អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ចិន​កំពុង​យក​លុយ​កខ្វក់​មក​ចាក់​លាង​នៅ​បារាំង​ឬ ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ពុធ​នេះ​ស្ថាប័ន​សវនកម្ម​ចិន បាន​បរិហារ​អំពីការ​ប្រើប្រាស់​ប្រាក់​​សាធារណៈ​ចិន ជា​ប្រយោជន៍​​ឯកជន​ ពី​សំណាក់​សមាជិក​រដ្ឋាភិបាលតំបន់ និង​ក្រុមហ៊ុន​រដ្ឋ។ កញ្ចប់​ថវិកា​រដ្ឋ ដែល​មាន​ទិស​ដៅ​​សម្រាប់​ទិញ​បច្ចេកវិទ្យា​បរទេស បែរ​ជា​ត្រូវ​ប្រើ​ដើម្បី​​​ទិញ​ ចម្ការ​ទំពាំង​បាយ​ជូ​ ផលិត​ស្រា​ក្រហម​នៅ​ប្រទេស​​បារាំងទៅ​វិញ។ តើ​នេះ​មាន​ន័យ​ថា​ បារាំង​ដែល​ល្បី​ខាង​មាន​វិធានការ​​តឹង​តែង​ផ្នែក​តម្លាភាព​លុយ​កាក់ និង​ប្រយ័ត្ន​ប្រយែង​ខ្លាំង​ប្រឆាំងនឹង​លុយ​បរទេស​ កំពុង​ប្រឈម​នឹង​គ្រោះ​ទទួល​លុយ​កខ្វក់​ពី​ចិន​ឬ?​

កម្មករ​កំពុង​ពិនិត្យ​ដប​ស្រា​ "William Pitters" នៃ​ក្រុមហ៊ុន​ខ្នាត​តូច​និង​មធ្យម​ប័រដូបារាំង​នៅ Qingdao ប្រទេស​ចិន
កម្មករ​កំពុង​ពិនិត្យ​ដប​ស្រា​ "William Pitters" នៃ​ក្រុមហ៊ុន​ខ្នាត​តូច​និង​មធ្យម​ប័រដូបារាំង​នៅ Qingdao ប្រទេស​ចិន AFP
ផ្សាយពាណិជ្ជកម្ម

 

តាំង​ពី​ឆ្នាំ​២០០៨មក ចម្ការ​ទំពាំង​បាយ​ជូរ វិមាន​ប្រាសាទ​ដ៏​ប្រណិតៗ​និង​ល្បីៗ​ ខាង​ផលិត​ស្រា​ក្រហមរបស់​បារាំង​ បាន​​ទាក់ទាញ​អ្នក​វិនិយោគ​ចិន​​យ៉ាង​ខ្លាំង។ ជា​បន្ត​បន្ទាប់​ម្ចាស់​​កសិដ្ឋាន​​ បានលក់​ទីតាំង​ចម្ការ​ទំពាំងបាយជូរ ដែល​ខ្លះមាន​ទំហំ​រាប់​សិប​ហិចតារ​ និង​កម្មសិទ្ធិផលិត​ស្រា​ទៅ​ឱ្យ​ បរទេស​ ជា​មហា​សេដ្ឋី ជា​អ្នកមាន​កប់​ពពក និង​ភាគ​ច្រើន​ជា​ជនជាតិ​ចិន រហូត​ដល់​បណ្តា​ជន​ទូទៅ​ព្រួយ​បារម្ភ ថា​ស្រាក្រហម​ដ៏​ល្បីល្បាញ​របស់​បារាំង​ បន្តិច​ទៀត​ក្លាយ​ជា​ស្រាក្រហម​ចិនហើយ។

តម្លៃ​ត្រឹម​តែ​ពី​ពីរ​លាន​ទៅ ម្ភៃ​លាន​អឺរ៉ូ អចលនទ្រព្យ​ប្រភេទ​នេះ​មិន​ថ្លៃ​ឡើយ​សម្រាប់​ក្រែ​ភ្នែក​ចិន ពី​ព្រោះ​ ​ម្ចាស់​ក្រុមហ៊ុន​ ម្ចាស់​កសិដ្ឋាន​ ​ចិន​ទាំង​នោះ​​ អាច​បញ្ចូល​ខ្លួន​ទៅ​ក្នុង​ទីផ្សារសុរា​ប្រណិតចិន ជាន់​ខ្ពស់ ​​ (ផ្សារ​ថ្លៃ) ​ បាន​យ៉ាង​ងាយនិង​ទាញ​យក​ចំណេញ​ពី ផលិតផល​ស្រា​ក្រហម​ ​ បានយ៉ាង​កប់​ពពក។ ព្រោះ​សូម​បញ្ជាក់​ថា ដោយ​មិន​និយាយ​អំពី ស្រា​ថ្លៃ ស្រាល្បី​ប័រដូ​របស់​បារាំង ​សូម្បី​តែ​ស្រាក្រហម ដ៏​សាមញ្ញ​ ដូច​យ៉ាង​ប្រភេទ​ស្រា​ក្រហម​ប័រដូ គ្មាន​ឈ្មោះ​វិមាន គ្មាន​ឈ្មោះ​ប្រាសាទ​សោះ ដែល​លក់​​​ក្នុង​តម្លៃ​បី​អឺរ៉ូ មួយ​ដប​ យ៉ាង​ពិបាក​នៅ ស្រុក​បារាំង​នោះ តម្លៃ​អាច​នឹង​ឡើង​ដល់​ពី ១៥​ទៅ ១០០​អឺរ៉ូ​ក្នុង​មួយ​ដប​នៅ​ស្រុក​ចិន។

ដី​កសិដ្ឋាន ចម្ការ​ទំពាំង​បាយ​ជូរ​ដាច់​កន្ទុយ​ភ្នែក​ បូកនឹង​ឈ្មោះ​សហគ្រាស​ផលិត​ស្រា ​លំដាប់​ធម្មតា មធ្យម លំដាប់​កម្រល្អ​ប្រណិតរបស់​បារាំង​ នៅ​តំបន់​ប័រដូ ឬ​តំបន់​ល្បីៗ​ផ្សេងទៀត ច្រើន​ឡើងៗ​មាន​ម្ចាស់​ជា​ជនជាតិ​ចិន​។ ចិន​ដែល​បាន​នាំ​លុយ​ទាំង​លានៗ​ម​ក​ចាក់​ក្នុង​វិស័យ​ពាណិជ្ជកម្ម​ដែល​មាន​បង្កប់​វប្បធម៌​ដ៏​យូរលង់​របស់​បារាំង​ ដើម្បី​បាន​ឈ្មោះ បាន​សំឡេង។
ប៉ុន្តែ​សួរ​ថា​តើ​អ្នក​វិនិយោគ​ទាំង​នោះ​បាន​លុយ​មក​ពី​ណា ? ចុះ តើ​ភាគី បារាំង​ដែល​ល្បី​​ខាង​មាន​តម្លាភាព​ថវិកា និង​ការ​រក​ស៊ី​ ការពារ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រត់​ពន្ធ នឹង​ការ​ចាយ​លុយ​កខ្វក់ មាន​បាន​ចោទ​សួរ​អំពី​ប្រភព​លុយ​ដែល​ក្រុម​អ្នក​មាន​ចិន​ទាំង​នោះ​នាំ​មក​ចូល​បារាំង​ទេ ? ឬ​មួយ​ក៏​លុយ​ច្រើន​ពេក​បាំង​ភ្នែក​មើល​អ្វី​លែង​ឃើញទៅ​ហើយ ?!

បារាំង​ក៏​បាន​គិត​គូរ​ដល់​អំពី បញ្ហា​នេះ​ដែរ។ កាលពី​ឆ្នាំ​ទៅ ភ្នាក់ងារ​បារាំង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​​លាង​លុយ​ បាន​ចេញ​របាយ​ការណ៍​មួយ​ព្រមាន​ប្រាប់​អំពី​គ្រោះ​ថ្នាក់​ដែល​ម្ចាស់​កសិដ្ឋាន​បារាំង​អាច​ជួយ​ប្រទះ​នៅ​ពេល​លក់​កម្មសិទ្ធិ​ដីធ្លី និង​សិទ្ធ​ធ្វើ​ស្រា​ទៅ​ឱ្យ​អ្នក​វិនិយោគ​​​បរទេស ដូច​យ៉ាង​រុស្ស៊ី និង​ចិន ពី​ព្រោះ​ប្រាក់​មូលធន​ដើម​ ច្រើន​តែ​មាន​ប្រភព​មិន​ច្បាស់​លាស់​ និង​ជួល​កាល​រៀប​ចំ​តាក់តែង​បន្តុំ​ឡើង​​​តាម​ច្បាប់​​​ដ៏​ស្មុគស្មាញ សម្រាប់​តែ​បំភ័ន្ត​ភ្នែក​អាជ្ញាធរ។

ឥលូ​វពាក្យ​ព្រមាន​បាន​ក្លាយ​ជា​ការ​ពិត ! នេះ​បើ​យោង​តាម​របាយការណ៍​ប្រចាំឆ្នាំ​​ របស់​ស្ថាប័ន​អគ្គសវនកម្ម​ចិនចេញ​ផ្សាយ​ជា​សាធារណៈ​​នៅ​ថ្ងៃពុធ​ទី ២៥​មិថុនា​នេះ ដែល​បាន​បរិហារ​ ​មន្ត្រី​រដ្ឋាភិបាល​និង​ក្រុមហ៊ុន​រដ្ឋ​​ ថា​បាន​បន្លំ ថវិការដ្ឋ​ ទៅ​ទិញ​ក្រុមហ៊ុន​រកស៊ី​ឯកជន ឬ​យក​ចំណេញ​ដើរ​លេង​កំសាន្ត​​នៅ​បារាំង​ នៅ​អឺរ៉ុប និង​នៅ​សហរដ្ឋ​អាមេរិក ក្រោម​រូបភាព​បេសកកម្ម​ផ្សេងៗ។

នៅ​ក្នុង​ចំណោម​៣១៤​ករណី​ជាប់​សង្ស័យ​ ពី​បទ​រំលោភ​ច្បាប់​និង​វិន័យ (ពោល​គឺ​ពុក​រលួយ​ លួច​លុយ​រដ្ឋ) ដែល​ត្រូវ​ធ្វើ​អង្កេតស៊ីជម្រៅ មាន​ក្រុមហ៊ុន​រដ្ឋ​ពីរ​ ជាប់សង្ស័យ​ថា​បាន​យក​លុយ​រដ្ឋ​​សម្រាប់​ទិញ​បច្ចេកវិទ្យា​បរទេស ទៅ​​​ទិញ​ ដី​ចម្ការទំពាំង​បាយ​ជូរ​​ផលិត​ស្រា​បារាំង​ចំនួន​ ១៤​កន្លែងកម្មសិទ្ធិ​ឯកជន។ អគ្គសវនកម្ម​ចិន បាន​ដៅ​អត្តសញ្ញាណចំ​សហគ្រាស​​ចិន​មួយ ឈ្មោះ Haichang ដែល​មាន​ជំនួញ​វិនិយោគ​​រក​ស៊ី​ផ្នែក​ដឹកជញ្ជូន​ផ្លូវ​ទឹក អចលនទ្រព្យ បន្ទាប់​មក​ផ្នែក​ថាមពល​ប្រេង​ បាន​ក្លាយ​ជា​ម្ចាស់​កម្មសិទ្ធិ​ចម្ការ​ទំពាំងបាយ​ជូរ វិមាន​និង​ស្រា​ ដ៏​ល្បីល្បាញ​របស់​បារាំង​នៅ​ប័រដូ គឺ​Domaine Chenu -Lafitte។

ភ្នាក់​ងារ​រដ្ឋ​ទទួល​បន្ទុក​ផ្នែក​មហា​សមុទ្ទ​ បាន​រៀប​ចំ​ដំណើរទស្សនកិច្ច ក្នុង​ទិសដៅ​សាង​សង់​ស្ថានីយ៍​ចិន​មួយ​តំបន់​អង់តាទិច តែ​បែរ​យក​ចំណាយ​ដើរ​កំសាន្ត​រីករាយ​នៅ​ប្រទេស​បារាំង​ ឬ​នៅ​ឈីលី ទៅ​វិញ ! មិន​មែន​តែ​នៅ​ប្រទេស​បារាំង​មួយ​ទេ ដែល​មាន​ករណី​បែប​នេះ។ បើ​តាម​របាយការណ៍​របស់​អគ្គសវនកម្ម​ចិន​ ដដែល​មន្ត្រី​ចិន​ខ្លះ​ទៀត​ បាន​ចំណេញ​ស្វែង​រក​បេសកកម្ម​​សិក្សា​ស្រាវជ្រាវ​រក​ប្រភព​ថាមពល​នៅ​កាដាណា តែ​តាម​ពិត​យក​លុយ​រដ្ឋ​ទៅ​ចាយ​ដើរ​លេង​នៅ​ឡាវេហ្កាស​សហរដ្ឋ​អាមេរិក ចូល​កាស៊ីណូ ឬ​ទិញ​របស់​ប្រណិតៗ​។ល។ និង​។ល។

ក្រុមហ៊ុន​រដ្ឋ​ចិន​កំពុង​តែ​ច្របូល​ច្របល់​ខ្លាំង​រវាង​អ្វី​ដែល​កម្មសិទ្ធិ​រដ្ឋ និង​អ្វី​ជា​ប្រយោជន៍​បុគ្គល។ យក​ថវិកា​រដ្ឋ​ទិញ​ចាយ​ដល់​ពេល​​​​ប្រមូល​ផល​ជា​ការ​​ចំណេញ​​​ផ្ទាល់​ខ្លួន។ នេះ​ហើយ​ជា​ប្រយោជន៍​នៃ​ការ​រក​ស៊ី​នៅ​ជាមួយ​បរទេស​ ឬ​មួយ​ក៏​ជារបៀប​ចាក់​លុយ​ពុក​រលួយ​លាង​ហើយ​លាង​ឱ្យ​ស្អាតជា​របស់​បុគ្គល ?

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ