អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ទឹកដោះគោ​បារាំង “Made in France” ចំណុច​ដៅ​ថ្មី​របស់​ចិន

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់​ពី​ស្រា​ និង​វាំង​ចំការ​ទំពាំង​បាយជូ ពេល​នេះ​​ដល់​វេន​ឧស្សាហកម្មចំណី​អាហារ​បារាំង​ម្តង​ដែល​ចិន​កំពុង​ចង់​ក្រសោបយក។ កាលពី​ខែ​ឧសភា ក្រុមហ៊ុន​ផលិត​សាច់​ឆ្អិន​ដ៏​ល្បីៗ​ចំនួន​ពី​រ Cochenou និង​ Justin Bridou ដែល​គ្រប់​គ្នា​យល់​ថា​ជា​របស់​បារាំង​១០០%​នោះ បាន​ក្លាយ​ជា​របស់​ចិន​ហើយ។ ​មិន​យូរ​មិន​ឆាប់ ផលិតផល​​ទឹកដោះ​គោរបស់​បារាំង​ “Made in France” ក៏​នឹង​អាច​ក្លាយ​ទៅ​ជា “ចិន” ​​ដែរ។

ទឹកដោះគោ​បារាំង​ដាក់​តាំង​លក់​ក្នុង​ផ្សារ​ទំនើប​ចិន
ទឹកដោះគោ​បារាំង​ដាក់​តាំង​លក់​ក្នុង​ផ្សារ​ទំនើប​ចិន ©Stéphane Lagarde / RFI
ផ្សាយពាណិជ្ជកម្ម

 

ប្រសិន​បើ​ផលិតផល​ កាបូប​ ស្បែក​ជើង សម្លៀក​បំពាក់ និង​វត្ថុប្រើប្រាស់​ផ្សេងៗ​ ជា​ច្រើន​សន្ធឹកសន្ធាប់ របស់ក្រុមហ៊ុន​អឺរ៉ុប បារាំង ល្បីខ្លាំង​ ល្បី​ល្មម ត្រូវ​បាន​លើក​យក​ទៅ​ផលិត​នៅក្នុង​ស្រុក​ចិន និង​មាន​វាយ​ត្រា​ Made in China កំពុង​រីក​សុសសាយ​ពេញ​ពិភពលោក កាន់​តែ​ច្រើន​ឡើងៗ ដែល​អាច​ចាត់​ទុក​ថា​ជា​មោទនភាព​ចិន និងជា​ការ​ចូល​រួម​ចំណែក​ឱ្យ​សេដ្ឋកិច្ច​​ដើរ​ទៅ​លឿន​ស្លេវ ​ក្នុង​ផ្នែក​​​ចំណីអាហារ​វិញ ចិន​​ស្វែងរក​ការ​នាំ​ចូល​ពី​បរទេស ឬ​ម៉ាក​មកពី​បរទេស។

ហេតុ​អ្វី​ ?!

បន្ទាប់​ពី​ស្រា​ទំពាំង​បាយជូរ​ដ៏ល្បីល្បាញ​ ពេល​នេះ​ចិន​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​នឹង​ទឹកដោះគោ​បារាំង។ គ្មាន​អ្វី​គួរ​ភ្ញាក់​ផ្អើល​ទេ​ក្នុង​រឿង​នេះ ពីព្រោះ​ថា​តម្លៃ​ទឹកដោះគោ​នាំ​ចូល​ពី​បរទេស​ដាក់​លក់​ក្នុង​ទីផ្សារ​ប៉េកាំង មាន​តម្លៃ​ខ្ពស់​កប់​ពពក មិន​ថា​ជា​ទឹក​ដោះគោ​នាំ​ចូល​ពី​បារាំង ឬ​ពី​ប្រទេស​ផ្សេង​នៅ​អឺរ៉ុប​ អាមេរិក ឬ​នូវែលហ្សេឡង់​ឡើយ។ ម្យ៉ាង​វិញ​ទៀត ចិន​ធ្លាប់​បាន​ជួប​រឿង​អាស្រូវ​ កក្រើក​ពិភពលោក​ម្តង​ជា​ពីរ​ដង​ទាក់ទង​នឹង​សុវត្ថិភាព​ចំណីអាហារ និង​ទឹកដោះគោ។ សុវត្ថិភាព​ចំណីអាហារ​ដែល​បណ្តាជន​ចិន​ជាទូទៅ បាន​បាត់​ទំនុក​ចិត្ត​ តាំង​ពី​ឆ្នាំ​២០០៨ ឆ្នាំ​ដែល​មាន​ផ្ទុះ​រឿង​អាស្រូវ​ទឹក​ដោះគោ​កូន​ក្មេង​ពុល មាន​សារធាតុ​មេឡានីន។ កាលណោះ​ទឹកដោះគោ​នោះ បាន​បង្ក​ឱ្យ​ទារក​ជាង​៣០០០០០ រង​គ្រោះ ក្នុង​នោះ​៦​នាក់​ស្លាប់។ រឿង​អាស្រូវ​នេះ បន្ត​ដក់​ជាប់​ក្នុង​អារម្មណ៍​បណ្តាជន​ចិន អ្នក​មាន​លទ្ធភាព​ងាក​ទៅ​ទិញ​ទឹកដោះ​នាំ​ចូល​ពីបរទេស លែង​ទុកចិត្ត​ផលិតផល​ក្នុង​ស្រុក។

ចិន​ចង់​ផលិត​ទឹកដោះគោ​ដោយ​ខ្លួន​ឯង​នៅ​បរទេស

ពី​មុន​មក​គេនាំ​គ្នា​និយាយ​ថា​ចិន​មិន​ចូល​ចិត្ត​ទឹកដោះគោ​ទេ ព្រោះ​បណ្តាជន​ចិន​មាន​អាឡែហ្ស៊ីនឹង​ជាតិ​ឡាក់តូស ក៏​ប៉ុន្តែ​ពេល​នេះ​ពិភពលោក​ប្តូរ​ផ្លាស់ ចិន​ក៏​វិវឌ្ឍ​ តម្រូវការ​ផ្នែកទឹកដោះគោ​កាន់​តែ​កើន​ឡើង​ជា​លំដាប់​ ! សន្ទុះ​នៃ​ការ​នាំ​ចូល​មាន​ល្បឿន​ដូច​ទឹក​បាក់​ទំនប់ ព្រោះ​ចិន​គ្មាន​លទ្ធភាព​ផលិត​ទឹកដោះគោ​សម្រាប់​ឆ្លើយតប​ទៅនឹង​សេចក្តីត្រូវការ​ក្នុង​ស្រុក​បានទេ។ ដូច្នេះ​ដើម្បី​ធានា​សុវត្ថិភាព​ក្នុង​ការ​ផ្គត់ផ្គង់ទឹកដោះគោ ចិន​ត្រូវ​តែ​ស្វែង​រក​ការ​នាំ​ចូល និង​ពិសេស​គឺ​ការ​ផលិត​ដោយ​ខ្លួន​ឯង​នៅ​បរទេស ដូច​អ្វី​ដែល​ចិន​ធ្លាប់​ចង់​​ធ្វើ​ក្នុង​វិស័យ​ផលិត​ស្រា​ទំពាំង​បាយ​ជូ។

ការ​នាំ​ចូល​ម្សៅ​ទឹកដោះ​ ក៏​ដូច​ជា​ទឹកដោះគោ​ប្រអប់​ ឬ​ដប បាន​ស្ទុះ​ឡើង យ៉ាង​ខ្លាំង ៖ ២២០០​តោន​​លក់​ដាច់​អស់​កាលពី​ឆ្នាំ​២០១១ ទល់​នឹង​​ជាង​៧២០០​តោន នៅ​ឆ្នាំ​២០១២។ ចិន​កាន់​តែ​មាន កាន់តែ​ចង់​ភ្លក្ស​រសជាតិ​ប្លែកៗ​មក​ពី​គ្រប់ជ្រុង​នៃ​ផែនដី។ កាលពី​ថ្មី​ៗ​នេះ ចិន​បាន​ទិញ​ក្រុមហ៊ុន​ផលិត​សាច់ក្រក​ដ៏​ល្បីល្បាញ​របស់​អាមេរិក​និង​អឺរ៉ុប។ ប៉ុន្តែ​ចំពោះ​ទឹកដោះគោ​វិញ ក្រៅ​ពី​ផល​ប្រយោជន៍​ហិរញ្ញវត្ថុ អ្នក​ជំនួញ​ចិន​ក្នុង​វិស័យ​នេះ ចង់​បាន​បង្កើន​ចំណេះ​ដឹង​ដោយ​រៀន​ពី​បរទេស​ផង និង​កែ​លម្អ​រូបភាព​សុវត្ថិភាព​ចំណី​អាហារ​ចិន​ផង។ ចិន​សង្ឃឹម​លើ​ ការ​បញ្ចប់​​​កូតតា​នាំ​ចេញ​​​ផលិតផល​ទឹកដោះគោ​ នៅ​ឆ្នាំ​២០១៥ ដើម្បី​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន។ ហេតុដូច្នេះ​ហើយ​បាន​ជា​ សហករ​បារាំង​បាន​សម្តែង​ការ​មិន​ទុក​ចិត្តយ៉ាង​ខ្លាំង​ចំពោះ​ចិន​ ដោយ​ក្រែង​ចិន​បក​មក​វាយប្រហារ​ទីផ្សារ និង​ទម្លាក់​ថ្លៃ​ទឹកដោះគោ​ឱ្យ​កាន់​តែ​ទាប។

អ្នក​វិនិយោគ​ស្ងាត់ៗ​ក្នុង​វិស័យ​ទឹកដោះគោ

តាមការពិត​ក្រុមហ៊ុន​ទឹកដោះគោ​ចិន​ ដែល​មានឯកទេស​ទឹកគោ​ទារក បាន​ចំណាយ​ប្រាក់​វិនិយោគ​ជាង​២០​លាន​អឺរ៉ូ​ ដើម្បី​សហករ​បារាំង​មួយ​នៅ​Normandie ឱ្យសាង​សង់​រោងចក្រ។ ការ​ចូល​មក​វិនិយោគ​នេះ​មាន​លក្ខណៈ​ស្ងាត់ៗ​បំផុត ស្ងាត់​ជាង​ការ​វិនិយោគ​ស្រា​ទៅ​ទៀត ពីព្រោះ​ដំបូង​ឡើយ​ចិន​មិន​ចង់​ឱ្យ​ដៃគូ​ក្នុង​ស្រុក​(បារាំង)​ភ័យខ្លាច​ខូច​រូបភាព ព្រោះ​ត្រូវ​ធ្វើការ​ជាមួយ​នឹង​ក្រុមហ៊ុនចិន។ ​ករណី​រឿង​អាស្រូវ​ទឹកដោះគោ​ផលិត​នៅ​នូវែលហ្សេឡង់​ កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ ជា​ឧទាហរណ៍​ស្រាប់។

គ្មាន​យន្តការ​ត្រួតពិនិត្យ​សុវត្ថិភាព​ចំណីអាហារ​ហ្មត់ចត់ លក់​ទឹកដោះគោ​ ដោយ​វាយ​ម៉ាក​ចិន អាច​ជា​គ្រោះថ្នាក់​​មួយ​សម្រាប់គុណភាព​ទឹកគោ​បារាំង​ដែល​ពិភពលោក​ទទួល​ស្គាល់ ប្រសិន​បើ​មាន​រឿង​អាស្រូវ​ផ្ទុះ​ឡើង។ ចំណុចចុងក្រោយ​គឺ​ដើម្បី​កុំ​ឱ្យ​អតិថិជន​ចិន​ បាត់​ទំនុក​ចិត្ត​ ព្រោះ​ជា​ធម្មតា​ចិន​ទុក​ចិត្ត​តែ​ផលិតផល​ ផលិត​នៅ​បរទេស​តែ​ប៉ុណ្ណោះ។

ប៉ុន្តែ​បើ​តាម​អ្នក​វិភាគ ប្រតិបត្តិការ​ទៅ​ផលិត​នៅ​បរទេស​ដើម្បី​បាន​ម៉ាក មិន​ប្រាកដ​ថា​បាន​ដំណើរការ​បាន​ល្អ​ទេ ព្រោះ​បណ្តាជន​កាន់តែ​ច្រើនឡើងៗ​ចាប់​ដឹង​ពី​ល្បិច​នេះ ហើយ​ស្វែង​រក​តែ​ផលិតផល​១០០%​បរទេស៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ