អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ចិន​ចង់​បិទបញ្ចប់​រឿងអាស្រូវ Bo Xilai ឲ្យបាន​មុន​សមាជ​ផ្លាស់ប្តូរ​មេដឹកនាំ

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាល​ពីថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ទីភ្នាក់ងារ​សារព័ត៌មាន​ចិន ស៊ីនហួ បាន​ចុះផ្សាយថា ភរិយា​របស់​អតីត​មន្រ្តី​ជាន់ខ្ពស់​នៃ​បក្ស​កុម្មុយនិស្ត​ចិន គឺ​​លោក​ Bo Xilai ត្រូវ​បាន​តុលាការ​ចិន​ធ្វើការ​ចោទប្រកាន់​ជាផ្លូវការ​ពីបទ​មនុស្សឃាត ជុំវិញ​ការ​ដាក់ថ្នាំបំពុល​សម្លាប់​អ្នក​ជំនួញ​ជនជាតិ​អង់គ្លេស កាល​ពី​ខែ​វិច្ឆិកា​កន្លងទៅ។ តាម​រយៈការ​កាត់ទោស​នេះ មេដឹកនាំ​ចិន​ទំនង​ជា​កំពុង​ព្យាយាម​បិទបញ្ចប់​រឿង​អាស្រូវ​ជុំវិញ​លោក​ Bo Xilai ឲ្យ​បាន​មុន​​ការ​ផ្លាស់ប្តូរ​មេដឹកនាំ​ជាន់ខ្ពស់ ក្នុង​សមាជ​បក្ស នៅ​ខែចុងឆ្នាំនេះ។

លោក​ Bo Xilai​ អតីត​លេខា​បក្ស​កុម្មុយនិស្ត​ប្រចាំ​ខេត្ត Chongqing និង​ភរិយា
លោក​ Bo Xilai​ អតីត​លេខា​បក្ស​កុម្មុយនិស្ត​ប្រចាំ​ខេត្ត Chongqing និង​ភរិយា Reuters/路透社
ផ្សាយពាណិជ្ជកម្ម

លោកស្រី Gu Kailai ​ដែល​ត្រូវ​ជា​ភរិយា​របស់​លោក Bo Xilai ត្រូវបាន​តុលាការ​ចោទប្រកាន់​​​ថា​បាន​ដាក់​ថ្នាំ​បំពុល​សម្លាប់​អ្នកជំនួញ​ជនជាតិ​អង់គ្លេស​ម្នាក់ ឈ្មោះ Neil Heywood កាល​ពី​ខែវិច្ឆិកា ឆ្នាំ​២០១១​កន្លងទៅ។ អាជ្ញាធរ​ចិន​មិន​បាន​បញ្ជាក់​ច្បាស់លាស់​ អំពី​កាល​បរិច្ឆេទ​នៃ​ការ​កាត់ទោស​​លោកស្រី Gu Kailai ទេ ក៏ប៉ុន្តែ អ្នក​ជំនាញ​ ដែលស្គាល់​ពី​ទំនៀមទម្លាប់​តុលាការ​ចិន យល់ថា ការកាត់ទោស​នេះ​នឹង​មិន​ត្រូវការ​ចំណាយ​ពេល​យូរ​ទេ។

គួរ​បញ្ជាក់ថា លោក Neil Heywood បាន​ស្លាប់​នៅ​ក្នុង​បន្ទប់​សណ្ឋាគារ​មួយ នៅ​ក្នុង​ខេត្ត Chongqing  ដែល​ពេលនោះ ជា​ខេត្ត​ស្ថិត​ក្រោម​អំណាច​របស់​លោក​ Bo Xialai មន្រ្តី​ជាន់ខ្ពស់​ និង​ដ៏​មាន​ឥទ្ធិពល​ម្នាក់ នៃ​បក្ស​កុម្មុយនិស្ត​ចិន ដែល​ពីមុន​​​ធ្លាប់​ត្រូវ​បាន​គេ​មើលឃើញ​ថា​អាច​ជា​អ្នក​ឡើង​ស្នងតំណែង​ពីលោក​ហ៊ូ ជិនតាវ ក៏ប៉ុន្តែ ត្រូវ​បក្ស​ដកតំណែង​ កាល​ពី​ខែ​មេសា ក្រោយ​ពី​​មន្រ្តី​ជំនិត​​របស់​គាត់​ម្នាក់ បាន​រត់​ទៅ​សុំ​ជ្រក​កោន​ក្នុង​ស្ថានកុងស៊ុល​អាមេរិក។ បក្ស​កុម្មុយនិស្ត​ចិន​បាន​ចោទ​លោក Bo Xilai ថាបាន​ “ធ្វើ​ខុស​នឹង​វិន័យ​របស់​បក្ស” (ជា​ភាសាដែល​បក្ស​កុម្មុយនិស្ត​ចិន​តែងតែ​​​ប្រើ​ជាទូទៅ សំដៅ​លើ​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ)។

រឿងអាស្រូវ​ជុំវិញ​លោក​ Bo Xilai បាន​ធ្វើ​កក្រើក​រញ្ជួយ​ដល់​​​បក្ស​កុម្មុយនិស្ត​ចិន នៅ​ក្នុង​ពេលដែល​គេ​កំពុង​រៀបចំ​ផ្លាស់ប្តូរ​មេដឹកនាំ​កំពូលៗ ដែល​ចិន​តែងតែ​ធ្វើ​នៅ​រៀងរាល់​១០ឆ្នាំ​ម្តង។ រឿង​អាស្រូវ​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​រូបភាព​នៃ​ការ​រួបរួមគ្នា​រវាង​មេដឹកនាំ​ចិន ដែល​​ចិន​​តែងតែ​យក​មក​ធ្វើ​​ជា​សសរទ្រូង​សំខាន់​បំផុត ​នៃ​របបដឹកនាំ​​​បែប​ឯកបក្ស​។

រឿងអាស្រូវ​ជុំវិញ​លោក Bo Xilai បាន​ធ្វើ​ឲ្យ​ថ្នាក់ដឹកនាំ​ចិន​ត្រូវ​ប្រឈមមុខ​នឹង​ការ​មិនសប្បាយចិត្ត​ ទាំង​ពី​សំណាក់​អ្នក​គាំទ្រ​លោក Bo Xilai (ដែល​មាន​ចំនួន​ច្រើន ជាពិសេស អ្នក​ខេត្ត Chongqing) និង​អ្នក​ដែល​មិន​គាំទ្រ​លោក Bo Xialai។

អ្នក​គាំទ្រ​លោក Bo Xilai យល់ថា គាត់ គឺ​​ជា​ជនរងគ្រោះ នៃការ​ប្រជែង​ដណ្តើម​អំណាច​នៅ​ក្នុង​​បក្ស​កុម្មុយនិស្ត​ ចំណែក​ឯ​រាល់​ការចោទប្រកាន់​ទាំងប៉ុន្មាន ដែល​គេ​ទម្លាក់​ទៅលើ​លោក​ Bo Xilai និង​ទៅលើ​ភរិយា​របស់​គាត់ គឺ​គ្រាន់តែ​ជា​លេស​ ដើម្បី​កម្ចាត់គាត់​ចេញ​ពី​ជួរ​ថ្នាក់​ដឹកនាំ​បក្ស​កុម្មុយនិស្ត​ចិន​ប៉ុណ្ណោះ។

ចំណែក​អ្នក​ដែល​មិ​នគាំទ្រ​លោក Bo Xilai វិញ គេ​​អាច​នឹង​ជឿ​ថា រឿង​អាស្រូវ​របស់​លោក Bo Xilai ​ប្រហែល​ជា​​​កើតចេញ​ពី​ការ​ឈ្លោះ​ដណ្តើម​អំណាច​គ្នាមែន ក៏ប៉ុន្តែ លោក​ Bo Xilai និង​ភរិយា​ក៏​មិនមែន​ជា​មនុស្ស​គ្មាន​កំហុស​នោះដែរ។ លោក​ Bo Xilai និង​ភរិយា​​ពិត​ជា​បាន​ប្រព្រឹត្ត​អំពើពុករលួយ និង​បាន​យក​អំណាច​មក​បម្រើ​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​ប្រយោជន៍​របស់​បក្សពួក ក្រុមគ្រួសារ​ពិតមែន ក៏ប៉ុន្តែ ក្នុង​ចំណោម​មេដឹកនាំចិន​ មិនមែន​មានតែ​លោក Bo Xilai មួយទេ ដែល​ប្រព្រឹត្ត​អំពើ​បែបនេះ។

ដូច្នេះ មេដឹកនាំ​ចិន​ទំនង​ជា​កំពុង​បារម្ភ​ថា រឿង​អាស្រូវ​របស់​លោក Bo Xilai អាច​នឹង​ធ្វើ​ឲ្យ​ប្រជាជន​កាន់តែ​មាន​ការ​សង្ស័យ​​ ជុំវិញ​អំពើ​ពុករលួយ ប្រព្រឹត្តិ​ដោយ​មន្រ្តី​អ្នក​មាន​អំណាចកំពូលៗ។

ការប្រកាស​ចោទប្រកាន់​ជាផ្លូវការ​ទៅលើ​ភរិយា​របស់​លោក​ Bo Xilai ជុំវិញ​រឿង​សម្លាប់​អ្នកជំនួញ​អង់គ្លេស ទំនង​ជា​សញ្ញា​មួយ​បង្ហាញ​ថា មេដឹកនាំ​ចិន​កំពុង​តែ​ព្យាយាម​​បិទបញ្ចប់​រឿង​អាស្រូវ​នេះ​ឲ្យ​បាន​ឆាប់ ដើម្បី​ស្តារ​នូវ​រូបភាព​នៃ​ការ​រួបរួមគ្នា​ឡើងវិញ ជាពិសេស ឲ្យ​បាន​មុន​​ពេល​បើក​សមាជ​បក្ស​ នៅ​ចុង​ឆ្នាំ ដែល​នឹង​ត្រូវ​មាន​ការ​ផ្លាស់ប្តូរ​មេដឹកនាំ​កំពូលៗ ជាពិសេស គឺ​​អ្នក​ដែល​ត្រូវ​ស្នងតំណែង​ជា​ប្រធានាធិបតី និង​នាយករដ្ឋមន្រ្តី។

ចំណុច​ដែល​គួរ​ឲ្យ​កត់សម្គាល់​មួយ​ទៀត គឺ​នៅត្រង់ថា ការ​ប្រកាស​អំពីការ​ចោទប្រកាន់​លើ​ភរិយា​របស់​លោក Bo Xilai កាល​ពី​ម្សិលមិញ​នេះ គឺ​ធ្វើ​ឡើង​តែមួយថ្ងៃ​ប៉ុណ្ណោះ នៅមុន​ពេល​ចាប់បើក​ការ​ប្រកួត​កីឡាអូឡាំពិក នៅ​អង់គ្លេស។ នេះ​អាច​ជា​យុទ្ធសាស្រ្ត​របស់​អាជ្ញាធរ​ចិន ដើម្បី​​បង្ហាញ​ថា រដ្ឋាភិបាល​មាន​​​តម្លាភាព ក្នុងការ​ដោះស្រាយ​រឿងអាស្រូវ​​របស់​មន្រ្តី​កំពូល​ដូចជា​លោក​ Bo Xilai ក៏ប៉ុន្តែ ក្នុងពេល​ជាមួយ​គ្នា ចង់​ឲ្យ​សាធារណជន​ទូទៅ​បំភ្លេច​រឿង​នេះ​តែ​ត្រឹមនេះ ដោយ​នាំគ្នា​ងាក​ទៅ​ចាប់អារម្មណ៍​នឹង​ការ​ប្រកួត​កីឡា​អូឡាំពិក ដែល​ជា​ព្រឹត្តិការណ៍​ដ៏​ពេញនិយម​មួយ សម្រាប់​ប្រជាជន​ចិន។ ម្យ៉ាងទៀត អង់គ្លេស ដែល​ជា​ប្រទេស​កំណើត​របស់​លោក Neil Heywood ហើយ​​ជា​ម្ចាស់​ផ្ទះ​រៀបចំការប្រកួត​កីឡា​អូឡាំពិក​នេះ​ ក៏​ប្រាកដ​ជា​​​វីវក់​ងប់ងល់​នឹង​ព្រឹត្តិការណ៍​នេះ​ខ្លាំង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ