុង​ទ្រង់ទ្រាយ​ធំ ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ​នោះទេ។ ម្យ៉ាងទៀត ​តួលេខ​​ដែល​ចេញផ្សាយ​ដោយ​រដ្ឋាភិបាល​ចិន​ កាល​ពី​ម្សិលមិញ បង្ហាញ​ថា​ អត្រាកំណើន​សេដ្ឋកិច្ច​ប្រចាំឆ្នាំ​របស់​ចិន​មាន​ត្រឹមតែ ៧,៤% ក៏​ពិតមែន ក៏ប៉ុន្តែ ​ក្នុងពេល​ជាមួយ​គ្នា សេដ្ឋកិច្ច​ចិន​ក៏​បាន​បង្កើត​ការងារ​ថ្មី សម្រាប់​ប្រជាជន​ចិន​រហូតដល់​ទៅ​ជាង ១០លាន​នាក់​ដែរ នៅ​ក្នុងរយៈពេល ៩ខែ​ចុងក្រោយ​នេះ។ នៅពេលនេះ អត្រា​កំណើន​នៃ​កម្លាំង​ពលកម្ម​ចិន មាន​កម្រិត​ទាបជាង​ពីពេលមុនៗ ដូច្នេះ អត្រា​កំណើន​សេដ្ឋកិច្ច​ទាបជាងមុន ក៏​អាច​គ្រប់គ្រាន់ ​ឲ្យ​ចិន​ស្រូបយក​កម្លាំង​ពលកម្ម​ទាំងនេះ ចូល​ក្នុង​ទីផ្សារ​ការងារ​បាន​ដែរ។

ហេតុផល​ដ៏សំខាន់​មួយ​ទៀត គឺ​របាយការណ៍​សេដ្ឋកិច្ច​ចិន​បង្ហាញថា អត្រាកំណើន​សេដ្ឋកិច្ច​ចិន​ ដែល​ចេះតែ​ធ្លាក់ចុះ​ជា​បន្តបន្ទាប់ តាំង​ពី​ដើម​ឆ្នាំ​២០១២​នេះ នៅពេលនេះ ទំនង​ជា​នឹង​មិន​ធ្លាក់​ចុះ​ខ្លាំង​ជាងនេះ​ទៀត​ទេ គឺ​ចូល​ដល់​ដំណាក់កាល​មួយ​ថេរ ហើយ​អាច​នឹង​ងើប​ឡើង​វិញ​បន្តិច នៅ​ចុង​ឆ្នាំ​នេះ។ លើសពីនេះ​ទៅទៀត កំណើន​សេដ្ឋកិច្ច​ចិន នៅ​ពេលនេះ កំពុងតែ​ងាក​ទៅរក​ម៉ូដែល​ថ្មី​មួយ ដែល​អាច​ឲ្យ​សេដ្ឋកិច្ច​ចិន​មាន​កំណើន​ប្រកប​ដោយ​ចីរភាព ក្នុង​រយៈពេល​វែង​ទៅមុខ។

យើងដឹង​ស្រាប់ហើយ​ថា កន្លងទៅនេះ កំណើន​សេដ្ឋកិច្ច​ចិន មាន​អត្រា​ខ្ពស់ ក៏ប៉ុន្តែ ពឹងផ្អែកខ្លាំង​​ទៅលើ​ការ​នាំចេញ និង​ការវិនិយោគ​ពី​បរទេស។ ម៉ូដែលកំណើន​​សេដ្ឋកិច្ច​នេះ មិន​អាច​ធានា​ឲ្យ​ចិន​​បន្ត​មាន​​កំណើន​សេដ្ឋកិច្ច​​ជាប់លាប់ ក្នុង​រយៈពេល​វែង​បាន​ទេ ពីព្រោះ​ថា ម្យ៉ាង វា​ជា​កំណើន​សេដ្ឋកិច្ច​ ដែល​ពឹងផ្អែក​លើ​ទីផ្សារ​ក្រៅប្រទេស​ និង​ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក ដែល​ចិន​មិន​អាច​គ្រប់គ្រង​បាន និង​មិន​អាច​កំណត់​ទិសដៅ​តម្រូវ​ទៅតាម​សេចក្តី​ត្រូវការ​នៃ​សេដ្ឋកិច្ច​របស់​ខ្លួន​បាន។ ការ​ធ្លាក់ចុះ​ក្នុង​វិស័យ​នាំចេញ និង​ការវិនិយោគ​បរទេស​នៅចិន ដោយសារ​តែ​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​ នៅពេលនេះ គឺ​ជា​ភស្តុតាង​មួយ​ស្រាប់។

ម្យ៉ាងទៀត ម៉ូដែល​នៃ​កំណើន​សេដ្ឋកិច្ច​ចិន នាពេល​កន្លងទៅនេះ ពឹងផ្អែក​ទៅលើ​កត្តា​ដ៏​ចម្បង​មួយ​ទៀត គឺ​តម្លៃពលកម្ម​ទាប ងាយស្រួល​ក្នុងការ​ប្រកួតប្រជែង ទាក់ទាញ​ក្រុមហ៊ុន​បរទេស​ឲ្យ​មក​បោះទុន​វិនិយោគ បង្កើត​រោងចក្រ​ផលិត នៅ​ក្នុង​ប្រទេស​ចិន ដើម្បី​នាំទំនិញ​ចេញ​ទៅលក់​នៅលើ​ទីផ្សារ​អន្តរជាតិ ក្នុង​តម្លៃ​ទាប។ ម៉ូដែល​នៃ​កំណើន​សេដ្ឋកិច្ច​បែបនេះ វា​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ចិន​មាន​អត្រា​កំណើន​ខ្ពស់ បង្កើតការងារ​ និង​បង្កើន​ប្រាក់​ចំណូល​របស់​ប្រជាជន​ ក៏ប៉ុន្តែ វា​ក៏​ធ្វើ​ឲ្យ​តម្លៃ​ពលកម្ម​​​កើនឡើងដែរ ពីព្រោះ​ថា​ នៅពេលដែល​កម្រិត​ជីវភាព​កើនឡើង ប្រជាជន​ចិន​ក៏​នឹង​ចាប់ផ្តើម​ទាមទារ​ប្រាក់ខែ​កាន់តែ​ច្រើន​​ទៅតាម​នេះ​ដែរ។

នៅពេលនេះ ចិន​កំពុងតែ​បង្វែរ​ម៉ូដែល​នៃ​កំណើន​សេដ្ឋកិច្ច ទៅរក​ទិសដៅ​ថ្មីមួយ គឺ​កំណើន​សេដ្ឋកិច្ច ដែល​ផ្អែក​ទៅលើ​ការ​បង្កើន​តម្រូវការ​ទីផ្សារ​ក្នុង​ស្រុក តាមរយៈ​ការ​បង្កើន​ការ​ចំណាយ​របស់​ប្រជាជន និង​ការ​វិនិយោគ​ក្នុង​ស្រុក។

គេ​សង្កេតឃើញ​ថា នៅក្នុងរយៈពេល ៩ខែ​កន្លងទៅនេះ វិស័យ​នាំចេញ​របស់​ចិន​ក៏​ធ្លាក់ចុះ ហើយ​ការ​វិនិយោគ​ពី​ក្រៅប្រទេស​ក៏ធ្លាក់ចុះ។ ផ្ទុយទៅវិញ ការ​ចំណាយ​​ក្នុងស្រុក​ក៏​មាន​ការ​កើនឡើង ហើយ​ការវិនិយោគ​​ក្នុង​ស្រុក​ក៏​កើនឡើង ជាពិសេស រដ្ឋាភិបាល​ចិន​បាន​បង្កើន​ការ​វិនិយោគ​កាន់តែ​ខ្លាំង ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ។

តួលេខ​របស់​ការិយាល័យ​ស្ថិតិ​ចិន​បង្ហាញ​ថា នៅ​ក្នុង​ខែ​កញ្ញា​កន្លងទៅនេះ បង្ហាញថា ការវិនិយោគ​លើ​វិស័យ​ដឹកជញ្ជូន​តាម​ផ្លូវដែក​កើនឡើង ៧៨% ហើយ​ការ​វិនិយោគ​លើ​វិស័យ​ដឹកជញ្ជូន​តាម​ផ្លូវថ្នល់​​កើនឡើង ៣៨%។ ចំណែក​​ឯការ​លក់​ដូរ​ទំនិញ​នៅ​ក្នុង​ទីផ្សារ​ក្នុងស្រុក​ចិន (ដែល​ជា​សូចនាករណ៍​ចម្បង​បង្ហាញ​ពី​ការ​​វិវឌ្ឍ​នៃ​ការ​ចំណាយ​ក្នុងស្រុក) មាន​ការកើនឡើង​រហូតដល់​ទៅ​ជាង ១៤% ធៀប​នឹង​ខែ​កញ្ញា​ឆ្នាំ​មុន។ គិតជារួម គេ​សង្កេតឃើញ​ថា ក្នុងរយៈពេល ៩ខែ​កន្លងទៅនេះ ​ការចំណាយ​ក្នុង​ស្រុក គឺ​ជា​ម៉ូទ័រ​ដ៏​ចម្បង​បំផុត នៃ​កំណើន​សេដ្ឋកិច្ច ពោលគឺ ៥៥% នៃ​កំណើន​​ផលិតផល​ក្នុងស្រុក​សរុប​របស់​ចិន បាន​មក​ពី​ការ​ចំណាយ​ក្នុងស្រុក ដែល​ជា​​រឿង​កម្រ​នឹង​ឃើញ​មាន ក្នុងរយៈពេល​ជាង​មួយ​ទសវត្សរ៍​កន្លងទៅនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ