អានតួអត្ថបទ
ឧបទ្វីបកូរ៉េ

ឡាវ និង​ចិន​ចាប់​បញ្ជូន​ជនភៀសខ្លួន​ទៅ​កូរ៉េខាងជើង

ក្រុមអ្នកការពារ​សិទ្ធិមនុស្ស​កូរ៉េខាងត្បូង នៅថ្ងៃ​ព្រហស្បតិ៍នេះ បាន​សំដែង​ការមិនពេញ​ចិត្ត​ដែល​អាជ្ញាធរ​ឡាវ និង​ចិន​បាន​ចាប់​បង្ខំ​បញ្ជូន​យុវជន​កូរ៉េខាងជើង​៩​នាក់​ឲ្យ​ត្រលប់​ចូល​ប្រទេស​កំណើតវិញ។ ក្រុមអ្នកការពារ​សិទ្ធិមនុស្ស​ទាំងនោះ បន្ទោស​ផង​ដែរ​មន្រ្តី​ស្ថានទូត​កូរ៉េខាងត្បូង នៅ​វៀងចន្ទ ថា បាន​បណ្តែតបណ្តោយ​ឲ្យ​អាជ្ញាធរ​ឡាវ​ចាប់បញ្ជូន​ជនភៀសខ្លួន​កូរ៉េខាងជើង​ទៅ​ឲ្យ​ប្រទេស​ចិន ដែល​ជា​សម្ព័ន្ធមិត្ត​របស់ទីក្រុង​ព្យុងយ៉ាង។

ប្រជាជន​កូរ៉េ​នៅជាប់​ព្រំដែន​ជាមួយ​ប្រទេស​ចិន
ប្រជាជន​កូរ៉េ​នៅជាប់​ព្រំដែន​ជាមួយ​ប្រទេស​ចិន ©Reuters
ផ្សាយពាណិជ្ជកម្ម

យុវជន​ភៀសខ្លួន​កូរ៉េខាងជើង​ទាំង​៩​នាក់​មាន​អាយុ ពី​១៥ ទៅ​ដល់​២៣​ឆ្នាំ។ ពួកគេ​ត្រូវ​អាជ្ញាធរ​ឡាវ​ចាប់ឃុំ​ខ្លួន អស់​៣​សប្តាហ៍​មក​ហើយ មុន​នឹង​ត្រូវ​ឡាវ​ចាប់​បញ្ជូន​ទៅ​ឲ្យ​ប្រទេស​ចិន ដែល​ជា​អ្នកចាប់បញ្ជូន​បន្ត​ទៅ​ឲ្យ​រដ្ឋាភិបាល​កូរ៉េខាងជើង កាលពី​ថ្ងៃ​អង្គារ​ម្សិលម្ង៉ៃ។

អង្គការ​ការពារ​សិទ្ធិមនុស្ស​កូរ៉េខាងត្បូង បាន​រិះគន់​អាជ្ញាធរ​ចិន និង​ឡាវ​ថា មិន​បាន​ខ្វល់ អើពើ​ពី​បញ្ហា​គោរព​សិទ្ធិ​មនុស្ស។ ហើយ​អ្វី​ដែល​សំខាន់​ ជាងនេះ​ទៅទៀត គឺ​ស្ថានទូត​​កូរ៉េខាងត្បូង នៅទីក្រុង​វៀងចន្ទ បាន​ដឹង​ពី​រឿង​ចាប់ខ្លួន​យុវជន​កូរ៉េខាងជើង​ដែរ ប៉ុន្តែ មិន​បាន​អន្តរាគម ជួយ​ជនភៀសខ្លួន​ទាំងនោះ។ ដូច្នេះ សម្រាប់​អ្នកការពារ​សិទ្ធិមនុស្ស មន្រ្តីស្ថានទូត​កូរ៉េខាងត្បូង​ត្រូវ​ទទួល​ខុសត្រូវ​មួយចំណែក ដែរ ក្នុង​រឿង​ចាប់បញ្ជូន​ជនភៀសខ្លួន​កូរ៉េខាងជើង។

ម្យ៉ាងទៀត តាម​ប្រភព​មន្រ្តី​ស្ថានទូត​កូរ៉េខាងត្បូង ដែល​សុំ​មិន​បញ្ចេញឈ្មោះ និង​ដកស្រង់​ដោយ​កាសែត កូរ៉េខាងត្បូង ក្នុងចំណោម​ជនភៀសខ្លួន ទាំង​៩​នាក់ មាន​ម្នាក់ ជា​កូនប្រុស​របស់​ស្រ្តី​ជប៉ុន ដែល​កូរ៉េខាងជើង​បាន​ចាប់​ជំរិត ទៅ​ក្នុង​ទសវត្សរ៍​ទី ៨០។

សូមបញ្ជាក់ថា ចាប់តាំងពី​ចប់សង្រ្គាម​ឧបទ្វីប​កូរ៉េ មាន​ប្រជាជន​កូរ៉េខាងជើង​ប្រមាណ ២៥​០០០​នាក់​បាន​រត់គេច​ចេញ​ពី​របប​កុម្មុយនិស្ត​ព្យុងយ៉ាង ទៅ​រស់នៅ​កូរ៉េខាងត្បូង។ រលក​ជនភៀសខ្លួន​ពី​កូរ៉េខាងជើង មាន​ច្រើន​ជាង គេ នៅ​ទសវត្សរ៍​ឆ្នាំ ៩០ ជា​រយៈពេល​ដែល​កូរ៉េខាងជើង​ជួប​គ្រោះទុរភិក្ស​ខ្លាំងជាងគេ។ ពួកគេ​ភាគច្រើន​បានលួច​ឆ្លងដែន​ចូល​ទៅ​ប្រទេស​ចិន មុន​នឹង​ទៅដល់​ប្រទេស​ទីបី ដូចជា​ឡាវ ដើម្បី​ឆ្លង​បន្ត​ចូល​ទៅ​កូរ៉េខាងត្បូង។ អាជ្ញាធរ​ចិន​តែង​ចាត់ទុក ជនភៀសខ្លួន​កូរ៉េខាងជើង​ថា ជាអ្នករត់គេច​ពី​ប្រទេស​ដោយសារ​ហេតុផល​សេដ្ឋកិច្ច ប៉ុន្តែ មិនមែន​ជា​ជនភៀសខ្លួន​ផ្នែកនយោបាយ​ទេ។ ដូច្នេះ ជារឿយៗ ចិន​តែងតែ​ចាប់បញ្ជូន​ជនភៀសខ្លួន​កូរ៉េខាងជើង ទៅ​ឲ្យ​ទីក្រុង​ព្យុងយ៉ាង។

បើតាម​អង្គការ​ការពារ​សិទ្ធិមនុស្ស និង​ប្រជាជន​កូរ៉េខាងជើង​ដែល​ធ្លាប់​រត់គេច​ចេញពី​ប្រទេស ជនភៀសខ្លួន​កូរ៉េខាងជើង​ដែល​ត្រូវ​គេ​បញ្ជូន​ឲ្យ​ត្រលប់ទៅ​ប្រទេស​កំណើតវិញ ត្រូវ​ទទួលរង​ការដាក់ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ពី​របប​កុម្មុយនិស្ត​ព្យុងយ៉ាង។ ពួកគេ​អាច​ទទួល​រងទារុណកម្ម​សួរចម្លើយ ឬ​ចាប់បញ្ជូន​ទៅ​ជំរំ​ធ្វើការងារ​ដោយ​បង្ខំ។

ចាប់តាំងពី​ឆ្នាំ ២០១២ ចំនួន​ជនភៀសខ្លួន​កូរ៉េខាងជើង​បាន​ថយ​ចុះ​ជិត​ពាក់កណ្តាល បើ​ប្រៀបធៀប​នឹង​ឆ្នាំ ២០១១។ យោងតាម​អង្គការ​Amnesty International ចំនួន​ប្រជាជន​រត់គេចខ្លួនចេញ​ពី​កូរ៉េខាងជើង​ថយចុះ​ច្រើន ដោយសារ​តែ​ការដាក់គំនាប ពី​អាជ្ញាធរ​មាន​កាន់តែច្រើន ហើយ លើសពីនោះ សកម្មភាព​ការពារ​ព្រំដែន​កូរ៉េខាងជើង ជាមួយ​ចិន​ត្រូវ​បាន​រឹតបន្តឹង​ខ្លាំង​ជាងមុន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ