អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

សមត្ថភាព​កងទ័ព​ចិន​នឹង​អាច​ប្រជែង​ជាមួយ​អាមេរិក​បាន​នៅក្នុង​តំបន់​អាស៊ី

ចុះផ្សាយ​នៅ​ថ្ងៃ៖

របាយការណ៍​របស់​ក្រុម​អ្នក​ស្រាវជ្រាវ​អាមេរិក​មួយក្រុម ដែល​ចេញផ្សាយ នៅថ្ងៃ​សុក្រ​នេះ បាន​ធ្វើ​សេចក្តីសន្និដ្ឋាន​ថា កំណើន​ខាង​ផ្នែក​​សេដ្ឋកិច្ច និង​ឧស្សាហកម្ម​របស់​ចិនសព្វថ្ងៃ​នេះ អាច​នឹង​ធ្វើ​ឲ្យ​ចិន​បង្កើន​អំណាច​យោធា​របស់​ខ្លួន ដែល​អាច​មាន​សមត្ថភាព ក្នុង​ការ​​ប្រជែង​ជាមួយ​​កងទ័ព​អាមេរិក​បាន នៅ​ក្នុង​តំបន់​អាស៊ី។ ក៏ប៉ុន្តែ ក្រុមអ្នក​ស្រាវជ្រាវ​ទាំងនេះ​ក៏​បាន​ព្យាករ​ផងដែរ​ថា ចិន​ទំនង​ជា​នឹង​មិន​ដើរ​តាម​គន្លង​អតីត​សហភាព​សូវៀត ដោយ​យក​អាមេរិក​ធ្វើជា​គូសត្រូវ ហើយ​ប្រកួតប្រជែង ហែកហួរគ្នា​តាមរបៀប​សង្រ្គាម​ត្រជាក់​កន្លងមក​នោះទេ។

នាវាផ្ទុកយន្តហោះ​ទីមួយ​របស់​ចិន ជា​នាវា​ផលិត​ដោយ​អតីត​សហភាព​សូវៀត
នាវាផ្ទុកយន្តហោះ​ទីមួយ​របស់​ចិន ជា​នាវា​ផលិត​ដោយ​អតីត​សហភាព​សូវៀត REUTERS/Stringer/
ផ្សាយពាណិជ្ជកម្ម

របាយការណ៍​រៀបចំ​តាក់តែងឡើង​ដោយ​អ្នក​សិក្សាស្រាវជ្រាវ​អាមេរិក​ចំនួន ៩​រូប ហើយ​ចុះផ្សាយ​ដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ​អាមេរិក ឈ្មោះ Carnegie Endowment for Internaional Peace បាន​ធ្វើការ​ព្យាករ​ថា នៅ​ក្នុងរយៈពេល ២០ឆ្នាំ​ខាងមុខនេះ ចិន​នឹង​អាច​មាន​បច្ចេកវិទ្យា​យោធា​ទំនើបៗ ដែល​អាច​ប្រកួតប្រជែង​ជាមួយ​អាមេរិក​បាន ក្នុងនោះ​ក៏​រួមមាន​បច្ចេកវិទ្យា​ ក្នុងការ​សាងសង់​នាវាផ្ទុកយន្តហោះ និង​យន្តហោះចម្បាំង​បំបាំងកាយផងដែរ។

ក៏ប៉ុន្តែ អំណាច​យោធា​ចិន​នេះ អាច​ប្រកួតប្រជែង​ជាមួយ​អាមេរិក​បាន តែ​ក្នុង​ក្របខ័ណ្ឌ​តំបន់​អាស៊ី​​តែ​ប៉ុណ្ណោះ ដោយ​មិន​អាច​ប្រជែង​ជាមួយ​អាមេរិក នៅ​ក្នុង​ក្របខ័ណ្ឌ​ពិភពលោក​បាន​នោះទេ។ ក្នុងពេល​ជាមួយ​គ្នា ក្រុមអ្នក​សិក្សា​ស្រាវជ្រាវ​ទាំងនេះ ក៏​បាន​ព្យាករ​ផងដែរ​ថា ចិន​ក៏​មិនមាន​យុទ្ធសាស្រ្ត ក្នុងការ​ប្រកួតប្រជែងជាមួយ​អាមេរិក នៅ​គ្រប់កន្លែង នៅទូទាំង​ពិភពលោក​នោះដែរ។ យុទ្ធសាស្រ្ត​យោធា​របស់​ចិន នឹង​ផ្តោត​តែ​ទៅលើ​​តំបន់​អាស៊ី​មួយប៉ុណ្ណោះ ជាពិសេស នៅ​ក្នុង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង ច្រកសមុទ្រ​តៃវ៉ាន់ និង​តំបន់​សមុទ្រ​ជាប់​ព្រំដែន​ជាមួយ​កូរ៉េ និង​ជប៉ុន។

នៅ​ក្នុង​តំបន់​អាស៊ី​នេះ​ទៀត​សោត ចិន​ក៏​មានយុទ្ធសាស្រ្ត​ត្រឹមតែ​ទប់ទល់​នឹង​អំណាច​ទ័ព​អាមេរិក​ប៉ុណ្ណោះ ដោយ​មិនមាន​មហិច្ឆតា​ប្រើ​កម្លាំង​ទ័ព​​រុញច្រាន​​​អាមេរិក​ ចេញ​ពី​តំបន់​នេះ​ទាំងស្រុង​នោះដែរ។ ទាំងនេះ គឺ​ដោយសារ​តែចិន​យក​ផលប្រយោជន៍​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ធ្វើ​ជាអាទិភាព​ធំជាង ការប្រកួតប្រជែង​ខាង​កម្លាំង​ទ័ព ហើយ​​ដើម្បី​រក្សា​ផលប្រយោជន៍​ខាង​ផ្នែក​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ចិន​ត្រូវការ​រក្សា​ទំនាក់ទំនង​ជាមួយ​សហរដ្ឋ​អាមេរិក ព្រមទាំង​ប្រទេស​មួយចំនួន​ផ្សេងទៀត នៅ​ក្នុង​តំបន់​អាស៊ី។

និយាយ​ជារួមទៅ ក្រុមអ្នក​សិក្សា​ស្រាវជ្រាវ​អាមេរិក​ ដែល​ជា​អ្ន​កនិពន្ធ​របាយការណ៍​នេះ បាន​ធ្វើការ​សន្និដ្ឋាន​ថា អាមេរិក​ទំនង​ជា​មិន​ចាំបាច់​ត្រូវ​ព្រួយបារម្ភ​ខ្លាច​ចិន​យក​អាមេរិក​ធ្វើ​ជា​គូសត្រូវ ហើយ​ប្រឈមមុខ​គ្នា​តាមផ្លូវ​យោធា ដូច​ជា​អតីត​សហភាព​សូវៀត កាល​ពី​ក្នុង​សម័យ​សង្រ្គាម​ត្រជាក់​នោះទេ។

ប្រទេស ដែល​ទំនង​ជា​នឹង​ត្រូវ​មានការ​បារម្ភ​ជាងគេ ចំពោះ​ការកើនឡើង​នៃ​អំណាច​យោធា​ចិន គឺ​ជប៉ុន។ ជប៉ុន ដែល​​បច្ចុប្បន្ន កំពុង​មាន​ទំនាស់​ជាមួយ​ចិន គឺ​ជា​មហាអំណាច​សេដ្ឋកិច្ច​​មួយ​នៅ​អាស៊ី ក៏ប៉ុន្តែ ខាង​ផ្នែក​ការពារជាតិ ជប៉ុន​ត្រូវ​ពឹងផ្អែក​លើ​សហរដ្ឋ​អាមេរិក ដែល​ជា​សម្ព័ន្ធមិត្ត។

ទាក់ទង​នឹង​យុទ្ធសាស្រ្ត​របស់​ជប៉ុន ក្នុង​ការទប់ទល់​នឹង​ការកើនឡើង នៃ​អំណាច​យោធា​របស់​ចិន​នេះ របាយការណ៍​របស់​ក្រុមអ្នក​សិក្សាស្រាវជ្រាវ​អាមេរិក​បាន​ធ្វើការ​ប្រមើមើល​ពី​សេណារីយ៉ូ​ចំនួន ៣។

សេណារីយ៉ូទី១ ដែល​គេ​គិតថាជា​សេណារីយ៉ូ ដែលមាន​ប្រូបាប៊ីលីតេ​ខ្ពស់​ជាងគេ គឺ​ជប៉ុន​នឹង​បង្កើន​សម្ព័ន្ធភាព​ជាមួយ​អាមេរិកកាន់តែ​ជិតស្និទ្ធ ដើម្បី​យក​អំណាចកងទ័ព​អាមេរិក​មក​ធ្វើ​ជា​ខែល​ទប់ទល់​នឹង​ចិន។ ការ​ជ្រើសរើស​យក​ផ្លូវនេះ គឺ​ដោយសារ​តែ​ជប៉ុន​​មាន​ចំណង​ខាង​រដ្ឋធម្មនុញ្ញ​ផង ហើយ​កំពុង​តែប្រឈមមុខ​នឹង​វិបត្តិ​សេដ្ឋកិច្ច​ខ្លាំងផង ដែល​អាច​ជា​ឧបសគ្គ​ធំ រារាំង​មិន​ឲ្យ​ជប៉ុន​បង្កើន​កម្លាំងកងទ័ព​របស់​ខ្លួន ដើម្បី​ប្រជែង​ជាមួយ​ចិន​បាន។

ក៏ប៉ុន្តែ នៅ​ក្នុង​សេណារីយ៉ូ​ទី១​នេះ វា​អាច​ចោទ​ជា​បញ្ហា​មួយ គឺ​​អាមេរិក​ខ្លួនឯង​ក៏​កំពុង​តែ​ឆ្លងកាត់​​បញ្ហា​សេដ្ឋកិច្ច ដែល​តម្រូវ​ឲ្យ​មាន​ការ​កាត់បន្ថយ​ការ​ចំណាយ​ក្នុង​វិស័យ​ការពារជាតិ​យ៉ាងច្រើន​ដែរ។ ទាំងនេះ​អាច​នឹង​ធ្វើ​ឲ្យ​ជប៉ុន​បាត់បង់​ទំនុកចិត្ត​លើ​សមត្ថភាព​របស់​អាមេរិក ក្នុងការ​ធានា​សន្តិសុខ​​​របស់​ពួកគេ ក្នុង​ការ​ទប់ទល់​ជាមួយ​នឹង​អំណាច​យោធា​ចិន ហើយ​អាច​រុញ​ជប៉ុន​ឲ្យ​ជ្រើសរើស​យក​ជម្រើស​យុទ្ធសាស្រ្ត​​ពីរផ្សេងទៀត​ គឺ​ឬមួយ​ បង្វែរ​មក​ចាប់យក​ចិន​ធ្វើ​ជា​មិត្ត​វិញ​តែម្តង ដើម្បី​ចៀសវាង​ការ​ប្រឈមមុខ​ដាក់គ្នា ឬមួយ បន្ត​ប្រឈមមុខ​ជាមួយ​ចិន​តទៅទៀត ក៏ប៉ុន្តែ លែង​ពឹងផ្អែក​លើ​​អាមេរិក ហើយ​បង្កើន​កម្លាំង​យោធា​ផ្ទាល់​ខ្លួនឯង ដោយ​រួមទាំង​ការ​ផលិត​អាវុធ​នុយក្លេអ៊ែរ​ផង។

គួរបញ្ជាក់ថា គ្រប់​អ្នក​ជំនាញ​ទាំងអស់​នៅ​លើ​ពិភពលោក​សុទ្ធតែ​យល់​ថា នៅ​ពេល​បច្ចុប្បន្ន​នេះ ជប៉ុន​មាន​សមត្ថភាព​គ្រប់គ្រាន់ ក្នុងការ​ផលិត​អាវុធ​នុយក្លេអ៊ែរ ហើយ​អាច​ធ្វើ​នៅពេល​ណា​ក៏​បាន​ដែរ។ គ្រាន់តែ​ថា ប្រជាជន​ជប៉ុន​ ដែល​ជា​ប្រជាជាតិតែមួយគត់ នៅលើ​ពិភពលោក ដែល​ធ្លាប់​រងគ្រោះ​ដោយ​អាវុធ​នុយក្លេអ៊ែរ នៅតែ​មាន​​ការ​ប្រឆាំង​យ៉ាង​ខ្លាំងក្លា​បំផុត មិន​ចង់​ឃើញ​ជប៉ុន​ផលិត​អាវុធ​នុយក្លេអ៊ែរ។

ជាចុងក្រោយ ទាក់ទង​នឹង​ផលវិបាកនៃ​ការកើនឡើង​នៃ​អំណាច​យោធា​ចិន និង​​ការ​ប្រជែងគ្នា​​ខាង​ផ្នែក​យោធា នៅ​ក្នុង​តំបន់​អាស៊ី ក្រុមអ្នក​សិក្សាស្រាវជ្រាវអាមេរិក​បាន​ធ្វើការ​ព្យាករ​ថា ថ្វីដ្បិត​តែ អាមេរិក និង​ចិន​ទំនង​ជា​មិន​ចង់​ប្រឈមមុខ​ដាក់គ្នា បង្ក​ទៅ​ជា​សង្រ្គាម ក៏ប៉ុន្តែ ហានិភ័យ​ធំបំផុត សម្រាប់​តំបន់​អាស៊ី គឺ​​អាច​​កើតចេញ​ពី​​ជម្លោះ​តូចតាច ដូចជា ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ឬ​ជម្លោះ​ដណ្តើម​កោះ​រវាង​ចិន និង​ជប៉ុន​ ជាដើម ហើយ​កើត​មាន​រឿង​ចៃដន្យ ឬ​ការ​យល់ច្រលំ​​គ្នា​ណាមួយ ដែល​អាច​រាលដាល បង្ក​ឲ្យ​មាន​ការ​ប៉ះទង្គិចគ្នា​ដោយ​ប្រដាប់អាវុធ ក្នុង​ទ្រង់ទ្រាយ​ណាមួយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ