ចិនមិនសប្បាយចិត្តនឹងអេស្ប៉ាញដែលចេញដីកាចាប់ខ្លួនអតីតប្រធានាធិបតីចាង ហ្សេមីន
នៅថ្ងៃអង្គារនេះ រដ្ឋាភិបាលចិនបានបញ្ចេញប្រតិកម្មតបទៅនឹងសេចក្តីសម្រេចរបស់តុលាការអេស្ប៉ាញ ដែលបានចេញដីកាចាប់ខ្លួនលោកចាង ហ្សេមីន (Jiang Zemin) អតីតប្រធានាធិបតីចិន ដោយចោទប្រកាន់លោកពីបទប្រល័យពូជសាសន៍ នៅទីបេ។
ចុះផ្សាយនៅថ្ងៃ៖
មន្រ្តីអ្នកនាំពាក្យក្រសួងការបរទេសចិន ក្រៅពីបានរិះគន់ដីការបស់តុលាការអេស្ប៉ាញ ក៏បានស្នើសុំផងដែរឲ្យរដ្ឋាភិបាលអេស្ប៉ាញចាត់ការឲ្យបានសមរម្យ ចំពោះសំណុំរឿងនេះ។
ប្រតិកម្មរបស់ក្រសួងការបរទេសចិន នៅថ្ងៃអង្គារនេះ ត្រូវបានធ្វើឡើង តបទៅនឹងចៅក្រមតុលាការកំពូលអេស្ប៉ាញ ដែលបានស្នើសុំឲ្យប៉ូលិសអន្តរជាតិ (Interpol) ចេញដីកាអន្តរជាតិ តាមចាប់ខ្លួនអតីតមេដឹកនាំកំពូលៗរបស់ចិនជាច្រើនរូប ដើម្បីធ្វើការសាកសួរជុំវិញការចោទប្រកាន់ពីបទប្រល័យពូជសាសន៍នៅទីបេ ក្នុងចន្លោះឆ្នាំ១៩៨០-១៩៩០។
អតីតមេដឹកនាំចិន ដែលជាប់ឈ្មោះក្នុងដីកាចាប់ខ្លួននេះ រួមមានលោកចាង ហ្សេមីន (Jiang Zemin) អតីតប្រធានាធិបតី លោកលី ប៉េង (Li Peng) អតីតនាយករដ្ឋមន្រ្តី ព្រមទាំងអតីតមន្រ្តីជាន់ខ្ពស់ចិនចំនួន ៣រូបផ្សេងទៀត។ ការស៊ើបអង្កេតពីបទប្រល័យពូជសាសន៍ នៅទីបេនេះ ត្រូវបានបើកធ្វើ កាលពីឆ្នាំ២០០៦ ទៅតាមបណ្តឹងរបស់អង្គការសិទ្ធិមនុស្សចំនួនពីរ និងសង្ឃទីបេមួយអង្គ ដែលមានសញ្ជាតិអេស្ប៉ាញ។
គួរបញ្ជាក់ថា យោងតាមគោលការណ៍ “យុត្តាធិការសកល” ដែលមានចែងក្នុងច្បាប់អេស្ប៉ាញ តុលាការអេស្ប៉ាញមានសមត្ថកិច្ចស៊ើបអង្កេត និងជំនុំជម្រះ ទៅលើរាល់បទឧក្រិដ្ឋធំៗមួយចំនួន ដូចជា បទប្រល័យពូជសាសន៍ ជាដើម បើទោះបីជាបទល្មើសនេះត្រូវបានប្រព្រឹត្ត នៅក្រៅទឹកដីអេស្ប៉ាញ ហើយទាំងជនរងគ្រោះ និងជនសង្ស័យ មិនមែនជាពលរដ្ឋអេស្ប៉ាញក៏ដោយ។
ដោយផ្អែកទៅលើគោលការណ៍ “យុត្តាធិការសកល” នេះហើយ ដែលតុលាការអេស្ប៉ាញបានស្នើសុំឲ្យអាជ្ញាធរអង់គ្លេសចាប់ខ្លួនលោក Augusto Pinochet អតីតមេដឹកនាំផ្តាច់ការស្ហ៊ីលី កាលពីឆ្នាំ១៩៩៨។
ក៏ប៉ុន្តែ នៅក្នុងសំណុំរឿងទីបេនៅពេលនេះ តុលាការអេស្ប៉ាញប្រហែលជានឹងមិនអាចបន្តនីតិវិធីរបស់ខ្លួន រហូតដល់មានការជំនុំជម្រះលើអតីតមេដឹកនាំចិនបាននោះទេ ដោយសារតែរដ្ឋាភិបាលអេស្ប៉ាញបច្ចុប្បន្ន កំពុងរៀបចំធ្វើច្បាប់ថ្មីមួយ ដើម្បីរឹតត្បឹតការអនុវត្តគោលការណ៍ “យុត្តាធិការសកល” ដោយចៅក្រមអេស្ប៉ាញ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ